ប៉ូលិសស្រុកអូរយ៉ាដាវ ចុះរឹបអូសឈើដែលកាប់ពីព្រៃការពារសហគមន៍ភូមិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។ RFA/Ratha Visal |
បទល្មើស ព្រៃឈើ នៅតំបន់ ព្រៃការពារ សហគមន៍ ខេត្ត រតនគីរី នៅតែ បន្តមាន
RFA / វិទ្យុ អាស៊ី សេរី | ១៦ ឧសភា ២០១៧
មន្ត្រីក្រុមប្រឹក្សាឃុំលំជ័រ និងតំណាងសហគមន៍ភូមិឡែ ឯកភាពគ្នារៀបចំពាក្យប្ដឹងសមាជិកសហគមន៍ចំនួន ១១នាក់ ដែលជាប់សង្ស័យថា បានកាប់យកឈើ និងកាប់រានព្រៃយកដីព្រៃការពាររបស់សហគមន៍នៅពេលឆាប់ៗនេះ។
កាលពីចុងសប្ដាហ៍មុនមេឃុំលំជ័រ និងតំណាងសហគមន៍បានមកកាន់ការិយាល័យអង្គការអាដហុក (ADHOC) ខេត្តរតនគិរី ដើម្បីពិគ្រោះយោបល់ទិដ្ឋភាពច្បាប់ខណៈបទល្មើសព្រៃឈើក្នុងតំបន់អភិរក្សនៅតែបន្តកើតមានចំណែកមន្ត្រីមូលដ្ឋាន និងគណៈកម្មការការពារព្រៃសហគមន៍មិនមានលទ្ធភាពទប់ស្កាត់ការបំផ្លាញព្រៃឈើនោះបាន។
មេឃុំលំជ័រ លោក សេវ ស្វាន បញ្ជាក់នៅថ្ងៃទី១៦ ខែឧសភា ថា សមាជិកសហគមន៍ភូមិឡែ និងប្រជាពលរដ្ឋរស់នៅសហគមន៍ភូមិសោមគល់ នៅតែកាប់រានព្រៃយកដី និងកាប់យកឈើមូលធ្វើអាជីវកម្មដោយគ្មានការទប់ស្កាត់។ លោកថា លោកបានធ្វើរបាយការណ៍ទៅអាជ្ញាធរស្រុក និងមន្ត្រីជំនាញព្រៃឈើទាក់ទិនការកាប់បំផ្លាញព្រៃឈើនេះច្រើនលើក ក៏ប៉ុន្តែមិនឃើញមានចំណាត់ការទប់ស្កាត់ករណីនេះនៅឡើយ។
ស្រដៀងគ្នានេះដែរ ប្រធានសហគមន៍ភូមិឡែ លោក សេវ ហាន បញ្ជាក់ថា ក្រុមល្បាតសហគមន៍ស្ទើរបោះបង់ភារៈរបស់ខ្លួនដោយសារគ្មានលទ្ធភាពបង្ក្រាបជនកាប់រានព្រៃឈើបានដោយសារតែមិនមានកិច្ចសហការពីអាជ្ញាធរស្រុក ឬមន្ត្រីជំនាញដែលមានលទ្ធភាពបង្ក្រាបករណីនេះ។ លោកថា សមាជិកសហគមន៍ភាគច្រើនបានឯកភាពគ្នារួចហើយថា នឹងរៀបចំពាក្យប្ដឹងជនពាក់ព័ន្ធទៅមន្ត្រីតំណាងអយ្យការសាលាដំបូងខេត្តឲ្យចាត់វិធានការស៊ើបអង្កេតរឿងនេះ។
កាលពីខែមីនា កន្លងទៅសមាជិកសហគមន៍ភូមិឡែម្នាក់ បានបង្ហោះរូបភាពកាប់ឈើក្នុងព្រៃការពារ និងបញ្ចេញទស្សនៈលើបណ្ដាញព័ត៌មានសង្គមមានខ្លឹមសារ ថា, «ឯណាទៅច្បាប់ព្រៃឈើ? អស់ឈើហើយតំបន់ព្រៃការពារភូមិឡែ។ តើហេតុអ្វីសមត្ថកិច្ចមិនចុះបង្ក្រាបជនខិលខូចអារឈើខុសច្បាប់?អ្នកមានអំណាចគេមិនសូវខ្វល់ពីធនធានព្រៃឈើនោះទេ គិតតែពីដណ្ដើមអំណាច។»
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក កែប កត់ បញ្ជាក់ថា មន្ត្រីខណ្ឌមិនបានទទួលរបាយការណ៍ណាមួយទាក់ទិនបទល្មើសព្រៃឈើដែលសហគមន៍អះអាងនោះទេ។ លោកថា តំណាងសហគមន៍ត្រូវដាក់ពាក្យប្ដឹងមកមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ប្រសិនមន្ត្រីថ្នាក់ស្រុកមិនចាត់ការបទល្មើសព្រៃឈើនេះ។
ក្រសួងកសិកម្មបានកាត់ចេញតំបន់គម្របព្រៃឈើជាង ២.៧០០ហិកតារ ប្រគល់ឲ្យសហគមន៍ភូមិឡែ អភិរក្សជាព្រៃការពារតាំងពីឆ្នាំ២០០៩ ក៏ប៉ុន្តែរបាយការណ៍អង្កេតរបស់មន្ត្រីអង្គការអាដហុក ខេត្តរតនគិរី ឲ្យដឹងថា ឈើប្រណិត និងឈើមូលក្នុងព្រៃនេះត្រូវគេកាប់ធ្វើអាជីវកម្មអស់ស្ទើរគ្មានសល់នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្នឈើនៅសេសសល់កំពុងត្រូវបានសមាជិកសហគមន៍កាប់លក់ទៅឲ្យឈ្មួញ និងកាប់រានយកដីធ្វើកសិកម្ម។
អ្នកសម្របសម្រួលអង្គការអាដហុក ខេត្តរតនគិរី លោក ឌិន ខុន្នី ចាត់ទុកការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃការពារភូមិឡែ ថាជាបទល្មើសថ្នាក់ឧក្រិដ្ឋ។ លោកថា សមាគមអាដហុក នឹងបើកសិក្ខាសាលាជជែកពិភាក្សារឿងនេះជាមួយសហគមន៍ និងមន្ត្រីពាក់ព័ន្ធ រួមទាំងដាក់ពាក្យបណ្ដឹងបរិហារមន្ត្រីពាក់ព័ន្ធរឿងនេះ។
សហគមន៍ភូមិឡែ និងមេឃុំ នឹងដាក់ពាក្យបណ្ដឹងរួមគ្នាប្ដឹងសមាជិកសហគមន៍ភូមិសោមគល់ ១១នាក់ និងកូនប្រធានភូមិឡែ ដែលសហគមន៍អះអាងថា មានជាប់ពាក់ព័ន្ធកាប់ឈើ និងការរានព្រៃយកដី៕
No comments:
Post a Comment