Paris Peace Accords 23 Oct. 1991

Tuesday, May 9, 2017

[Vietnamization: Logging, Military, Border, Ratanakiri[ មន្ត្រី ​កម្ពុជា​ និង​យោធា ​វៀតណាម ​ទទួល​ សំណូក​ ឲ្យ​ដឹក ​ឈើ​ខុស​ច្បាប់​ ពី​កម្ពុជា ​ទៅ​វៀតណាម | "Cambodian officials, Vietnamese military receive bribes to transport illegal timber from Cambodia to Vietnam"

សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA

មន្ត្រី ​កម្ពុជា​ និង​យោធា ​វៀតណាម ​ទទួល​ សំណូក​ ឲ្យ​ដឹក ​ឈើ​ខុស​ច្បាប់​ ពី​កម្ពុជា ​ទៅ​វៀតណាម

RFA / វិទ្យុ អាស៊ី សេរី | ៧ ឧសភា ២០១៧ 




លទ្ធផល​ ស៊ើប​អង្កេត ​របស់​ អង្គការ​ ផ្នែក​បរិស្ថាន ​មួយ​ រក​ឃើញ​ ថា, មន្ត្រី​ រដ្ឋាភិបាល និង​យោធា ​របស់​ ប្រទេស​ វៀតណាម សម​គំនិត​ ក្នុង​សកម្មភាព​ ជួញដូរ​ ឈើ​ខុស​ច្បាប់​ ពី​ប្រទេស ​កម្ពុជា។   សកម្មជន​ បរិស្ថាន​ កម្ពុជា បញ្ជាក់​ ថា, សកម្មភាព​នេះ ​កើត​ឡើង​ ជា​យូរ ​មក​ហើយ។  ការ​ស៊ើប​អង្កេត ក៏​បាន ​រក​ឃើញ​ ថា, ការ​នាំ​ឈើ​ ចេញ​ពី​កម្ពុជា ទៅ​វៀតណាម នៅ​បន្ត​ កើត​មាន។  ក៏ប៉ុន្តែ​ ក្រសួង​ បរិស្ថាន ​កម្ពុជា អះអាង ​ថា មិន​មាន​ ការ​នាំ​ចេញ​ ឈើ​ ចេញ​ទៅ​ វៀតណាម ទៀត​នោះ​ទេ ក្រោយ​ពេល ​រដ្ឋាភិបាល ​ចេញ​បម្រាម។


អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន ឬ EIA (Environmental Investigation Agency) ស្រាវជ្រាវ​ឃើញ​ថា មន្ត្រី​រដ្ឋាភិបាល និង​យោធា​វៀតណាម បាន​ទទួល​យក​ប្រាក់​សំណូក​រាប់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ពី​អ្នក​រត់​ពន្ធ​ឈើ ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​ឲ្យ​ដឹក​ជញ្ជូន​ឈើ​រាប់​រយ​ពាន់​ម៉ែត្រ​គូប ដែល​បាន​មក​ដោយ​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ឧទ្យាន​ជាតិ​កម្ពុជា នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ហើយ​វៀតណាម នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ពិសេស​សហភាព​អឺរ៉ុប។

ស្ថានទូត​វៀតណាម ប្រចាំ​ប្រទេស​កម្ពុជា និង​ក្រសួង​ការពារ​ជាតិ​វៀតណាម មិន​បាន​លើក​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​៧ ឧសភា ពេល​អាស៊ីសេរី ព្យាយាម​សុំ​ការ​បំភ្លឺ។

លោក ចាហ្គូ វ៉ាដ្លី (Jago Wadley) មន្ត្រី​យុទ្ធនាការ​ជាន់​ខ្ពស់​ផ្នែក​ព្រៃ​ឈើ​នៃ EIA បញ្ជាក់​ថា សហគមន៍​អន្តរជាតិ​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​សកម្មភាព​របស់​រដ្ឋាភិបាល​វៀតណាម ដែល​បាន​រៀបចំ​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​ឆ្លង​ដែន​ក្នុង​ទឹកប្រាក់​រាប់​លាន​ដុល្លារ​នោះ​ឡើយ ហើយ​សហភាព​អឺរ៉ុប ដាច់ខាត​មិន​ត្រូវ​នៅ​ស្ងៀម​ធ្វើ​មិន​ដឹង​មិន​ឮ​នោះ​ទេ៖ «ទី​មួយ វា​នឹង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ប្រព័ន្ធ​នីតិរដ្ឋ និង​ព្រៃ​ឈើ​នៅ​ប្រទេស​កម្ពុជា។ វា​ប៉ះពាល់​ដោយសារ​ការ​យក​លុយ​ទៅ​សូកប៉ាន់​អាជ្ញាធរ​កម្ពុជា ហើយ​ធ្វើ​ឲ្យ​ច្បាប់​កម្ពុជា ត្រូវ​បាន​គេ​បំពាន​ឲ្យ​ដល់​បាត​កន្ទេល។ ស្ថានភាព​នេះ​វា​មិន​ល្អ​ដល់​ព្រៃ​ឈើ​នៅ​ប្រទេស​ណា​ក៏ដោយ»

ទាក់ទង​នឹង​វិធី​ប្រមូល​ព័ត៌មាន​សម្រាប់​ចងក្រង​ក្នុង​របាយការណ៍​នេះ​វិញ លោក ចាហ្គូ វ៉ាដ្លី (Jago Wadley) មាន​ប្រសាសន៍​ថា ក្រុម​លោក​ស៊ើប​អង្កេត​ដល់​ទីកន្លែង៖ «ក្រុម​យើង​ចុះ​ស្រាវជ្រាវ​ដល់​ទីកន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​យើង​បន្លំ​ធ្វើ​ជា​អ្នក​ទិញ​ឈើ​ពី​ឈ្មួញ​ឈើ​ខុស​ច្បាប់​ទាំងនោះ​នៅ​ក្នុង​វៀតណាម»

ចំណែក​លោក អ៊ូច ឡេង សកម្មជន​បរិស្ថាន និង​ជា​ម្ចាស់​ពាន​រង្វាន់ Goldman Prize យល់ស្រប​នឹង​ការ​រក​ឃើញ​របស់​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន (EIA) នេះ ដោយ​លើក​ឡើង​ថា រឿងរ៉ាវ​នេះ​កើត​មាន​ជា​យូរ​មក​ហើយ។

ការ​រក​ឃើញ​របស់ EIA នេះ ត្រូវ​ផ្សាយ​នៅ​ក្នុង​របាយការណ៍ «អ្នក​ប្រព្រឹត្ត​បទល្មើស​ដដែល៖ អាជីវកម្ម​ជួញដូរ​ឈើ​ខុស​ច្បាប់​របស់​វៀតណាម ដែល​កើត​មាន​មិន​ចេះ​ចប់»

ដឹក​ជញ្ជូន​ឈើ​ទៅ​វៀតណាម ២០១៧ ១៤៤០
គំនរ​ឈើ​ដែល​ដឹក​ពី​ប្រទេស​កម្ពុជា ទៅ​ស្តុក​ទុក​នៅ​ខេត្ត​យ៉ាឡាយ (Gai Lai) ប្រទេស​វៀតណាម កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧។ Photo courtesy of EIA Photo courtesy of EIA


របាយការណ៍​នេះ ចេញ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​រដ្ឋាភិបាល​វៀតណាម និង​សហភាព​អឺរ៉ុប គ្រោង​ចុះ​កិច្ចព្រមព្រៀង​ធានា​ថា សហភាព​អឺរ៉ុប នឹង​ទទួល​ទិញ​តែ​ឈើ​ស្រប​ច្បាប់​ពី​ប្រទេស​វៀតណាម។

បើ​យោង​តាម​គេហទំព័រ​របស់​សហភាព​អឺរ៉ុប ប្រទេស​វៀតណាម ជា​មជ្ឈមណ្ឌល​ពិភពលោក​នៃ​ពាណិជ្ជកម្ម​ផលិតផល​ឈើ ហើយ​កាល​ពី​ឆ្នាំ​២០១៤ ពាណិជ្ជកម្ម​ឈើ​ទ្វេ​ភាគី​រវាង​វៀតណាម និង​សហភាព​អឺរ៉ុប មាន​តម្លៃ ៧០៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

EIA បញ្ជាក់​ថា អាជ្ញាធរ​វៀតណាម ដែល​ពុក​រលួយ​ទាំងនោះ មិន​ត្រឹម​តែ​មិន​ចាប់​ឈើ​ខុស​ច្បាប់​ដែល​ដឹក​ជញ្ជូន​ពី​ប្រទេស​កម្ពុជា ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ចេញ​លិខិត​ស្នាម​ធ្វើ​ឲ្យ​ឈើ​ដែល​គេ​កាប់​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​អភិរក្ស​ព្រៃ​ឈើ​កម្ពុជា ក្លាយ​ជា​ឈើ​ស្រប​ច្បាប់​សម្រាប់​ការ​នាំ​ចេញ​ទៅ​ប្រទេស​ទី​បី។

ក្រុម​ស៊ើប​អង្កេត​របស់ EIA តាមដាន​ឃើញ​ថា ការ​ឃុបឃិត​សម​គំនិត​របស់​មន្ត្រី និង​យោធា​វៀតណាម ដែល​អនុញ្ញាត​ឲ្យ​ឈើ​ដែល​កាប់​ដោយ​ខុស​ច្បាប់​ចេញ​ពី​ប្រទេស​កម្ពុជា អាច​ហូរ​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម ក្រោម​រូបភាព​ស្រប​ច្បាប់ មិន​ត្រឹម​តែ​ផ្តល់​ប្រយោជន៍​ដល់​ក្រុម​អាជ្ញាធរ​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​វៀតណាម ផង​ដែរ។

ការ​ស៊ើប​អង្កេត​រក​ឃើញ​ថា ឈ្មួញ​ឈើ​វៀតណាម ក៏​បាន​បង់​ប្រាក់​សំណូក​រាប់​លាន​ដុល្លារ​ឲ្យ​មន្ត្រី​កម្ពុជា ដើម្បី​អាច​ចូល​ទៅ​កាប់​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ក្នុង​ប្រទេស​កម្ពុជា។

ឈ្មួញ​ទាំងនោះ​បាន​ប្រាប់​អ្នក​ស៊ើប​អង្កេត​នៃ EIA ថា ពួក​គេ​បាន​សូក​ប្រាក់ ៤៥​ដុល្លារ​សម្រាប់​ឈើ ១​ម៉ែត្រ​គូប​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម រួម​ទាំង​ប្រធាន​គណៈកម្មាធិការ​នៃ​ខេត្ត​យ៉ាឡាយ (Gai Lai) ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​សិទ្ធិ​ដឹក​ជញ្ជូន​ឈើ​ចូល​ទៅ​ប្រទេស​វៀតណាម។

ដឹក​ជញ្ជូន​ឈើ​ទៅ​វៀតណាម ២០១៧ ១៤៤០
គំនរ​ឈើ​ដែល​ដឹក​ពី​ប្រទេស​កម្ពុជា ទៅ​ស្តុក​ទុក​នៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧។ Photo courtesy of EIA Photo courtesy of EIA


ទិន្នន័យ​របស់​អង្គការ​ស៊ើប​អង្កេត​បរិស្ថាន (EIA) បង្ហាញ​ថា ចាប់​តាំង​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ មក ឈើ​ប្រមាណ ៣០​ម៉ឺន​ម៉ែត្រ​គូប​ត្រូវ​បាន​ដឹក​ចេញ​ពី​ប្រទេស​កម្ពុជា ដោយ​ខុស​ច្បាប់ និង​ត្រូវ​អាជ្ញាធរ​វៀតណាម ជួយ​ប្រែ​ក្លាយ​ជា​ឈើ​ស្រប​ច្បាប់ ដែល​វា​មាន​តម្លៃ​ជាង ១៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។
ចំណែក​របាយការណ៍​របស់​អង្គការ Forest Trades ក៏​បាន​រក​ឃើញ​ថា ប្រទេស​កម្ពុជា បាន​នាំ​ចេញ​ឈើ​មាន​តម្លៃ ១២១​លាន​ដុល្លារ​ទៅ​ប្រទេស​វៀតណាម ក្នុង​រយៈពេល ៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៦ ដែល​ទិន្នន័យ​នេះ​បង្ហាញ​នៅ​ក្នុង​ស្ថាប័ន​គយ​របស់​វៀតណាម។
ការ​រក​ឃើញ​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ប្រកែក​ថា មិន​មាន​ការ​នាំ​ចេញ​ឈើ​ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម ទៀត​នោះ​ឡើយ​ចាប់​តាំង​ពី​រដ្ឋាភិបាល​កម្ពុជា ហាមឃាត់​មិន​ឲ្យ​នាំ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៦៖ «»។
ទោះ​ជា​យ៉ាង​ណា លោក​មិន​បាន​បញ្ជាក់​លម្អិត​អំពី​សកម្មភាព​អ្វី​ដែល​ភាគី​ទាំង​ពីរ​ធ្លាប់​បាន​សហការ​គ្នា ដើម្បី​ទប់ស្កាត់​ការ​នាំ​ចេញ​ឈើ​នោះ​ទេ។
យ៉ាង​ណា​ក៏ដោយ​ចុះ អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​ស៊ើប​អង្កេត​បរិស្ថាន (EIA) រក​ឃើញ​ថា ចន្លោះ​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដល់​ខែ​មីនា ឆ្នាំ​២០១៧ នៅ​តែ​មាន​ការ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់ រួម​ទាំង​នៅ​តំបន់​ព្រៃ​អភិរក្ស​សហគមន៍​នៅ​ឧទ្យាន​ជាតិ​វីរជ័យ និង​អូរយ៉ាដាវ នៅ​តំបន់​អភិរក្ស​សត្វ​ព្រៃ​លំផាត់ ក្នុង​ខេត្ត​រតនគិរី ដែល​គម្រោង​ការពារ​ទាំងនេះ ខ្លះ​ត្រូវ​បាន​ផ្តល់​ជំនួយ​ដោយ​សហភាព​អឺរ៉ុប។
លោក ចាហ្គូ វ៉ាដ្លី (Jago Wadley) មន្ត្រី​យុទ្ធនាការ​ជាន់​ខ្ពស់​ផ្នែក​ព្រៃ​ឈើ​នៃ EIA ថ្លែង​ថា រដ្ឋាភិបាល​វៀតណាម ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ការ​ចុះ​ហត្ថលេខា​ជាមួយ​សហភាព​អឺរ៉ុប ដើម្បី​កម្ចាត់​ការ​កាប់​ឈើ​ខុស​ច្បាប់ និង​អាជីវកម្ម​ដែល​ពាក់ព័ន្ធ ក៏ប៉ុន្តែ​ការ​មិន​ដោះស្រាយ​បញ្ហា​ជា​មូលដ្ឋាន ដែល​បច្ចុប្បន្ន វៀតណាម កំពុង​ព្រងើយ​កន្តើយ នឹង​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​នេះ​គ្មាន​ប្រយោជន៍។
ចំណែក​សកម្មជន​បរិស្ថាន លោក អ៊ូច ឡេង វិញ​ក៏​យល់​ថា ប្រទេស​អ្នក​ទទួល​ទិញ​ឈើ​ពី​វៀតណាម ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ការ​ជួញដូរ​ខុស​ច្បាប់​នៅ​ប្រទេស​កម្ពុជា៖ «»។
សហភាព​អឺរ៉ុប មិន​ទាន់​ឆ្លើយតប​អ៊ីមែល​ដែល​អាស៊ីសេរី បាន​សាកសួរ​ចំពោះ​ការ​លើក​ឡើង​នេះ​ទេ នៅ​ថ្ងៃ​ទី​៧ ឧសភា៕

ដឹក​ជញ្ជូន​ឈើ​ទៅ​វៀតណាម ២០១៧ ១៤៤០
សញ្ញា​បង្ហាញ​ផ្លូវ​នៅ​ក្នុង​ព្រៃ​ទៅ​កាន់​ប៉ុស្តិ៍​ការពារ​ព្រំដែន​វៀតណាម។ Photo courtesy of EIA Photo courtesy of EIA

No comments:

Post a Comment