Paris Peace Accords 23 Oct. 1991

Saturday, May 27, 2017

[Vietnamization: Military, Elections] ក្រសួង​ ការពារ​ជាតិ ថា​ នឹង​អាច​ ពិនិត្យ​ ផ្លូវ​ច្បាប់​ ចំពោះ ​ការ​ប្រមាថ​ និង​លាប​ពណ៌​ មក​លើ​ កងទ័ព | Defense Ministry says it may use law against those who defame military

លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ថ្លែង​ក្នុង​ពិធី​ជូន​ដំណើរ​កង​ទ័ព​មួក​ខៀវ នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៤។ RFA/Brach Chev
លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ថ្លែង​ក្នុង​ពិធី​ជូន​ដំណើរ​កង​ទ័ព​មួក​ខៀវ នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៤។ RFA/Brach Chev

ក្រសួង​ ការពារ​ជាតិ ថា​ នឹង​អាច​ ពិនិត្យ​ ផ្លូវ​ច្បាប់​ ចំពោះ ​ការ​ប្រមាថ​ និង​លាប​ពណ៌​ មក​លើ​ កងទ័ព

RFA / វិទ្យុ អាស៊ី សេរី | ២៧ ឧសភា ២០១៧


មន្ត្រី​ ក្រសួង​ ការពារ​ជាតិ​ បញ្ជាក់​ថា នឹង​អាច​ ពិនិត្យ​ តាម​ផ្លូវ​ច្បាប់​ ចំពោះ​ ការ​ប្រមាថ​ មាក់ងាយ និង​ការ ​លាប​ពណ៌​មក ​លើ​កងទ័ព។  ការ​បញ្ជាក់​នេះ ស្រប​ពេល ​ក្រសួង​ ការពារជាតិ បាន​ទាត់ចោល​ សេចក្ដី​ ថ្លែងការណ៍​ របស់​ ក្រុម​អង្គការ​ សង្គម​ស៊ីវិល​ នៃ​បន្ទប់​ ស្ថានការណ៍​ សម្រាប់​ ការ​បោះឆ្នោត, ហើយ​ បាន​ចាត់​ទុក​ ថា សេចក្ដី​ ថ្លែងការណ៍​នេះ មាន​ចេតនា​ ញុះញង់ និង​លាប ពណ៌​មក​ លើ​កង​ យោធពល ​ខេមរភូមិន្ទ។


មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​ខុមហ្វ្រែល (COMFREL) សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ដទៃ​ទៀត នៃ​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ​២០១៧ ដោយ​បាន​ចាត់​ទុក​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ មាន​ចេតនា​ញុះញង់ លាប​ពណ៌ និង​ប្រមាថ​មាក់ងាយ​ដល់​កិត្តិយស តួនាទី និង​ភារកិច្ច​របស់​កង​យោធពល​ខេមរភូមិន្ទ។

ការ​ឆ្លើយ​តប​ពី​ក្រសួង​ការពារជាតិ​នេះ កើត​ឡើង​ស្រប​ពេល​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ កំពុង​រង​ការ​រិះគន់​ខ្លាំង ថា​រំលោភ​តួនាទី​ជា​មន្ត្រី​យោធា​ជាន់​ខ្ពស់ ក្រោយ​ពី​លោក​បាន​ថ្លែង​វាយ​បំបាក់​ធ្មេញ​ចំពោះ​ជន​ណា​ម្នាក់​ដែល​ហ៊ាន​ចេញ​តវ៉ា​ជុំវិញ​លទ្ធផល​បោះឆ្នោត​ខាង​មុខ​នេះ។

ការ​ព្រមាន​ពី​លោក ទៀ បាញ់ នេះ ក៏​រង​ការ​រិះគន់​ពី​អ្នក​តាមដាន​នយោបាយ​ទៀត​ថា គឺ​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ ពាក់ព័ន្ធ​នឹង​តួនាទី​របស់​ក្រសួង​ការពារជាតិ ដែល​ពួកគេ​ចាត់​ទុក​ថា​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​របស់​ក្រសួង​មហាផ្ទៃ ព្រោះ​តួនាទី​របស់​យោធា គឺ​ទុក​សម្រាប់​អន្តរាគមន៍​ក្នុង​ករណី​មាន​ជម្លោះ​ប្រដាប់​អាវុធ ឬ​នៅ​ពេល​បរទេស​រំលោភ​បំពាន​បូរណភាព​ទឹកដី​ប៉ុណ្ណោះ មិន​មែន​យក​មក​បង្ក្រាប​ជន​ស៊ីវិល​ដែល​គ្មាន​អាវុធ​ក្នុង​ដៃ​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារជាតិ បាន​បកស្រាយ​ថា កង​យោធពល​ខេមរភូមិន្ទ​យល់​ច្បាស់​អំពី​ច្បាប់​បោះឆ្នោត តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ហើយ ដូច្នោះ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល គឺ​ជា​ការ​បង្គាប់​បញ្ជា​មក​លើ​កងទ័ព និង​រំលោភ​ដ៏​ធ្ងន់ធ្ងរ​មក​លើ​កងទ័ព ដែល​មិន​អាច​ទទួល​យក​បាន​ទេ។ ក្រសួង​ការពារ​ជាតិ អះអាង​ទៀត​ថា អនុសាសន៍​របស់​មន្ត្រី​ជាន់​ខ្ពស់​ខ្លួន​កន្លង​មក មិន​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត​ឡើយ។

បន្ថែម​ពី​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការពារជាតិ លោក ឈុំ សុជាត បាន​បញ្ជាក់​ប្រាប់​អាស៊ីសេរី ទៀត​ថា សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ គឺ​ជា​ការ​ប្រាប់​ទៅ​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សមាគម​នៃ​បន្ទប់​ស្ថានការណ៍​ទាំង​នោះ ដែល​លោក​ថា បាន​រំលោភ​មក​លើ​កងទ័ព។

លោក​បញ្ជាក់​ថា ក្រសួង​ការពារជាតិ នឹង​រង់ចាំ​មើល​ថា តើ​ពួកគេ​នឹង​អាច​ឈប់​រំលោភ​មក​លើ​កងទ័ព​ដែរ​ទេ ហើយ​ប្រសិន​ក្រុម​ទាំង​នេះ​នៅ​តែ​រំលោភ ក្រសួង​នឹង​អាច​ពិនិត្យ​តាម​ផ្លូវ​ច្បាប់៖ «ព្រោះ​កងទ័ព​គឺ​ជា​កងទ័ព​របស់​ជាតិ របស់​រដ្ឋាភិបាល ហើយ​យើង​ថ្នាក់ដឹកនាំ​ហើយ មិន​ចាំបាច់​មាន​ការ​ណែនាំ​ពី​ពួក​គាត់​ទៀត​ទេ ម្យ៉ាង​ទៀត​ការ​ណែនាំ​របស់​ពួកគាត់ មាន​ចេតនា​អាក្រក់​មួយ​ដើម្បី​ញុះញង់​ឱ្យ​រើសអើង មិន​មែន​ជា​ការ​លើក​ឡើង​ធម្មតា​ទេ»

​ទោះជា​យ៉ាង​នេះ​ក្ដី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា អង្គការ​និចហ្វិក (NICFEC) លោក សំ គន្ធាមី ដែល​ជា​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​បកស្រាយ​ថា អត្ថន័យ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​បន្ទប់​ស្ថានការណ៍ មិន​មាន​បំណង​ដូច​ការ​លើក​ឡើង​របស់​ក្រសួង​ការពារជាតិ ឡើយ ផ្ទុយ​ទៅ​វិញ គ្រាន់​តែ​ស្នើ​សុំ​ឱ្យ​កម្លាំង​យោធា​ដែល​ការពារ​សុវត្ថិភាព​ការិយាល័យ​បោះឆ្នោត ត្រូវ​ប្រកាន់​យក​អព្យាក្រឹត និង​ទប់ស្កាត់​កុំ​ឱ្យ​កើត​មាន​អំពើ​ហិង្សា​នៅ​ថ្ងៃ​បោះឆ្នោត​ប៉ុណ្ណោះ។
សំ គន្ធាមី ៨៥៥
នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (NICFEC) លោក សំ គន្ធាមី ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​​១៣ ខែ​​កញ្ញា ឆ្នាំ​២០១៦។ RFA Photo: RFA
 
លោក សំ គន្ធាមី យល់​ថា សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារជាតិ បែប​នេះ ហាក់​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ពេក និង​ខុស​ពី​គោលបំណង​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល៖ «ធម្មតា អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ តែងតែ​រិះគន់​អ៊ីចឹង​ហើយ ហើយ​មិន​ឱ្យ​មាន​ការ​រិះគន់​ម៉េច​កើត នេះ​គឺ​ជា​បញ្ហា​តិចតួច​ប៉ុណ្ណោះ មិន​ដល់​ថ្នាក់​ដូច​សេចក្ដី​ថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ ដែល​ថា រហូត​មាន​ការ​ញុះញង់​អ៊ីចឹង​ទេ»

​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា នៃ​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត បាន​ស្វាគមន៍​សេចក្ដី​ណែនាំ​រួម​របស់​ក្រសួង​មហាផ្ទៃ និង​គណៈកម្មាធិការ​ ជាតិ​ រៀបចំ​ បោះឆ្នោត ដែល​បញ្ជា​ទៅ​កងកម្លាំង​អាជ្ញាធរ និង​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​មិន​ត្រូវ​គំរាមកំហែង និង​បំភិតបំភ័យ​ប្រជាពលរដ្ឋ​នៅ​អំឡុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឡើយ។

សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ ស្នើ​ឱ្យ គ.ជ.ប. និង​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​បោះឆ្នោត ត្រូវ​រំលឹក និង​ព្រមាន​ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​កង​យោធពល​ខេមរភូមិន្ទ​ណា ដែល​មិន​គោរព​តាម​ក្រមសីលធម៌ បទបញ្ជា នីតិវិធី គ.ជ.ប ច្បាប់​បោះ​ឆ្នោត​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​បរិយាកាស​អំណោយផល និង​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​សិទ្ធិ​ពេញលេញ​ចេញ​ទៅ​បោះឆ្នោត​ខាង​មុខ។

​លោក សំ គន្ធាមី ថ្លែង​ថា ប្រសិន​មាន​ចំណាត់​ការ​ណា​មួយ​តាម​ផ្លូវ​ច្បាប់​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដោយសារ​សេចក្ដី​ថ្លែងការណ៍​នេះ នោះ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ព្រោះ​អង្គការ​ទាំង​នេះ សុទ្ធតែ​ធ្វើ​ការងារ​បម្រើ​ដល់​ការ​បោះឆ្នោត​មួយ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌៕


1 comment:

  1. Anonymous7:51 AM

    Hun Sen's slave Teah Bangh, no one defames your mercenaries.
    YOU are the one who defamed yourself and the Khmer armed forces by selling out yourself and the country's Khmer people's armed forces to
    Traitor & Warlord Hun Sen, breaching the country's Constitution !!!

    ReplyDelete