Paris Peace Accords 23 Oct. 1991

Sunday, June 4, 2017

ពលរដ្ឋ ខ្មែរ​ ជិត​ ៨លាន នាក់ ​ចាប់ផ្តើម ​ចូលរួម​ បោះឆ្នោត​ ឃុំ​-សង្កាត់​ អាណត្តិ​ទី៤ | Almost 8M Cambodian citizens starting to vote in 4th commune council elections

ប្រជាពលរដ្ឋ​តម្រង់​ជួរ​បោះឆ្នោត​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​២​ រាជធានី​ភ្នំពេញ នៅ​ព្រឹកថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

ពលរដ្ឋ ខ្មែរ​ ជិត​ ៨លាន នាក់​ ចាប់ផ្តើម ​ចូលរួម​ បោះឆ្នោត ឃុំ​-សង្កាត់ ​អាណត្តិ​ទី៤

VOA / វីអូអេ | ៤ មិថុនា ២០១៧

លោក សេន សេនី វ័យ៤៥ឆ្នាំ ថ្លែង ថា, លោក ​បាន​បោះឆ្នោត ​ស្រប​តាម​ ឆន្ទៈ​ របស់​លោក​ ដោយ​គ្មាន​ ការ​បង្ខិត​បង្ខំ​ ឡើយ។  ហើយ​ លោក​ ចង់​ឃើញ​ មេភូមិ​ថ្មី គិតគូរ​ ដល់​ពលរដ្ឋ​ ក្រីក្រ​ នៅក្នុង​ សហគមន៍។

ពលរដ្ឋ​ នៅក្នុង ​រាជធានី ​ភ្នំពេញ ក៏ដូចជា​ ពលរដ្ឋ​ នៅតាម​បណ្តា​ខេត្ត និង​ជនបទ​នានា​ ពាសពេញ​ ប្រទេស បាន​ចេញទៅ​ បោះឆ្នោត​ ជា​បណ្តើរៗ​ ហើយ នៅព្រឹក ​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧​នេះ។

លោក កែវ ពិសិដ្ឋ វ័យ៦៥ ​ដែល​ជា​អ្នក ​បោះឆ្នោត ​មួយរូប​នៅការិយាល័យ ​មួយ សង្កាត់​ ផ្សារកណ្តាល ទី១ រាជធានី​ ភ្នំពេញ ប្រាប់ VOA ថា, សម្រាប់ ​ការ​បោះឆ្នោត ​ឃុំ​-សង្កាត់​ លើក​នេះ, លោក​ ចង់ឃើញ ​មេឃុំ​ ល្អ​ អភិវឌ្ឍ​ សហគមន៍ ដូចជា​ អនាម័យ ​ជាដើម។

«ខ្ញុំ​ច ង់​ឃើញ​ មាន​អនាម័យ និង​ការ​ រៀបចំ​ សួន​សាធារណៈ ​ឲ្យ​បាន​ស្អាត»
ប្រជាពលដ្ឋកម្ពុជា មកបោះឆ្នោត​នៅឯការិយាល័យបោះឆ្នោត​ ក្នុងរាជធានីភ្នំពេញ​ នៅថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០១៧។​ (ហ៊ាន​ សុជាតា/VOA)
ប្រជាពលដ្ឋកម្ពុជា មកបោះឆ្នោត​នៅឯការិយាល័យបោះឆ្នោត​ ក្នុងរាជធានីភ្នំពេញ​ នៅថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០១៧។​ (ហ៊ាន​ សុជាតា/VOA)
 

អតីត ​ទាហាន​ សម័យ​រដ្ឋ​កម្ពុជា​ ដែល​បាន​ ចូល​និវត្តន៍ ​រូបនេះ ថ្លែង​បន្ត​ ថា, កន្លង​មក អាជ្ញាធរ​ មូលដ្ឋាន​ ក្នុង​សហគមន៍​លោក បាន​សហការ ​ល្អ​ ជាមួយ ​ពលរដ្ឋ​ ក្នុងការ​ផ្តល់​ លិខិត​ ស្នាម​ ផ្សេងៗ។  លោក​ ថា៖ «នៅពេល​សហគមន៍​ណា​មាន​អ្នក​ដឹកនាំ​ល្អ សហគមន៍​នោះ​នឹង​មាន​ការ​រីកចម្រើន»

អ្នកស្រី គាត គឹមស្រី វ័យ៤២ឆ្នាំ ដែល​ជា​ពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​ក្នុង​សង្កាត់​ផ្សារកណ្តាលទី១ បាន​ថ្លែង​ថា អ្នកស្រី​បោះឆ្នោត​លើក​នេះ ចង់​ឃើញ​ការ​ផ្លាស់ប្តូរ​ផ្នែក​សណ្តាប់ធ្នាប់​ក្នុង​សង្គម ដោយសារ​អ្នកស្រី​បារម្ភ​ផ្នែក​សុវត្ថិភាព។

«ទឹកចិត្ត​ខ្ញុំ​ចង់​បាន​ការ​រៀបរយ​សណ្តាប់ធ្នាប់ គ្មាន​ជនអនាថា គ្មាន​ជនហិតកាវ វាយ​គ្នា​ចឹង អត់​ល្អ​ទេ»

លោកស្រី​ថ្លែង​យ៉ាង​ដូច្នេះ ដោយសារ​លោកស្រី​ឃើញ​ការ​វាយ​ប្រហារ​គ្នា​រវាង​ក្មេង​ហិតកាវ​ក្នុង​សហគមន៍ ដែល​ជា​ក្តីបារម្ភ​របស់​ពលរដ្ឋ​ទូទៅ។ អ្នកស្រី គឹមស្រី ដែល​មាន​កូន៣នាក់​ក្នុង​បន្ទុក បាន​បន្ថែម​ថា អ្នកស្រី​ក៏​ចង់​បាន​ជីវភាព​រស់នៅ​ប្រសើរ​ដែរ។ អ្នកស្រី​ថា អ្នកស្រី​មិន​ចង់ឃើញ​អតិផរណា ឬ​ការ​ឡើង​ថ្លៃទំនិញ ដែល​ជីវភាព​អ្នកស្រី មិន​អាច​ទ្រទ្រង់​បាន​នោះ​ទេ។ លោកស្រី​បន្ត​ថា ប្តី​អ្នកស្រី​ធ្វើការ​ម្នាក់​ឯង ហើយ​អ្នកស្រី​នៅផ្ទះ​មើល​ថែរក្សា​កូន។

​លោក សេន សេនី វ័យ៤៥ឆ្នាំ ថ្លែងថា លោក​បាន​បោះឆ្នោត​ស្រប​តាម​ឆន្ទៈ​របស់​លោក​ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ​ឡើយ។ ហើយ​លោក​ចង់​ឃើញ​មេភូមិ​ថ្មី គិតគូរ​ដល់​ពលរដ្ឋ​ក្រីក្រ​នៅក្នុង​សហគមន៍។

លោក​ ថា៖ «តាម​អារម្មណ៍​របស់​ខ្ញុំ​ ខ្ញុំ​គិត​ថា នឹង​មាន​មេឃុំ​ត្រឹមត្រូវ ទទួល​បាន​គុណ​សម្បត្តិ​ផ្សេង ដូចជា​ចេះ​មើល ថា​អ្វី​ខ្វះខាត​ក្នុង​ភូមិឃុំ»

លោក​បន្ត​ថា ក្រុមប្រឹក្សា​ថ្មី​ត្រូវ​ប្រមូល​ទិដ្ឋន័យ​ជន​ក្រីក្រ​ក្នុង​សហគមន៍ និង​គិតគូរ​ដល់​ជីវភាព​របស់​ពួកគេ។ 

លោក កង សាវាង្ស មន្ត្រី​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត Comfrel ថ្លែង​ថា នាព្រឹក​នៃ​ថ្ងៃ​បោះឆ្នោត​នេះ មិន​ទាន់​មាន​ភាព​មិន​ប្រក្រតី និង​បញ្ហា​សន្តិសុខ​កើត​ឡើង​ក្នុង​ការិយាល័យ​មួយ​ចំនួន ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ។ ក៏ប៉ុន្តែ​លោក​ថា ការិយាល័យ​មួយ​ចំនួន គ.ជ.ប. ហាក់​ដូច​ជា​មិន​ទាន់​បាន​រៀបចំ​សណ្តាប់ធ្នាប់ ដែល​បង្ក​ឲ្យ​ពលរដ្ឋ​អាច​បោះឆ្នោត​ដោយ​ងាយ​ស្រួល​នោះ​ទេ ទាក់ទង​នឹង​ការ​ខ្វះខាត​នីតិវិធី និង​ការ​ណែនាំ​ផ្សេងៗ​សម្រាប់​អ្នក​បោះឆ្នោត។
លោក​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា ​លើកសន្លឹកឆ្នោត​បង្ហាញទៅ​អ្នក​សារព័ត៌មាន​ជាតិ​ និងអន្តរជាតិ​បញ្ជាក់ពី​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់, នៅ​ខេត្ត​កណ្តាល​នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/VOA)
លោក​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា ​លើកសន្លឹកឆ្នោត​បង្ហាញទៅ​អ្នក​សារព័ត៌មាន​ជាតិ​ និងអន្តរជាតិ​បញ្ជាក់ពី​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់, នៅ​ខេត្ត​កណ្តាល​នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/VOA)
 
ប្រទេស ​កម្ពុជា​ មាន​ការិយាល័យ ​បោះឆ្នោត​ ជាង ២ម៉ឺន ​នៅ​ក្នុង​ ឃុំ-សង្កាត់​ ចំនួន ​១៦៤៦ ទូទាំង​ប្រទេស។  គណក្ស​ នយោបាយ​ ទាំង១២ ចូលរួម ​ប្រកួត​ប្រជែង​ ជាមួយ​ គណបក្ស​ ប្រជាជន ដែល​កាន់​អំណាច​ ជាង​៣០ឆ្នាំ។

បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នីមួយៗ បាន​សន្យា និង​ប្តេជ្ញាចិត្ត​រៀងខ្លួន​ថា នឹង​អភិវឌ្ឍ​មូលដ្ឋាន ដូចជា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេងៗ​ និង​ជួយ​សម្រួល​កិច្ចការ​នានា​ជូន​ពលរដ្ឋ​ម្ចាស់​ឆ្នោត​តាម​គោលនយោបាយ​របស់​គណបក្ស​គេ​រៀងៗ​ខ្លួន។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុនសែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​ទៅ​បោះឆ្នោត នៅការិយាល័យ​មួយ​ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល​រួច​ហើយ​នា​ព្រឹក​នេះ។ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ គ្រោង​នឹង​ចេញ​ទៅ​បោះឆ្នោត​នៅ​ចាក់អង្រេលើ រាជធានី​ភ្នំពេញ​នៅព្រឹកនេះ​ដែរ។ ដោយ​ឡែក​មេដឹកនាំ​គណបក្ស​ដទៃទៀត គ្រោង​នឹង​ចេញ​ទៅ​បោះឆ្នោត​នៅតាម​បណ្តា​ខេត្តក្រុង រាជធានី។

គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​អាសនៈ​ជា​មេឃុំ ចៅសង្កាត់ ជាង១៥៩០ឃុំ កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ២០១២ នៅ​អាណត្តិទី៣។ គណបក្ស​ជំទាស់​ទទួល​បាន​តែ ៤០អាសនៈ​ ជា​មេឃុំ និង​ចៅសង្កាត់​តែ​ប៉ុណ្ណោះ។

ក្រុម​មេដឹកនាំ​គណបក្ស​នយោបាយ​ និង​អង្គការ​សង្គម​ស៊ីវិល បាន​ចាត់ទុក​ការ​បោះឆ្នោត​ឃុំសង្កាត់ ជា​ការ​បោះឆ្នោត​សំខាន់​សម្រាប់​ការ​ផ្លាស់ប្តូរ​ជីវភាព​ និង​ការ​អភិវឌ្ឍ ហើយអ្វី​ដែល​ក្រុមប្រឹក្សា​ឃុំសង្កាត់​ទាំងអស់​ដើរ​តួនាទី​សំខាន់​ផងដែរ​នោះ គឺ នឹង​ក្លាយ​ទៅជា​អង្គ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ក្រុមប្រឹក្សា​ខេត្ត និង​ស្រុក​ជាដើម៕

No comments:

Post a Comment