លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបស្ដាំ) និងលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ (រូបឆ្វេង)។ |
លោក ហ៊ុន សែន ចំអក ឲ្យរដ្ឋមន្ត្រី ក្រសួង ព័ត៌មាន រឿងតែងតាំង អគ្គនាយក ទ.ទ.ក.
RFA / វិទ្យុ អាស៊ី សេរី | ១៤ មិថុនា ២០១៧
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃ ទី១៣ ខែមិថុនា បានសំពង រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន ធ្ងន់ៗ រឿង ការតែងតាំង មន្ត្រី ថ្មី ដែលនឹងចូល ទៅកាន់ តំណែង ជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ទូរទស្សន៍ ជាតិ (ទ.ទ.ក.) ជំនួសលោក កឹម គុណវឌ្ឍន៍ ដែលចូល និវត្តន៍។ អ្នកវិភាគ បញ្ហាសង្គម និងនយោបាយ យល់ឃើញ ថា, នេះ ជារបៀប ធ្វើការ ដែលមាន ភាពសាំញ៉ាំ អស់ពេល ជាច្រើនឆ្នាំ ណាស់ មកហើយ នៅក្នុងជួរ រដ្ឋាភិបាល។
ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះ ធ្វើឡើងមួយថ្ងៃក្រោយពេលដែលរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ អះអាងថា ការតែងតាំងលោក ឃឹម វុទ្ធី ជំនួសលោក កឹម គុណវឌ្ឍន៍ ដែលដល់អាយុចូលនិវត្តន៍នោះ ក្នុងនាមលោកជារដ្ឋមន្ត្រីទទួលបន្ទុកក្នុងបញ្ហានេះ គឺមិនបានដឹងអ្វីបន្តិចណាសោះ។
លោក ហ៊ុន សែន បានសរសេរនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក (facebook) របស់លោកដោយផ្ទាល់ និងមានភ្ជាប់លិខិតតែងតាំងផង ហាក់ខឹងសម្បា និងស្ដីបន្ទោសធ្ងន់ៗឲ្យលោក ខៀវ កាញារីទ្ធ ដែលពុំធ្លាប់មាន។ លោកសរសេរក្នុងន័យប្រតិកម្មចំពោះការថ្លែងបដិសេធរបស់លោក ខៀវ កាញារីទ្ធ ដែលអះអាងថា ការតែងតាំងលោក ឃឹម វុទ្ធី នេះ មិនដឹងជាអ្នកណាជាអ្នកសម្រេច ជាដើម។
លោក ហ៊ុន សែន បានហៅរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា មិនមានគ្រាប់ភ្នែកមើលព្រះរាជក្រឹត្យតែងតាំងដោយព្រះមហាក្សត្រ។ ក្រៅពីនេះ លោក ហ៊ុន សែន ថែមទាំងបានរិះគន់ថា កុំល្ងង់ពេក ត្រូវចាំផងថា បើមិនមានសំណើពីនាយករដ្ឋមន្ត្រីទេ ព្រះមហាក្សត្រទ្រង់មិនអាចឡាយព្រះហស្តលេខាបានទេ។ បន្ថែមពីលើនេះទៀត តើនាយករដ្ឋមន្ត្រីត្រូវអង្គុយរង់ចាំទូរស័ព្ទ ៥ដងមិនចូល ហើយត្រូវរង់ចាំពិគ្រោះយោបល់ជាមួយរដ្ឋមន្ត្រីជាមុន ទើបអាចមានសិទ្ធិតែងតាំងបានមែនទេ ជាដើម។
នៅក្នុងថ្ងៃតែមួយក្រោយពេលប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីនេះ ក្រសួងព័ត៌មាន បានចេញសេចក្ដីប្រកាសព័ត៌មានភ្លាមដែរ ដោយទទួលស្គាល់ការតែងតាំងមន្ត្រីថ្មីជំនួសកៅអីលោក កឹម គុណវឌ្ឍន៍ តាមសំណើរបស់លោក ហ៊ុន សែន នេះដែរ។
អ្នកវិភាគបញ្ហាសង្គមយល់ឃើញថា ការមិនចុះសម្រុងនឹងគ្នារឿងការតែងតាំងមន្ត្រីនៅក្នុងអង្គភាពរបស់រដ្ឋនេះ តាមរយៈការផ្លាស់ប្ដូរពីមួយទៅមួយនេះ វាស្ទើរក្លាយទៅជាទម្លាប់ទៅហើយ។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍ ចាត់ទុកថា រឿងការប្រេះឆាផ្ទៃក្នុង ឬការវិវាទនេះ វាពុំមែនជារឿងថ្មីឡើយសម្រាប់លោក ពោលទំនាស់ដោយផលប្រយោជន៍ ឬទំនាស់បុគ្គល និងបុគ្គលក្ដី វាស៊ាំទៅហើយសម្រាប់លោកដែលតែងឃ្លាំមើលពីបញ្ហាសង្គមមួយនេះ។ លោកបន្តថា នេះអាចជាចំណុចរបៀបតែងតាំងដោយសម្រេចពីនាយករដ្ឋមន្ត្រី ទើបធ្វើឲ្យទំនាស់នេះផ្ទុះឡើង ជាពិសេសប្រសិនបើបញ្ហានេះនៅបន្តខ្វែងគំនិតបែបនេះទៀត វានឹងធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពនៃប្រព័ន្ធដឹកនាំរដ្ឋ។
លោក ខៀវ កាញារីទ្ធ បានបង្ហាញការភ្ញាក់ផ្អើលភ្លាមៗតាមរយៈសារនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ក្រោយដឹងថា អ្នកចូលកាន់តំណែងជំនួសលោក កឹម គុណវឌ្ឍន៍ ជាអគ្គនាយកទូរទស្សន៍ជាតិ គឺជាលោក ឃឹម វុទ្ធី។
ជំហររបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលទំនងមើលទៅហាក់ឆ្ងល់ចំពោះការតែងតាំងនេះ ស្របពេលលោកបានដាក់សំណើមួយរួចទៅហើយកាលពីថ្ងៃទី២៣ ខែមីនា ទៅក្រសួងមុខងារសាធារណៈ ស្នើសុំតែងតាំងលោក ខ្វៃ អាទិត្យា ប៉ុន្តែសំណើដែលរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ផ្ញើទៅនាយករដ្ឋមន្ត្រី ក៏យល់ព្រមតាមសំណើសុំតែងតាំងលោក ខ្វៃ អាទិត្យា ដូចលោក ខៀវ កាញារីទ្ធ ដែរនោះ ត្រូវបានលោក ហ៊ុន សែន ច្រានចោលទៅវិញ។
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង បដិសេធក្នុងការអធិប្បាយចំពោះជំហររបស់លោក ខៀវ កាញារីទ្ធ ប៉ុន្តែថាមកដល់ពេលនេះ ក្រសួងព័ត៌មាន បានទទួលស្គាល់ការតែងតាំងនេះជាផ្លូវការហើយ ពោលនៅរង់ចាំតែថ្ងៃប្រកាសពិធីចូលកាន់តំណែងប៉ុណ្ណោះ។
បើទោះជាបែបណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់នៅក្នុងបណ្ដាញទំនាក់ទំនងសង្គមរបស់លោកថា លោកនឹងមិនមានពេលពន្យល់អ្វីច្រើនពេកទេចំពោះនីតិវិធីនៃការតែងតាំងនេះ។ លោកនាយករដ្ឋមន្ត្រីសរសេរហាក់ឆ្ងល់ថា ឬមួយត្រូវឲ្យលោកពន្យល់ពីច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីទៀត រួមទាំងច្បាប់ផ្សេងៗដែលទាក់ទងនឹងការគ្រប់គ្រងរដ្ឋ ជាដើម។
បញ្ហានេះ អ្នកវិភាគបញ្ហាសង្គមយល់ឃើញថា ប្រសិនបើបញ្ហានេះនៅតែបន្តញាំញី នឹងធ្វើឲ្យប្រព័ន្ធរដ្ឋត្រូវស្ពឹកស្រពន់មិនដំណើរការ៕
No comments:
Post a Comment