Paris Peace Accords 23 Oct. 1991

Friday, June 23, 2017

ក្រុម ​មន្ត្រីខ្មែរ​​ មាន​សុទិដ្ឋិនិយម​ ចំពោះ​ គម្រោង​ ខ្សែក្រវាត់​ និង​ផ្លូវ ​​​របស់​ចិន | Group of Khmer officials optimistice about China One Belt, One Road project

រូបឯកសារ៖ លោកប្រធានាធិបតី​ចិន​ចាប់​ដៃ​ជាមួយ​នឹង​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន។

ក្រុម ​មន្ត្រីខ្មែរ​​ មាន​សុទិដ្ឋិនិយម​ ចំពោះ​ គម្រោង​ ខ្សែក្រវាត់​ និង​ផ្លូវ ​​​របស់​ចិន

VOA | ២៣ មិថុនា ២០១៧

លោក​ ​ឡឹម ស៊ីដេនីន​ ​រដ្ឋលេខាធិការ​ ក្រសួង​ សាធារណការ​  និង​ដឹកជញ្ជូន មាន​ប្រសាសន៍​ ថា,​ ​ជាមួយ​ នឹង​គម្រោង​ ផ្ដួចផ្ដើម​នេះ​ កម្ពុជា​  និង​ចិន​ អាច​រួមគ្នា ​ពង្រីក​ វិស័យ​ ផ្សេង​ទៀត​ ដូចជា​ ការ ផលិត​ ថាមពល​ អគ្គិសនី​​ ដើរ​ដោយ​ពន្លឺ​ ព្រះអាទិត្យ​ ​, ការ​បង្កើត​ ផែន​ការ​ អភិវឌ្ឍ​កសិកម្ម​ បែប​ទំនើប និង​ការ​ បង្កើត​ សហប្រតិបត្តិការ ​ដាំដុះ​ ដំណាំ​ ផ្សេងៗ​ ទៀត។




ក្រុម​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ​មាន​សុទិដ្ឋិនិយម​ ​ចំពោះ​កម្មវិធី​សេដ្ឋកិច្ច​របស់​ចិន​ ដែល​គេ​ស្គាល់​ថា​ជា ​គំនិត​ផ្ដួចផ្ដើម «ខ្សែក្រវាត់​មួយ ​និងផ្លូវ​មួយ» ឬ​ One Belt and One Road Initiative ​ ​ដោយ​រំពឹង​ថា​ កម្ម​វិធី​ថ្មី​នេះ​ នឹង​អាច​ជួយ​ពង្រីក​ការ​តភ្ជាប់​របស់ប្រទេស​កម្ពុជា​ ជា​មួយ​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់​ ​ហើយ​វា​ក៏​នឹង​ជួយ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ខាងសេដ្ឋកិច្ច​ អប់រំ​ ​ទេសចរណ៍​ និង​វប្បធម៌​រវាង​កម្ពុជា​ ​និង​ចិន​ ​ក៏ដូចជាបណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​សកល​លោក។​

ក៏ប៉ុន្តែ ​អ្នក​ជំនាញ​ក្នុង​ទំនាក់​ទំនង​កិច្ច​ការ​អន្តរជាតិ បាន​ព្រមាន​ថា​ កម្ពុជា​ក៏​ត្រូវ​មាន​ម្ចាស់ការ​លើ​ខ្លួន​ឯង​ ​នៅ​ពេល​ខ្លួន​ចូល​រួម​អនុវត្ត​គំនិត​ផ្ដួចផ្ដើម​សេដ្ឋកិច្ចថ្មី​ប្រទេសចិន​នេះ​ ដែល​គេ​ជឿ​ថា​ ជា​ឧបករណ៍​រក្សា​លំនឹង​សេដ្ឋកិច្ច​ ​និង​តុល្យភាព​អំណាច​តាម​នយោបាយ​ភូមិសាស្ត្រ​របស់​ចិន។​

ថ្លែង​ទៅ​កាន់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ ​អ្នក​សិក្សា​ស្រាវជ្រាវ​ និង​អ្នក​ធ្វើការ​ក្នុង​វិស័យ​ឯកជន​ជា​ច្រើន​នាក់នៅ​ក្នុង​កម្មវិធី​ស្ដីពី​សហប្រតិបត្តិការ​រវាង​ចិន​ ​និង​កម្ពុជា​ក្រោម​គម្រោង​គំនិត​ផ្ដួចផ្ដើម«ខ្សែក្រវាត់​និង​ផ្លូវ» រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ ​លោក​ ​ឡឹម ស៊ីដេនីន​ ​រដ្ឋលេខាធិការ​ ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ មាន​ប្រសាសន៍​ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះថា​ ​គម្រោង​ផ្ដួចផ្ដើម​នេះ​ មាន​លក្ខណៈ​បើកចំហ​ ​ហើយ​គម្រោង​ថ្មី​នេះ​តាម​យន្តការ​ទំនាក់ទំនង​ដែល​មានស្រាប់​ កម្ពុជា​នឹង​អាច​ពង្រឹង​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ ក្នុង​នោះ​មាន​ផ្លូវល្បឿន​លឿន​ទៅ​ខេត្ត​ព្រះសីហនុ​ ​និង​បង្កើន​ការ​ហោះហើរ​ដោយ​ផ្ទាល់​ពី​ប្រទេស​ចិន​មក​កម្ពុជា។

លោក​បន្ត​ថា​ ​ជាមួយ​នឹង​គម្រោង​ផ្ដួចផ្ដើម​នេះ​ កម្ពុជា​ និង​ចិន​ អាច​រួមគ្នា​ពង្រីក​វិស័យ​ផ្សេង​ទៀត​ ដូចជា​ ការផលិត​ថាមពល​អគ្គិសនី ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ ​ការ​បង្កើត​ផែន​ការ​អភិវឌ្ឍ​កសិកម្ម​បែប​ទំនើប និង​ការ​បង្កើត​សហប្រតិបត្តិការ​ដាំដុះ​ដំណាំ​ផ្សេងៗ​ទៀត។

លោក ឡឹម ស៊ីដេនីន​ ​បាន​ចាត់​ទុក​គម្រោង​សេដ្ឋកិច្ច​ថ្មី​នេះ​ ថា​មាន​សារៈសំខាន់​ជា​ទី​បំផុត​ដល់​សុខភាព​ហិរញ្ញវត្ថុ​កម្ពុជា​ និង​បណ្ដា​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់។​

«តាម​ការ​ប្រមើល​មើល​ នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​ ប្រទេស​ចិន​ និង​ប្រទេស​កម្ពុជា​ ក្រោម​គំនិត​ផ្ដួចផ្ដើម​នៃ​ខ្សែក្រវាត់​មួយ​ ផ្លូវ​មួយ​ ពិតជា​មាន​សារៈសំខាន់​ និង​មានផល​ប្រយោជន៍​ដ៏​ធំ​ធេង​ ចំពោះ​ប្រទេស​កម្ពុជា​ និង​បណ្ដា​ប្រទេស​ ក្នុង​តំបន់​ អនុ​តំបន់​ និង​បណ្ដា​ប្រទេស​នានា​នៅ​លើ​សាកល​លោក»

លោក​ ​ឡឹម ស៊ីដេនីន​ ​បន្ថែម​ថា​ គំនិត​ផ្ដួចផ្ដើម​នៃ​ខ្សែក្រវាត់​មួយ​ ផ្លូវ​មួយ បាន​ដើរ​ស្រប​គ្នា​ជាមួយ​គម្រោង​ត​ភ្ជាប់​របស់​សមាគម​អាស៊ាន និង​ស៊ី​ចង្វាក់​គ្នា​ជាមួយ​យុទ្ធសាស្ត្រ​ជាតិ​ ដើម្បី​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម។​

​ស្របគ្នា​នោះ​ដែរ​ ​អ្នកស្រី​ ​អៀត សុភា​ អនុរដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ចាត់​ទុក​គម្រោង​ ​«ខ្សែក្រវាត់​មួយ​ ផ្លូវ​មួយ»​ ថា​ជា​មធ្យោបាយ​ថ្មី​ ដែល​អាច​បើក​ផ្លូវ​ឲ្យ​កម្ពុជា​ ​កសាង​សេដ្ឋកិច្ច​របស់​ខ្លួន​ឲ្យ​កាន់តែ​មាន​សន្ទុះ​ខ្លាំង​ ហើយ​អាច​រួមចំណែក​ដល់​ការ​រីកចម្រើន​នៅ​ក្នុង​តំបន់។​
អ្នកស្រី​និយាយ​យ៉ាង​ដូច្នេះ៖

«ប្រសិនបើ​មាន​រថភ្លើង​ណាមួយ​ មក​ដល់​ក្បែរ​ ហើយ​យើង​ឃើញ​ថា​ រថភ្លើង​នេះ​ នឹង​នាំ​យើង​ទៅកាន់​គោល​ដៅ​របស់​យើង​ ហើយ​មួយ​វិញ​ទៀត​នោះ​ គោលដៅ​របស់​យើង​គឺ​ អភិវឌ្ឍ​ស្ថានភាពសង្គម​សេដ្ឋកិច្ច​របស់​យើង​ ​ពង្រឹង​ជីវភាព​រស់​នៅ​របស់​ប្រជាជន​យើង​ រក្សា​សន្តិភាព​ ហើយ​រួមចំណែក​ដល់​ភាព​រុងរឿង​ក្នុង​តំបន់​ ហើយ​ប្រសិន​បើ​ក្បាល​រថភ្លើង​នេះ​ នាំ​យើង​ទៅដល់​គោលដៅ​នោះ យើង​នឹង​ជិះ​វា​ហើយ»​

អ្នកស្រី​ ​អៀត សុភា​ ​មាន​ប្រសាសន៍​បន្ថែម​ថា​ រដ្ឋាភិបាល​កម្ពុជា​ កំពុង​សិក្សា​ស្វែងយល់​ពី​គម្រោង​សេដ្ឋកិច្ច​របស់​ចិន​នេះ និង​ព្យាយាម​លើក​កម្ពស់​ការយល់​ដឹង​ការ​សម្របសម្រួល​គោល​នយោបាយ​រវាង​ចិន និង​កម្ពុជា។

ប្រធានាធិបតី​ចិន លោក​ ស៊ី ជីនពីង​ ​(Xi Jinping) បាន​ថ្លែង​កាល​ពី​ខែ​ឧសភា​ថា គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​ផ្លូវ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​ ជា​ «ខ្សែក្រវាត់ ​មួយ​ ផ្លូវ​មួយ»​ នេះ ​ ដំណើរ​ការ​  បាន​រយៈ​ពេល​៤ឆ្នាំ ​មក​ហើយ។​

ប្រធានាធិបតី​នៃ​ប្រទេស​កុម្មុយនិស្ត​ចិន​រូប​នេះ បាន​ថ្លែង​ក្នុង​វេទិកា​សេដ្ឋកិច្ច​មួយ​ កាល​ពី​ពាក់​កណ្ដាល​ខែ​ឧសភា​ ​ថា​ ​គម្រោងនេះ ​បាន​បង្កើត​ឲ្យ​មាន​ការ​តភ្ជាប់​ទំនាក់ទំនង​គោល​នយោបាយ​កាន់តែ​ស៊ីជម្រៅ​ ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ច្រើន​ និង​ការ​តភ្ជាប់​ដើម​ទុន​ហិរញ្ញវត្ថុ ហើយ​ពាណិជ្ជកម្ម ត្រូវ​បាន​ពង្រីក​ ព្រម​ទាំង​មាន​ការ​កើន​ឡើង​នូវ​ការ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​ថែម​ទៀត​ផង។

ដោយឡែក​ លោក​ ​លី អាន​ (Li An) ​មន្ត្រី​កុងស៊ុល​ខាង​សេដ្ឋកិច្ច​ និង​ ពាណិជ្ជកម្ម​នៅ​ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ ​ថ្លែង​ក្នុង​សន្និសីទ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ថា​ ការ​កសាង​ខ្សែក្រវាត់​ និង​ផ្លូវ​នេះ​ បាន​ផ្លាស់ប្ដូរ​ដោយ​សន្សឹមៗ​ពី​គំនិត​ មក​ជា​សកម្មភាព​ និង​ពី​ចក្ខុវិស័យ​ មក​ជា​ការ​ពិត។

លោក​ថា​ កម្ពុជា​ស្ថិត​នៅ​ចំ​កណ្ដាល​ជ្រោយ​ឥណ្ឌូចិន​ និង​ចំ​បេះដូង​នៃ​តំបន់​អាស៊ីអាគ្នេយ៍។​ លោក​បន្តថា​ កម្ពុជា​គឺ​ជា​ដៃ​គូ​សំខាន់​របស់​ចិន​ សម្រាប់​កសាងខ្សែក្រវាត់​ និង​ផ្លូវ​ ហើយ​និង​បង្កើន​សហប្រតិបត្តិ​ការ​ផលិត​ភាព​ជា​អន្តរជាតិ។

យ៉ាង​ណា​ក៏​ដោយ​នៅ​ពេល​អ្នកសារព័ត៌មាន​សួរ​លោក​ថា​តើ​ប្រទេស​ចិន​មានថវិកា​ប៉ុន្មាន​សម្រាប់​កម្ពុជា​ ឲ្យ​អនុវត្ត​គម្រោង​ខ្សែ​ក្រវាត់​ និង​ផ្លូវ​នេះ​ លោក​ លី អាន​ ​បាន​ឆ្លើយ​តប​តាម​អ្នក​បកប្រែ​ថា​ គម្រោង​នេះ​នៅ​គ្រាន់​តែ​ជា​គំនិត​នៅ​ឡើយ។​

លោក​ ​លី អាន​ (Li An) ​មន្ត្រី​កុងស៊ុល​ខាង​សេដ្ឋកិច្ច​ និង​ ពាណិជ្ជកម្ម​នៅ​ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា៖
«ខ្សែក្រវាត់​មួយ​ និង​ផ្លូវ​មួយ​ វា​គ្រាន់​តែ​ជា​គំនិត​មួយ​ ហើយ​ដូច្នេះ​អត់មាន​ស្ថិតិ​ ដូចជា​ប្រាក់​ពិស្ដារ​ ឬ​ក៏​ជាក់​លាក់​ទាំងអស់​មាន​ប៉ុន្មាន​ ហើយ​ដូច្នេះ​នៅ​ក្រោម​ក្របខ័ណ្ឌ​ខ្សែក្រវាត់​មួយ​ និង​ផ្លូវ​មួយ​ហ្នឹង ដែល​អាច​ធ្វើ​ឲ្យ​ប្រទេស​ចិន​ និង​កម្ពុជា​ ឈ្នះៗ​រួម​គ្នា​ ហើយ​អាច​បង្កើត​ ផលប្រយោជន៍​ឲ្យ​ប្រទេស​កម្ពុជា​ហ្នឹង សុទ្ធតែ​អាច​ធ្វើ​ជា​គំរូនៃ​ខ្សែក្រវាត់​មួយ​ និង​ផ្លូវ​មួយ»

លោក​ លី​ អាន​ ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​របស់​ស្ថានទូតចិនប្រចាំ​នៅកម្ពុជា​ កាល ពីថ្ងៃ​ទី​ ២២ ខែ មិថុនា​ ឆ្នាំ​ ២០១៧​ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅរាធានីភ្នំពេញ​ អំពី​ ​គម្រោង​គំនិត ផ្តួច​ផ្តើម​ខ្សែ​ និង​ផ្លូវ​របស់​ចិន។ (ហ៊ុល រស្មី/VOA)
លោក​ លី​ អាន​ ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​របស់​ស្ថានទូតចិនប្រចាំ​នៅកម្ពុជា​ កាល ពីថ្ងៃ​ទី​ ២២ ខែ មិថុនា​ ឆ្នាំ​ ២០១៧​ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅរាធានីភ្នំពេញ​ អំពី​ ​គម្រោង​គំនិត ផ្តួច​ផ្តើម​ខ្សែ​ និង​ផ្លូវ​របស់​ចិន។ (ហ៊ុល រស្មី/VOA)
 
គម្រោង​«ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ»នេះ ​គឺ​ជា​គំនិត​ផ្ដួចផ្ដើម​យ៉ាង​ធំ​ទូលំ​ទូលាយ​របស់​ចិន​ដើម្បី​លើក​កម្ពស់​ការ​តភ្ជាប់​សេដ្ឋកិច្ច​ និង​ការ​ដោះដូរ​ពាណិជ្ជកម្ម​ ជា​ពិសេស​រវាង​បណ្ដា​ប្រទេស​នៅ​អាស៊ី​ អឺរ៉ុប​ និង​អាហ្វ្រិក។​

«ខ្សែ​ក្រវាត់​មួយ​ ផ្លូវ​មួយ»​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៣។​ ​គិត​ត្រឹម​ឆ្នាំ​ ២០១៦​ ​ទំហំ​ទឹក​ប្រាក់​វិនិយោគ​ក្នុង​គម្រោង​របស់​ប្រទេស​ ​កុម្មុយនិស្ត​ចិន ​មាន​ចំនួន​ប្រមាណ​៩០០​ពាន់​លាន​ដុល្លារ​អាមេរិក។​ កម្ពុជា​បាន​ចូលរួម​ក្នុង​គម្រោង​នេះ​កាល​ពី​ចុង​ឆ្នាំ​២០១៦​ ជា​ពេល​ដែល​លោក​ ស៊ី ជិនពីង​ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា។​

តាម​របាយការណ៍​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB)​ ឲ្យ​ដឹង​ថា​ គិត​ត្រឹម​ឆ្នាំ​២០៣០​ តំបន់​អាស៊ី​អាគ្នេយ៍​ទាំងមូល​ ត្រូវការ​ហិរញ្ញវត្ថុ​សរុប​២៦​ទ្រីលាន​ (លាន​លាន)​ដុល្លារ​ ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់។​

ថ្លែង​ក្នុង​សន្និសីទ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​លោក​ ​ពូ សុធីរៈ​ នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​សហ​ប្រតិបត្តិការ​ និង​សន្តិភាព​ ឬ​CICP ​មើល​ឃើញ​ភាព​ខុស​ប្លែក​គ្នា​ នៃ​គម្រោង​គំនិត​ផ្តួចផ្តើម​ឲ្យ​មាន​ខ្សែក្រវាត់​ និង​ផ្លូវ និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ (Trans-Pacific Partnership) ​ឬ​ហៅ​កាត់​ថា TPP។​

លោក​បាន​ពន្យល់​ថា​ គំនិត​ផ្ដួចផ្ដើម «ខ្សែក្រវាត់​ និង​ផ្លូវ» ​នេះ មាន​ភាព​សាមញ្ញ​ ជាង​ TPP ​ដោយ​ហេតុ​ថា​ TPP បាន​កំណត់​វិធាន​តឹងរ៉ឹង​ដល់​ប្រទេស​ជា​សមាជិក​ ​ទាក់ទិន​សេរីភាព​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម។​

លោក​ថា ​គំនិត​ផ្ដួចផ្ដើម​របស់​ចិននេះ គឺជា​យន្តការ​សន្តិភាព​និយម​ និង​ងាយ​ចរចា​ រីឯ TPP ​ជា​យន្តការ​ដែល​មាន​កិច្ច​ព្រមព្រៀង​រួម​តែមួយ​ និង​មាន​វិធាន​ជាក់​លាក់។​

យ៉ាង​ណា​ក៏ដោយ​ លោក​ ពូ សុធីរៈ​ ​បាន​ទទូច​ដល់​ភាគី​ចិន​ថា​ ត្រូវ​ផ្តល់សិទ្ធិ​ឲ្យបាន​ច្រើន​ដល់កម្ពុជា​ក្នុង​ការ​សម្រេចចិត្ត​អនុវត្ត​គម្រោងខ្សែក្រវាត់​ និង​ផ្លូវ​នេះ​ ព្រោះ​កម្ពុជា​តែងតែ​ត្រូវ​គេ​បាន​មើល​ឃើញ​ថា​ ជា​ប្រទេស​លម្អៀង​ទៅ​រក​ចិន​ ក្រោយ​កម្ពុជា​ ត្រូវ​បាន​ស្ដីបន្ទោស​ចំពោះ​ការ​រាំងស្ទះ​ដល់​ការ​ចេញ​សេចក្ដីថ្លែងការណ៍​រួម​របស់​អាស៊ាន​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​កាលពី​ឆ្នាំ​ ២០១២។​

លោក​ ពូ សុធីរៈ​ ថ្លែង​ក្នុង​ ន័យ​ដើម​ យ៉ាង​ដូច្នេះ៖

«សម្រាប់​ ផលប្រយោជន៍​ រយៈពេល ​វែង​ , ហើយ ​និង​សេចក្ដី​ ត្រូវការ​ ដើម្បី​ រក្សា​ ទំនាក់​ទំនង ​រវាង​ រដ្ឋ និង​រដ្ឋ ប្រទេស​ចិន​ ដែល​ជា​ប្រទេស​ មហាអំណាច ​ គួរតែ​ គិត​ដល់​ អំពី​ ការ​យល់​ឃើញ​ របស់​ សាធារណ​ជន នេះ, ​ ហើយ​ ត្រូវ​ ផ្ដល់​សេរីភាព​ ដល់​កម្ពុជា​ ឲ្យបាន​ច្រើន ​ ដើម្បី​ ចូលរួម​ ជាមួយ​ អាស៊ាន ធ្វើជា​ប្រភព​ នៃ​ឯក​ភាព​ និង​សាមគ្គីភាព​  ការ​គាំទ្រ,​ ការ​រួបរួម,​ ភាព​រឹងមាំ,​ ហើយ ​ជា​ការពិត​  គឺ​វិបុលភាព ​ដ៏​ធំ​ ក្រៃលែង»
 ​
រូបឯកសារ៖ លោក​ ពូ​ សុធីរៈ​ នាយក​ប្រតិបតិ្ត​វិទ្យាស្ថាន​ខ្មែរ​សំរាប់​ប្រតិបត្តិការ​ និង​សន្តិភាព​។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក​ ពូ​ សុធីរៈ​ នាយក​ប្រតិបតិ្ត​វិទ្យាស្ថាន​ខ្មែរ​សំរាប់​ប្រតិបត្តិការ​ និង​សន្តិភាព​។ (ហ៊ុល រស្មី/VOA)
 
ក្នុង​កិច្ច​ខិត​ខំ​ជំរុញ​ឲ្យ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​ និង​ផ្លូវ បាន​ដំណើរ​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ រដ្ឋាភិបាល​ចិន​ បាន​ប្រកាស​បន្ថែម​ទឹកប្រាក់​ ប្រមាណ​១២៤​ពាន់​លាន​ដុល្លារ​ទៀត​ ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​បណ្ដា​ប្រទេស​ដែល​ចូលរួម​ជាមួយ​ចិន។​

លោក​ ឈាង​ វណ្ណារិទ្ធិ​ ​អ្នក​ស្រាវជ្រាវ​នៅ​ឯ​វិទ្យាស្ថាន​ស្រាវជ្រាវ ​ISEAS YUSOF ISHAK​ ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ ​និង​ធ្វើការ​សិក្សាស្រាវជ្រាវ​អំពី​ទំនោរ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ប្រាប់​ VOA ក្នុង​ម៉ោង​សម្រាក​នៃ​កម្មវិធី​ស្ដីពី​សហប្រតិបត្តិការ​រវាង​ចិន​និង​កម្ពុជាថា​ មាន​ប្រទេស​ជាង​ ៦០​ ​និង​អង្គការ​អន្តរជាតិ​ជាច្រើនបាន​គាំទ្រ​ដល់​គម្រោង​ខ្សែក្រវាត់​មួយ​ និង​ផ្លូវ​មួយ​របស់​ចិន​ ​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។ តែ​លោក​បារម្ភ​ពី​សមត្ថភាព​របស់​កម្ពុជា​ក្នុង​ការ​ទាញ​ប្រយោជន៍​ពី​គម្រោង​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​នេះ។

«អញ្ចឹង​ប្រទេស​ទាំង​អស់​គឺ​គាំទ្រ​ទេ​ អត់​មាន​បញ្ហា​ ហើយ​កម្ពុជា​ យើង​ក៏​គាំទ្រ​ដែរ​ ក៏ប៉ុន្តែ​សមត្ថភាព​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​សំណើ​គម្រោង​ផ្សេងៗ​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ហ្នឹង​ យើង​នៅ​ខ្វះ​សមត្ថភាព​ដែរ​ ពីព្រោះ​ប្រទេស​ផ្សេងៗ ដូច​នៅ​ ម៉ាឡេស៊ី​ គឺ​គេ​ពូកែ​ ធ្វើ​សំណើ​ ពូកែ​អី​ គេ​បាន​លុយ​មក​ច្រើន​ ចូល​ក្នុង​ការ​អភិវឌ្ឍ។ អា​ហ្នឹង​វា​ពឹង​ផ្អែក​ទៅលើ​សមត្ថភាព​របស់​រដ្ឋ​មួយៗ​ហ្នឹង»។​

លោក​ លោក​ ឈាង​ វណ្ណារិទ្ធិ​ ​អ្នក​ស្រាវជ្រាវ​នៅ​ឯវិទ្យាស្ថាន​ស្រាវជ្រាវ ​ISEAS YUSOF ISHAK កាល​ពីថ្ងៃ​ទី​ ២២​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៧​ និយាយអំពីសក្តានុពល​របស់​គម្រោង​គំនិតផ្តួច​ផ្តើម​ខ្សែ​ និង​ផ្លូវ​របស់​ចិន​។
លោក​ លោក​ ឈាង​ វណ្ណារិទ្ធិ​ ​ អ្នក​ស្រាវជ្រាវ​នៅ​ឯវិទ្យាស្ថាន​ស្រាវជ្រាវ ​ISEAS YUSOF ISHAK កាល​ពីថ្ងៃ​ទី​ ២២​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៧​ និយាយអំពីសក្តានុពល​របស់​គម្រោង​គំនិតផ្តួច​ផ្តើម​ខ្សែ​ និង​ផ្លូវ​របស់​ចិន​។
 
ទាក់​ទិន​ទស្សនៈ​របស់​សាធារណជន​ដែល​យល់ឃើញ​ថា​ កម្ពុជា​ អាច​នឹង​ផ្អៀង​ទៅ​រក​ចិន​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ក៏​កើន​ឡើង​នៅ​ពេល​កម្ពុជា​ទាញ​បាន​ថវិកា​ពី​គម្រោង​សេដ្ឋកិច្ច​ថ្មី​របស់​ចិន​នេះ​ លោក ឈាង វណ្ណារិទ្ធិ​ ថ្លែង​ថា​ កម្ពុជា​ត្រូវ​ដឹង​ខ្លួនឯង​ថា​ គួរ​មាន​វិធានការ​បែប​ណា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ ព្រោះ​ចិន​ក្រោម​ដាក់​នាំ​របស់​ប្រធានាធិបតី ស៊ី ជិនពីង បាន​បើក​យុទ្ធការ​ប្រឆាំង​អំពើ​ពុករលួយ​លើ​មន្ត្រី​ចិន​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​ប្រកបដោយ​ប្រសិទ្ធភាព។​លោក​បន្ថែម​ថា ចិន​ក៏​កំពុង​តែ​ធ្វើ​ឲ្យ​មាន​តម្លាភាព​ក្នុង​នយោបាយ​ការបរទេស​របស់​ខ្លួន​ផង​ដែរ៕​

1 comment:

  1. Anonymous4:27 PM

    Uneducated CPP folks and Hun Sen (a wild human made in Vietnam) are trying to follow the direction of China while the Vietnamese secret agents hiding in Cambodia will plays the second roles of new Killing Fields (from 1975 to 1979) by killing innocent Khmer people again to reduce Cambodian population again. The China and CPP will be blamed again as the scapegoats that they (CPP and Chinese) are the ones to be responsible. Yuon/Vietnamese secret agents from Hanoi and Ho Chi Minh are hiding in Cambodia (all 25 provinces of Cambodia) and are waiting the opportunity to secretly create the second Killing Fields in the blind eyes of the International Community using Hun Sen as their Vietnamese puppet (a second Pol Pot). Khmer people inside and outside should prepare, must not be gullible and blind, don't be fooled when it comes to Chinese direction. The evil Yuon/Vietnamese folks and agents (who think Hun Sen is a their friend as the Vietnamese puppet) and will do it again in the dirty and deadly plans to kill Cambodian people and the foreigners or tourists as well. So, watch out and don't be fooled. Again, there are the secret and hidden Vietnamese folks as the Hun Sen's agents and friends every corner of Cambodia. Khmer people must be cautious and wake up. Don't be gullible.

    ReplyDelete