អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង) និងប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថតឆ្នាំ២០១៥។ RFA |
លោក ហ៊ុន សែន ហៅលោក សម រង្ស៊ី ថា ជាអ្នក ក្លាហាន បើ ហ៊ានចូល ស្រុកវិញ
RFA / វិទ្យុ អាស៊ី សេរី | ១៥ មិថុនា ២០១៧
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ ដោយហៅ លោក សម រង្ស៊ី ថា ជាអ្នក ក្លាហាន, អញ្ជើញ ចូលស្រុក។
លោក ហ៊ុន សែន ថ្លែងក្នុង ពិធី ចែកសញ្ញាប័ត្រ ដល់និស្សិត សកលវិទ្យាល័យ បញ្ញាសាស្រ្ត នៅព្រឹក ថ្ងៃទី១៥ ខែមិថុនា ថា, បើ សិនជាលោក សម រង្ស៊ី ចង់វិល ចូលស្រុកវិញ ដូចលោក ប្រកាសនោះ លោក ចាត់ទុក លោក សម រង្ស៊ី ថា ជាអ្នក ក្លាហាន។
លោក ហ៊ុន សែន បញ្ជាក់ ថា, លោក បានស្ដាប់ វិទ្យុ អាស៊ី សេរី បានឮ លោក សម រង្ស៊ី ប្រកាសថា បើសិនជា រដ្ឋាភិបាល លុបចោល បម្រាម លេខ ១៥១ ដែលមិន អនុញ្ញាត ឲ្យក្រុមហ៊ុន អាកាសចរណ៍ ណាមួយ ដឹកលោក វិលចូលស្រុក នោះ ចេញវិញ លោក នឹងវិល ត្រឡប់ មកកម្ពុជា។ លោក ហ៊ុន សែន អះអាង ថា, នៅពេល លោក ឮដូច្នេះ លោក ក៏ទូរស័ព្ទ ឲ្យលោក ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រី ស្ដីទី នៃទីស្ដីការ គណៈរដ្ឋមន្ត្រី លុបចោល បម្រាមនោះ ចេញ ភ្លាមៗ នៅថ្ងៃ ទី១៤ ខែមិថុនា។ លោក ហ៊ុន សែន បន្ថែម ថា, បើសិនជា លោក សម រង្ស៊ី ប្រគល់ខ្លួន ឲ្យដោយស្រួល គ្មាន បញ្ហាអ្វី កើតឡើង ទេ។
លោក ហ៊ុន សែន សង្កត់ធ្ងន់ថា បម្រាមលេខ ១៥១ ដែលលោកបញ្ជាឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍រារាំងមិនឲ្យយន្តហោះណាមួយដឹកលោក សម រង្ស៊ី នោះ គឺគ្រាន់តែចង់ការពារលោក សម រង្ស៊ី ទៅវិញទេ។ ឥឡូវនេះ លោក ហ៊ុន សែន កោះហៅឲ្យលោក សម រង្ស៊ី ចូលស្រុកវិញ ព្រោះទ្វារចំហហើយ លោក សម រង្ស៊ី អាចវិលមកតាមផ្លូវទឹកក៏បាន ផ្លូវគោកក៏បាន និងផ្លូវអាកាសក៏បាន។ ប៉ុន្តែលោក ហ៊ុន សែន បញ្ជាក់ថា អ្វីដែលជាឧបសគ្គរបស់លោក សម រង្ស៊ី នៅពេលនេះគឺ «គុក»។
No comments:
Post a Comment