លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបកណ្ដាល) ថ្លែងក្នុងវេទិការំឭកខួបអនុស្សាវរីយ៍ពីទីតាំងដែលលោក និងបក្ខពួក ចាកចេញទៅប្រទេសវៀតណាម កាលពីឆ្នាំ១៩៧៧ នាឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ រូបថតថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧។ |
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន ជនណា ដែលចង់ កម្ទេច ត្រកូល ហ៊ុន
RFA / វិទ្យុ អាស៊ី សេរី | ២១ មិថុនា ២០១៧
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង ថា សង្គ្រាម នឹងអាច កើតឡើង ដោយសារ តែ អណ្ដាត ឬការសរសេរ ដរាបណា ការប្រើប្រាស់ អណ្ដាត និងការសរសេរនោះ នៅតែ ប្រមាថ មើលងាយ អ្នកដទៃ បើ ទោះបី ជាភាគី នោះ គ្មាន អាវុធ ក៏ដោយ។ លោក ថែម ទាំងប្រាប់ កងទ័ព ឲ្យត្រៀម បម្រុង ជានិច្ច ដើម្បី បង្ក្រាប រាល់ចលនា ផ្ដួលរំលំ ឬសកម្មភាព ដែលបំផ្លាញស ន្តិភាព ប្រទេសជាតិ។
ការថ្លែងដូចនេះ នៅក្នុងវេទិការំឭកខួបអនុស្សាវរីយ៍ពីទីតាំងដែលលោកនាយករដ្ឋមន្ត្រី និងបក្ខពួករបស់លោក បានចាកចេញទៅប្រទេសវៀតណាម កាលពីឆ្នាំ១៩៧៧ ដើម្បីឈានទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅព្រឹកថ្ងៃទី២១ មិថុនា ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកពីអនុស្សាវរីយ៍ដ៏ជូរចត់របស់ខ្លួន និងកម្មាភិបាលដ៏ស្មោះត្រង់ ៤នាក់ផ្សេងទៀត ចំពោះដំណើរឆ្ពោះទៅផ្ដួលរំលំរបបប្រសាសន៍ពូជសាសន៍ ប៉ុល ពត ដែលមានស្លាកស្នាម និងប្រភពចេញពីឃុំទន្លូង ស្រុកមេមត់។
ពេលខ្លះ លោកមានប្រសាសន៍ទាំងអួលដើមកនៅពេលរំឭកពីប្រវត្តិតស៊ូទាំងនោះ ក្នុងកិច្ចការរំដោះប្រទេសជាតិ ហើយពេលខ្លះ លោកអស់សំណើច នៅពេលបានជជែកលេងជាមួយអ្នកភូមិកោះថ្ម ដែលបានផ្តល់សេចក្តីស្រឡាញ់ ការរាប់អានជាមួយលោក និងក្រុមគ្រួសារ។ ប៉ុន្តែពេលខ្លះទៀត លោកនាយករដ្ឋមន្ត្រីនិយាយដោយទឹកមុខមាំ ហាក់មានកំហឹងខ្លាំងចំពោះក្រុមណាមួយដែលប៉ុនប៉ងចង់កម្ទេចត្រកូល ហ៊ុន និងដែលលោកអះអាងថា ចង់បំផ្លាញសន្តិភាព។
លោក ហ៊ុន សែន បញ្ជាក់ថា ត្រកូល ហ៊ុន មិនមែនជាត្រកូលសម្រាប់ជនណាវ៉ៃលេងទេ ហើយជននោះត្រូវរង់ចាំទទួលនូវអ្វីដែលត្រូវទទួល ប្រសិនបើពួកគេនៅតែព្រហើនទៀត៖ «ត្រកូល ហ៊ុន មិនមែនសម្រាប់អ្នកឯងវ៉ៃលេងទេ។ ឥឡូវត្រកូល ហ៊ុន កូនប្រុសទាំងបីចេញមកដើម្បីឲ្យប្រជាពលរដ្ឋបានឃើញ។»
ក្រោយពេលថ្លែងចប់ លោកនាយរដ្ឋមន្ត្រី និងមន្ត្រីរាជរដ្ឋាភិបាល ព្រមទាំងគណៈប្រតិភូផ្សេងទៀត បានធ្វើដំណើរទៅចំណុចស្លាកស្នាមអនុស្សាវរីយ៍មួយចំនួនទៀតនៅក្បែរព្រំដែនកម្ពុជា-វៀតណាម ដែលលោក ហ៊ុន សែន ថាជាទីកន្លែងដ៏ជូរចត់ ខណៈពេលដែលលោក និងបក្ខពួក ៤នាក់ទៀត បានធ្វើដំណើរចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃទី២០ និងថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ ក្នុងដំណើរមួយដែលលោកអះអាងថា ឆ្ពោះទៅផ្ដួលរំលំរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
ទោះបីជាលោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ត្រកូល ហ៊ុន មិនបានយកប្រទេសកម្ពុជា ជាប្រទេសផ្តាច់មុខក៏ដោយ ប៉ុន្តែរបាយការណ៍មួយរបស់អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness) ដែលចេញផ្សាយកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ មុនថ្ងៃឃាតកបាញ់ប្រហារលើអ្នកវិភាគសង្គម លោកបណ្ឌិត កែម ឡី បីថ្ងៃ បានលាតត្រដាងថា អធិរាជត្រកូល «ហ៊ុន» កំពុងក្ដោបក្ដាប់សេដ្ឋកិច្ចធំៗរបស់កម្ពុជា តាមរយៈក្រុមហ៊ុន និងភាគហ៊ុនដោយសម្ងាត់ជាច្រើន ដែលមានទំហំទឹកប្រាក់រាប់រយលានដុល្លារសហរដ្ឋអាមេរិក។
អ្នកជំនាញខាងអភិបាលកិច្ច និងវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត ចាន់ វិបុល មិនអាចបរិយាយជុំវិញការលើកឡើងរបស់ប្រមុខដឹកនាំបានទេ ព្រោះលោកនាយករដ្ឋមន្ត្រីអាចមានហេតុផលរបស់គាត់។ យ៉ាងនេះក្តី លោក ចាន់ វិបុល មើលឃើញថា ប្រទេសកម្ពុជា បានជ្រើសរើសរបបនយោបាយបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយអ្នកមានឱកាសអាចដឹកនាំសង្គមជាតិបន្តបាន គឺអាស្រ័យលើលទ្ធផលនៃការបោះឆ្នោត។
លោកបន្តថា លទ្ធផលនៃការបោះឆ្នោតដែលជំរុញឲ្យមានសេចក្តីសុខជូនដល់ប្រទេសជាតិ ពោលគឺមិនមានការបៀតបៀនដល់គ្រួសារណាមួយ ឬបុគ្គលណាមួយ គឺមានកត្តាបីសំខាន់ ដូចជាក្រមសីលធម៌របស់គណបក្សនយោបាយ ឬអ្នកនយោបាយ។ ទីពីរ គឺឯករាជភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទី៣ ការយល់ដឹងជុំវិញសេចក្តីសម្រេចរបស់ប្រជាពលរដ្ឋ៖ «ជាក់ស្តែង គឺយើងចង់ឃើញការដឹកនាំមួយដែលយល់ដឹងពីប្រជាធិបតេយ្យ ការដឹកនាំមួយដែលឲ្យតម្លៃការបោះឆ្នោត ការដឹកនាំមួយដែលមិនប្រព្រឹត្តអំពើហិង្សាគ្រប់ភាគីទាំងអស់។»
អ្នកជំនាញដដែលមើលមិនឃើញអំពីសញ្ញាណាមួយដែលនាំឲ្យក្រុមមួយកម្ទេចក្រុមមួយ ហើយក៏គ្មានហេតុផលណាដែលនាំឲ្យកើតសង្គ្រាមដែរ ត្បិតកម្ពុជា ធ្លាប់បានឆ្លងកាត់សង្គ្រាម និងបានបញ្ចប់រួចទៅហើយ៕
No comments:
Post a Comment