Paris Peace Accords 23 Oct. 1991

Thursday, June 1, 2017

ក្រសួង​ មហាផ្ទៃ​ ព្រមាន ​សង្គម​ស៊ីវិល​ កុំ​ ឲ្យ​លម្អៀង ​ទៅ​គណបក្ស​ នយោបាយ | Interior Ministry warns NGOs not to lean toward a political party

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។
លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។

ក្រសួង​ មហាផ្ទៃ​ ព្រមាន ​សង្គម​ស៊ីវិល​ កុំ​ ឲ្យ​លម្អៀង ​ទៅ​គណបក្ស​ នយោបាយ

RFA / វិទ្យុ អាស៊ី សេរី |១​ មិថុនា​ ២០១៧



នៅ​ពេល​ ការ​បោះឆ្នោត ​ជ្រើសរើស​ ក្រុម​ប្រឹក្សា​ ឃុំ-សង្កាត់ ​កាន់​តែ​ ជិត​មក​ដល់, អ្នក​នាំ​ពាក្យ​ ក្រសួង​មហាផ្ទៃ អះអាង​ ថា, សង្គម​ស៊ីវិល​ មួយ​ចំនួន​ ដែល​ធ្វើ​ ការងារ​ ទាក់ទង ​នឹង​ការ​ បោះឆ្នោត កំពុង​ លម្អៀង​ ទៅ​គណបក្ស​ នយោបាយ ​ប្រឆាំង និង​រំលោភ ​គោលការណ៍​ អព្យាក្រឹត ​របស់​ សង្គម​ស៊ីវិល, ហើយ​ ក្រសួង​ មហាផ្ទៃ កំពុង​ ពិនិត្យ​ តាមដាន ​សកម្មភាព ​ដែល​អាច​ ជា​បទល្មើស ដើម្បី​ ចាត់​វិធានការ​ ផ្លូវ​ច្បាប់។  សង្គម​ស៊ីវិល​ ឆ្លើយតប​ ថា, ពួក​គេ​ មិន​បាន​ គាំទ្រ​ គណបក្ស​ នយោបាយ​ ណា​នោះ​ទេ ក៏ប៉ុន្តែ​ ពួក​គេ​ លើក​កម្ពស់​ សិទ្ធិ​ របស់​ ពលរដ្ឋ។


លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា មាន​ក្រុម​ការងារ​របស់​ក្រសួង កំពុង​តាមដាន​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​លោក​ថា​មិន​គោរព​តាម​លក្ខន្តិកៈ។ លោក​មិន​បាន​រៀបរាប់​ពី​ឈ្មោះ​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​ទេ ដោយ​លោក​ថា ពួក​គេ​ដឹង​ថា ពួក​គេ​ជា​នរណា​ហើយ។

ទោះ​យ៉ាង​ណា លោក​លើក​ឡើង​ពី​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត ដែល​ជា​បណ្ដាញ​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ដំណើរការ​បោះឆ្នោត ប្រតិកម្ម​តប​ទៅ​នឹង​សម្ដី​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ដែល​ពេល​ថ្មីៗ​នេះ ព្រមាន​វាយ​ឲ្យ​បែក​ធ្មេញ ដោយ​ពលរដ្ឋ​ណា​ដែល​តវ៉ា​លទ្ធផល​បោះឆ្នោត បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត។

លោក​ក៏​សំដៅ​លើ​ការ​ធ្វើ​ស្តង់ដារ ឬ​ការ​បញ្ចេញ​យោបល់​ពេល​បោះឆ្នោត​របស់​សង្គម​ស៊ីវិល។ លោក​រំឭក​ដល់​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ពេល​អង្គការ​សង្គម​ស៊ីវិល​បាន​វាយ​តម្លៃ​ថា ទឹក​ខ្មៅ​ជ្រលក់​ដៃ​អាច​លុប​ជ្រះ ដែល​នាំ​ឲ្យ​មាន​ការ​តវ៉ា​លទ្ធផល​បោះឆ្នោត៖ «សកម្មភាព​ចឹងៗ យើង​គ្រាន់​តែ​ព្រមាន​ម៉ង! ព្រមាន​គាត់​កុំ​ឲ្យ​ធ្វើ​យ៉ាង​ណា​ខុស​ទៅ​នឹង​ទៅ​តួនាទី​របស់​គាត់។ នៅ​មាន​អង្គការ​មួយ​ចំនួន​ទៀត ប្រើប្រាស់​នូវ​រូបភាព និង​ខ្លឹមសារ​ដែល​ស្ដែង​ឲ្យ​ឃើញ​ថា គាត់​មិន​អព្យាក្រឹត»

លោក ខៀវ សុភ័គ ក្រើក​រំឭក​ដល់​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​រក្សា​អព្យាក្រឹត មិន​ត្រូវ​លម្អៀង​ទៅ​គណបក្ស​នយោបាយ​ណា​មួយ​ទេ៖ «សូម​ឲ្យ​អង្គការ​ទាំងអស់​ប្រកាន់​ខ្ជាប់​នូវ​តួនាទី​របស់​ខ្លួន​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល ជា​ដៃគូ​អភិវឌ្ឍន៍​របស់​រាជ​រដ្ឋាភិបាល និង​សង្គម​ជាតិ ទាំង​គ្រប់​ផ្នែក គ្រប់​ស្ថាប័ន​អភិវឌ្ឍន៍ ផ្នែក​ប្រជាធិបតេយ្យ ផ្នែក​សិទ្ធិ​មនុស្ស​ត្រឹម​ណា មិន​មែន​ជា​អង្គការ​ប្រកាន់​គោល​នយោបាយ​ប្រឆាំង ឬ​ក៏​កាន់​បក្ស​នយោបាយ​ណា​មួយ»

អ្នក​នាំ​ពាក្យ​រូប​នេះ​សង្កត់​ធ្ងន់​ថា បើ​មិន​ដូច្នេះ​ទេ ក្រសួង​មហាផ្ទៃ នឹង​ស៊ើប​អង្កេត​សកម្មភាព​ល្មើស​នោះ ហើយ​ចាត់​វិធានការ​ផ្លូវ​ច្បាប់៖ «សូម​ឲ្យ​សកម្មភាព​ទាំងអស់​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ស្រប​តាម​ច្បាប់។ ក្នុង​ករណី​ចាំបាច់ សកម្មភាព​ទាំងឡាយ​ណា​ខុស​ច្បាប់ អាច​ជា​ធាតុ​ផ្សំ​នៃ​ការ​ប្រព្រឹត្ត​បទល្មើស»

ប្រសិន​បើ​ក្រសួង​រក​ឃើញ​ថា អង្គការ​សង្គម​ស៊ីវិល​ពិត​ជា​បាន​ប្រព្រឹត្ត​បទល្មើស​មែន ក្រសួង​នឹង​អនុវត្ត​ច្បាប់​ស្ដីពី​អង្គការ​សង្គម​ស៊ីវិល ក្រម​ព្រហ្មទណ្ឌ​ទាក់ទង​នឹង​បទ​បរិហារ​កេរ្តិ៍ ដែល​អាច​ឈាន​ដល់​ការ​បិទ​ស្ថាប័ន​សង្គម​ស៊ីវិល​នោះ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក ខៀវ សុភ័គ។

ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​អ្នក​វិភាគ​រិះគន់​ថា មាន​គោល​បំណង​រឹតត្បិត​អង្គការ​សង្គម​ស៊ីវិល​ត្រង់​មាត្រា​២៤ ចែង​ថា អង្គការ​សង្គម​ស៊ីវិល​ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ចំពោះ​គ្រប់​គណបក្ស​នយោបាយ ហើយ​មាត្រា​៣០ ចែង​ថា ក្រសួង​មហាផ្ទៃ ត្រូវ​លុប​ចោល​អង្គការ​សមាគម​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ។

លោក ទឹម ម៉ាឡៃ ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា ដែល​ជា​អង្គការ​មួយ​ជា​សមាជិក​បន្ទប់​ស្ថានការណ៍​បោះឆ្នោត ឲ្យ​ដឹង​ថា ក្រុម​ការងារ​នេះ​មិន​បាន​ចូលរួម​គាំទ្រ​គណបក្ស​ប្រឆាំង​នោះ​ទេ ហើយ​អ្វី​ដែល​ពួក​លោក​កំពុង​ធ្វើ គឺ​ដើម្បី​ប្រជាពលរដ្ឋ៖ «សម្រាប់​ការ​ថ្លែងការណ៍​អី​ជាដើម​កន្លង​មក​ហ្នឹង ក៏​ជា​ចំណែក​មួយ​លើក​កម្ពស់​ឲ្យ​មន្ត្រី​ដែល​មាន​តួនាទី​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ ឲ្យ​កាន់​តែ​ធានា​អំពី​ឯករាជ​ភាព»

លោក សំ ច័ន្ទគា អ្នក​នាំ​ពាក្យ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ដែល​ជា​សមាជិក​របស់​បន្ទប់​ស្ថានការណ៍​បោះឆ្នោត​ឆ្នាំ​២០១៧ ដែរ មិន​ភ្ញាក់​ផ្អើល​ការ​ព្រមាន​របស់​ក្រសួង​មហាផ្ទៃ នៅ​ពេល​នេះ​ទេ ខណៈ​ការ​បោះឆ្នោត​នឹង​មក​ដល់​ក្នុង​រយៈពេល ៤​ថ្ងៃ​ទៀត៖ «ខ្ញុំ​មិន​ចាប់​អារម្មណ៍​រឿង​នេះ​ទេ។ ក្រសួង​តែង​មាន​ការ​ក្រើក​រំឭក​ជា​ញយៗ​ហើយ​ដល់​អង្គការ ឬ​សមាគម​ណា​ដែល​ហ៊ាន​រិះគន់ ឬ​មួយ​ហ៊ាន​បញ្ចេញ​មតិ។ ទៅ​ជា​រឿង​ធម្មតា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ហើយ»

លោក​អះអាង​ថា អង្គការ​របស់​លោក​មិន​លម្អៀង​ទៅ​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ៖ «តាំង​ពី​អាដហុក​បង្កើត ២៦​ឆ្នាំ​ហើយ អាដហុក មិន​ដែល​លម្អៀង​ទៅ​រក​គណបក្ស​នយោបាយ​ណា​ទេ មិន​ដែល​ទៅ​បម្រើ​ផល​ប្រយោជន៍​ឲ្យ​គណបក្ស​នយោបាយ​ណា​ផង​ដែរ ហើយ​យើង​គ្រាន់​តែ​ធ្វើ​ការងារ​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​នយោបាយ រំលោភ​សិទ្ធិ​មនុស្ស​តែ​ប៉ុណ្ណោះ។ យើង​អត់​មាន​ទៅ​ជួយ​ជ្រោមជ្រែង​ដល់​គណបក្ស​ផ្សេងៗ​ទេ»

លោក សំ ច័ន្ទគា បន្ថែម​ថា ការ​ក្រើក​រំឭក​របស់​ក្រសួង​មហាផ្ទៃ ជា​ការ​ល្អ ក៏ប៉ុន្តែ​លោក​ស្នើ​ដល់​ក្រសួង អនុវត្ត​ការ​ត្រួត​ពិនិត្យ​នេះ​ដោយ​ស្មើ​ភាព ដោយ​លោក​ថា​មាន​សមាគម ឬ​អង្គការ​មួយ​ចំនួន​កំពុង​ចេញ​មុខ​ជា​ចំហ​គាំទ្រ​គណបក្ស​នយោបាយ៕

No comments:

Post a Comment