អ្នកភូមិចុងកោះ នៃសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ផ្ដល់បទសម្ភាសន៍អំពីផលប៉ះពាល់នៃគម្រោងអភិវឌ្ឍន៍ច្រាំងទន្លេ។
អាជ្ញាធរ ខេត្ត កំពង់ឆ្នាំង ពន្លឿន ការផ្លាស់ទី ពលរដ្ឋ ជាង២០០ គ្រួសារ ដើម្បី អភិវឌ្ឍ ច្រាំងទន្លេ
RFA / វិទ្យុ អាស៊ី សេរី | ៨ មិថុនា ២០១៧
អាជ្ញាធរ ខេត្ត កំពង់ឆ្នាំង កំពុងជំរុញ ឲ្យម្ចាស់ផ្ទះ ដែលមានផ្ទះ លយចូល ទៅក្នុងទន្លេ ផ្សារក្រោម ជាង ២០០ខ្នង រុះរើ ទៅរស់នៅ កន្លែងថ្មី ដើម្បី យកដី ចំណី មាត់ទន្លេ ទៅអភិវឌ្ឍ ផ្លូវ និងសួនច្បារ។ ចំណែក ពលរដ្ឋ នៅអល់អែក ក្នុងការ ចាកចេញ ដោយពួកគេ អះអាង ថា សំណើ សុំសំណង រុះរើផ្ទះ ដែលពលរដ្ឋស្នើ ទៅអាជ្ញាធរខេត្ត ជាច្រើន លើកច្រើនសា ហើយនោះ មិន ទាន់មាន ចម្លើយ វិជ្ជមាន ណាមួយ នៅឡើយ។
អនុប្រធាន ភូមិចុងកោះ សង្កាត់ ផ្សារឆ្នាំង ឲ្យដឹង នៅថ្ងៃ ទី៩ ខែមិថុនា ថា, ក្នុងចំណោម ម្ចាស់ផ្ទះ ២១០ខ្នង មានតែ ៣០ខ្នង ប៉ុណ្ណោះ បានរុះរើផ្ទះ ចេញទៅ កន្លែងថ្មី។ ចំណែក ម្ចាស់ផ្ទះ ជាង ១០០ ខ្នងទៀត នៅស្ទាក់ស្ទើរ ដោយចង់បាន សំណង រុះរើផ្ទះ បន្ថែម លើសំណង ផ្ដល់ដីឡូត៍ ទំហំ ៥ គុណ នឹង ២០ម៉ែត្រ នៅលើ ទីតាំងថ្មី។ ពលរដ្ឋ មិនជំទាស់ ការអភិវឌ្ឍ អាជ្ញាធរឡើយ , ប៉ុន្តែ សូម ឲ្យដោះស្រាយ សមរម្យ ជាមុន។
អនុប្រធានភូមិចុងកោះ លោក យ៉ើ អ៊ីត បន្ថែមថា អ្នកភូមិខ្វល់ចិត្តរឿងពេលវេលារកស៊ី ការដឹកជញ្ជូនសម្ភារៈក្នុងផ្ទះ និងបញ្ហាឈើបាក់បែកពេលរុះរើផ្ទះទៅកន្លែងថ្មីទើបពលរដ្ឋសុំសំណងរុះរើ៖ «មិនមានការចម្រូងចម្រាសអីទេ គាត់គ្រាន់តែចាំមើល! គាត់ស្នើសុំនោះវាច្រើនដងហើយ វាអត់បាន។ ឥឡូវចាំមើលដល់ពេលរុះរើហ្នឹង គាត់នៅធ្វើការទាមទារ និងស្នើសុំម្ដងទៀត។ គាត់បារម្ភខ្លាចអត់បាន តែគាត់មិនដឹងធ្វើម៉េចដល់ពេលហ្នឹង ព្រោះគាត់អស់លទ្ធភាព។»
គម្រោងអភិវឌ្ឍន៍សួនច្បារ និងច្រាំងទន្លេផ្សារក្រោមមានរយៈពេល ៥ឆ្នាំ គឺគិតពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ របស់អាជ្ញាធរខេត្តកំពង់ឆ្នាំង បានប៉ះពាល់ដល់ផ្ទះសម្បែង និងតូបលក់ដូរតាមមាត់ទន្លេជាច្រើន។ អាជ្ញាធរខេត្តបានសហការជាមួយក្រុមហ៊ុនវិនិយោគឯកជន ផ្ដល់ដីឡូត៍ ១ប្លង់ក្នុង ១គ្រួសារតែតម្រូវឲ្យបង់ថ្លៃចាក់ដី និងរៀបចំហេដ្ឋារចនាសម្ព័ន្ធចំនួន ១ពាន់ដុល្លារ ហើយអាចបង់រំលោះរយៈពេល ២ឆ្នាំ។
អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារអភិវឌ្ឍន៍ច្រាំងទន្លេនេះ លោក ស៊ុន សុវណ្ណារិទ្ធិ បញ្ជាក់ថា អាជ្ញាធរពុំមានលទ្ធភាពផ្ដល់សំណងរុះរើផ្ទះជូនពលរដ្ឋទៀតនោះទេ ព្រោះអាជ្ញាធរបានផ្ដល់ដីមួយប្លង់ក្នុងមួយខ្នងផ្ទះ ហើយអាជ្ញាធរត្រៀមកម្លាំងជួយដឹកជញ្ជូនគ្រឿងផ្ទះពលរដ្ឋទៀតផង។លោកនឹងជំរុញឲ្យពលរដ្ឋរុះរើចេញពីមាត់ទន្លេឲ្យអស់យ៉ាងយូរនៅដំណាច់ឆ្នាំ២០១៧ នេះ៖ «មកដល់ម៉ោងនេះភាគច្រើនហ្នឹង ៨០% ជាង គឺគាត់បានយកទៅតាមគោលការណ៍ដែលគាត់ព្រមព្រៀងយកដីធ្លីហ្នឹងហើយ។ សំណើដែលគាត់ដាក់មកឲ្យពួកខ្ញុំហ្នឹង ក៏ខ្ញុំបានពិនិត្យមើលហើយៗ អាហ្នឹងក្រុមការងារនឹងដោះ (ដោះស្រាយ) ដោយឡែក ប៉ុន្តែឥឡូវកំពុងដោះជូនបងប្អូនភាគច្រើននេះសិន។»
អាជ្ញាធរ និងពលរដ្ឋអះអាងថា បច្ចុប្បន្ននៅសល់ពលរដ្ឋប្រមាណ ៦គ្រួសារទៀត បដិសេធមិនទទួលយកលុយ ឬដោះដូរយកដីឡូត៍ ដើម្បីចាកចេញ ខណៈពលរដ្ឋប្រមាណ ១១គ្រួសារផ្សេងទៀត យល់ព្រមទទួលយកដីឡូត៍ ប៉ុន្តែពុំមានលទ្ធភាពរុះរើផ្ទះចេញពីលើដីចំណីមាត់ទន្លេនោះ។ គម្រោងធ្វើសួនច្បារ និងផ្លូវក្រាលកៅស៊ូនៅប្របមាត់ទន្លេ នឹងធ្វើហើយនៅឆ្នាំ២០១៨ បើពលរដ្ឋរុះរើផ្ទះចេញអស់តាមគម្រោងនៅដំណាច់ឆ្នាំ២០១៧៕
No comments:
Post a Comment