ឯកសារបែកធ្លាយអំពីការបង្កើតក្រុមការងារបណ្ដាញព័ត៌មាន Cyber War Room (CWR) ដែលអាស៊ីសេរី ទទួលបាន។ Screenshot
សារ បែកធ្លាយ សាយភាយ ដល់មន្ត្រី គណបក្ស ប្រជាជន កម្ពុជា
RFA / វិទ្យុ អាស៊ី សេរី |២ មិថុនា ២០១៧
សារបែកធ្លាយដែលទម្លាយការសម្ងាត់របស់មន្ត្រីគណបក្សប្រឆាំង បានកក្រើកពេញប្រព័ន្ធសង្គមហ្វេសប៊ុក (Facebook)។ ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ច ហាក់គ្មានចំណាត់ការអ្វីដើម្បីការពារសិទ្ធិឯកជន និងសេចក្ដីថ្លៃថ្នូររបស់មនុស្សនោះទេ។ ឥឡូវនេះ សារបែកធ្លាយនេះបានរាលដាលដល់មន្ត្រីខាងគណបក្សកាន់អំណាចវិញម្ដង។
រយៈពេលប៉ុន្មានខែចុងក្រោយនេះ ពោលគឺនៅមុនរដូវកាលបោះឆ្នោតឃុំ-សង្កាត់ ជិតចូលមកដល់ សារបែកធ្លាយដែលទម្លាយពីការសន្ទនាគ្នាជាលក្ខណៈឯកជន ត្រូវបានបញ្ចេញតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេសតាមគណនីហ្វេសប៊ុក ឈ្មោះ “សីហា” ដែលល្បីខាងបញ្ចេញព័ត៌មាន ទន្ទ្រានសិទ្ធិឯកជនរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ។
ម្ចាស់គណនីឈ្មោះ "សីហា" នេះ សូម្បីតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏កោតសរសើរមិនដាច់ពីមាត់ ថា, ពូកែខាងលួចស្ដាប់សារសន្ទនាជាឯកជនបែបនេះ៖ «អាផេក សីហា ហ្នឹង វាធ្លាយ! ឥឡូវខ្ញុំអត់ផ្សាយអា ផេក សីហា ទេ ព្រោះខ្ញុំអត់ស្គាល់វា មិនដឹងវានៅឯណា។ មុខវាយ៉ាងម៉េចអា សីហា ហ្នឹង? អាហ្នឹងវាចាប់បានទាំងសំឡេង គ្រាន់បើអា សីហា! អ្ហែងប៉ុណ្ណឹង អ្ហែងគ្រាន់បើ! អ្ហែងចេះចាប់សំឡេងអញជាមួយនឹងឯកឧត្ដម កឹម សុខា បាន។ អានោះគ្រាន់បើវ៉ី!»
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនឯង ក៏ចង់ប្រណាំងប្រជែងនឹងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ "សីហា" នេះដែរ។ ជាញឹកញាប់លោកថែមទាំងគំរាមបញ្ចេញសារសន្ទនាជាឯកជនជាច្រើនផ្សេងទៀតដែលលោកថតទុកបាន ដើម្បីបញ្ចេញជាសាធារណៈ ដែលទំនងជាលោកចង់ប្រាប់ថា មន្ត្រីគណបក្សប្រឆាំងជាមនុស្សរបស់គាត់ ធ្វើការឲ្យគណបក្សប្រជាជនកម្ពុជា ជាដើម ពោលគឺអាចក្នុងគោលបំណងបំបែកបំបាក់ និងទម្លាក់ប្រជាប្រិយភាពរបស់គណបក្សសង្គ្រោះជាតិ។
លោក ហ៊ុន សែន៖ «ចង់សាក? អ្នកឯងនិយាយជាមួយខ្ញុំពីស្អី? នៅមានទៀត! អ្នកឯងចង់សាកទេ? បើចង់សាកខ្ញុំទម្លាយចេញទាំងអស់ ទាំងពីក្នុង WhatApps SMS តិចអ្នកឯងថា ខ្ញុំជាមនុស្សមិនបានការ។ អ្វីដែលជាស្តុក អ្នកឯងចង់ឲ្យខ្ញុំបញ្ចេញ? ខ្ញុំនឹងបញ្ចេញឲ្យអ្នកឯងមើលទាំងអស់។ បែកធ្លាយសំឡេងប៉ុន្មានថ្ងៃនោះ នោះហើយដែលជាការដែល ហ៊ុន សែន វ៉ៃមួយដៃឆ្វេង តែនៅដៃស្តាំអត់ទាន់វ៉ៃទេ សូមអ្នកឯងស្ដាប់ឲ្យបាន។»
ទោះជាហ្វេសប៊ុក សីហា បញ្ចេញសារដែលរំលោភសិទ្ធិឯកជន និងសេចក្ដីថ្លៃថ្នូររបស់មនុស្សដែលច្បាប់រដ្ឋធម្មនុញ្ញការពារយ៉ាងណាក្ដី ក៏គេមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចចាត់ការស៊ើបអង្កេតម្ចាស់ហ្វេសប៊ុក នេះ ដើម្បីមកផ្ដន្ទាទោសតាមច្បាប់នោះដែរ។ នេះអាចប្រហែលមកពីសារបែកធ្លាយទាំងនោះធ្វើឲ្យខូចប្រយោជន៍គណបក្សសង្គ្រោះជាតិ និងមិនប៉ះពាល់ដល់គណបក្សកាន់អំណាចនោះឯង។
ប៉ុន្តែឥឡូវនេះ បញ្ហាសារបែកធ្លាយនេះ បានរាលដាលដល់គណបក្សកាន់អំណាចវិញម្ដង។ ថ្មីៗនេះ អ៊ីមែលផ្ទាល់ខ្លួនរបស់មន្ត្រីគណបក្សប្រជាជន និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ត្រូវបានជនអនាមិកលួចយកទៅគ្រប់គ្រងតាំងពីថ្ងៃទី២០ ខែឧសភា មកម្ល៉េះ។
ឯកសារដែលបែកធ្លាយចេញពីអ៊ីមែលរបស់លោក គឹម សន្តិភាព បង្ហាញពីព័ត៌មានជាច្រើនពាក់ព័ន្ធទៅនឹងការបង្កើតក្រុមហ្វេសប៊ុក Cyber War Room កាលពីឆ្នាំ២០១៣ ដើម្បីវាយប្រហារគណបក្សប្រឆាំង។ ក្រុមនេះដឹកនាំដោយកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ជាច្រើនរូបទៀត។
មិនតែប៉ុណ្ណោះ ឯកសារស្ដីពីការប្រកាសទ្រព្យសម្បត្តិរបស់លោក គឹម សន្តិភាព ត្រូវបានលេចធ្លាយផងដែរ។ ការប្រកាសទ្រព្យនេះ គឺស្របតាមទម្រង់ប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ ទ្រព្យរាប់លានដុល្លារ ត្រូវបានលាតត្រដាងក្នុងឯកសារប្រកាសទ្រព្យនេះ រួមមានលំនៅឋានយ៉ាងតិច ៤កន្លែង មាសដុំ និងមាសសន្លឹកជិត ១០០តម្លឹង (៧០តម្លឹង) ប្រាក់ចំណូលពីថ្លៃផ្ទះជួល និងភាគហ៊ុនក្រុមហ៊ុនរាប់សែនដុល្លារ។ គ្រាន់តែក្បាលខ្សែក្រវាត់របស់លោក គឹម សន្តិភាព មួយ មានដាំពេជ្រតម្លៃជាង ២ម៉ឺនដុល្លារ (២២.៥០០ដុល្លារ)។
ប៉ុន្តែលោក គឹម សន្តិភាព បដិសេធរាល់ខ្លឹមសារព័ត៌មានដែលបែកធ្លាយចេញពីអ៊ីមែលរបស់គាត់៖ «រាល់ព័ត៌មានដែល Hacker ដែលអាចយករបស់ខ្ញុំ ហើយគាត់ hack បាន ដូច្នេះជំហររបស់ខ្ញុំនៅដដែល ដូចជាលើកមុន។ អ៊ីមែលរបស់ខ្ញុំគាត់ Hack បាន ដូច្នេះព័ត៌មានអ្វីៗ ក៏គាត់អាចកែបានដែរ។ នេះជាជំហររបស់ខ្ញុំ។ ខ្ញុំសូមបដិសេធព័ត៌មានទាំងអស់។»
អាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺពីអង្គភាពប្រឆាំងអំពើពុករលួយបានទេ នៅពេលនេះ ដោយសារទូរស័ព្ទលោក ឱម យ៉ិនទៀង តេចូលជាច្រើនសាតែមិនលើក។
ការបែកធ្លាយសារឯកជនដែលម្ដងនេះប៉ះពាល់ដល់មន្ត្រីច្រើនរូបក្នុងជួរគណបក្សប្រជាជនកម្ពុជា បែបនេះ កំពុងក្លាយជាខ្នាតវាស់មួយដើម្បីធ្វើតេស្តអំពីឆន្ទៈពិតប្រាកដរបស់អាជ្ញាធរកម្ពុជា ក្នុងការពង្រឹងការអនុវត្តច្បាប់ ដើម្បីលើកស្ទួយសិទ្ធិឯកជន និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស៕
No comments:
Post a Comment