Paris Peace Accords 23 Oct. 1991

Monday, June 19, 2017

លោក សម រង្ស៊ី ថា​ បក្ស​កាន់​អំណាច ​ជួល​ក្រុមហ៊ុន​ អន្តរជាតិ​ ឲ្យ​ស្ទង់​មតិ ​សំឡេង ​គាំទ្រ | Sam Rainsy says ruling party hired international firm to conduct opinion poll

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA

លោក សម រង្ស៊ី ថា​ បក្ស​កាន់​អំណាច ​ជួល​ក្រុមហ៊ុន​ អន្តរជាតិ​ ឲ្យ​ស្ទង់​មតិ ​សំឡេង ​គាំទ្រ


អតីត​ ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បង្ហោះ​ នៅ​លើ​ទំព័រ ​ហ្វេសប៊ុក (Facebook) នូវ​ទិន្នន័យ ​ស្រាវជ្រាវ​ បែក​ធ្លាយ​ មួយ​ ដែល​ជា​ការ​ធ្វើ​ ស្ទង់​មតិ​ពី​ ពលរដ្ឋ ដើម្បី​ ចង់​ដឹង​ អំពី​ កម្លាំង​គាំទ្រ​ រវាង ​គណបក្ស​ ប្រជាជន ​កម្ពុជា និង​គណបក្ស​ សង្គ្រោះ​ជាតិ។  លោក សម រង្ស៊ី អះអាង​ ថា, ការ​ស្ទង់​ មតិ​នេះ គឺ ​គណបក្ស​ ប្រជាជន​ កម្ពុជា បាន​ជួល ​ក្រុមហ៊ុន ​អន្តរជាតិ ​លំដាប់​ ពិភពលោក​មួយ ធ្វើ​ឡើង​ យ៉ាង​សម្ងាត់​ កាល​ពី​ឆ្នាំ​ ២០១៦។


ក្រុមហ៊ុន​អន្តរជាតិ​ដែល​ត្រូវ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ចោទ​ប្រកាន់​មក​លើ​គណបក្ស​កាន់​អំណាច​នៅ​ថ្ងៃ​ទី​១៨ មិថុនា ថា​បាន​ជួល​ឱ្យ​ធ្វើ​ការងារ​សម្ងាត់​នោះ គឺ​មាន​ឈ្មោះ​ថា ក្រុមហ៊ុន ហ្សាវីវ ស្ត្រេថឹជី អែន ខេមផេញស៍ (Shaviv Strategy and Campaigns) ដែល​ជា​ក្រុមហ៊ុន​ដឹកនាំ​ធ្វើ​ប្រឹក្សា​យោបល់​នយោបាយ​លំដាប់​ពិភពលោក​មួយ និង​មាន​ឯកទេស​ខាង​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ឱ្យ​ទទួល​បាន​ជ័យជម្នះ។ ជា​រឿយៗ ក្រុមហ៊ុន​នេះ​តែងតែ​រៀបចំ​ស្រាវជ្រាវ​មតិ​សាធារណៈ រៀបចំ​យុទ្ធសាស្ត្រ ច្នៃប្រឌិត ផ្សព្វផ្សាយ ទំនាក់ទំនង និង​ផ្ដល់​សេវា​គ្រប់គ្រង​ធ្វើ​យុទ្ធនាការ​សម្រាប់​គណបក្ស​នយោបាយ និង​បេក្ខជន​នយោបាយ។

នៅ​ក្នុង​ការ​បែក​ធ្លាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី នេះ​បាន​ឱ្យ​ដឹង​ថា គឺ​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ ក្រុមហ៊ុន ហ្សាវីវ ស្ត្រេថឹជី អែន ខេមផេញស៍ បាន​ចុះ​ស្រាវជ្រាវ​មតិ​សាធារណជន​នៅ​ប្រទេស​កម្ពុជា ដោយ​ចុះ​សម្ភាស​ផ្ទាល់​ជាមួយ​ប្រជាជន​ចំនួន ៥.៣៧៩​នាក់ ស្ថិត​ក្នុង​ខេត្ត​ចំនួន​៦ ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១៩ ខែ​តុលា។ ក្រុមហ៊ុន​នេះ​បាន​ស្ទង់​មតិ​របស់​ពលរដ្ឋ​ដែល​បាន​សម្រេច​ចិត្ត​បោះឆ្នោត​ឱ្យ​គណបក្ស​កាន់​អំណាច និង​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រឆាំង នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ព្រម​ទាំង​រក​ឃើញ​ភាព​ខ្លាំង និង​ភាព​ខ្សោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ទម្លាយ​ឯកសារ​សម្ងាត់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​កាល​ពី​ថ្ងៃ​ទី​៤ មិថុនា។ កាល​ពី​ថ្ងៃ​ទី​១៧ មិថុនា លោក ហ៊ុន សែន បាន​ច្រាល​ចោល​ការ​បង្ហោះ​សារ​បែក​ធ្លាយ​សម្ងាត់​នៅ​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី ម្ដង​រួច​ហើយ បន្ទាប់​ពី​អតីត​ប្រធាន​បក្ស​ប្រឆាំង​នេះ​បាន​អះអាង​ថា លោក ហ៊ុន សែន បាន​ចេញ​បញ្ជា​សម្ងាត់​ទៅ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ និង​ទ័ព​ស្រួច ត្រៀម​ចាប់​ខ្លួន​លោក​នៅ​ពេល​លោក​ចូល​ស្រុក​វិញ និង​កម្ទេច​កម្លាំង​ណា​ដែល​ហ៊ាន​រារាំង​ការ​ចាប់​ខ្លួន​លោក សម រង្ស៊ី។

ដោយឡែក​ក្នុង​ការ​រក​ឃើញ​ពី​ក្រុមហ៊ុន​អន្តរជាតិ​ថ្មី​នេះ បង្ហាញ​ថា កត្តា​នាំ​ឱ្យ​លោក ហ៊ុន សែន និង​គណបក្ស​របស់​លោក​មាន​ចំណុច​ខ្សោយ ដូចជា​មិន​អាច​ដោះស្រាយ​បញ្ហា​គ្រឿង​ញៀន អំពើ​ពុក​រលួយ បញ្ហា​បរិស្ថាន សិទ្ធិ​ដីធ្លី និង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ហើយ​អ្វី​ជា​ភាព​ខ្លាំង​សម្រាប់​លោក ហ៊ុន សែន និង​គណបក្ស​របស់​លោក គឺ​ការ​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​ដឹក​ជញ្ជូន ផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​អប់រំ។

ចំណែក​ប្រជាប្រិយភាព​ពី​មហាជន​វិញ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៦៣​ភាគរយ ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៨២​ភាគរយ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួល​បាន ២៦​ភាគរយ។ ក្រុមហ៊ុន​នេះ​ក៏​បាន​រក​ឃើញ​ទៀត​ថា ពលរដ្ឋ​បាន​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ ច្រើន​ជាង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឱ្យ​ដោះស្រាយ​ទំនាក់ទំនង​កម្ពុជា-វៀតណាម ជំរុញ​វិស័យ​សេដ្ឋកិច្ច ការ​ទប់ស្កាត់ និង​ប្រឆាំង​អំពើ​ពុក​រលួយ ការ​បង្កើត​ការងារ​បន្ថែម ការ​បង្កើន​តម្លៃ​កសិកម្ម និង​ការ​លើក​ស្ទួយ​ប្រព័ន្ធ​យុត្តិធម៌។ រីឯ​ពលរដ្ឋ​ដែល​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​មក​លើ​បក្ស​កាន់​អំណាច​ជាង​បក្ស​ប្រឆាំង​វិញ គឺ​ការ​ដោះស្រាយ​ប្រព័ន្ធ​ដឹក​ជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ សាងសង់​ផ្លូវ និង​ស្ពាន។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ឆ្លើយតប​ចំពោះ​ការ​លើក​ឡើង​ដែល​ថា គណបក្ស​របស់​លោក​ជួល​ក្រុមហ៊ុន​ស្ទង់​មតិ​នោះ ថា​ជា​រឿង​ក្លែងក្លាយ​ដែល​លោក សម រង្ស៊ី ប្រឌិត​ឡើង​ប៉ុណ្ណោះ៖ «ត្រា​ក៏​គេ​ក្លែង​បាន អា​តារាង​ហ្នឹង កុំព្យូទ័រ​គេ​ធ្វើ​បាន​តើ! គាត់​គ្មាន​តួនាទី ភារកិច្ច មនុស្ស​អត់​សារសំខាន់​ក្នុង​សង្គម​ផង»

លោក សម រង្ស៊ី ក៏​បាន​បង្ហោះ​សារ​លេច​ធ្លាយ​មួយ​ទៀត​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ដែល​បង្ហាញ​ថា កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​តុលា ឆ្នាំ​២០១៦ អ៊ីមែល (Email) មួយ​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​របស់​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​បាន​ផ្ញើ​ទៅ​កាន់​អ៊ីមែល​មួយ​ដែល​មាន​ឈ្មោះ​ថា aron@strategyandcampaigns.com ដើម្បី​ចង់​ដឹង​អំពី​លទ្ធផល​ស្រាវជ្រាវ​ស្ទង់​មតិ​នេះ។ សារ​មួយ​ផ្នែក​ក្នុង​អ៊ីមែល​របស់​ឈ្មោះ អូន ព័ន្ធមុនីរ័ត្ន បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ថា៖ «តាម​ការ​ណែនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី នៅ​ពេល​ណា​ខ្ញុំ​ទទួល​បាន​លទ្ធផល​ស្រាវជ្រាវ​ពី​លោក ខ្ញុំ​នឹង​ដាក់​ជូន​ទៅ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី​ពិនិត្យ អម​ទៅ​ជាមួយ​សំណើ​របស់​លោក ហើយ​ខ្ញុំ​នឹង​ផ្ដល់​ដំណឹង​ទៅ​លោក​វិញ​ឲ្យ​បាន​មុន​ការ​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ទី​១៩-២០ ខែ​វិច្ឆិកា»

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​កម្ពុជា លោក អូន ព័ន្ធមុនីរ័ត្ន ដែល​មាន​ឈ្មោះ​ដូច​គ្នា​ទៅ​នឹង​សារ​បែក​ធ្លាយ​ក្នុង​ម្ចាស់​អ៊ីមែល​នេះ មិន​ទាន់​ឆ្លើយតប​ទៅ​នឹង​អ៊ីមែល​របស់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៨ មិថុនា នៅ​ឡើយ​ទេ។

នៅ​ក្នុង​ការ​បែក​ធ្លាយ​ការ​សិក្សា​សម្ងាត់​នេះ ក៏​មាន​ការ​ធ្វើ​តេស្ដ​មតិ​ពលរដ្ឋ​ជុំវិញ​ករណី​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​ល្បីល្បាញ លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ដែរ។ លទ្ធផល​ស្រាវជ្រាវ​បង្ហាញ​ថា ពលរដ្ឋ​ចំនួន ៦៦​ភាគរយ​មិន​មាន​ជំនឿ​លើ​អាជ្ញាធរ ថា​នឹង​អាច​រក​ឃើញ​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី ឡើយ ស្រប​ពេល​ពលរដ្ឋ​ចំនួន ១៤​ភាគរយ​មាន​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌។ ក្រៅ​ពី​នេះ ករណី​បណ្ដឹង​មក​លើ​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅ​ក្នុង​ការ​ស្ទង់​មតិ​សម្ភាស​ផ្ទាល់​ជាមួយ​ប្រជាជន​ចំនួន ៥.៣៧៩​នាក់​ក្នុង​ខេត្ត​ចំនួន​៦ ដដែល​នោះ រក​ឃើញ​ថា ពលរដ្ឋ​ភាគច្រើន​យល់​ថា​ជា​រឿង​អយុត្តិធម៌៕


No comments:

Post a Comment