ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក ច្សច អេដហ្គា (George EDGAR) [រូបពីស្ដាំទីពីរ] ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា លោក ហ៊ិដិហ៊ិសា ហូរីណូអ៊ុជិ (Hidehisa HORINOUCHI) [រូបពីស្ដាំទីមួយ] និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) [ឆ្វេង] ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតក្រោយជំនួបជាមួយ គ.ជ.ប នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧។ |
ស្ថានទូត អាមេរិក បន្ត តាមដាន ការបោះឆ្នោត ខណៈ គ.ជ.ប. មិន ទាន់ប្រកាស លទ្ធផល បឋម
RFA / វិទ្យុ អាស៊ី សេរី |៥ មិថុនា ២០១៧
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អះអាងថា នឹងបន្តតាមដានព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅកម្ពុជា។ ការអះអាងនេះ ខណៈដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប កំពុងបន្តដំណើរការរាប់សន្លឹកឆ្នោត និងមិនទាន់ប្រកាសលទ្ធផលបឋមបណ្ដោះអាសន្នការបោះឆ្នោតនៅឡើយ។
ក្នុងពេល គ.ជ.ប កំពុងរៀបចំបញ្ជីលទ្ធផលបឋមបណ្ដោះអាសន្នការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ស្ថានទូតសហរដ្ឋអាមេរិក រំពឹងថា ស្ថាប័នជាតិរៀបចំការបោះឆ្នោតមួយនេះ នឹងបន្តការងាររបស់ខ្លួនដោយការទទួលខុសត្រូវ ដោយមានការចូលរួម និងតម្លាភាព។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចេញផ្សាយនៅថ្ងៃទី៥ មិថុនា ឲ្យដឹងថា ស្ថានទូតសហរដ្ឋអាមេរិក សម្ដែងការសាទរចំពោះពលរដ្ឋខ្មែរដែលបានចេញទៅចូលរួមបោះឆ្នោត និងកោតសរសើរចំពោះរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មន្ត្រីបោះឆ្នោត និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលបានចូលរួមរៀបចំ និងធ្វើឲ្យការបោះឆ្នោតកើតមានឡើង។
នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីថ្ងៃទី៤ មិថុនា ក្រៅពីមានអ្នកសង្កេតការណ៍ជាតិប្រមាណ ៧ម៉ឺន ៥ពាន់នាក់ចូលរួមឃ្លាំមើល ក៏មានអ្នកសង្កេតការណ៍អន្តរជាតិជិត ៤០០នាក់មកពី ៣៤ស្ថាប័នចូលរួមផងដែរ ក្នុងនោះរួមមានមកពីស្ថានទូត អង្គការក្រៅរដ្ឋាភិបាល អន្តរជាតិ វិទ្យាស្ថានប្រជាធិបតេយ្យជាតិ និងស្ថាប័នដទៃទៀត។
ដោយឡែកស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនចំនួន ៤០នាក់ ដើម្បីឃ្លាំមើលការបោះឆ្នោតនេះ។ ស្ថានទូតសហរដ្ឋអាមេរិក វាយតម្លៃថា ជាទូទៅ ការបោះឆ្នោតនៅតាមការិយាល័យនីមួយៗប្រព្រឹត្តទៅដោយសណ្ដាប់ធ្នាប់ និងសន្តិវិធី។
ស្ថានទូតសហរដ្ឋអាមេរិក ចាត់ទុកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅពេលនេះ ថាជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ដំណើរការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ស្ថានទូតសហរដ្ឋអាមេរិក ក៏អំពាវនាវឲ្យពលរដ្ឋខ្មែរ គណបក្សនយោបាយ និងស្ថាប័ននានា ទទួលយកលទ្ធផលនៃការបោះឆ្នោតដោយសន្តិភាព ប្រកបដោយស្មារតីផ្សះផ្សា និងសហប្រតិបត្តិការ។
ទោះជាយ៉ាងណា ស្ថានទូតសហរដ្ឋអាមេរិក ទទូចឲ្យ គ.ជ.ប ស៊ើបអង្កេតពេញលេញនូវកង្វល់ និងការព្រួយបារម្ភទាំងឡាយដែលបក្សប្រឆាំង និងសង្គមស៊ីវិលបានរកឃើញនៅមុនពេល និងក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោត។
បើទោះជានៅមុនពេលការបោះឆ្នោត ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោត លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីយោធាជាន់ខ្ពស់ បានព្រមានពីការកើតឡើងសង្គ្រាម ឬការបង្ក្រាបដែលជាទូទៅ ត្រូវបានគេចាត់ទុកថាជាសារគំរាមកំហែងក្តី តែពលរដ្ឋជិត ៩០ភាគរយក្នុងចំណោមអ្នកបានចុះឈ្មោះសរុបចំនួនប្រមាណ ៨លាននាក់ បានទៅបោះឆ្នោត។ ការចេញទៅបោះឆ្នោតរបស់ពលរដ្ឋនេះ ត្រូវបានសង្គមស៊ីវិលចាត់ទុកថា ពលរដ្ឋខ្មែរបានយល់ពីតម្លៃនៃការបោះឆ្នោត និងពីការប្រើប្រាស់សិទ្ធិរបស់ពួកគេ ជ្រើសរើសអ្នកដែលខ្លួនពេញចិត្ត។
ដោយឡែកសម្រាប់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា លោក ច្សច អេដហ្គា (George Edgar) តាមរយៈលិខិតឆ្លើយតបទៅនឹងសំណួររបស់អាស៊ីសេរី នៅថ្ងៃទី៥ មិថុនា បញ្ជាក់ថា តាមអ្វីដែលលោក និងក្រុមការងារលោកបានឃើញនៅក្នុងថ្ងៃបោះឆ្នោត និងពីអ្វីដែលលោកបានឮពីអ្នកផ្សេងទៀត បង្ហាញថាដំណើរការនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត បានប្រព្រឹត្តទៅដោយរលូន។
ក្នុងពេលជាមួយគ្នា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថាចៃកា (JICA) ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ គ.ជ.ប វាយតម្លៃថា ដំណើរការបោះឆ្នោតប្រព្រឹត្តដោយសន្តិភាព។ ទោះជាយ៉ាងណា អង្គការនេះនឹងបន្តឃ្លាំមើលការប្រកាសលទ្ធផលដោយ គ.ជ.ប បន្ថែមទៀត៕
No comments:
Post a Comment