Paris Peace Accords 23 Oct. 1991

Friday, June 2, 2017

កម្មករ​ ជាង ​២​ពាន់ ​នាក់​ ធ្វើ​កូដកម្ម​ ទាមទារ​ ឲ្យ​ថៅកែ​ កាត់​លុយ ​​ត្រឹម ​៥០%​ ពេល​ទៅ​ បោះឆ្នោត | Workers on strike to demand that their boss cut their pay not more than 50% when they go to vote

កម្មករ​ ជាង ​២​ពាន់ ​នាក់​ ធ្វើ​កូដកម្ម​ ទាមទារ​ ឲ្យ​ថៅកែ​ កាត់​លុយ ​​ត្រឹម ​៥០%​ ពេល​ទៅ​ បោះឆ្នោត

RFA / វិទ្យុ អាស៊ី សេរី |២ មិថុនា​ ២០១៧


ក្រុម​កម្មករ​ ជាង ២​ពាន់ ​នាក់​ នៅ​រោងចក្រ សៅថ៍ លែន (South Land) កាត់​ដេរ ​មួក ​នៅ​តំបន់ ​វ៉េងស្រេង នាំ​គ្នា​ ធ្វើ​កូដកម្ម​ នៅ​ថ្ងៃ​ ទី​២ ខែ​មិថុនា សូម ឲ្យ​ថៅកែ​ កាត់​លុយ ​ត្រឹម ៥០​ ភាគរយ នៅ​ពេល​ ពួកគេ​ ឈប់​សម្រាក​ បន្ថែម ១​ថ្ងៃ ដើម្បី​ ទៅ​បោះឆ្នោត, ហើយ ​មក​ធ្វើ​ មិន​ទាន់។  ចំណែក​ ភាគី​ ថៅកែ​ រោងចក្រ​ ថា, ពួកគេ​ កំពុង​ រក​ដំណោះ ​ដើម្បី​ ផ្ដល់​ជម្រើស ​ដល់​កម្មករ។


ការ​ទាមទារ​នេះ ក្រុម​កម្មករ​លើក​ឡើង​ថា ការ​ដែល​បោះឆ្នោត​ថ្ងៃ​អាទិត្យ ហើយ​តម្រូវ​ឲ្យ​ពួកគេ​ចូល​ធ្វើ​ការ​វិញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ក្រុម​កម្មករ​មិន​អាច​មក​ធ្វើ​ការ​ទាន់​ពេល​ទេ ព្រោះ​ត្រូវ​ទៅ​បោះឆ្នោត​នៅ​ស្រុក​កំណើត ដូច្នេះ​ស្នើ​សុំ​ទៅ​ថៅកែ​រោងចក្រ​កាត់​លុយ​ថ្ងៃ​ច័ន្ទ ដែល​មិន​បាន​មក​ធ្វើការ​ត្រឹម ៥០​ភាគរយ។

តំណាង​កម្មករ ​រោងចក្រ ​ម្នាក់ លោក វណ្ណា រំពឹង​ ថា. ថៅកែ​ រោងចក្រ​ នឹង​យល់​ស្រប ​តាម​សំណើ​ របស់​ កម្មករ ព្រោះ​ ការ​បោះឆ្នោត​ ជា​កាតព្វកិច្ច​ របស់ ​ពលរដ្ឋ, ដូច្នេះ​ ថៅកែ​ រោងចក្រ​ គួរ​ សម្រួល​ ដល់​កម្មករ៖ «៥០​ ភាគរយ​ហ្នឹង។  ឧទាហរណ៍ ​មួយ​ថ្ងៃ​ កម្មករ​ ធ្វើការ​ បាន ៥​ដុល្លារ  ប៉ុន្តែ​ បើ​ យើង ​អត់​មក ​ធ្វើការ​ គេ​ កាត់​ទាំង​អស់។  អ៊ីចឹង​ យើង​ សូម ឲ្យ​គេ​ កាត់​ត្រឹម ២​ដុល្លារ​កន្លះ​ បាន​ហើយ»


​ការ​ចេញ​មុខ​ទាមទារ ​របស់​ កម្មករ​ នៅ​ពេល​នេះ ខណៈ​ដែល គ.ជ.ប. និង​ក្រសួង បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ដោយ​អំពាវនាវ​ឲ្យ​ម្ចាស់​សហគ្រាស សិប្បកម្ម និង​រោងចក្រ​កាត់ដេរ ជួយ​សម្រួល​ឲ្យ​កម្មករ​បាន​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ ទី​៤ មិថុនា ខាង​មុខ​នេះ។

រដ្ឋបាល​រោងចក្រ សៅថ៍ លែន លោក ប៊ុន សុគន្ធ ឲ្យ​ដឹង​ថា ភាគី​ថៅកែ​រោងចក្រ​បាន​ផ្ដល់​ជម្រើស​ពីរ​យ៉ាង​ដល់​កម្មករ គឺ​បើ​កម្មករ​មក​ធ្វើការ​ថ្ងៃ​ច័ន្ទ មិន​ទាន់ កម្មករ​អាច​ដាក់​ច្បាប់​ប្រចាំ​ឆ្នាំ និង​ដាក់​ពាក្យ​សុំ​ឈប់​ក្នុង​ថ្ងៃ​ដែល​មក​ធ្វើ​ការ​មិន​ទាន់។ ប៉ុន្តែ ករណី​កម្មករ​ស្នើ​ភាគី​ថៅកែ​រោងចក្រ​ពិភាក្សា​មិន​ទាន់​នៅ​ឡើយ៖ «ព្រោះ​ខ្ញុំ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការងារ និង​សេចក្ដី​អំពាវនាវ​របស់ គ.ជ.ប.»

សមាគម ​រោងចក្រ​ កាត់ដេរ​ នៅ​កម្ពុជា (GMAC) បញ្ជាក់​ ជំហរ​ ថា, ពុំ​មាន​ គោលការណ៍​ ណា​មួយ​ តម្រូវ​ ឲ្យ​កម្មករ​ ឈប់សម្រាក​ បន្ថែម​ នៅ​ថ្ងៃ​ បោះឆ្នោត​ ជ្រើសរើស ​ក្រុមប្រឹក្សា ​ឃុំ-​សង្កាត់ ​នោះ​ឡើយ។  ប៉ុន្តែ GMAC ថា, កម្មករ​មាន​សិទ្ធិ​ឈប់​សម្រាក ១៨​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ បន្ថែម​លើ​ការ​ឈប់​សម្រាក​បុណ្យ​ជាតិ​នានា ដែល​ចែង​ក្នុង​ប្រកាស​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ ប៉ុន្តែ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ព្រងើយកន្តើយ​របស់​ក្រសួង​ការងារ ដែល​មិន​បាន​ជួយ​សម្រួល​ឲ្យ​កម្មករ កម្មការិនី​អាច​ទៅ​បោះឆ្នោត​បាន​ដោយ​ងាយស្រួល។ មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ដដែល ផ្ញើ​លិខិត​ចំហ​ទៅ​ក្រសួង​ការ​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​សម្រាក​បន្ថែម​ចំនួន​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​៣ និង​ថ្ងៃ​ទី​៥ ខែ​មិថុនា៕

No comments:

Post a Comment