លោក សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា (ឆ្វេង) និង លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) [កណ្ដាល] អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម កាត់ខ្សែបូសម្ពោធស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅខេត្តព្រះសីហនុ នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០១៧។ RFA/Den Ayuthyea |
កម្ពុជា, វៀតណាម ប្រកាស បន្ត រឹតចំណង សាមគ្គីភាព ម៉ឺនឆ្នាំ
RFA / វិទ្យុ អាស៊ី សេរី | ២២ កក្កដា ២០១៧
មេដឹកនាំ ស្ថាប័នកំពូល នៃប្រទេស កម្ពុជា, វៀតណាម ប្រកាស បន្ត រឹតចំណង សាមគ្គីភាព ម៉ឺនឆ្នាំ ជាមួយគ្នា ឲ្យស្អិតល្មួត ដោយប្ដេជ្ញា ថា នឹងបង្កើន កិច្ចសហប្រតិបត្តិការ ជំរុញ ឲ្យមាន ការអភិវឌ្ឍ លើគ្រប់វិស័យ រវាង ប្រទេសទាំងពីរ ឲ្យបាន រីកចំរើន ថែមទៀត។
ប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា និងជាអនុប្រធាន គណបក្ស ប្រជាជន កម្ពុជា លោក សាយ ឈុំ បានប្ដេជ្ញាចិត្ តដូច្នេះ នៅឱកាស ចូលរួម ជាអធិបតីពិធី ដាក់សម្ពោធ ដាក់ឲ្យ ប្រើប្រាស់ ស្តូបមិត្តភាព កម្ពុជា, វៀតណាម នៅខេត្ត ព្រះសីហនុ កាលពីព្រឹក ថ្ងៃសៅរ៍ ទី២២ ខែកក្កដា។
នាឱកាសនោះ លោក សាយ ឈុំ បានរំលឹកនូវឧបសគ្គដ៏លំបាកៗជាច្រើនដែលប្រទេសទាំងពីរកម្ពុជា-វៀតណាម បានប្រឈមរួមគ្នាដោះស្រាយនៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើនដំណាក់កាលកន្លងមកដែលឈានដល់រំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយបានដឹកនាំប្រទេសកម្ពុជា ឲ្យមានសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនមកដល់សព្វថ្ងៃនេះ។ លោក សាយ ឈុំ ដែលតាងនាមឲ្យបក្ស រដ្ឋ រណសិរ្ស និងប្រជាជនកម្ពុជា បានសម្ដែងជាថ្មីទៀតនូវការដឹងគុណដ៏ស្មោះស្ម័គ្រ និងជ្រាលជ្រៅ ព្រមទាំងចងចាំជានិច្ចចំពោះគុណូបការៈ ដ៏ធំធេងដែលវៀតណាម បានធ្វើពលិកម្មជួយកម្ពុជា។
លោក សាយ ឈុំ បានរំលឹកថា បើគ្មានថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨ ដែលជាថ្ងៃបង្កើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ទេ នោះទំនងជាប្រទេសកម្ពុជា នឹងមិនមានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះទេ៖ «បានស្ដែងចេញជាផ្លែផ្កាលើគ្រប់វិស័យ ចាប់ពីវិស័យនយោបាយ រហូតដល់វិស័យសេដ្ឋកិច្ច សង្គមកិច្ច ទេសចរ វប្បធម៌ និងវិទ្យាសាស្ត្រ។ ទន្ទឹមគ្នានេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម កាន់តែកើនឡើងជាលំដាប់។»
ចំណែកលោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដែលបានចូលរួមជាអធិបតី និងកាត់ខ្សែបូសម្ពោធស្តូបមិត្តភាពកម្ពុជា-វៀតណាម កាលពីព្រឹកថ្ងៃសៅរ៍ ទី២២ ខែកក្កដា។ លោកបានបញ្ជាក់ថា កម្ពុជា-វៀតណាម គឺជាមិត្តជិតខាងដ៏ជិតស្និទ្ធ ស្មាប្រកៀកស្មាជានិច្ចកាលជាមួយប្រជាជនកម្ពុជា ក្នុងដំណាក់កាលជាប្រវត្តិសាស្ត្រ តស៊ូដណ្ដើមឯករាជ្យជាតិ វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
លោក ង្វៀន ហ៊្វូជុង បានរំលឹកអំពីចំណងមិត្តភាពកម្ពុជា-វៀតណាម ដែលបានរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នារយៈពេលជាង ៥០ឆ្នាំកន្លងមកនេះ។ លោក ង្វៀន ហ៊្វូជុង សង្កត់ធ្ងន់ថា ចំណងមិត្តភាពរវាងកម្ពុជា-វៀតណាម នឹងបន្តមានភាពស្និទ្ធស្នាល និងកាត់តែស្អិតល្មួតថែមទៀត នៅថ្ងៃអនាគត។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានឲ្យដឹងថា ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅខេត្តព្រះសីហនុ នេះ បានកសាងដំបូងក្នុងឆ្នាំ១៩៨៤ ដោយមានរូបសំណាកយុវជន ០២រូប ដៃកាន់អាវុធឈរនៅអមសងខាងស្ត្រីម្នាក់បីកូនតូចក្នុងដៃ។ ស្តូបនេះ ជានិមិត្តរូបនៃការរំលឹកគុណចំពោះពលីកម្មអាយុជីវិតរបស់យុទ្ធជនកម្ពុជា និងយុទ្ធជនស្ម័គ្រចិត្តវៀតណាម ជាពិសេសដើម្បីរំលឹកពីគុណូបការៈដ៏ថ្លៃថ្លារបស់យុទ្ធជនស្ម័គ្រចិត្តវៀតណាម ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុរំដោះប្រទេសកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមទង់រណសិរ្សសង្គ្រោះជាតិកម្ពុជា និងដើម្បីបញ្ជាក់អំពីចំណងសាមគ្គី មិត្តភាពជាអមតៈរវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម)។
លោក យន្ត មីន ឲ្យដឹងថា ស្តូបមិត្តភាពកម្ពុជា-វៀតណាមនេះ សាងសង់នៅលើផ្ទៃក្រឡាដីសរុបជិត ៧ពាន់ម៉ែត្រការ៉េ (៦៧.៧៦៦) និងចំណាយថវិកាសរុបជិត ៧សែនដុល្លារសហរដ្ឋអាមេរិក (៦៧០.២៧២)។
ចំពោះអ្នកសិក្សាផ្នែកអភិវឌ្ឍន៍សង្គមរិះគន់ថា កម្ពុជាពុំទទួលបានប្រយោជន៍អ្វីសោះក្រៅពីការដឹងគុណវៀតណាម អស់មួយជីវិត។ បើមើលពីប្រវត្តិសាស្ត្រនៅក្នុងសង្គ្រាមជំនាន់អាណានិគមបារាំង ហើយនិងសង្គ្រាមទសវត្សរ៍ឆ្នាំ៧០ ក្នុងការរំដោះដីវៀតណាមខាងត្បូង ដោយមានការជួយគាំទ្រពីរដ្ឋាភិបាលខ្មែរយ៉ាងច្រើន ប៉ុន្តែជាអកុសលកម្ពុជា ពុំដែលបានទទួលការនឹកគុណនោះទេ គឺផ្ទុយគ្នាស្រឡះ។
តាមទិន្នន័យជាក់ស្ដែងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា មានស្តូបមិត្តភាពកម្ពុជា-វៀតណាម មានចំនួន ១៧ស្តូប ក្នុងនោះមាននៅរាជធានីភ្នំពេញ ចំនួន១។
គិតមកដល់ពេលនេះ ក្នុងចំណោមស្តូបទាំង ១៧ គឺបានសាងសង់ និងជួសជុលឡើងវិញបានចំនួន ១២ស្តូប និងបានសម្ពោធដាក់ឲ្យប្រើប្រាស់បានចំនួន ៧ស្តូបរួចហើយ។ ចំណែកនៅថ្ងៃទី២៧ ខែកក្កដា ខាងមុខ នឹងបន្តសម្ពោធស្តូបមិត្តភាពកម្ពុជា-វៀតណាម ទី៨ នៅឯខេត្តបាត់ដំបង៕
Very good.
ReplyDeleteSkipped/Ignored [Yuon's propagandist/sabotage].
Deleteកុំរឹត ខ្លាំងពេក ប្រយ័ត្នស្ទះ សរសៃយ៉ង កម្រើកលែងរួច ខានសម្រេចមគ្គផល !!!
ReplyDelete