ប្រធានប្រតិបត្តិរបស់គណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ លោក ម៉ន ផល្លា។ RFA |
មន្ត្រី បក្សប្រឆាំង មិនបាន ចូលបំភ្លឺ តាមដីកា តុលាការ រឿងហិង្សា ក្នុងថ្ងៃ ឃោសនា បោះឆ្នោត
RFA / វិទ្យុ អាស៊ី សេរី | ១៧ កក្កដា ២០១៧
ប្រធាន ប្រតិបត្តិ គណបក្ស សង្គ្រោះជាតិ រាជធានី ភ្នំពេញ មិនបាន ចូលបំភ្លឺ នៅអធិការដ្ឋាន នគរបាល ខណ្ឌមានជ័យ ឲ្យបានមុន ថ្ងៃទី១៧ ខែកក្កដា តាមដីកាកោះ របស់ តុលាការ ក្រុងភ្នំពេញ ពាក់ព័ន្ធ នឹងករណី ហិង្សាមួយ ក្នុងពេល ឃោសនា បោះឆ្នោត ឃុំ-សង្កាត់ ខែឧសភា នោះទេ។ អាជ្ញាធរ ខណ្ឌមានជ័យ លើកឡើង ថា នឹងពិភាក្សា ជាមួយ តុលាការ ដើម្បី បន្តនីតិវិធី លើរឿងនេះ ទៅមុខទៀត។
យោងតាមដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលចេញកាលពីចុងខែមិថុនា បានបញ្ជាឲ្យប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ នៅភ្នំពេញ លោក ម៉ន ផល្លា ចូលខ្លួនទៅបង្ហាញមុខនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឲ្យបានមុនថ្ងៃទី១៧ ខែកក្កដា ដើម្បីសាកសួរលើករណី «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» កាលពីថ្ងៃហែក្បួនឃោសនាបោះឆ្នោតឃុំ-សង្កាត់របស់គណបក្សជំទាស់ នៅថ្ងៃទី២៨ ខែឧសភា កន្លងទៅ។ ប៉ុន្តែរហូតមកដល់ថ្ងៃទី១៧ ខែកក្កដា លោក ម៉ន ផល្លា មិនបានបង្ហាញខ្លួនតាមដីកាកោះនោះទេ។
អាស៊ីសេរី មិនអាចទំនាក់ទំនងលោក ម៉ន ផល្លា បានទេនៅថ្ងៃទី១៧ ខែកក្កដា ដោយទូរស័ព្ទរបស់លោកបានបិទ។ រីឯភរិយារបស់លោក គឺលោកស្រី ម៉េន សៀម អះអាងថា លោក ម៉ន ផល្លា បានចុះទៅតាមខេត្តមួយរយៈ ដោយមិនដឹងថ្ងៃណាត្រឡប់មកវិញនោះទេ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មិនអាចសុំការឆ្លើយតបបានទេ ដោយពុំទទួលទូរស័ព្ទ។
កាលពីថ្ងៃទី២៧ ខែមិថុនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានចេញដីកាកោះហៅលោក ម៉ន ផល្លា ឲ្យចូលខ្លួនទៅបង្ហាញមុខនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ មុនថ្ងៃទី១៧ ខែកក្កដា ដើម្បីសាកសួរលើករណី «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧។ ការចេញដីកាកោះនោះ ដោយមានយោងរបាយការណ៍សុំដីកាបញ្ជាឲ្យចូលខ្លួនរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ តាមមាត្រា៣៧ មាត្រា៩៤ និងមាត្រា១១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
អាស៊ីសេរី មិនអាចទាក់ទងសុំការអធិប្បាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានទេ។
ចំណែកអធិការរងនគរបាលខណ្ឌមានជ័យ លោក ហួរ ម៉េងវ៉ាង ដែលសុំមិនឲ្យថតសំឡេង មានប្រសាសន៍ថា មន្ត្រីបក្សប្រឆាំងរូបនេះមិនបានចូលខ្លួនបំភ្លឺតាមដីកាកោះឡើយ ហើយលោកនឹងស្នើសុំគោលការណ៍ទៅព្រះរាជអាជ្ញាបន្ថែមទៀត ដើម្បីបន្តនីតិវិធីលើសំណុំរឿងនេះ។
កាលពីចុងខែឧសភា ឃ្លីបវីដេអូមួយត្រូវបានគេបង្ហោះនៅលើទំព័រហ្វេសប៊ុក (facebook) បានបង្ហាញពីសកម្មជនបក្សប្រឆាំងម្នាក់បានស្រែកឲ្យយុវជនម្នាក់ ថាបានជិះបញ្ច្រាសផ្លូវ ហើយក៏មានវីដេអូមួយទៀតបានបង្ហាញពីសកម្មភាពរបស់មនុស្សមួយក្រុមដែលពាក់អាវបក្សប្រឆាំង វាយទាត់ធាក់ទៅលើយុវជនរូបនោះ។ បន្ទាប់ពីវីដេអូនោះត្រូវបានគេបង្ហោះ យុវជនម្នាក់ដែលមានឈ្មោះថា សេក សាមុន បានដាក់ពាក្យបណ្ដឹងដោយប្ដឹងក្រុមយុវជនគណបក្សសង្គ្រោះជាតិ ជិត ១០នាក់ ដោយចោទថាបានប្រើហិង្សាលើខ្លួនក្នុងពេលលោកជិះម៉ូតូប៉ះជាមួយក្បួនដង្ហែរបស់បក្សប្រឆាំងនៅតំបន់ស្ទឹងមានជ័យ ក្រុងភ្នំពេញ។
ទោះយ៉ាងណា អធិការរងនគរបាលខណ្ឌមានជ័យ លោក ហួរ ម៉េងវ៉ាង បញ្ជាក់ថា មិនមានដីកាកោះហៅជនដៃដល់ណាម្នាក់ដែលមាននៅក្នុងវីដេអូហិង្សានោះឡើយ ពោលគឺតុលាការកោះហៅតែលោក ម៉ន ផល្លា ម្នាក់គត់មកបំភ្លឺ ដោយសារតែលោកជាអ្នករៀបចំ និងដឹកនាំការហែក្បួនឃោសនាបោះឆ្នោតនៅក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៨ ខែឧសភា។
លោក ម៉ន ផល្លា ធ្លាប់ប្រាប់វិទ្យុវីអូអេ (VOA) ថា លោកមិនបាននៅកន្លែងកើតហេតុ និងមិនបានដឹងពីអំពើហិង្សាដែលកើតមានក្នុងក្បួនដង្ហែបក្សនាចុងខែឧសភា នោះទេ។ លោកបន្ថែមថា ការប្រើអំណាចតុលាការដោយបញ្ជាឲ្យលោកទៅបង្ហាញខ្លួននៅមុខសមត្ថកិច្ចពាក់ព័ន្ធនឹងហិង្សា គឺជាការបញ្ជាតាមបែបនយោបាយតែប៉ុណ្ណោះ។ លើសពីនេះ លោកបង្ហាញអារម្មណ៍ស្ទាក់ស្ទើរក្នុងការចូលខ្លួនបំភ្លឺ ដោយបារម្ភអំពីការចាប់ខ្លួនលោកដូចករណីមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ ផ្សេងទៀតដែលកំពុងរងការចោទប្រកាន់ និងជាប់ឃុំ។
ទាក់ទិនករណីនេះដែរ ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា នៅពេលកោះហៅម្តង ឬពីរដងមិនចូលតាមដីកាកោះ ដូច្នេះលើកទី៣ តុលាការអាចមានសិទ្ធិចេញដីកានាំខ្លួន។ លោកបន្ថែមថា កាលណាសមត្ថកិច្ចមានសិទ្ធិអាចកោះហៅសួរនាំបាន ប្រសិនបើពួកគេឆ្ងល់ ឬចង់ដឹង ប៉ុន្តែជាទូទៅ តុលាការត្រូវកោះហៅជនដៃដល់ដែលជាអ្នកប្រើហិង្សា ដើម្បីមកសួរនាំជាមុន មិនមែនហៅអ្នកដែលមិនបានប្រព្រឹត្តមកសួរនោះទេ។
រហូតមកដល់ពេលនេះ តំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់ ព្រមទាំងសកម្មជនគណបក្សសង្គ្រោះជាតិ ជិត ២០នាក់ហើយ ត្រូវបានតុលាការឃុំខ្លួន និងចោទប្រកាន់ ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗគ្នាដែលអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ រួមទាំងគណបក្សប្រឆាំងផង ហៅថាជាអ្នកទោសនយោបាយ។
មជ្ឈដ្ឋានទូទៅតែងរិះគន់ថា ការអនុវត្តរបស់អាជ្ញាធរ និងតុលាការ ហាក់មានស្តង់ដារពីរ ព្រោះសំណុំរឿងប្រឆាំងលើបុគ្គលដែលរិះគន់ការដឹកនាំរបស់រដ្ឋាភិបាល ក្នុងនោះរួមមានមន្ត្រី និងសកម្មជនបក្សប្រឆាំង សកម្មជនការពារដីធ្លី សកម្មជនបរិស្ថាន ព្រមទាំងមន្ត្រីសង្គមស៊ីវិលជាដើម គឺតុលាការតែងចាត់ការយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព៕
No comments:
Post a Comment