លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ផ្ដល់ក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥។ RFA |
លោក សម រង្ស៊ី គាំទ្រ ឲ្យមាន ច្បាប់ ការពារ នាយករដ្ឋមន្ត្រី ផុតអាណត្តិ
RFA / វិទ្យុ អាស៊ី សេរី | ២០ កក្កដា ២០១៧
អតីត ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី
គាំទ្រ ឲ្យមាន ច្បាប់ ការពារ នាយករដ្ឋមន្ត្រី ផុតអាណត្តិ
ដើម្បី ធ្វើឲ្យ ប្រជាធិបតេយ្យ នៅកម្ពុជា ដំណើរការ រលូនទៅមុខ។
តែ ខាងគណបក្ស កាន់អំណាច នៅតែ បន្តចាត់ទុក ថា ,
ច្បាប់នេះ ជាការមាក់ងាយ ដល់ខ្លួន
និងនាយករដ្ឋមន្ត្រី ស្ថិតក្នុងអំណាច។
អ្នកនយោបាយប្រឆាំងដ៏មានឥទ្ធិពល គឺលោក សម
រង្ស៊ី បញ្ជាក់ថា កម្ពុជា
គួរតែមានច្បាប់ការពារនាយករដ្ឋមន្ត្រីផុតអាណត្តិ
ដើម្បីធានាឲ្យមានការផ្ទេរអំណាចដោយសន្តិវិធី
ក្នុងករណីដែលគណបក្សសង្គ្រោះជាតិ
ឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលនៅឆ្នាំ២០១៨ ខាងមុខ។
លោក សម រង្ស៊ី ថ្លែងបែបនេះនៅក្នុងកម្មវិធីផ្សាយទូរទស្សន៍អាស៊ីសេរី កាលពីយប់ថ្ងៃទី១៩ ខែកក្កដា កន្លងទៅ៖ «ក្នុងចិត្តក្នុងគំនិតរបស់យើង
គឺយើងគួរតែធ្វើ ទោះជាឥឡូវនេះមានអ្នកខ្លះអៀនខ្មាសបដិសេធក្តី។
នេះជារឿងរបស់គាត់ទេ តែបើរឿងប្រទេសជាតិយើងឲ្យការផ្ទេរអំណាច
និងដំណើរការប្រជាធិបតេយ្យរលូនទៅមុខ
គឺយើងត្រូវតែមានច្បាប់បែបហ្នឹងមែន។»
ការថ្លែងរបស់លោក សម រង្ស៊ី នេះ
គឺជាការគាំទ្រសំណើរបស់អតីតឧបនាយករដ្ឋមន្ត្រី
និងជាមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង
ដែលកាលពីចុងសប្ដាហ៍មុន បានផ្ញើលិខិតចំហពីរច្បាប់ មួយទៅលោក ហ៊ុន
សែន និងមួយទៀតទៅលោក កឹម សុខា
ដើម្បីឲ្យមេដឹកនាំគណបក្សមានអាសនៈទាំងពីរ
ស្នើទៅរដ្ឋសភាបង្កើតច្បាប់ការពារនាយករដ្ឋមន្ត្រីផុតអាណត្តិឲ្យមានអភ័យឯកសិទ្ធិ
និងដំឡើងគោរមងារជាវីរបុរសជាតិ
ដើម្បីជាការលើកទឹកចិត្តចំពោះគុណបំណាច់ក្នុងការដឹកនាំប្រទេសជាតិ។
តែសំណើនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន ច្រានចោលភ្លាមៗ និងបានចាត់ទុកថាជាឧបាយកលទុច្ចរិត
ដើម្បីធ្វើឲ្យប្រជាពលរដ្ឋយល់ច្រលំថា
នាយករដ្ឋមន្ត្រីសព្វថ្ងៃកំពុងធ្វើអ្វីមួយខុសធ្ងន់ធ្ងរ។ លោក ហ៊ុន
សែន បានប្រាប់សារព័ត៌មានដែលគាំទ្ររូបលោកថា នេះជាសំណើស្មោកគ្រោក
និងជាការប្រមាថដ៏ធ្ងន់ធ្ងរមកលើគណបក្សប្រជាជនកម្ពុជា របស់លោក
ដែលបង្ហាញអំពីការត្រៀមខ្លួនចាញ់ ហើយគណបក្សប្រឆាំងវិញ
កំពុងត្រៀមខ្លួនឈ្នះ។
គោលបំណងនៃសំណើរបស់លោក លឺ ឡាយស្រេង នេះ
ដោយសារលោកគិតថា
ច្បាប់នេះនឹងអាចធ្វើឲ្យប្រទេសជាតិរួចផុតពីសង្គ្រាម
និងការកាប់សម្លាប់គ្នារវាងខ្មែរ និងខ្មែរ
ដោយសារតែការដណ្តើមអំណាចគ្នាទៅវិញទៅមក។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
អះអាងថា សំណើនេះមិនមែនជារឿងថ្មីនោះទេ ពោលគឺជាអ្វីដែលលោក ហ៊ុន
សែន ធ្លាប់ស្នើមករូបលោក និងគណបក្សសង្គ្រោះជាតិ
ពីរដងរួចទៅហើយកាលពីរូបលោក និងលោក ហ៊ុន សែន
នៅមានទំនាក់ទំនងល្អជាមួយគ្នាអំឡុងឆ្នាំ២០១៤ មកម្ល៉េះ។
ក៏ប៉ុន្តែលោកថា សំណើនេះមិនអាចចេញរួច
ដោយសារតែគណបក្សទាំងពីរមិនទាន់បញ្ចប់ការរៀបចំស្ថាប័នជាតិសំខាន់ៗ
ដូចជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា
ជាដើម ហើយក្រោយមក ស្ថានការណ៍នយោបាយបានផ្លាស់ប្ដូរ
ដូច្នេះគំនិតតាក់តែងច្បាប់នេះក៏ត្រូវនៅទ្រឹងស្ងៀមមកទល់នឹងសព្វថ្ងៃ៖ «លោក
ហ៊ុន សែន ខ្លួនឯងផ្ទាល់បានស្នើថា បើគណបក្សសង្គ្រោះជាតិ
ស្នើច្បាប់បែបហ្នឹងឲ្យ
៣នាក់ដែលជាមេដឹកនាំកំពូលនៃគណបក្សកាន់អំណាច
បានរួចខ្លួនកុំឲ្យមានការយកទោសពៃរ៍អ្វីនៅពេលមានការផ្ទេរអំណាចមកគណបក្សសង្គ្រោះជាតិ
ពេលនោះគណបក្សប្រជាជនកម្ពុជា នឹងគាំទ្រ
ប៉ុន្តែឲ្យគណបក្សប្រជាជនកម្ពុជា ស្នើខ្លួនឯងវាមិនល្អមើល។»
ជុំវិញរឿងនេះ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅតែយល់ឃើញថា
គំនិតបង្កើតច្បាប់នេះ គឺជាល្បិចកលអាក្រក់
ដែលគណបក្សប្រឆាំងចង់ដាក់អន្ទាក់គណបក្សកាន់អំណាច។ លោកអះអាងថា
បើទោះបីជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ
ស្នើច្បាប់នេះទៅរដ្ឋសភាក៏ដោយ
ក៏ខាងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មិនគាំទ្រដែរ៖ «ខ្ញុំយល់ថានេះជាអន្ទាក់នយោបាយមួយដ៏ពិសពុល
ចង់បន្លប់ពលរដ្ឋឲ្យយល់ច្រឡំថា
នាយករដ្ឋមន្ត្រីបច្ចុប្បន្ននេះកំពុងតែអនុវត្តអ្វីមួយខុសឆ្គងធ្ងន់ធ្ងរ
បានជាភ័យខ្លួនខ្លាច ហើយចង់ឲ្យមានច្បាប់នេះ។»
ទោះបីជាប្រមុខដឹកនាំ
និងអ្នកនាំពាក្យបក្សកាន់អំណាច
បានបង្ហាញជំហរដាច់ខាតមិនចង់ឲ្យមានច្បាប់នេះក្តី
ក៏ប៉ុន្តែសម្រាប់អ្នកតាមដានស្ថានការណ៍នយោបាយវិញ
បានបង្ហាញគំនិតវិជ្ជមានច្រើនចំពោះច្បាប់នេះ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ
និងអភិបាលកិច្ច បណ្ឌិត ចាន់ វិបុល យល់ឃើញថា
ច្បាប់ការពារនាយករដ្ឋមន្ត្រីផុតអាណត្តិនេះ
គឺជាវិធីមួយដ៏ល្អដើម្បីទុកឱកាសឲ្យមានការស្រុះស្រួលគ្នាក្នុងចំណោមអ្នកនយោបាយកម្ពុជា
ក្នុងករណីដែលមានការផ្ទេរអំណាចកើតឡើង៖ «ក្នុងរយៈកាលកន្លងទៅ
យើងឮពាក្យថាទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី។
ចរិតនយោបាយបែបនេះ បើសិនមានការផ្ទេរអំណាច កម្ពុជា
នឹងនៅមិនសុខទេ។ អ៊ីចឹងការតាក់តែងច្បាប់នេះ
គឺដើម្បីដោះស្រាយទស្សនៈនេះឯង។
យើងអត់ចង់ឲ្យអ្នកនយោបាយមានការគុំកួនគ្នាទេ។»
ទោះបីជាមានសំណើ
និងការគាំទ្រឲ្យបង្កើតច្បាប់នេះក្តី ក៏មកទល់នឹងពេលនេះ
គណបក្សសង្គ្រោះជាតិ មិនទាន់គិតគូរពីបញ្ហានេះនៅឡើយទេ៕
Poor Scam Rainsy, yapping at the side line. In a few years, he will get depressed and then quit.
ReplyDeletesick Yuon's propagandist.
Delete