Paris Peace Accords 23 Oct. 1991

Tuesday, July 18, 2017

ព្រឹទ្ធសភា​ អនុម័ត​ លើ​សេចក្ដី​ ស្នើ​ច្បាប់ ​ស្ដីពី​ វិសោធនកម្ម​ ច្បាប់ ​គណបក្ស​ នយោបាយ | Senate passed amended Law on Political Parties

ព្រឹទ្ធសភា​កម្ពុជា
ព្រឹទ្ធសភា​កម្ពុជា

ព្រឹទ្ធសភា​ អនុម័ត​ លើ​សេចក្ដី​ ស្នើ​ច្បាប់ ​ស្ដីពី​ វិសោធនកម្ម​ ច្បាប់ ​គណបក្ស​ នយោបាយ

RFA / វិទ្យុ អាស៊ី សេរី | ១៨ កក្កដា ២០១៧

ច្បាប់​ ស្ដីពី​ គណបក្ស​ នយោបាយ ​ដែល​រង​ការ ​រិះគន់​ ថា ធ្វើ​ទៅ​ តាម​ការ​ ចង់​បាន ​របស់​លោក ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ ឥឡូវ​នេះ ​ត្រូវ​ បាន​សមាជិក ​ព្រឹទ្ធសភា​ សម្រេច​ អនុម័ត​ រួច​ហើយ ក្រោយ​ពី ​រដ្ឋសភា​ អនុម័ត​ កាល​ពី​ថ្ងៃ​ ទី​១០ កក្កដា។  គណបក្ស​ ប្រឆាំង​ ប្ដេជ្ញា​ ថា​ នឹង​អនុវត្ត​ តាម​ខ្លឹមសារ និង​ស្មារតី​ នៃ​ច្បាប់​នេះ ក្រោយ​ពេល​ ច្បាប់ ​ដែល​រង​ការ​ តិះដៀល ​ដ៏​ចម្រូងចម្រាស​នេះ នឹង​ត្រូវ​ ប្រកាស​ ឲ្យ​ប្រើ​ នៅ​ពេល​ ខាង​មុខ។


សំឡេង​គាំទ្រ ៤២​សំឡេង​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា បាន​យល់ព្រម​លើ​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​នេះ ថា​ជា​ច្បាប់​បម្រើ​ឲ្យ​ផល​ប្រយោជន៍​រួម ស្រប​ទៅ​តាម​គោលការណ៍​ប្រជាធិបតេយ្យ និង​សេរី​ពហុបក្ស ដូច​ដែល​មាន​បញ្ញត្តិ​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​១៨ កក្កដា សរសេរ​ថា ច្បាប់​នេះ​មាន​គោល​បំណង​ធ្វើ​ឲ្យ​ស្រប​ទៅ​តាម​បរិបទ​ជាក់ស្ដែង នៃ​ការ​វិវឌ្ឍន៍​រីក​ចម្រើន​របស់​ប្រទេស ក្នុង​ដំណើរការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ឲ្យ​ដើរ​ទន្ទឹម​នឹង​ការ​ពង្រឹង​នីតិរដ្ឋ។

ស្រប​ពេល​ច្បាប់​នេះ​បាន​ឆ្លង​កាត់​ដំណាក់កាល​នៃ​ការ​ត្រួត​ពិនិត្យ និង​អនុវត្ត​មួយ​ជំហាន​ទៀត​ពី​សមាជិក​ព្រឹទ្ធសភា​ហើយ​នោះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ យល់​ឃើញ​ថា វា​ពុំ​មាន​អ្វី​ចាំបាច់​ដែល​ត្រូវ​ប្រកែក​ថា ប្រឆាំង​នឹង​ខ្លឹមសារ​ច្បាប់​នេះ​ឡើយ។

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា សម្រាប់​គណបក្ស​ប្រឆាំង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​អនុវត្ត​ទៅ​តាម​ខ្លឹមសារ​បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ។ លោក​បន្ត​ថា «ដោយឡែក​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ យើង​នឹង​ធ្វើ​កិច្ចការ​ហ្នឹង។ និយាយ​ឲ្យ​ស្រួល​ស្ដាប់​ទៅ យើង​សម្រប ដោយ​យើង​ធ្វើ​យ៉ាង​ណា​ឲ្យ​គណបក្ស​យើង​ធ្វើ​ដំណើរ​ទៅ​ដល់​គោលដៅ​របស់​ខ្លួន»


ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​រង​ការ​រិះគន់​ថា ធ្វើ​ទៅ​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន ហើយ​ត្រូវ​បាន​សមាជិក​សភា​ដ៏​ច្រើន​លើសលប់​ពី​ខាង​បក្ស​អំណាច អនុម័ត​ជា​ថ្មី​ទៀត​កាល​ពី​ថ្ងៃ​ទី​១០ កក្កដា គឺ​ពុំ​មាន​វត្តមាន​ពី​ខាង​បក្ស​ប្រឆាំង​ចូលរួម​ឡើយ។
ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​រុះរើ​សាចុះសាឡើង​ពីរ​ដង​ទៅ​ហើយ​នោះ រង​ការ​ពេបជ្រាយ​ថា តាក់តែង​ឡើង​ក្នុង​បំណង​កម្ទេច​បក្ស​ប្រឆាំង ជាជាង​ធ្វើ​វិសោធនកម្ម​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​នៃ​មាត្រា​ខ្លះ​ទៅ​តាម​ការ​វិវឌ្ឍន៍​ជាក់ស្ដែង​របស់​សង្គម​ក្នុង​ពេល​បច្ចុប្បន្ន។

កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០០៦ ច្បាប់​ស្ដីពី​ឯកពន្ធភាព ត្រូវ​បាន​រដ្ឋសភា​អនុម័ត ហើយ​ច្បាប់​នេះ​ត្រូវ​រង​ការ​រិះគន់​ថា តាក់តែង​ឡើង​ទៅ​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន ដែរ ប្រឆាំង​នឹង​ដៃគូ​នយោបាយ​របស់​លោក​កាលណោះ គឺ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ប៉ុណ្ណោះ។ ការ​វិវឌ្ឍន៍​ផ្នែក​ច្បាប់​នេះ ហាក់​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ​ទៅ​នឹង​ច្បាប់​ប្រឆាំង​អ្នក​ដែល​ហ៊ាន​រិះគន់​ថា ពុំ​មាន​របប​ខ្មែរ​ក្រហម ត្រូវ​មាន​ទោស​ទណ្ឌ។

ក្នុង​ពេល​ប្រជាប្រិយភាព​បក្ស​ប្រឆាំង​ចាប់​ផ្ដើម​ផុលផុស​ឡើង រដ្ឋាភិបាល​ក៏​ចាប់​ផ្ដើម​តាក់តែង​ច្បាប់​មួយ​ភ្លាម​ដែរ​នៅ​គ្រា​នោះ។ ច្បាប់​ប្រឆាំង​អ្នក​ដែល​រិះគន់​ថា ពុំ​មាន​របប​ខ្មែរ​ក្រហម​ដែល​រដ្ឋសភា​អនុម័ត​ក្នុង​អំឡុង​ឆ្នាំ​២០១៣ ត្រូវ​គេ​មើល​ឃើញ​ថា ចេតនា​នៃ​ច្បាប់​នេះ​ចង់​ដាក់​ការ​គាប​សង្កត់​ប្រឆាំង​លោក កឹម សុខា ជាជាង​បម្រើ​ឲ្យ​ផល​ប្រយោជន៍​សាធារណៈ។

ស្រប​ពេល​ច្បាប់​ដែល​រង​ការ​រិះគន់​ដ៏​ចម្រូងចម្រាស​នេះ​ដាក់​ឲ្យ​អនុវត្ត បាតុកម្ម​ក៏​បាន​ផ្ទុះ​ឡើង​ប្រឆាំង​លោក កឹម សុខា ភ្លាម​ដែរ។ ដោយឡែក​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​នេះ​វិញ ក៏​ហាក់​មិន​ខុស​ពី​ច្បាប់​មុនៗ​នោះ​ប៉ុន្មាន​ដែរ។ ស្រប​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លែង​ផ្អែមល្ហែម​ជាមួយ​គ្នា​ទៀត​ហើយ ហើយ​គាប់​ជួន​លោក សម រង្ស៊ី ត្រូវ​ហ៊ុមព័ទ្ធ​ទៅ​ដោយ​បណ្ដឹង​តាម​ផ្លូវ​តុលាការ​ផង លោក ហ៊ុន សែន ក៏​បញ្ជា​ឲ្យ​សមាជិក​សភា​ពី​ខាង​បក្ស​កាន់​អំណាច​របស់​គាត់ ពិនិត្យ និង​ស្រូត​តាក់តែង​ភ្លាម​ដែរ​ឲ្យ​ស្រប​តាម​សភាពការណ៍។

បើ​ទោះ​ជា​បែប​ណា អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន យល់​ឃើញ​ថា ការ​តាក់តែង​ច្បាប់ គេ​មិន​សំដៅ​ទៅ​ប្រយោជន៍​បុគ្គល​ទេ ហើយ​ការ​រិះគន់​របស់​មជ្ឈដ្ឋាន​អំពី​កម្មវត្ថុ​នៃ​គោល​បំណង​ដើម​នៃ​ច្បាប់​នេះ អាច​ចាត់​ទុក​ជា​ការ​មើល​មិន​ស៊ី​ជម្រៅ​នៃ​ច្បាប់។ លោក​បន្ត​ថា «យើង​ធ្វើ​ច្បាប់​មិន​តម្រូវ​លើ​ចិត្ត​បុគ្គល​ណា​ម្នាក់​ទេ។ យើង​ធ្វើ​តម្រូវ​ចិត្ត​ភាគច្រើន​នៅ​ក្នុង​ប្រទេស បើ​និយាយ​ឲ្យ​ត្រូវ ១០០​ភាគរយ គឺ​មិន​ត្រូវ​ទេ»


យ៉ាង​ណា​ក៏ដោយ​ចុះ ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ នៅ​រង់ចាំ​តែ​ការ​ឆ្លង​យោបល់​ពី​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែល​ពិនិត្យ​អំពី​ធម្មនុញ្ញភាព​នៃ​ច្បាប់​នេះ និង​ការ​ឡាយ​ព្រះហស្តលេខា​ពី​ព្រះមហាក្សត្រ​ជា​មុន​សិន មុន​នឹង​ដាក់​ឲ្យ​អនុវត្ត។

ទាក់ទិន​រឿង​នេះ មេធាវី​តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​សាលា​ក្ដី​ខ្មែរ​ក្រហម លោក ហុង គឹមសួន មាន​ប្រសាសន៍​ថា ការ​អនុវត្ត​ភ្លាម ឬ​ត្រូវ​រង់ចាំ​រយៈពេល​ណា​មួយ​សិន​នោះ វា​អាស្រ័យ​លើ​ការ​យល់​ឃើញ​របស់​រដ្ឋាភិបាល។ ប៉ុន្តែ​លោក​ចាត់​ទុក​ថា ច្បាប់​ដែល​ខ្វះ​ការ​ពិគ្រោះ​យោបល់ ឬ​តាក់តែង​ឡើង​តម្រូវ​តាម​ចិត្ត​មនុស្ស ជាជាង​បម្រើ​ឲ្យ​ផល​ប្រយោជន៍​រួម ហាក់​ដូចជា​ខ្លឹមសារ​នៃ​ច្បាប់​នោះ អនុវត្ត​សម្រាប់​ភាគី​តែ​ម្ខាង។ លោក​បន្ត​ថា «អ៊ីចឹង​អ្វី​ដែល​បង្កើត​ឡើង​ដោយ​បក្ស​តែ​ម្ខាង ដោយ​មិន​បាន​យក​សំឡេង​ពី​បក្ស​ម្ខាង​ទៀត​មក​ជជែក ឬ​យក​មក​ពី​ពិចារណា​ដើម្បី​ធ្វើ​ច្បាប់​មួយ​នេះ មាន​ន័យ​ថា​បម្រើ​ផល​ប្រយោជន៍​តែ​ម្ខាង​ទេ»

នៅ​ពេល​នេះ គណបក្ស​ប្រឆាំង​បាន​សម្រេច​ប្រើប្រាស់​ត្រឹម​និមិត្តសញ្ញា​ព្រះអាទិត្យ ដោយ​ដក​ទាំង​រូប​លោក កឹម សុខា និង​រូប​លោក សម រង្ស៊ី ចេញ​ពី​ស្លាក​គណបក្ស​ហើយ។ លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​ថា អំណឹះតទៅ ជាពិសេស​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​នេះ បក្ស​ប្រឆាំង​លែង​ប្រើ​រូប​មេ​បក្ស​ទាំង​ពីរ​នេះ​ទៀត​ហើយ៕





No comments:

Post a Comment