Paris Peace Accords 23 Oct. 1991

Thursday, July 27, 2017

[Vietnamization: History Series, CPP] Sam Rainsy: ទំព័រ ប្រវត្តិសាស្ត្រ - សឺង ង៉ុកមិញ បិតាស្ថាបនិក នៃគណបក្ស ប្រជាជន កម្ពុជា ជាជន ក្បត់ជាតិ | Son Ngoc Minh, the CPP's Founding Father, is a national traitor

Image may contain: 1 person, eyeglasses

២៦ កក្កដា ២០១៧ - ទំព័រ ប្រវត្តិសាស្ត្រ | 26 July 2017 - History page

សឺង ង៉ុកមិញ បិតាស្ថាបនិក នៃគណបក្ស ប្រជាជន កម្ពុជា ជាជន ក្បត់ជាតិ
Son Ngoc Minh, the CPP's Founding Father, is a national traitor.

គណបក្ស ប្រជាជន កម្ពុជា បានកើតចេញ ជារូបរាង កាលពីឆ្នាំ ១៩៥១។  ឈ្មោះដើម ពេលនោះ គឺ គណបក្ស ប្រជាជន បដិវត្តន៍ កម្ពុជា។  គេ បានដកពាក្យ «បដិវត្តន៍» ចេញ កាលពីឆ្នាំ ១៩៩១ ឲ្យនៅសល់ តែ គណបក្ស ប្រជាជន កម្ពុជា។  អ្នក កាន់តំណែង ធំជាងគេ ពេលនោះ គឺ អគ្គលេខាធិការ, មិនមែន ប្រធាន ដូចពេលនេះទេ។ 

អគ្គលេខាធិការ មុនគេបង្អស់ ដែលគេ ចាត់ទុក ថា ជាបិតា ស្ថាបនិក គណបក្ស ប្រជាជន កម្ពុជា ពេលគណបក្សនេះ ចេញជារូបរាង គឺ សឺង ង៉ុកមិញ។ សឺង ង៉ុកមិញ ជាកូនកាត់យួន អាចជាយួន សុទ្ធសាធ ផង ក៏មិនដឹងច្បាស់ ដោយសារ តែ ឈ្មោះដើមគាត់ ពីកំណើត គឺ ហ្វាំ វ៉ាន់ហួរ (Phạm Văn Hua)។ 

កងទ័ព យួន កុម្មុយនីស្ត ហៅថា យៀកមិញ ដែលបានមក លុកលុយ ប្រទេស កម្ពុជា តាំងពីចុង ទសវត្សរ៍ ឆ្នាំ១៩៤០ បានរៀបចំ បង្កើត គណបក្ស ប្រជាជន កម្ពុជា ដើម្បី ឲ្យដើរតួ ជាសាខា នៃគណបក្ស កុម្មុយនីស្ត ឥណ្ឌូចិន ដឹកនាំដោយ ហូ ជីមិញ។  ហូ ជីមិញ ជាមេ កុម្មុយនីស្ត យួន ដែលបាន បង្កើត គណបក្ស កុម្មុយនីស្ត ឥណ្ឌូចិន តាំងពីឆ្នាំ ១៩៣០ ដោយគាត់ មានមហិច្ឆិតា ឲ្យប្រទេស វៀតណាម កុម្មុយនីស្ត ត្រួតត្រា ទាំងប្រទេស វៀតណាម ទាំងប្រទេស លាវ ទាំងប្រទេស កម្ពុជា បន្ទាប់ ពីចលនា កុម្មុយនីស្ត យៀកមិញ របស់គាត់ បណ្តេញ អាណានិគមនិយម បារាំង ចេញ ពីជ្រោយ ឥណ្ឌូចិន។  ដូច្នេះ ចលនា យួនកុម្មុយនីស្ត ដឹកនាំ ដោយ ហូ ជីមិញ នេះ, គេ យកលេស ថា គេ មកលុកលុយ ប្រទេស កម្ពុជា ដើម្បី បណ្តេញ អាណានិគមនិយម បារាំង, ហើយ ជួយប្រទេស កម្ពុជា ឲ្យទទួលបាន ឯករាជ្យ ពីបារាំង។  តាមការពិត បំណង របស់ យួនកុម្មុយនីស្ត គឺ មកត្រួតត្រា លើប្រទេស កម្ពុជា ជំនួស បារាំង តែប៉ុណ្ណោះ។  ក្នុងបំណង នេះហើយ បានជាយួន កុម្មុយនីស្ត ប្រជាជន កម្ពុជា ដើម្បី ធ្វើជាខែល ឲ្យយួន គ្រប់គ្រង ប្រទេសកម្ពុជា, ហើយ លេបត្របាក់ ទឹកដីខ្មែរ ជាបណ្តើរៗ។

ក្នុងយុទ្ធសាស្ត្រនេះ ចលនា យួន កុម្មុយនីស្ត យៀកមិញ បានលើកបន្តុប សឺង ង៉ុកមិញ ឲ្យធ្វើ ជាអគ្គលេខាធិការ គឺ ថ្នាក់ដឹកនាំ កំពូល នៃគណបក្ស ប្រជាជនកម្ពុជា តាំងពីថ្ងៃកំណើត គណបក្សនេះ ក្នុងឆ្នាំ ១៩៥១។  ដោយគេ មិនចង់ ប្រើឈ្មោះ ហ្វាំ វ៉ាន់ហួរ (Phạm Văn Hua) ដែលមាន សំនៀង ដូចយួនពេក ក៏គេ ឲ្យ ហ្វាំ វ៉ាន់ហួរ នេះ ប្រើហ័ស្សនាម សឺង ង៉ុកមិញ។  គេ ប្រើហ័ស្សនាម សឺង ង៉ុកមិញ នេះ ពីព្រោះ ស្រដៀងឈ្មោះ សឺង ង៉ុកថាញ់, ហើយ គេ អាចបំភ័ន្ត ប្រជាពលរដ្ឋខ្មែរ ថា សឺង ង៉ុកមិញ ជាប្អូនបង្កើត របស់ សឺង ង៉ុកថាញ់ ដែលជាអ្នក ស្នេហាជាតិខ្មែរ សុទ្ធសាធ និងពិតប្រាកដ នៅពេល ជាមួយគ្នានោះ។  តាមការពិត សឺង ង៉ុកមិញ គ្មាន ពាក់ព័ន្ធអ្វី ទាល់តែសោះ ជាមួយ សឺង ង៉ុកថាញ់ ដែលប្រជារាស្ត្រ ខ្មែរ ស្រលាញ់ និងគោរព នៅពេលនោះ។  តែ ឈ្មោះ សឺង ង៉ុកមិញ នេះ ក៏រំលឹក ពីចលនា យួនកុម្មុយនីស្ត យៀកមិញ និងមេដឹកនាំ របស់គេ ដែលមានឈ្មោះ ហូ ជីមិញ

ហ្វាំ វ៉ាន់ហួរ ហៅ សឺង ង៉ុកមិញ មានហ័ស្សនាម មួយទៀត គឺ អាចារ្យ មៀន, តែ ជាអាចារ្យ ក្លែងក្លាយទេ។  យួន កុម្មុយនីស្ត ឲ្យហ័ស្សនាមគាត់ អាចារ្យ មៀន នេះ ដើម្បី ឲ្យប្រជាពលរដ្ឋ ខ្មែរ ប្រដូច ដោយភ័ន្តច្រឡំ សឺង ង៉ុកមិញ ទៅនឹង អាចារ្យ ហែម ចៀវ ដែលជាអាចារ្យ ពិតប្រាកដ , ហើយ ជាអ្នក ស្នេហាជាតិ ខ្មែរ ពិតប្រាកដ ក្រោមអាណានិគមនិយម បារាំង ក្នុងដើម ទសវត្សរ៍ ឆ្នាំ ១៩៤០។

គណបក្ស ប្រជាជន កម្ពុជា លើកតម្កើង ខ្ពស់ណាស់ សឺង ង៉ុកមិញ ហៅ អាចារ្យ មៀន នេះ ដោយបាន បោះតែម ប្រៃសណីយ៍ មានរូប អាចារ្យមៀន, ហើយ បានដាក់ឈ្មោះ មហាវិថី ព្រះមុនីវង្ស នៅទីក្រុង ភ្នំពេញ សព្វថ្ងៃ ទៅជាផ្លូវ អាចារ្យ មៀន ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩៣។

ប្រវត្តិវិទូ ឯករាជ្យ ជាច្រើន បានវិភាគ, ហើយ សន្និដ្ឋាន ថា, គណបក្ស ប្រជាជន កម្ពុជា ជាគណបក្ស ដែលយួន បង្កើត, យួន បង្កប់, យួន បង្គាប់។  សឺង ង៉ុកមិញ គ្រាន់តែ ជាអាយ៉ង របស់ យួន កុម្មុយនីស្ត តែប៉ុណ្ណោះ, ហើយ គាត់ មានចរិក ជាជនក្បត់ជាតិ ពីព្រោះ គាត់ បានបម្រើ ផលប្រយោជន៍ យួន កុម្មុយនីស្ត ទាំងស្រុង ដោយមិន ដែលមាន ចិត្តគំនិត ការពារ ផលប្រយោជន៍ ខ្មែរ, សូម្បី តែ បន្តិច ក៏គ្មាន ដែរ។  គាត់ បានធ្វើ អ្វីៗ តាមបញ្ជា យួន កុម្មុយនីស្ត ទាំងស្រុង។  ពីឆ្នាំ ១៩៥១ ដល់ឆ្នាំ ១៩៥៤, គាត់ ឲ្យកងទ័ព យួន កុម្មុយនីស្ត យៀកមិញ ប្រើឈ្មោះ គណបក្ស ប្រជាជន កម្ពុជា ដើម្បី វាយប្រហារ កងកម្លាំង រាជរដ្ឋាភិបាល កម្ពុជា ដឹកនាំដោយ សម្តេចព្រះ នរោត្តម សីហនុ។  គាត់ យល់ស្រប ឲ្យចលនា យួន កុម្មុយនីស្ត យៀកមិញ រៀបចំ ផែនការ បំបែក ប្រទេស កម្ពុជា ជាពីរផ្នែក៖ មួយផ្នែក ឲ្យទៅ រាជរដ្ឋាភិបាល កម្ពុជា, ហើយ មួយផ្នែកទៀត ឲ្យយួន កុម្មុយនីស្ត ជាអ្នក គ្រប់គ្រង ក្រោមស្លាក គណបក្ស ប្រជាជន កម្ពុជា។  គាត់ គាំទ្រឲ្យ កងទ័ព យួន កុម្មុយនីស្ត យៀកមិញ មកវាយលុក ប្រទេសកម្ពុជា ក្រោមលេស ថា មកជួយខ្មែរ ដេញ អាណានិគមនិយម បារាំង។  តែ ពេលដែល ព្រះរាជាណាចក្រ កម្ពុជា ទទួលបាន ឯករាជ្យ ពេញលេញ ពីអាណានិគមនិយម បារាំង នៅថ្ងៃ៩ វិច្ឆិកា ឆ្នាំ១៩៥៣ ដែលជាស្នាព្រះហស្ត របស់ សម្តេចព្រះ នរោត្តម សីហនុ រួចហើយ យ៉ាងណា ក៏ដោយ ក៏ពួកយួន កុម្មុយនីស្ត ក្រោមស្លាក គណបក្ស ប្រជាជន កម្ពុជា នៅតែ មិនព្រម ចាកចេញ ពីប្រទេស កម្ពុជា, ហើយ នៅតែ ប្រយុទ្ធប្រឆាំង ជាតិ, សាសនា, និងព្រះមហាក្សត្រ របស់យើង។

ផែនការ យួន កុម្មុយនីស្ត បានចាប់ផ្តើម ទទួលបរាជ័យ បន្ទាប់ ពីកងទ័ព រាជរដ្ឋាភិបាល កម្ពុជា បានទទួល ជ័យជំនះ លើកងទ័ព យៀកមិញ ក្នុងការ ប្រយុទ្ធគ្នា នៅឃុំ ស្រែជេស ស្រុក សំបូរ ខេត្ត ក្រចេះ ក្នុងខែមេសា ឆ្នាំ១៩៥៤

តែ ទោះជាយ៉ាងណា ក៏ដោយ យួន កុម្មុយនីស្ត និងអាយ៉ង សឺង ង៉ុកមិញ នៅតែ មិន អស់ចិត្តទៀត, ហើយ ស្នើឲ្យ សហគមន៍ អន្តរជាតិ ជម្រុញ ឲ្យបំបែក ប្រទេសកម្ពុជា ជាពីរផ្នែក ដោយទុក មួយផ្នែក ឲ្យគណបក្ស ប្រជាជន កម្ពុជា ជាអ្នក គ្រប់គ្រង ដោយមាន យួន នៅពីក្រោយ។  តែ យួន កុម្មុយនីស្ត និងគណបក្ស ប្រជាជន កម្ពុជា បានទទួល បរាជ័យ យ៉ាងអាម៉ាស ក្នុងឱកាស សន្និសីទ អន្តរជាតិ ស្តីពី ឥណ្ឌូចិន ដែលបាន រៀបចំឡើង នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស ក្នុងខែកក្កដា ឆ្នាំ១៩៥៤។  ទោះ ជាគណៈប្រតិភូ វៀតណាម ខាងជើង គឺ យួនកុម្មុយនីស្ត ទទូច យ៉ាងណា ឲ្យអាយ៉ង របស់គេ គឺ គណបក្ស ប្រជាជន កម្ពុជា ដឹកនាំដោយ សឺង ង៉ុកមិញ ចូលរួមផ ងដែរ ជាគណៈប្រតិភូ មួយ ដោយឡែក ក្នុងសន្និសីទ ទីក្រុង ហ្សឺណែវនោះ ក៏សំណើ របស់ វៀតណាម ខាងជើងនេះ ទទួលបរាជ័យ ដោយសារ មហាអំណាច ទាំងអស់ តម្រូវ ឲ្យប្រទេស កម្ពុជា មានគណៈប្រតិភូ តែមួយគត់ គឺ គណៈប្រតិភូ ចាត់តាំងដោយ សម្តេចព្រះ នរោត្តម សីហនុ។  ចំពោះ ប្រទេស វៀតណាម មានគណៈប្រតិភូ រហូត ដល់ទៅ ២, គឺ វៀតណាម កុម្មុយនីស្ត និងវៀតណាម សេរី, ហើយ មហាអំណាច ធំៗ ទាំងអស់ មានសហរដ្ឋ អាមេរិក, សហភាព សូវៀត និងចិន ប្រជាមានិត បានសម្រេច បែងចែក ប្រទេស វៀតណាម ជាពីរ គឺ វៀតណាម ខាងជើង ឲ្យទៅកម្លាំង កុម្មុយនីស្ត ជាអ្នក គ្រប់គ្រង និងវៀតណាម ខាងត្បូង ឲ្យទៅកម្លាំង សេរី ជាអ្នក គ្រប់គ្រង។ សំណើ យួន កុម្មុយនីស្ត ឲ្យបែងចែក ប្រទេសកម្ពុជា ជាពីរផ្នែក ដូចប្រទេស វៀតណាមដែរ ត្រូវ ទទួលបរាជ័យ ដោយសារ តែ គណៈប្រតិភូ ប្រទេស កម្ពុជា -- ក្នុងនោះ មានលោក ញឹក ជូឡុង និងលោក សម សារី -- បានការពារ ឯកភាពជាតិ, បូរណភាពទឹកដី, និងផលប្រយោជន៍ ជាតិខ្មែរ យ៉ាងស្វិតស្វាញ។ 

ចំពោះ សឺង ង៉ុកមិញ វិញ គាត់ នៅតែ ពីក្រោយ យួនកុម្មុយនីស្ត បម្រើ តែ ផលប្រយោ ជន៍បរទេស, ហើយ គាត់ ក៏បាន បាត់ឈ្មោះទៅ ក្រោយពី បរាជ័យ ផ្លូវទូត របស់ ចលនា យួនកុម្មុយនីស្ត យៀកមិញ។  សន្និសីទ ទីក្រុងហ្សឺណែវ បានតម្រូវ ឲ្យកងកម្លាំង យួនកុម្មុយនីស្ត យៀកមិញ ដកកងទ័ព របស់ខ្លួន ទាំងស្រុង ចេញពី ប្រទេសកម្ពុជា នៅចុងឆ្នាំ ១៩៥៤។  សឺង ង៉ុកមិញ ជាមួយ ខ្មែរ រណបយួន មួយចំនួន ក៏បានធ្វើ ដំណើរ តាមកងទ័ព យៀកមិញ ដែលវិលត្រឡប់ ទៅប្រទេស វៀតណាម ខាងជើងវិញ។  គាត់ ក៏បាន ទៅរស់នៅ ទីក្រុង ហាណូយ, ហើយ ធ្វើការ បម្រើ គណបក្ស កុម្មុយនីស្ត វៀតណាម រហូតដល់ គាត់ ទទួលអនិច្ចកម្ម នៅស្រុកគេ ក្នុងឆ្នាំ ១៩៧២។  ជាសន្និដ្ឋាន, សឺង ង៉ុកមិញ ដែលជាបិតា ស្ថាបនិក គណបក្ស ប្រជាជន កម្ពុជា មិន ដែលមាន ចិត្តគំនិតអ្វី ជាខ្មែរឡើយ; គាត់ បម្រើ តែ ផលប្រយោជន៍ បរទេស ដែលជាគ្រោះថ្នាក់ ដល់ឯករាជ្យភាព, អធិបតេយ្យភាព ជាតិ, និងបូរណភាព ទឹកដី នៃប្រទេស កម្ពុជា។  ប្រវត្តិសាស្ត្រ និងកូនខ្មែរ ជំនាន់ក្រោយ នឹងចងចាំ ថា, សឺង ង៉ុកមិញ បិតាស្ថាបនិក របស់ គណបក្ស ប្រជាជន កម្ពុជា ជាជន ក្បត់ជាតិ។
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam

No comments:

Post a Comment