រថក្រោះរបស់កងទាហានស្មោះនឹងនាយករដ្ឋមន្ត្រីទី២ លោក ហ៊ុន សែន ក្នុងព្រឹត្តិការណ៍បង្ហូរឈាមកណ្ដាលក្រុងភ្នំពេញ នាថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧។ |
គណបក្ស នយោបាយ គ្រោងធ្វើ ពិធីរំឭកខួប ២០ឆ្នាំ នៃព្រឹត្តិការណ៍ រដ្ឋប្រហារ ថ្ងៃទី៥-៦ កក្កដា
RFA / វិទ្យុ អាស៊ី សេរី | ២ កក្កដា ២០១៧
គណបក្ស នយោបាយ គ្រោងធ្វើ ពិធីរំឭកខួប ២០ឆ្នាំ នៃព្រឹត្តិការណ៍ រដ្ឋប្រហារ ថ្ងៃទី៥ ទី៦ ខែកក្កដា ឆ្នាំ១៩៩៧ ដើម្បី រំឭក ការចងចាំ នៃការប្រព្រឹត្ត អំពើហិង្សា វាយប្រហារគ្នា រវាង កម្លាំង រដ្ឋាភិបាល ចម្រុះ ទាំងពីរ នៅកណ្ដាល ទីក្រុង ភ្នំពេញ។ ក៏ប៉ុន្តែ រយៈពេល ២០ឆ្នាំ មកនេះ រដ្ឋាភិបាល មិនទាន់ រកអ្នក ដែលទទួល ខុសត្រូវ លើការបង្កើត ឲ្យមាន ការបាញ់ប្រហារគ្នា បណ្ដាល ឲ្យជន ស្លូតត្រង់ ស្លាប់ ជាច្រើននាក់ នោះ មកទទួល ខុសត្រូវ តាមផ្លូវច្បាប់ នៅឡើយ។គិតមកដល់ឆ្នាំ២០១៧ គឺរយៈពេល ២០ឆ្នាំគត់នៃព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី៥ ទី៦ ខែកក្កដា ឆ្នាំ១៩៩៧ ប៉ុន្តែគណបក្សនយោបាយមួយចំនួន មិនបំភ្លេចហេតុការណ៍នេះទេ ហើយបានរៀបចំពិធីរំឭកខួបនៃការចងចាំអំពីព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំ។
មិនខុសពីឆ្នាំមុនៗឡើយ គណបក្សមួយចំនួននឹងធ្វើពិធីរំឭកខួបនេះ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងថា នៅព្រឹកថ្ងៃទី៥ កក្កដា គណបក្សនឹងធ្វើពិធីរំឭកព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី៥ ទី៦ ខែកក្កដា ឆ្នាំ១៩៩៧ នៅទីស្នាក់ការគណបក្សក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ លោកថា ពិធីនេះគឺជាពិធីសាសនាដោយសូត្រមន្ត បង្សុកូលគោរពជូនវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងព្រឹត្តិការណ៍នោះ ដើម្បីកុំឲ្យអ្នកនយោបាយជំនាន់ក្រោយប្រើកម្លាំង ឬប្រើអំពើហិង្សាតតាំងគ្នានាំឲ្យពលរដ្ឋរងគ្រោះ៖ «ព្រោះព្រឹត្តិការណ៍នេះធ្វើឲ្យមនុស្សស្លាប់មានអំពើឃោរឃៅ យើងចង់ឲ្យអ្នកនយោបាយសម័យក្រោយៗទៀត ធ្វើសេចក្ដីសម្រេចអីក៏ដោយ កុំឲ្យមានអំពើហិង្សា មានអំពើឃោរឃៅបាត់បង់ជីវិតមនុស្ស ធ្វើឲ្យសង្គម និងប្រជាពលរដ្ឋឈឺចាប់។ យើងចង់រំឭកព្រឹត្តិការណ៍នេះឲ្យវិញ្ញាណក្ខន្ធអ្នកស្លាប់បានទៅកាន់សុគតិភព។»
ទាក់ទងនឹងគម្រោងរៀបចំព្រឹត្តិការណ៍ខួបរដ្ឋប្រហារថ្ងៃទី៥ ទី៦ ខែកក្កដា ឆ្នាំ១៩៩៧ នេះដែរ អ្នកនាំពាក្យ និងជាអនុប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន មានប្រសាសន៍នៅថ្ងៃទី២ កក្កដា ថា មកដល់ពេលនេះ លោកមិនទាន់ច្បាស់នៅឡើយថា គណបក្សនឹងរៀបចំពិធីរំឭកព្រឹត្តិការណ៍នេះនៅឡើយទេ។ លោកថា ជាទូទៅអាចមានការប្រារព្ធពិធីសាសនា ប៉ុន្តែរឿងនេះជាព្រឹត្តិការណ៍ជូរចត់ ដែលគណបក្សមិនមានបំណងគាស់កកាយនូវរឿងចាស់ឡើងវិញនាំឲ្យមានភាពឈឺចាប់នោះឡើយ៖ «ខ្ញុំទើបមកដល់ស្រុកខ្មែរដែរ។ ខ្ញុំមិនទាន់ច្បាស់ថា អគ្គលេខាធិការដ្ឋានគេនឹងធ្វើការម៉េចៗ ទាល់តែស្អែកបានព័ត៌មានខ្លះ ជាទូទៅសូត្រមន្តសង្ឃទានអីខ្លះទៅ។»
អង្គការមិនមែនរដ្ឋាភិបាល និងគណបក្សប្រឆាំង យល់ឃើញថា វាជាព្រឹត្តិការណ៍ដណ្ដើមអំណាចគ្នារវាងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ ដែលបានទម្លាក់សម្ដេចក្រុមព្រះពីអំណាច ដោយការបង្ហូរឈាមបានជោគជ័យ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងទៅថ្លែងការពារថា វាពុំមែនជាព្រឹត្តិការណ៍រដ្ឋប្រហាររបស់លោកទេ។
អតីតមេទ័ពគណបក្សហ៊្វុនស៊ិនប៉ិច ដែលបច្ចុប្បន្នជាប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ ធ្លាប់បានបដិសេធថា រូបលោកមិនដែលក្បត់នឹងគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងរឿងព្រឹត្តិការណ៍ផ្ទុះអាវុធថ្ងៃទី៥-៦ កក្កដា ម្ដងណាទេ។
ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា រាយការណ៍ថា មនុស្សប្រមាណ ៦០នាក់ត្រូវបានសម្លាប់ក្រៅច្បាប់នៅក្នុងអំឡុងពេលរដ្ឋប្រហារគិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៩៧ កាលពី ២០ឆ្នាំមុន។
ទោះបីយ៉ាងនេះក្ដី នៅក្នុងរបាយការណ៍កម្រាស់ ៧៣ទំព័ររបស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានរៀបរាប់ថា នៅក្នុងខែកក្កដា ឆ្នាំ១៩៩៧ លោក ហ៊ុន សែន បង្កើតឲ្យមានព្រឹត្តិការណ៍មួយដែលអង្គការសហប្រជាជាតិ ហៅថា ជារដ្ឋប្រហារប្រឆាំងនាយករដ្ឋមន្ត្រីទី១ ទ្រង់នរោត្តម រណឫទ្ធិ។
កងកម្លាំង និងក្រុមមន្ត្រីមួយចំនួនរបស់គណបក្សប្រជាជនកម្ពុជា មានលោក ជា ស៊ីម លោក ស ខេង និងលោក កែ គឹមយ៉ាន ជាដើម បានប្រឆាំងនឹងផែនការរដ្ឋប្រហារនោះ ប៉ុន្តែលោក ហ៊ុន សែន បានប្រើកម្លាំងផ្ទាល់ខ្លួន។ រដ្ឋប្រហារនោះត្រូវបន្តដោយការសម្លាប់ក្រៅច្បាប់ ការបូជាសពដែលមិនស្គាល់អត្តសញ្ញាណ ដោយលាក់កំបាំងការធ្វើទារុណកម្ម និងការឃុំឃាំងដោយកងកម្លាំងរបស់លោក ហ៊ុន សែន។ អ្នករងគ្រោះភាគច្រើនជាកងកម្លាំងហ៊្វុនស៊ិនប៉ិច។ របាយការណ៍របស់អង្គការសហប្រជាជាតិ បានរកឃើញថា ពេលនោះមានមន្ត្រីបក្សនយោបាយប្រមាណពី ៤០ ទៅ ៦០នាក់ត្រូវបានសម្លាប់ក្រៅច្បាប់។
ក្នុងរបាយការណ៍ក៏បានរៀបរាប់ពីការស្លាប់របស់ឧត្ដមសេនីយ៍មួយចំនួន រួមមានលោក ចៅ សម្បត្តិ លោក ក្រូច យឿម បន្ទាប់ពីត្រូវចាប់បាននៅថ្ងៃទី៨ កក្កដា ដោយកងកម្លាំងអង្គភាពឆត្រយោង៩១១ ក្រោមបញ្ជាការរបស់លោក ចាប ភក្តី។ សាក្សីនិយាយថា អ្នកទាំងពីរត្រូវបាញ់ចំក្បាលចំនួន ៣គ្រាប់។ ប៉ុន្តែរដ្ឋាភិបាលពុំដែលស៊ើបអង្កេតករណីនេះឡើយ គឺគ្រាន់តែអះអាងថា លោក ចៅ សម្បត្តិ ខាំអណ្ដាតសម្លាប់ខ្លួន។ យ៉ាងណា សាកសពរបស់អ្នកទាំងពីរត្រូវបានគេរកឃើញ ដោយអង្គការសហប្រជាជាតិ និងក្រុមគ្រួសារដែលបង្ហាញពីអំពើទារុណកម្មមុនពេលសម្លាប់។ អង្គភាព៩១១ ត្រូវរកឃើញថា ពាក់ព័ន្ធនឹងទារុណកម្ម។ នៅពេលដែលអង្គការសហប្រជាជាតិ បើកការស៊ើបអង្កេត មេបញ្ជាការអង្គភាព៩១១ លោក ចាប ភក្តី បានទទួលស្គាល់ថាបានចាប់ខ្លួនមនុស្សមួយចំនួន ប៉ុន្តែបដិសេធថា មិនបានដឹងថា មានរឿងអ្វីកើតឡើងចំពោះអ្នកទាំងនោះឡើយ។ ក្រោយមក លោក ចាប ភក្តី ដែលស្និទ្ធនឹងលោក ហ៊ុន សែន ថែមទាំងត្រូវបានឡើងបុណ្យស័ក្ដិ តែងតាំងជាឧត្ដមសេនីយ៍ទៀត។
ករណីធ្ងន់ធ្ងរជាងគេ គឺការសម្លាប់លោក ហូ សុក ដែលជាមន្ត្រីហ៊្វុនស៊ិនប៉ិច ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ធ្លាប់ចេញមុខប្រឆាំងលោកនាយករដ្ឋមន្ត្រី ក្នុងករណីរៀបចំបណ្ដឹងប្រឆាំងលោក ម៉ុង ឬទ្ធី ជាអ្នកជំនួញដែលស្និទ្ធនឹងលោក ហ៊ុន សែន ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។ លោក ហ៊ុន សែន ធ្លាប់គំរាមឲ្យអ្នកហ៊ានលូកលាន់រឿងនេះឲ្យពាក់មួកដែក។ លោក ហូ សុក ក៏មានសត្រូវម្នាក់ទៀតនៅក្រសួងមហាផ្ទៃ គឺលោក ហុក ឡង់ឌី។ នៅក្រោយរដ្ឋប្រហារ លោកត្រូវបានចាប់ទៅក្រសួងមហាផ្ទៃ ហើយត្រូវបាញ់សម្លាប់។ សាកសពរបស់លោក ត្រូវដុតចោលក្នុងវត្តមួយនៅពាក់កណ្ដាលអធ្រាត្រ។ មនុស្ស ៣នាក់ ត្រូវនាំទៅសួរចម្លើយក្នុងករណីនេះ ប៉ុន្តែត្រូវដោះលែងឲ្យរួចខ្លួន ហើយការស៊ើបអង្កេតបន្តក៏ពុំមានលទ្ធផល។
របាយការណ៍បន្តទៀតថា ជនស៊ីវិលដែលត្រូវសម្លាប់ក្នុងព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ១៩៩៧ នោះ គឺអ្នកសារព័ត៌មានខ្មែរសញ្ជាតិកាណាដា លោក ដោក សុគន្ធ ឬ ម៉ៃឃើល សេនៀ (Michael Senior) នៅពេលកំពុងថតរូបកងកម្លាំងរដ្ឋាភិបាលប្រមូលជ័យភណ្ឌតាមហាង ឬផ្ទះពលរដ្ឋក្នុងរាជធានីភ្នំពេញ។ ភរិយារបស់លោក គឺជាសាក្សីផ្ទាល់ភ្នែក ប៉ុន្តែពុំមានចំណាត់ការផ្លូវច្បាប់ណាមួយឡើយ។
ការសម្លាប់ទាំងអំបាលម៉ាន គឺជាការបំភិតបំភ័យអ្នកនយោបាយប្រឆាំង បាននិរទេសខ្លួនរហូតដល់មានការសម្របសម្រួលរបស់ជប៉ុន អាមេរិក និងអង្គការសហប្រជាជាតិ ឲ្យចូលរួមការបោះឆ្នោតក្នុងឆ្នាំ១៩៩៨។ ប៉ុន្តែការបោះឆ្នោតពោរពេញដោយអំពើហិង្សា និងមូលដ្ឋានទន់ខ្សោយ។ លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ឈ្នះសំឡេងភាគច្រើនក្នុងសភា។ ទាំងរដ្ឋប្រហារ និងការបោះឆ្នោត បានជួយឲ្យលោក ហ៊ុន សែន ពង្រឹងអំណាច។
នៅចុងឆ្នាំ១៩៩៩ ក្រសួងមហាផ្ទៃ បានអះអាងប្រាប់អង្គការសហប្រជាជាតិ ថា ខ្លួនបានដាក់បណ្ដឹងចំនួន ៧ផ្សេងៗគ្នា ប៉ុន្តែគេពុំឃើញមានដំណឹងអ្វីពីការចោទប្រកាន់ជនដៃដល់ណាម្នាក់នៅឡើយមកទល់ពេលនេះ៕
No comments:
Post a Comment