Paris Peace Accords 23 Oct. 1991

Wednesday, August 30, 2017

[Demographic Vietnamization: Kratie, Fishing] សហគមន៍ ​នៅ​ក្រចេះ ​បារម្ភ​ រឿង​ជនជាតិ​ វៀតណាម ​ប្រព្រឹត្ត​ បទ​ល្មើស ​នេសាទ ​នៅ​រដូវ​ បិទ​នេសាទ | Kratie community concerned about Vietnamese engaging in illegal fishing during prohibited fishing season

ពលរដ្ឋ​នេសាទ​ត្រី​នៅ​តាម​ដង​ទន្លេ​នៅ​ខែត្រ​ក្រចេះ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៧។
ពលរដ្ឋ​នេសាទ​ត្រី​នៅ​តាម​ដង​ទន្លេ​នៅ​ខែត្រ​ក្រចេះ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៧។

សហគមន៍ ​នៅ​ក្រចេះ ​បារម្ភ​ រឿង​ជនជាតិ​ វៀតណាម ​ប្រព្រឹត្ត​ បទ​ល្មើស ​នេសាទ ​នៅ​រដូវ​ បិទ​នេសាទ

RFA | ៣០ សីហា ២០១៧

សហគមន៍​ រស់​នៅ​ ឃុំ​ សំបុក ស្រុក ​ចិត្របុរី ខែត្រ​ ក្រចេះ បារម្ភ​ បទល្មើស​ នេសាទ កើត​មាន​ នៅ​រដូវ​ បិទ​នេសាទ។  សហគមន៍​ ថា, ជនជាតិ​ វៀតណាម បាន​ប្រើ​ ឧបករណ៍​ ឆក់​ទំនើប​ ទាំង​យប់, ​ថ្ងៃ​ នៅ​តំបន់​ ត្រី​ពង​កូន ពុំ​ឃើញ ​អាជ្ញាធរ​ណា ​ចេញ​មុខ​ ទប់ស្កាត់​ទេ បើ​ ទោះ​បី​ជា​ សហគមន៍​ បាន​រាយការណ៍ ​ទៅ​មន្ត្រី​ជំនាញ​ក្ដី។


សហគមន៍​ព្រែកកាំពីរ នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា អំពាវនាវ​ជា​ថ្មី​ទៀត​ឲ្យ​ក្រសួង​កសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​ស៊ើប​អង្កេត​ពី​មនុស្ស​មួយ​ក្រុម​នៅ​មូលដ្ឋាន ដែល​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម តែង​ធ្វើ​សកម្មភាព​ឆក់​ត្រី​នៅ​តំបន់​ត្រី​ពង​កូន និង​អន្លង់​អភិរក្ស​ផ្សោត អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សំបុក​ត្រី​មេ​ពូជ និង​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​ការ​ចិញ្ចឹម​ជីវិត​របស់​សត្វ​ផ្សោត។

សហគមន៍​រស់​នៅ​ឃុំ​សំបុក លោក ឈ្នៀង លន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ថា មនុស្ស​មួយ​ក្រុម​មាន​លំនៅ​ក្នុង​មូលដ្ឋាន​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម បាន​ចាប់​យក​របរ​នេសាទ​ខុស​ច្បាប់​ចិញ្ចឹម​ជីវិត បាន​លួច​នេសាទ​នៅ​រដូវ​បិទ​នេសាទ ដោយ​មិន​ខ្លាច​រអា​សមត្ថកិច្ច​នោះ​ទេ រី​ឯ​កិច្ច​សហការ​បង្ក្រាប​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ហាក់​នៅ​ខ្សោយ​នៅ​ឡើយ។ លោក​បារម្ភ​ថា បទល្មើស​ឆក់​ត្រជាក់​ដែល​ជនល្មើស​ប្រើ​ក្នុង​បំណង​ចាប់​ត្រី ក៏ប៉ុន្តែ​តំបន់​ទាំង​នោះ គឺ​ជា​តំបន់​ឆ្លងកាត់​យ៉ាង​សំខាន់​របស់​សត្វ​ផ្សោត អាច​ប៉ះពាល់​ដល់​ការ​ចិញ្ចឹម​ជីវិត​ផ្សោត។

លោក​កត់សម្គាល់​ថា ក្រុម​ជនល្មើស​មុខ​ដដែលៗ ដែល​អ្នក​ភូមិ​ស្គាល់​ជា​សាធារណៈ​នៅ​មូលដ្ឋាន បើសិនជា​សមត្ថកិច្ច​ជំនាញ​មាន​ឆន្ទៈ​ស្វែង​រក​អនុវត្ត​ច្បាប់ និង​អប់រំ​ឲ្យ​បញ្ឈប់​គ្មាន​អ្វី​ពិបាក​ទេ៖ «វា​មាន​ជនជាតិ​វៀតណាម នៅ​មាត់​កាំពីរ ពួក​ហ្នឹង​ក៏​ខ្លាំង​ដែរ ដើរ​ឆក់​ត្រី​ពេញ​ហ្នឹង នៅ​ឃុំ​វឌ្ឍនៈ មួយ នៅ​ឃុំ​សំបុក ដូច​មិន​ឃើញ​មាន​អ្នក​ទប់ស្កាត់​សោះ អត់​មាន​សោះ​តែម្ដង បើ​ថា​នៅ​តែ​អ៊ីចឹង ពីរ​ឆ្នាំ និង​បី​ឆ្នាំ​ទៀត ចង់​អស់​ផ្សោត»

តំបន់​អភិរក្ស​ផ្សោត ជីវចម្រុះ និង​ត្រី​មេ​ពូជ​ព្រែក​កាំពីរ ឋិត​នៅ​ដង​ទន្លេ​មេគង្គ​នៃ​ស្រុក​សំបូរ ខែត្រ​ក្រចេះ ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​កំណត់​ជា​តំបន់​អភិរក្ស និង​បែង​ចែក​ជា​តំបន់​ស្នូល កាល​ពី​ឆ្នាំ​២០១២។ តំបន់​នោះ​សំបូរ ដោយ​ជម្រក​ត្រី​ពង​កូន និង​ការ​ចិញ្ចឹម​ជីវិត​របស់​ត្រី​ផ្សោត ដែល​មាន​ក្រសួង​កសិកម្ម  និង​មន្ត្រី​រដ្ឋបាល​ជលផល​ជា​ស្ថាប័ន​ស្នូល មាន​តួនាទី​ធានា​កិច្ច​គាំពារ​បរិស្ថាន និង​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ។ ក្រៅ​ពី​នេះ ក៏​មាន​ឆ្មាំ​អភិរក្ស​របស់​រដ្ឋបាល​ជលផល​ប្រចាំការ​នៅ​ទី​នោះ ដែល​មាន​ការ​គាំទ្រ​ថវិកា​អភិរក្ស​មួយ​ចំនួន​ពី​អង្គការ​សង្គម​ស៊ីវិល។

ប្រធាន​ឆ្មាំ​ទន្លេ និង​ជា​អនុ​ប្រធាន​រដ្ឋបាល​ជលផល​ខែត្រ​ក្រចេះ លោក ម៉ុក ពន្លក ទទួល​ស្គាល់​ថា បទល្មើស​នេសាទ​នៅ​តំបន់​អភិរក្ស​នៅ​តែ​កើត​មាន ក៏ប៉ុន្តែ​ឆ្មាំ​អភិរក្ស​របស់​រដ្ឋបាល​ជលផល តែងតែ​ចុះ​បង្ក្រាប​ជា​ហូរហែ និង​ចាប់​ជនល្មើស​បញ្ជូន​ទៅ​តុលាការ​ច្រើន​ករណី។ លោក​ថា ជនសង្ស័យ​ហាក់​មាន​បណ្ដាញ​ដឹង​មុន ខណៈ​ដែល​មាន​ក្រុម​ល្បាត​ចុះ​ទៅ​បង្ក្រាប ជនសង្ស័យ​តែង​រត់​គេច​ខ្លួន​បាត់។ បញ្ហា​នេះ​លោក​អំពាវនាវ​ពលរដ្ឋ អាជ្ញាធរ​ដែនដី នគរបាល និង​សហគមន៍​នេសាទ​ត្រូវ​រួម​គ្នា​ផ្ដល់​ដំណឹង​មក​មន្ត្រី​ជំនាញ ពី​បទល្មើស​នេសាទ​នៅ​មូលដ្ឋាន ដើម្បី​រួម​គ្នា​អភិរក្ស​ត្រី និង​ផ្សោត​នៅ​ទន្លេ​មេគង្គ​ឲ្យ​គង់វង្ស៖ «វេទិកា​សាធារណៈ ក៏​ដូចជា​ពេល​ប្រជុំ​បណ្ដាញ​សហគមន៍ និង​ប្រជាពលរដ្ឋ តែ​សំណូមពរ​មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ ជាពិសេស​គឺ​សហគមន៍​នេសាទ​ដើម្បី​ផ្ដល់​ព័ត៌មាន​នៅ​ពេល​ដែល​ពួកគាត់​ពិនិត្យ​ជាក់ស្ដែង​ឃើញ​សកម្មភាព​ល្មើស​ដូចជា មាន​ការ​ដាក់​មង​ក្នុង​អន្លង់​អភិរក្ស ឬ​មាន​ការ​លួច​ឆក់​ត្រី»

មេ​ឃុំ​សំបុក មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​តែងតាំង​ថ្មី លោក ទុយ សុវណ្ណា ឲ្យ​ដឹង​ថា អាជ្ញាធរ​ឃុំ​ពុំ​មាន​កញ្ចប់​ថវិកា​មូលនិធិ​ឃុំ​សម្រាប់​ទ្រទ្រង់​ដំណើរការ​អភិរក្ស​ផ្សោត និង​ត្រី​មេ​ពូជ​នៅ​នោះ​ទេ ក៏ប៉ុន្តែ​ក្រុម​អាជ្ញាធរ​ឃុំ មាន​ផែនការ​បណ្ដុះបណ្ដាល​សហគមន៍​ឲ្យ​យល់​ដឹង​ពី​ច្បាប់​ជលផល ដោយ​សហការ​ជាមួយ​មន្ត្រី​ជំនាញ និង​អង្គការ​សង្គម​ស៊ីវិល។ លោក​ថា កាល​ពី​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​ឃុំ​កំពុង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ចុះ​ស្រង់​ស្ថិតិ​ពលរដ្ឋ​ណា​ដែល​ពាក់ព័ន្ធ​នេសាទ​ខុស​ច្បាប់​មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់ នឹង​ឈាន​ដាក់​ទណ្ឌកម្ម​ច្បាប់​ប្រសិន​មិន​រាងចាល៖ «ពលរដ្ឋ​ឲ្យ​ដំណឹង​មក យើង​ហៅ​ពួក​ប្រព្រឹត្ត​បទល្មើស​ប្រហែល ១០​នាក់​ហៅ​មក​ធ្វើ​កិច្ចសន្យា»

រដូវ​បិទ​នេសាទ​ចាប់ផ្ដើម​ពី​ខែ​មិថុនា ដល់​ខែ​កញ្ញា។ ក្នុង​ចន្លោះ​ពេល​នេះ គេ​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​នេសាទ​នៅ​តំបន់​ស្នូល ឬ​តំបន់​អភិរក្ស​ផ្សោត ជីវចម្រុះ និង​ត្រី​មេ​ពូជ​នោះ​ទេ  តែ​គេ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ប្រើ​ឧបករណ៍​នេសាទ​លក្ខណៈ​គ្រួសារ​ដូចជា មង មិន​លើស​ពី ២០០​ម៉ែត្រ សន្ទូច លប ដាក់ឡុក​ជាដើម ដែល​មិន​ឋិត​ក្នុង​តំបន់​អភិរក្ស​ជីវចម្រុះ  ឬ​ហៅ​ថា តំបន់​ស្នូល៕


No comments:

Post a Comment