Paris Peace Accords 23 Oct. 1991

Friday, August 25, 2017

[Demographic Vietnamization: Logging, Military, Border, Ratanakiri] ពលរដ្ឋ​ ថា ​ព្រៃឈើ​ នៅ​ជាប់ ​ព្រំដែន​ ក្នុង​ស្រុក​អណ្ដូងមាស​ កំពុង ​រង​ការ​កាប់ ​ធ្វើ​អាជីវកម្ម | Villagers say illegal logging at border in Andong Meas district continues trading

ផែនទី​ខេត្ត​រតនគិរី។

ពលរដ្ឋ​ ថា ​ព្រៃឈើ​ នៅ​ជាប់ ​ព្រំដែន​ ក្នុង​ស្រុក​អណ្ដូងមាស​ កំពុង ​រង​ការ​កាប់ ​ធ្វើ​អាជីវកម្ម

RFA / វិទ្យុ អាស៊ី សេរី | ២៥ សីហា ២០១៧



ពលរដ្ឋ​រស់នៅ​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស អះអាង​ថា ព្រៃឈើ​នៅ​ជាប់​តំបន់​ព្រំដែន​ក្នុង​ភូមិ​ចង ចំណុច​ផ្លូវ​ឈូស​ថ្មី​ក្បែរ​បង្គោល​ព្រំដែន​លេខ​១៩ លើ​៤ កំពុង​រង​ការ​កាប់​យក​ឈើ និង​រាន​យក​ដី​ជា​កម្មសិទ្ធិ។ អ្នក​ភូមិ​បារម្ភ​ថា ព្រៃឈើ​ដែល​សេសសល់​នៅ​តំបន់​នោះ នឹង​រង​ការ​បំផ្លាញ​អស់ ប្រសិន​បើ​អាជ្ញាធរ​មិន​ប្រញាប់​ទប់ស្កាត់​ករណី​នេះ។ ចំណែក​មេ​បញ្ជាការ​ការពារ​ព្រំដែន​បដិសេធ​ថា ការ​អះអាង​នេះ​ជា​រឿង​មិន​ពិត។

ពលរដ្ឋ​រស់នៅ​ភូមិ​ចង ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​មន្ត្រី​ជំនាញ​ព្រៃឈើ ចុះ​ស៊ើប​អង្កេត​ករណី​នេះ​ជា​បន្ទាន់ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ។

ការ​អំពាវនាវ​នេះ ក៏​ស្រប​ពេល​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​បាន​ផ្សាយ​ព័ត៌មាន​ទាក់ទិន​សកម្មភាព​កាប់​ព្រៃឈើ​នៅ​តំបន់​នោះ​មាន​ទំហំ​ធំ ដើម្បី​យក​ឈើ​មូល​ធ្វើ​អាជីវកម្ម​លក់​ឲ្យ​ឈ្មួញ​វៀតណាម។ ចំណែក​ដី​ដែល​កាប់​រាន​រួច​ហើយ នឹង​ត្រូវ​ហ៊ុមព័ទ្ធ​ដើម្បី​យក​ដី។

អ្នក​យក​ព័ត៌មាន ​ឲ្យ​ទូរទស្សន៍ អេអិនអិន (ANN) ឲ្យ​អាស៊ីសេរី​ ដឹង​នៅ​ថ្ងៃ​ ទី​២៤ សីហា ថា, តំបន់​នោះ​ត្រូវ​បាន​ក្រុម​យោធា​យាម​ការពារ​តឹងរ៉ឹង​មិន​ឲ្យ​ជន​ណា​ចូល​ទៅ​តំបន់​នោះ​បាន​ទេ ជាពិសេស​ក្រុម​អ្នក​កាសែត​ដែល​ប៉ុនប៉ង​ចូល​ទៅ​កាន់​តំបន់​នោះ។ សេចក្តី​រាយការណ៍​ឲ្យ​ដឹង​ថា កម្មករ​រាប់​សិប​នាក់​ប្រដាប់​ដោយ​ម៉ាស៊ីន​កាត់​ឈើ​រាប់​សិប​គ្រឿង ត្រូវ​គេ​នាំ​មក​សង់​រោង​ស្នាក់នៅ​ក្នុង​ព្រៃ ហើយ​អារ​រំលំ​ឈើ​ក្នុង​ព្រៃ៖ «ឈើ​កាប់​ពេញ​តែ​ព្រៃ ចូល​អារ​ឮ​តែ​ម៉ាស៊ីន​រណារ​ត្រង់ស៊ីន័រ​ថ្លង់​ពេញ​តែ​ព្រៃ»



ភូមិ​ចង ឋិត​នៅ​ជាប់​ខ្សែ​ក្រវាត់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។ អ្នក​ភូមិ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ផ្លូវ​លំ​ត្រូវ​គេ​ឈូស​ឆាយ​ចូល​ទៅ​ចំណុច​កាប់​យក​ឈើ​មាន​តម្លៃ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់ ហើយ​ហ៊ុមព័ទ្ធ​យក​ដី គ្រោង​លក់​ទៅ​ឲ្យ​ឈ្មួញ​ដែល​នៅ​ពី​ក្រោយ​សកម្មភាព​កាប់​ព្រៃឈើ​នៅ​តំបន់​នោះ។

មេ​ឃុំ​ញ៉ាង លោក រម៉ាម ហិន បដិសេធ​ថា​មិន​បាន​ដឹង​រឿង​នេះ​ទេ ក៏ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា អភិបាល​ស្រុក​អណ្ដូងមាស បាន​បញ្ជា​ឲ្យ​លោក​ទៅ​ពិនិត្យ​មើល​ទីតាំង​ដែល​មាន​សេចក្តី​រាយការណ៍​រឿង​កាប់​ឈើ​នេះ៖ «អ៊ីចឹង​បាន​ថា​យើង​មិន​ទាន់​ទៅ​ដល់ ចាំ​ទៅ​ដល់ យើង​សួរ​គេ​អ្នក​ណា​ចាប់​យក​ដី​នោះ»


ចំណែក​អភិបាល​ស្រុក​អណ្ដូងមាស លោក ខេន សានីត ទទួល​ស្គាល់​ថា លោក​ទទួល​បាន​ព័ត៌មាន​នេះ​ដូច​គ្នា ក៏ប៉ុន្តែ​អាជ្ញាធរ​ឃុំ​មិន​ទាន់​ធ្វើ​របាយការណ៍​ទាក់ទិន​ករណី​នេះ​យ៉ាង​ណា​នៅ​ឡើយ។ លោក​ថា ប្រសិន​បើ​មាន​ក្រុម​ណា​កាប់​ឈើ​នៅ​តំបន់​នោះ គឺ​ជា​រឿង​ខុស​ច្បាប់៖ «តាម​ព័ត៌មាន​ពី​មុន​មាន​ម្តង​ហើយ ប៉ុន្តែ​យើង​អត់​ទាន់​ចុះ​ទៅ​មើល​ជាក់ស្តែង អ៊ីចឹង​បាន​ខ្ញុំ​មិន​ហ៊ាន​ជម្រាប​ជូន»


ទាក់ទិន​ករណី​នេះ​ដែរ មេ​បញ្ជាការ​យោធា​ការពារ​ព្រំដែន​វរៈ​លេខ​២០៣ លោក បុត្រ ពិលី អះអាង​ថា របាយការណ៍​ចោទ​ថា​មាន​កាប់​ឈើ​នេះ​មិន​ពិត​ទេ ព្រោះ​តំបន់​នោះ​នៅ​ចម្ងាយ ៣០​ម៉ែត្រ​ពី​ខ្សែ​ក្រវាត់​ព្រំដែន ហេតុ​នេះ​ទើប​សមត្ថកិច្ច​ឃាត់​មិន​ឲ្យ​អ្នក​យក​ព័ត៌មាន​ចូល​តំបន់​នោះ។ លោក​ថា គ្មាន​សកម្មភាព​កាប់​ឈើ ឬ​កាប់​រាន​ព្រៃ​នៅ​តំបន់​នោះ​ឡើយ៖ «បើ​យើង​ចង់​ទៅ​ហួស ៣០​ម៉ែត្រ​ចូល​ដី​គេ​ហើយ គេ​ម៉េច​ឲ្យ​ចូល ទាល់​តែ​មាន​សំបុត្រ​ស្នាម។ ១៩ លើ ៤ ភូមិ​គេ​តែ​ម្តង បើ​ថ្ងៃ​ណា​ខ្ញុំ​នាំ​ទៅ​មើល»

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី លោក កែប កត់ បញ្ជាក់​ថា នឹង​ចាត់​មន្ត្រី​ជំនាញ​ទៅ​កាន់​តំបន់​នោះ​ដើម្បី​ពិនិត្យ​មើល​ជាក់ស្តែង៕



No comments:

Post a Comment