Global Witness ថ្កោលទោស រដ្ឋាភិបាល កម្ពុជា ដែលបិទ វិទ្យុឯករាជ្យ
|
ក្នុងសេចក្ដីប្រកាស ព័ត៌មាន ចេញផ្សាយ នៅថ្ងៃអង្គារ ទី២៩ សីហា ឆ្នាំ២០១៧, អង្គការ Global Witness ទទូច ឲ្យរដ្ឋាភិបាល របស់លោក នាយករដ្ឋមន្ដ្រី ហ៊ុន សែន បញ្ឈប់ ការធ្វើ ទុក្ខបុកម្នេញ លើបណ្ដាញ សារព័ត៌មាន ឯករាជ្យ មួយចំនួន ដូចជាវិទ្យុ សំឡេង ប្រជាធិបតេយ្យ (VOD) និងកាសែត The Cambodia Daily ដែលត្រូវ បានក្រសួង ព័ត៌មាន បិទដៃគូ ស្ថានីយផ្សាយ និងចោទ ថា មិន បានបង់ ពន្ធ ជាង ៦លាន ដុល្លារ អាមេរិក។
អង្គការ Global Witness ក៏ថ្កោលទោស ករណី ព្រមាន បិទ «បន្ទប់ស្ថានការណ៍ បោះឆ្នោត» និងការ បិទ វិទ្យាស្ថាន ជាតិ ប្រជាធិបតេយ្យ ឬ «NDI» ខណៈ រដ្ឋាភិបាល ចោទថា មិន បានចុះ បញ្ជី ត្រឹមត្រូវ និងខកខានកាតព្វកិច្ចបង់ពន្ធ ព្រមទាំងបណ្តេញបុគ្គលិកអង្គការនេះឲ្យ វេចបង្វេចចេញពីប្រទេសកម្ពុជា ក្នុងរយៈពេលមួយសប្ដាហ៍។
អ្នកធ្វើយុទ្ធនាការរបស់អង្គការ Global Witness លោកស្រី Emma Burnett មានប្រសាសន៍ថា ការបង្ក្រាបរបស់រដ្ឋាភិបាល ជាការបំបិទមិនឲ្យមានសំឡេងរិះគន់ និងរិតត្បិតសិទ្ធិបញ្ចេញមតិ។ លោកស្រីក៏អំពាវនាវដល់ម្ចាស់ជំនួយនិងរដ្ឋាភិបាលប្រទេសដទៃទៀត ដាក់សម្ពាធឲ្យ លោក ហ៊ុន សែន បោះបង់ការគំរាមកំហែងទាំងនេះចោលកុំឲ្យរីកធំឡើងជាងមុន។
ក្នុងសេចក្ដីប្រកាស លោកស្រីថា៖ «រលកនៃការគំរាមកំហែង បិទ និងការបណ្តេញនាពេលថ្មីៗនេះ គឺមានចេតនាច្បាស់លាស់ ដើម្បីបំភ័យសំឡេងរិះគន់លោក ហ៊ុន សែន ឲ្យស្ងប់ស្ងាត់។ យើងមិនអាចមើលស្រាល ចំពោះឥទ្ធិពលនេះ ដែលនឹងមានទៅលើសេរីភាពក្នុងការបញ្ចេញមតិ នៅទូទាំងប្រទេសនោះទេ។ បណ្ដាប្រទេសនិងម្ចាស់ជំនួយ ដែលជួញដូរនិងវិនិយោគ ក្នុងប្រទេសកម្ពុជា គួរប្រើឥទ្ធិពលរបស់ពួកគេ ដើម្បីបញ្ឈប់ការបង្រ្កាបរបស់លោក ហ៊ុន សែន មុនពេលវារីករាលដាលជាងនេះ»។
VOD មិនទាន់អាចទាក់ទងសុំការឆ្លើយតបពីអ្នកនាំពាក្យគណបក្សប្រជាជនបានឡើយ។
ជុំវិញការបិទអង្គការមនុស្សធម៌ NDI កាលពីថ្ងៃទី២៣សីហាកន្លងទៅនេះ ទូតអាមេរិកប្រចាំកម្ពុជា ក្រសួងការបរទេសអាមេរិក អង្គការសហប្រជាជាតិ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ (Human Rights Watch) បានរិះគន់រដ្ឋាភិបាលកម្ពុជា ដោយថា លោក ហ៊ុន សែន គួរបញ្ឈប់សកម្មភាពគំរាមកំហែងទាំងនេះចោល បើពុំនោះទេ លទ្ធផលបោះឆ្នោតឆ្នាំ២០១៨ នឹងមិនអាចជឿទុកចិត្តបានឡើយ។
បើតាមសេចក្ដីប្រកាស Global Witness ថា យ៉ាងហោចណាស់ ស្ថានីយវិទ្យុចំនួន៣៣ ត្រូវបានក្រសួងព័ត៌មានផ្អាកការផ្សាយ ដោយចោទម្ចាស់ស្ថានីយទាំងនោះថា បំពានកិច្ចសន្យា ជាមួយរដ្ឋាភិបាល៕
No comments:
Post a Comment