Paris Peace Accords 23 Oct. 1991

Friday, September 1, 2017

សារ របស់លោក សម រង្ស៊ី ជូន ប្រជារាស្ត្រ ខ្មែរ ជាលាយលក្ខណ៍ អក្សរ | Message from Sam Rainsy to the Khmer people in writing


២៧ សីហា ២០១៧ / 27 August 2017 

សារ របស់លោក សម រង្ស៊ី ជូន ប្រជារាស្ត្រ ខ្មែរ ជាលាយលក្ខណ៍ អក្សរ។
Message from Sam Rainsy to the Khmer people in writing.
In English
សូម ជម្រាបសួរ បងប្អូន ជនរួមជាតិ និងក្មួយៗ ជាទីគោរព និងជាទីនឹករលឹក
ប៉ុន្មាន សប្តាហ៍ ចុងក្រោយនេះ ស្ថានការណ៍ នយោបាយ នៅប្រទេស កម្ពុជា បានឈាន មកដល់ ដំណាក់កាលមួយ ដែលមាន សភាពការណ៍ តានតឹង និងដុនដាប លើស ពីពេល មុនៗ ទាំងអស់ តាំងពីថ្ងៃ ចុះហត្ថលេខា លើកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឆ្នាំ១៩៩១ មក។
រដ្ឋាភិបាល សព្វថ្ងៃ បានរំលោភ ទាំងកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ទាំងរដ្ឋធម្មនុញ្ញ នៃប្រទេស កម្ពុជា និងទាំងអនុសញ្ញា និងកតិកាសញ្ញា ទាំងអស់ ស្តីពី សិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ ដែលប្រទេស កម្ពុជា បានចុះហត្ថលេខា, ហើយ បានយល់ព្រម គោរព និងអនុវត្ត កាលពីអតីតកាល ថ្មីៗនេះ។
អ្វី ដែលគេ បានធ្វើ ប៉ុន្មាន សប្តាហ៍ ចុងក្រោយនេះ មិនខុស ពីរដ្ឋប្រហារឡើយ, តែ មិនមែន ជារដ្ឋប្រហារ យោធាទេ, គឺ ជារដ្ឋប្រហារ ធម្មនុញ្ញ ពីព្រោះ ជាការ ជាន់ឈ្លី រដ្ឋធម្មនុញ្ញ និងការព្យួរ សិទ្ធិសេរីភាព និងការផ្អាក យន្តការ ប្រជាធិបតេយ្យ ទាំងអស់ ដែលមានចែង នៅក្នុង រដ្ឋធម្មនុញ្ញ។
អ្វី ដែលនៅ សេសសល់ គ្រាន់តែ ជាសម្បកក្រៅ តែប៉ុណ្ណោះ, គឺ ជារូបភាព ក្លែងក្លាយ ដែលគ្មាន ន័យ និងគ្មាន ខ្លឹមសារ ពិតប្រាកដ ឬក៏ក្នុង ន័យមួយ ដែលគេ យកទៅកែច្នៃ ដើម្បី ធ្វើផ្ទុយស្រឡះ ពីន័យ ពិតប្រាកដ នៃពាក្យ នីមួយៗ។
វប្បធម៌ នយោបាយ នៃអ្នកដឹកនាំ ប្រទេសយើង សព្វថ្ងៃ គឺ ជាវប្បធម៌ ឈរលើ ភាពក្លែងក្លាយ ដូចជាប្រជាធិបតេយ្យ ក្លែងក្លាយ, នីតិរដ្ឋ ក្លែងក្លាយ, និងអភិវឌ្ឍ ក្លែងក្លាយ។
ប្រជាធិបតេយ្យ សព្វថ្ងៃ គឺ ជាប្រជាធិបតេយ្យ ក្លែងក្លាយ ដែលរដ្ឋអំណាច ផ្តាច់ការ រៀបចំឡើង ជាសម្បកក្រៅ ដើម្បី គាបសង្កត់ និងធ្វើបាប ប្រជារាស្ត្រ តែប៉ុណ្ណោះ។
នីតិរដ្ឋ សព្វថ្ងៃ ក៏ជានីតិរដ្ឋ ក្លែងក្លាយដែរ ពីព្រោះ ជាការសម្អាង លើច្បាប់ ក្លែងក្លាយ ស្ថិតលើ បបូរមាត់គេ ឬលើការ ស៊ុមក្រលុម របស់ បក្ខពួកគេ ដើម្បី រំលោភ គោលការណ៍ លទ្ធិប្រជាធិបតេយ្យ ដែលមានចែង នៅក្នុង រដ្ឋធម្មនុញ្ញ។
ឯអភិវឌ្ឍ សព្វថ្ងៃ ក៏ជាអភិវឌ្ឍ ក្លែងក្លាយដែរ ពីព្រោះ អភិវឌ្ឍ ពិតប្រាកដ គឺ ដើម្បី បម្រើ ផលប្រយោជន៍ ប្រជារាស្ត្រ និងធ្វើឲ្យ ជីវភាព ប្រជារាស្ត្រ រីកចម្រើន ពិតប្រាកដ, មិនមែន ដូចសព្វថ្ងៃ ដែលគេ លួចប្លន់ ទ្រព្យសម្បត្តិ ប្រជារាស្ត្រ, បំផ្លាញ ធនធាន ធម្មជាតិ, ប្រព្រឹត្ត អំពើ ពុករលួយ ជាប្រព័ន្ធ, គិតគូរ តែ ពីផលប្រយោជន៍ ក្រុមគ្រួសារគេ និងបក្ខពួកគេ, ហើយ ធ្វើឲ្យ ប្រជារាស្ត្រ កាន់តែ ក្រ វេទនាទៅ, ជំពាក់ លុយគេ វណ្ឌ ក, ត្រូវ ចំណាកស្រុក រាប់លាននាក់ ក្រោមស្លាក អភិវឌ្ឍ ក្លែងក្លាយ របស់ ពួកគេ។
សូម្បីតែ ប្រវត្តិរូប អ្នកដឹកនាំ ប្រទេស សព្វថ្ងៃ ក៏ជាប្រវត្តិរូប ដែលគេ ច្នៃប្រឌិត ដើម្បី ឲ្យជនក្បត់ជាតិ និងជនឧក្រិដ្ឋ អាចក្រាញ អំណាច មួយជីវិត, ហើយ យកប្រទេស កម្ពុជា ធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួន របស់គេ ដោយបិទបាំង ប្រវត្តិសាស្ត្រ ពិតប្រាកដ នៃប្រទេស កម្ពុជា ក្នុងរយៈពេល ៧០ឆ្នាំ ចុងក្រោយនេះ។
ប្រជារាស្ត្រ ខ្មែរ មិនអាច រំពឹង លើរបប នយោបាយ សព្វថ្ងៃទេ ដែលបំផ្លិចបំផ្លាញ ផលប្រយោជន៍ ប្រទេសជាតិយើង ឥតឈប់ឈរ ដោយបម្រើ តែ ផលប្រយោជន៍ បរទេស និងផលប្រយោជន៍ ក្រុមគ្រួសារគេ និងបក្ខពួកគេ មួយក្តាប់តូច តែប៉ុណ្ណោះ។  ខាងគេ ខាងនោះ ក៏មិនអាច រំពឹង លើទឹកចិត្ត និងការគាំទ្រ ពីប្រជារាស្ត្រដែរ ពីព្រោះ ប្រជារាស្ត្រ ចាប់ផ្តើម យល់ច្បាស់ ពីសារជាតិ ពិតប្រាកដ នៃអ្នកដឹកនាំ ប្រទេស សព្វថ្ងៃ។
សូម្បីតែ ពាក្យសន្យា របស់ ពួកគេ ថ្មីៗនេះ មុនការ បោះឆ្នោត ឆ្នាំ២០១៨ ដែលពួកគេ សន្យាថា នឹងធ្វើនេះ នឹងធ្វើនោះ ដ៏ល្អប្រពៃ នៅថ្ងៃមុខ ក៏ធ្វើឲ្យ ប្រជារាស្ត្រ អស់សំណើច ដែរ។  បើ ពួកគេ មានចិត្ត, មានបំណង, និងមានគម្រោង ធ្វើល្អមែន, ហេតុអ្វី ក៏ពួកគេ មិនធ្វើទៅ ក្នុងរយៈពេល ដែលខ្លួន បានដឹកនាំ ប្រទេស ជិត ៤០ឆ្នាំ មកហើយ?  ហេតុអ្វី ទើបតែ សន្យា ថា នឹងធ្វើល្ អទៅថ្ងៃមុខ ពេលការបោះឆ្នោត ឆ្នាំ២០១៨ ជិតមកដល់?
យើង ក៏យល់, គេ ក៏យល់ ថា ពួកគេ នឹងចាញ់ ឆ្នោតហើយ នៅឆ្នាំ ២០១៨ ខាងមុខនេះ ពីព្រោះ ប្រជារាស្ត្រ អស់ជំនឿ លើពួកគេហើយ, ហើយ ប្រជារាស្ត្រ ទាមទារ ឲ្យមាន ការផ្លាស់ប្តូរ។  ដោយសារតែ ពួកគេ មិនចង់, ហើយ មិនព្រម ចុះចេញ ពីតំណែង នៅឆ្នាំ ២០១៨ ខាងមុខនេះ បានជាពួកគេ ប្រើអំណាច កាន់តែ ផ្តាច់ការទៅៗ ដូចជា ការលួចសម្លាប់ បញ្ញវន្ត អ្នកស្នេហាជាតិ, ការចាប់ ប្រជាពលរដ្ឋ ដាក់ពន្ធនាគារ កាន់តែ ច្រើនឡើងៗ, ការបិទ ឬត្រៀមបិទ វិទ្យុ និងសារព័ត៌មាន ទាំងខ្មែរ ទាំងបរទេស ដែលហ៊ាន និយាយ ការពិត, ហើយ ការបណ្តេញចេញ អង្គការ អន្តរជាតិ ដែលធ្វើ សកម្មភាព ដោយសន្តិវិធី និងស្របច្បាប់ ដើម្បី លើកតម្កើង លទ្ធិប្រជាធិបតេយ្យ នៅប្រទេស កម្ពុជា។
ទោះ ជាយ៉ាងណា ក៏ដោយ, ខ្ញុំ នៅតែ មានជំនឿ ថា, ជនផ្តាច់ការ ណា ក៏ដោយ, ហើយ របប ព្រៃផ្សៃ ណា ក៏ដោយ ក៏មិន អាចឈ្នះ កម្លាំង ប្រជារាស្ត្រ បានទេ។  ក្នុងឋានៈខ្ញុំ ជាកូនខ្មែរ មួយរូប ដែលមាន សេរីភាព និងមាន លទ្ធភាពខ្លះ, ខ្ញុំ នឹងខិតខំ ធ្វើសកម្មភាព គ្រប់បែបយ៉ាង និងរិះរក មធ្យោបាយ គ្រប់បែបយ៉ាង ប្រកបដោយ សីលធម៌ ដើម្បី ផ្តល់សេរីភាព និងយុត្តិធម៌ ជូន ប្រជារាស្ត្រ ខ្មែរ ឲ្យទាល់តែ បាន។  ទន្ទឹមនេះ ខ្ញុំ នឹងខិតខំ ផងដែរ ដើម្បី ផ្តល់ឯករាជ្យភាព និងអធិបតេយ្យភាព ជាតិ ពេញលេញ ឡើងវិញ ជូនប្រទេស កម្ពុជា ដែលជាជាតិ មាតុភូមិ ដ៏កម្សត់ របស់យើង ទាំងអស់គ្នា។
ខ្ញុំ សូម អំពាវនាវ ឲ្យបងប្អូន និងក្មួយៗ ទាំងអស់ រក្សាជំហរ ស្នេហាជាតិ ឲ្យរឹងមាំ, ហើយ ត្រៀមខ្លួន បន្តការតស៊ូ របស់យើង ដើម្បី សេរីភាព និងយុត្តិធម៌, ហើយ ដើម្បី ការពារ ទឹកដី ប្រទេស កម្ពុជា របស់យើង ឲ្យនៅ គង់វង្ស ជានិរន្តិ៍។
កិច្ចការ ចំពោះមុខ មុនគេ ពេលនេះ សូម ឲ្យបងប្អូន ក្មួយៗ ណា ដែលមិន ទាន់មាន ឈ្មោះ លើបញ្ជី ឈ្មោះអ្នកបោះឆ្នោត, សូម អញ្ជើញទៅ ចុះឈ្មោះ បោះឆ្នោត ចាប់ពីថ្ងៃ ទី១ ខែកញ្ញា ដល់ថ្ងៃ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ។
ខ្ញុំ ក៏សូម អំពាវនាវ ផងដែរ ឲ្យអ្នក ដែលបានយល់ ពីសភាពការណ៍ សព្វថ្ងៃ ច្បាស់ហើយ, សូម មេត្តា ជួយពន្យល់ អ្នក ដែលមិន ទាន់យល់ច្បាស់ ឲ្យយល់ច្បាស់ ដូចបងប្អូន ក្មួយៗ ដែលកំពុង  ឬស្តាប់ សារ របស់ខ្ញុំ នេះ។
ជាទីបញ្ចប់ ខ្ញុំ សូម អំពាវនាវ ឲ្យជនជាតិ ខ្មែរ គ្រប់រូប និងគ្រប់មជ្ឈដ្ឋាន មានទាំង អ្នកបម្រើជាតិ (គឺ មន្ត្រីរាជការ) និងអ្នក ការពារជាតិ (គឺ កងកម្លាំង ប្រដាប់អាវុធ), សូម រួបរួមគ្នា ជាធ្លុងមួយ ក្នុងការ ស្រលាញ់ជាតិ, ស្រលាញ់ សេរីភាព, និងស្រលាញ់ យុត្តិធម៌, ហើយ ក្នុងឆន្ទៈ តែ មួយគត់ គឺ សង្គ្រោះជាតិយើង ទាំងអស់គ្នា។
ជយោកម្ពុជាអមតៈ!
សូម អរគុណ។  សូម ជូនពរ ឲ្យមាន សំណាងល្អ គ្រប់គ្នា។  សូម ជម្រាបលា។
ធ្វើនៅ ទីក្រុងប៉ារីស ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧
សម រង្ស៊ី
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam

5 comments:

  1. Anonymous12:41 AM

    តឹសយើងនាំគ្នាទៅបោះឆ្នោតទំលាក់ ហ៊ុនសែន ឲ្យល្អមើលម្ដង៕

    ReplyDelete
  2. Anonymous9:06 PM

    ផ្នត់គំនិត ឆ្គួតវង្វេង របស់ខ្មែរ ដែលយល់ថា អ្នកដឹកនាំជាតិ គឺជាជនមានបុណ្យ បារមី, ឫទ្ធីចេស្ដា ពីកំណើត ទើបមានវាសនា ជាអ្នកដឹកនាំ ។ ហ ស ថាខ្លួនមាន បារមីខ្ពស់ ជាអវតា របស់ ហ្លួងព្រះស្ដេច កន !!!។ ពេល ហ៊ុន មាណែត កើត,មានឆព្វណ្ណរង្សី អណ្ដែតផុស ពីដើមឈើ...។ ហ ស មានបារមីជាងស្ដេច, ព្រោះខ្លួនអាច ថ្វាយព្រះ ភ្លើងបូជា សពសម្ដេចតា !!! ។
    ផ្នត់គំនិតនេះ ធ្វើឲ្យ ហ ស ក្រាញអំណាច, ព្រោះបើចុះចេញ គឺជាសញ្ញាថា ខ្លួនគាត់អស់ បុណ្យបារមី ។ គំនិត ខ្លៅនេះ បានបណ្ដោយឲ្យ ជីវិតខ្មែរអ្នកក្រ ត្រូវតែស៊ូ ទ្រាំទៅ តាមកម្ម តាមផលដែលបាន កសាងពីអតីតជាតិ ។
    ដរាបណា ខ្មែរនៅជឿ ជំនឿឆ្គួត លេលា បែបនេះ ខ្មែរមិនរីក មិនចម្រើនទេ ។
    កាលណាខ្មែរ និយាយពីពាក្យ បក្ស ខ្មែរសំដៅតែលើ បក្សពួក ក្រុមគណៈ ។ នេះបញ្ជាក់ថា ល្ងង់ មិនយល់ថា ពាក្យ បក្ស ឬ បក្ខ ប្រែថា ស្លាប សម្រាប់ហោះហើរ ។ ជា យន្តកម្ម សម្រាប់ យន្តហោះ ឬ ប្រទេស ធ្វើដំណើរទៅមុខ, បក្សទាំង២ ត្រូវមានកម្លាំង ប្រហាក់ ប្រហែលគ្នា ។ ចំណុចសំខាន់គឺ ការចេះប្ដូរពេល ប្ដូរអាណត្តិ ចែកពេលគ្នា ដោះស្រាយ បញ្ហាដើម្បីី បម្រើជាតិ ។ ពាក្យបោះឆ្នោតទម្លាក់, ដេញចេញពីតំណែង គឺឺជាពាក្យ នាំមកនូវ ការ ប្រទូសរ៉ាយ ទាស់ទែងគ្នា ។ ខ្មែរគួរឈប់ ប្រើពាក្យអស់នេះ ។ ត្រូវអរគុណ អ្នកចាស់ ដែលបានធ្វើការហើយ ។ ការខ្លះខាត ដែលគាត់ធ្វើមិនបាន, យើងប្រាប់រំលឹក គាត់ថា,គួរឈប់សម្រាកសិនទៅ ! បើលោកអ្នកគ្មានចំណង់ ធ្វើតាមប្រជាជនភាគច្រើន ចង់បានទេ, សូមផ្អាក រួចផ្ទេរឱកាស មកឲ្យយើង ធ្វើជំនួសម្ដង, ចំនួនសន្លឹកឆ្នោត វាជា ភ័ស្ថុតាង ប្រាប់ពីបំណង របស់ប្រជាពលរដ្ឋ ។

    ReplyDelete
  3. Anonymous12:30 AM

    ហ៊ុនសែន អត់មាននិស្ស័យ ចេះស្ដាប់ពាក្យផ្អែមល្ហែមដែលមានអារ្យធម៌នោះទេ ព្រោះហ៊ុនសែនបាននាំយួនចូលរាប់លានមកនៅពេញស្រុកខ្មែរទាំងមូលរួចទៅហើយ។ ចុះឯទឹកដីព្រៃព្រឹក្សាររបស់ខ្មែរនោះវាយ៉ាងដូចម្ដេចទៅហើយ? ចុះឯអក្សរសាស្ត្រ​ខ្មែរ ទំនៀមទំលាប់ ប្រវត្តិសាស្ត្រ របស់ខ្មែរទាំងអស់ក្នុងរយះជាងសាមសឹបឆ្នាំ ក្រោមអំណាចផ្ដាច់ការរបស់ ហ៊ុនសែន នោះវាយ៉ាងដូចម្ដេចដែរ?

    ReplyDelete
  4. Anonymous9:03 AM

    Scam Rainsy is a scammer and a loser.

    ReplyDelete
  5. Anonymous5:43 AM

    The more-than-three-decade-long oppressed Khmer people including those so-called loyal to the CPP rank and file will discreetly and peacefully vote Hun Sen out of his premiership for good this time...The Khmer people have been immune to Hun Sen's demagoguery, tricks and treats or threats already...Bravo the Khmer people!!!

    ReplyDelete