អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងសារនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧។ Photo courtesy of Sam Rainsy's Facebook Page |
លោក សម រង្ស៊ី ថា រដ្ឋាភិបាល កម្ពុជា កំពុង ធ្វើរដ្ឋប្រហារ រដ្ឋធម្មនុញ្ញ
RFA / វិទ្យុ អាស៊ី សេរី | ២៧ សីហា ២០១៧
អតីត ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី
ថ្លែងថា, រដ្ឋាភិបាល ដឹកនាំ ដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន
កំពុង ធ្វើរដ្ឋប្រហារ រដ្ឋធម្មនុញ្ញ ដើម្បី ក្តោបក្តាប់ អំណាច របស់ខ្លួន បន្តទៀត
ខណៈ ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ ជិតចូល មកដល់។ លោក សម រង្ស៊ី
ថា អ្វី ដែលបក្ស កាន់អំណាច កំពុងធ្វើ
គឺ សុទ្ធតែ បង្ហាញ នូវរូបភាព ក្លែងក្លាយ, នោះ គឺ ប្រជាធិបតេយ្យ ក្លែងក្លាយ,
នីតិរដ្ឋ ក្លែងក្លាយ, និងការអភិវឌ្ឍ ក្លែងក្លាយ។
អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី
ដែលកំពុងឋិតនៅក្រៅប្រទេសដោយសារបណ្តឹងរាប់មិនអស់នៅតុលាការ
ថ្លែងចាត់ទុកស្ថានភាពនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ន ថាតានតឹង
និងយ៉ាប់យ៉ឺនជាងពេលណាៗទាំងអស់ ចាប់តាំងពីកម្ពុជា
មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ មក។
នៅក្នុងវីដេអូឃ្លីប (Video Clip) ជាង ៨នាទី ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុក (Facebook) នៅថ្ងៃទី២៧
សីហា លោក សម រង្ស៊ី ថ្លែងថា
រដ្ឋាភិបាលសព្វថ្ងៃបានរំលោភទាំងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស
ឆ្នាំ១៩៩១ ទាំងរដ្ឋធម្មនុញ្ញកម្ពុជា អនុសញ្ញា
និងកតិកាសញ្ញាសិទ្ធិមនុស្សអន្តរជាតិនានាដែលកម្ពុជា បានចុះហត្ថលេខា
និងយល់ព្រមអនុវត្ត។
ការថ្លែងរបស់អតីតមេបក្សប្រឆាំងចាស់វស្សានៅកម្ពុជា
រូបនេះ គឺក្រោយពីរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
កំពុងរឹតបន្តឹងទៅលើអង្គការក្រៅរដ្ឋាភិបាល
និងធ្វើទុក្ខបុកម្នេញលើប្រព័ន្ធផ្សព្វផ្សាយដែលរិះគន់រដ្ឋាភិបាល។
រដ្ឋាភិបាលបានសម្រេចបណ្តេញវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) របស់សហរដ្ឋអាមេរិក
ចេញពីប្រទេស
បិទមិនឲ្យមានបន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោតរបស់សង្គមស៊ីវិល
គំរាមបិទកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ខណៈស្ថានីយវិទ្យុមួយចំនួនដែលផ្សាយបន្តកម្មវិធីវិទ្យុរបស់គណបក្សសង្គ្រោះជាតិ អាស៊ីសេរី (RFA) វីអូអេ (VOA) និងវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី (VOD) ត្រូវបានក្រសួងព័ត៌មាន បិទទ្វារមិនឲ្យធ្វើអាជីវកម្ម ដោយចោទប្រកាន់ថាមិនបានគោរពប្រកាស និងកិច្ចសន្យាជាមួយក្រសួង។
ទោះជាយ៉ាងណា
ចំណាត់ការរបស់រដ្ឋាភិបាលភ្លាមៗលើស្ថាប័នទាំងអស់នេះ
ត្រូវបានគេមើលឃើញថា គ្រាន់តែជាយុទ្ធនាការនយោបាយរបស់រដ្ឋាភិបាល
ដើម្បីបំបិទសំឡេងអ្នករិះគន់មុនពេលការបោះឆ្នោតជាតិមកដល់។
ក្រៅពីបញ្ហាទាំងអស់នេះ
បក្សកាន់អំណាចក៏បានកែប្រែច្បាប់គណបក្សនយោបាយជាបន្តបន្ទាប់
ដើម្បីទាត់លោក សម រង្ស៊ី ចេញពីឆាកនយោបាយ
និងធ្វើទុក្ខបុកម្នេញបក្សប្រឆាំង សង្គមស៊ីវិល
ព្រមទាំងប្រើពាក្យសម្ដីគំរាមកំហែងដោយប្រើដំបង
ឬគល់ឫស្សីវាយបំបែកធ្មេញ និងសំពងក្បាល
ឬប្រើកម្លាំងកម្ទេចអ្នកតវ៉ាលទ្ធផលឆ្នោត ១០០ ឬ ២០០នាក់
ដើម្បីថែរក្សាសន្តិសុខជាតិ ជាដើម។
លោក សម រង្ស៊ី
ថ្លែងថាអ្វីដែលបក្សកាន់អំណាចកំពុងធ្វើនេះ ដោយសារតែពួកគេដឹងថា
ពលរដ្ឋអស់ជំនឿមកលើខ្លួន
និងមិនគាំទ្រនៅក្នុងការបោះឆ្នោតក្នុងពេលខាងមុខ៖ «ដោយសារតែពួកគេមិនចង់
ហើយមិនព្រមចុះចេញពីអំណាចនៅឆ្នាំ២០១៨ ខាងមុខនេះ
បានជាពួកគេប្រើអំណាចកាន់តែផ្ដាច់ការទៅៗ
ដូចជាការលួចសម្លាប់បញ្ញវន្តអ្នកស្នេហាជាតិ
ការចាប់ពលរដ្ឋដាក់ពន្ធនាគារកាន់តែច្រើនឡើងៗ ការបិទ
និងត្រៀមបិទវិទ្យុ និងសារព័ត៌មានទាំងខ្មែរ
និងបរទេសដែលហ៊ាននិយាយការពិត
ហើយការបណ្តេញចេញអង្គការអន្តរជាតិដែលធ្វើសកម្មភាពដោយសន្តិវិធី
ដោយស្របច្បាប់ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា»។
លោក សម រង្ស៊ី ថ្លែងបន្តដោយដាក់រូបភាពអតីតមេដឹកនាំផ្ដាច់ការប្រទេសលីប៊ី (Libya) លោក មូអាម៉ា ហ្កាដាហ្វី (Muammar Gaddafi) និងអតីតប្រធានាធិបតីផ្ដាច់ការហ្វីលីពីន (Philippines) លោក ហ្វើឌីណាន់ ម៉ាកូស (Ferdinand Marcos) ថាជនផ្ដាច់ការណាក៏ដោយ
របបព្រៃផ្សៃណាក៏ដោយ ក៏មិនអាចឈ្នះកម្លាំងពលរដ្ឋបានទេ។ លោក សម
រង្ស៊ី
ក៏អំពាវនាវឲ្យពលរដ្ឋនាំគ្នាទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា
ដើម្បីចូលរួមការបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៨។
ប្រតិកម្មទៅនឹងការរិះគន់ធ្ងន់ៗរបស់លោក សម
រង្ស៊ី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន
ថាបើបក្សកាន់អំណាចខ្លាចចាញ់ឆ្នោត
ម្ល៉េះបក្សកាន់អំណាចមិនហ៊ានចាត់វិធានការចំពោះអង្គការក្រៅរដ្ឋាភិបាល
និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលរដ្ឋាភិបាលចោទថា
បានប្រព្រឹត្តល្មើសច្បាប់នោះទេ។ លោកថា
ការដែលហ៊ានចាត់វិធានការនេះ
គឺបង្ហាញពីភាពខ្លាំងរបស់បក្សកាន់អំណាច
ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា៖ «ការដែលថាធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ
ខ្ញុំយល់អំពីការពិតជាក់ស្តែង
ធាតុពិតគឺរដ្ឋាភិបាលកំពុងតែពង្រឹងការអនុវត្តរដ្ឋធម្មនុញ្ញដែលចេញពីខ្លឹមសារសំខាន់ៗនៃស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ដែលទាំងអស់គ្នាចង់បានឲ្យកម្ពុជា
ដើរតាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋនៅកម្ពុជា»។
ទោះជាយ៉ាងណា ក្រោយពីមានវិធានការជាបន្តបន្ទាប់របស់រដ្ឋាភិបាលចំពោះវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងប្រព័ន្ធផ្សព្វផ្សាយ
ប្រតិកម្មបានធ្លាក់មកមិនដាច់ដែរពីសង្គមស៊ីវិលក្នុងស្រុក
និងសហគមន៍អន្តរជាតិ
រួមមានពីឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ
(Geneva) ប្រទេសស្វីស ពីសមាជិកព្រឹទ្ធសភា
និងរដ្ឋសភាសហរដ្ឋអាមេរិក ពីអតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក
និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិប្រជាធិបតេយ្យ
អ្នកស្រី មែឌឺឡែន អលប្រ៉ាយថ៍ (Madeleine Albright) ពីសហភាពអឺរ៉ុប ពីសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស និងពីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ជាដើម។
ពួកគេចាត់ទុកវិធានការរបស់រដ្ឋាភិបាលពេលនេះ
ថាជាយុទ្ធនាការនយោបាយបែបផ្ដាច់ការ បំបិទសំឡេងអ្នកឯករាជ្យ
បំបិទមាត់អ្នកហ៊ានតវ៉ាប្រឆាំង
និងកំពុងរំលោភរដ្ឋធម្មនុញ្ញដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតជាតិខាងមុខ។
ចំណែកគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៥ សីហា
ក៏បានចេញសេចក្តីថ្លែងការណ៍បារម្ភថា ស្ថានភាពពេលបច្ចុប្បន្ននេះ
នឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនៅពេលខាងមុខ
និងអំពាវនាវដល់សហគមន៍អន្តរជាតិ
ជួយអន្តរាគមន៍ធ្វើយ៉ាងណាធានាឲ្យមានការគោរពសិទ្ធិសេរីភាពសារព័ត៌មាន
និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ជាពិសេសធានាឲ្យការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខ
ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕
No comments:
Post a Comment