បេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) មកពីគណបក្សសាធារណរដ្ឋ ថ្លែងក្នុងពេលថ្ងៃបោះឆ្នោតនាទីក្រុងញូវយ៉ក (New York) ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ Photo AFP |
ក្រសួង ការបរទេស អាមេរិក ពិចារណា រឹតបន្តឹង លើការផ្ដល់ ទិដ្ឋាការ ដល់កម្ពុជា
RFA / វិទ្យុ អាស៊ី សេរី | ២៤ សីហា ២០១៧
រដ្ឋបាល អាមេរិក របស់លោក ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) កំពុង ពិចារណា ថ្លឹងថ្លែង ដាក់ទណ្ឌកម្ម ឬរឹតត្បិត លើការផ្ដល់ ទិដ្ឋាការ ធ្វើដំណើរ ដល់កម្ពុជា។ ការពិចារណានេះ ធ្វើឡើង ក្រោយពេល ដែលក្រសួង សន្តិសុខជាតិ ស្នើឲ្យ ក្រសួង ការបរទេស អាមេរិក ចាត់វិធានការ ដាក់ទណ្ឌកម្ម ដល់ប្រទេស កម្ពុជា និងប្រទេស ចំនួនបី ផ្សេងទៀត -- រួមមាន, អេរីត្រេ (Eritrea),ហ្គីណេ (Guinea), និងសេរ៉ាឡេអូន (Sierra Leone) ដោយសារតែ ប្រទេស ទាំងនោះ «រឹង ទទឹង» មិនព្រម ទទួលយក ឬព្យាយាម ពន្យារពេល ការធ្វើ មាតុភូ មិនិវត្តពលរដ្ឋ របស់ខ្លួន ដែលត្រូវ សហរដ្ឋ អាមេរិក ចាប់បញ្ជូន មកវិញ ដោយសារតែ ពួកគេ បានប្រព្រឹត្តិ ល្មើសច្បាប់។
បណ្ដាញសារព័ត៌មានអាមេរិក ស៊ីអិនអិន (CNN) ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ សីហា ថា បច្ចុប្បន្នក្រសួងការបរទេសអាមេរិក កំពុងពិភាក្សាកំណត់អំពីគោលការណ៍ និងវិសាលភាពនៃការដាក់ទណ្ឌកម្មរឹតត្បិតការផ្ដល់ទិដ្ឋាការនេះ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងប្រាកដនៅឡើយទេថា តើគោលការណ៍នៃការរឹតត្បិតនេះ នឹងមានវិសាលភាពកំណត់លើប្រភេទទិដ្ឋាការណាខ្លះ ឬសំដៅជាពិសេសចំពោះមន្ត្រីរដ្ឋាភិបាល ឬពលរដ្ឋសាមញ្ញទូទៅនោះនៅឡើយទេ។
ក្រោមច្បាប់សហព័ន្ធអាមេរិក រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក អាចសម្រេចបញ្ឈប់មិនចេញទិដ្ឋាការគ្រប់ប្រភេទ ឬទិដ្ឋាការជាក់លាក់ណាមួយដល់ប្រទេសទាំងនោះ។ ភ្នាក់ងារសារព័ត៌មានអាមេរិក អេ.ភី (AP) ឲ្យដឹងកាលពីថ្ងៃទី២៤ សីហា ថា លោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ធីល្លឺសុន (Rex Tillerson) ទំនងជានឹងមិនដាក់បម្រាមដល់គ្រប់ប្រភេទទិដ្ឋាការនោះទេ តែការដាក់ទណ្ឌកម្មនេះ អាចសំដៅតែចំពោះមន្ត្រីរដ្ឋាភិបាល និងក្រុមគ្រួសាររបស់មន្ត្រីទាំងនោះប៉ុណ្ណោះ ដូចដែលសហរដ្ឋអាមេរិកធ្លាប់បានអនុវត្តនាពេលកន្លងទៅ។
ការរឹតបន្តឹងលើការផ្ដល់ទិដ្ឋាការដោយសហរដ្ឋអាមេរិកនេះ ធ្វើឡើងភ្លាមៗតែប៉ុន្មានថ្ងៃ ក្រោយពេលដែលមានព័ត៌មានថា អាជ្ញាធរខ្មែរបានសម្រេចបញ្ឈប់មិនផ្ដល់ឯកសារធ្វើដំណើរដល់ពលរដ្ឋកម្ពុជា
ដែលត្រូវសហរដ្ឋអាមេរិកចាប់បញ្ជូនមកកម្ពុជាវិញ។ សហរដ្ឋអាមេរិកនឹងមិនអាចចាប់បញ្ជូនជនអន្តោប្រវេសន៍ដើមកំណើតខ្មែរ ដែលបានប្រព្រឹត្តិខុសច្បាប់ទាំងនោះមកកម្ពុជាវិញបានទេ ប្រសិនបើពុំមានកិច្ចព្រមព្រៀងមាតុភូមិនិវត្ត ឬកិច្ចសហការពីអាជ្ញាធរខ្មែរក្នុងការចេញឯកសារធ្វើដំណើរដល់ពលរដ្ឋទាំងនោះ ឬប្រសិនបើរដ្ឋាភិបាលកម្ពុជា ចេញមុខបដិសេធមិនទទួលយក ឬទទួលស្គាល់ជនអន្តោប្រវេសន៍ដើមកំណើតខ្មែរទាំងនោះ។
កាលពីចុងខែមេសាកន្លងទៅ រដ្ឋាភិបាលកម្ពុជាធ្លាប់បានស្នើសុំរដ្ឋាភិបាលអាមេរិកធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងបញ្ជូនពលរដ្ឋដើមកំណើតខ្មែរ
ដែលជាប់ទោសនៅអាមេរិកត្រឡប់មកកម្ពុជានេះ។ បច្ចុប្បន្នភាគីទាំងពីរកំពុងពិភាក្សាគ្នាអំពីលក្ខខណ្ឌមួយចំនួនដែលត្រូវកែសម្រួល។
ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា
និងសហរដ្ឋអាមេរិក
ស្ដីពីការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ
ដែលបានអនុវត្តអស់រយៈពេលជិត ១៥ឆ្នាំមកនេះ មានពលរដ្ឋដើមកំណើតខ្មែរមិនតិចជាង ៥៥០នាក់ទេ ដែលបានប្រព្រឹត្តិល្មើសនៅសហរដ្ឋអាមេរិក ត្រូវរដ្ឋាភិបាលសហរដ្ឋអាមេរិកចាប់បញ្ជូនមកកម្ពុជាវិញ។ ស្ថិតិចេញផ្សាយដោយភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) នៃក្រសួងសន្តិសុខជាតិអាមេរិកឲ្យដឹងថា ក្នុងឆ្នាំ២០១៦ កន្លងទៅ មានជនជាតិខ្មែរចំនួន ៧៤រូប ត្រូវបានចាប់បញ្ជូនមកប្រទេសកម្ពុជាវិញ៕
No comments:
Post a Comment