Paris Peace Accords 23 Oct. 1991

Saturday, August 19, 2017

[Vietnamization: Logging, Border, Military] សង្គម​ស៊ីវិល​ ថា ​រដ្ឋាភិបាល​ បរាជ័យ ​ចំពោះ​ បេសកកម្ម​ ទប់ស្កាត់​ ការ​រត់​ពន្ធ​ឈើ​ ទៅ​វៀតណាម | Civil society says govt a complete failue in its mission to stop timber racketeering to Vietnam

សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA

សង្គម​ស៊ីវិល​ ថា ​រដ្ឋាភិបាល​ បរាជ័យ ​ចំពោះ​ បេសកកម្ម​ ទប់ស្កាត់​ ការ​រត់​ពន្ធ​ឈើ​ ទៅ​វៀតណាម

RFA / វិទ្យុ អាស៊ី សេរី | ១៩ សីហា ២០១៧



មន្ត្រី​ សង្គម​ស៊ីវិល​ ដែល​តាមដាន និង​ធ្វើ​ការងារ​ ពាក់ព័ន្ធ​ វិស័យ​ ធនធាន ​ធម្មជាតិ នៅ​ប្រទេស​ កម្ពុជា មើល​ឃើញ​ កាន់​តែ​ច្បាស់​ ថា, វិធានការ​ របស់​ គណៈកម្មការ​ជាតិ​ ទប់ស្កាត់ និង​បង្ក្រាប​ បទល្មើស​ ព្រៃឈើ បិទ​ការ​ រត់​ពន្ធ​ឈើ​ ទៅ​ក្រៅ​ប្រទេស គឺ​ បរាជ័យ​ ទាំង​ស្រុង។  ការ​អះអាង ​បែប​នេះ ក្រោយ​ពេល​ ការ​នាំ​ឈើ ​ចេញ​ទៅ​​ ក្រៅ​ប្រទេស​ នៅ​តែ​ កើត​មាន​ឡើង, ហើយ​ របាយការណ៍​ អង្គការ​ អន្តរជាតិ​ បង្ហាញ​ថា, ស្ថានភាព​ នាំ​ឈើ​ ចេញ​ទៅ ​ប្រទេស​ វៀតណាម កាន់​តែ​ អាក្រក់​ឡើង


មន្ត្រី​អង្គការ​សង្គម​ស៊ីវិល មើល​ឃើញ​ថា មិន​ត្រឹម​តែ​ស្ថាប័ន​នីតិប្រតិបត្តិ​របស់​រាជ​រដ្ឋាភិបាល ដែល​បរាជ័យ​ចំពោះ​កិច្ច​ការពារ​ព្រៃឈើ និង​ការ​រត់​ពន្ធ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ស្ថាប័ន​តុលាការ​ក៏​បរាជ័យ​ដូច​គ្នា​ដែរ។ ការ​លើក​ឡើង​បែប​នេះ ព្រោះ​ចាប់​តាំង​ពី​រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កាល​ពី​ខែ​មករា ឆ្នាំ​២០១៦ មក ឈើ​ខុស​ច្បាប់​រាប់​ម៉ឺន​ម៉ែត្រគូប​ត្រូវ​បាន​សមត្ថកិច្ច​រឹប​អូស និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ប៉ុន្តែ​មក​ទល់​ពេល​នេះ គ្មាន​ជនល្មើស​ណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់​ឡើយ។

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ចំពោះ​កិច្ច​ការពារ​ព្រៃឈើ និង​ទប់​ស្កាត់​មិន​ឱ្យ​រត់​ពន្ធ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស​មាន​ច្រើន ប៉ុន្តែ​មិន​មាន​ប្រសិទ្ធភាព​យូរ​អង្វែង​ទេ។ ជាក់​ស្ដែង​របាយការណ៍​ជាតិ និង​អន្តរជាតិ​បង្ហាញ​ពី​ចំនួន​ឈើ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម គឺ​មាន​ច្រើន​ដដែល បើ​ទោះ​បី​ជា​រាជរដ្ឋាភិបាល​ចេញ​បម្រាម​មិន​ឱ្យ​នាំ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស​ក្តី។

លោក​បន្ថែម​ថា កន្លង​មក​ទិន្នន័យ​គយ​វៀតណាម និង​កម្ពុជា បង្ហាញ​ពី​ភាព​ខុស​គ្នា​ស្រឡះ​ដូច​មេឃ​និង​ដី​ដែល​បញ្ជាក់​ថា ចំនួន​ឈើ​នាំ​ចូល​ទៅ​ប្រទេស​វៀតណាម យ៉ាង​ច្រើន​គឺ​ជា​ឈើ​ខុស​ច្បាប់៖ «បើ​យើង​វិភាគ​ទៅ​ជា​ការ​បរាជ័យ​របស់​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ រួម​ជាមួយ​នឹង​ស្ថាប័ន​តុលាការ ដែល​ជា​ស្ថាប័ន​ផ្ដន្ទាទោស​ឧក្រិដ្ឋជន​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ»

កាល​ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន​អន្តរជាតិ​ហៅ​កាត់​ថា អ៊ីអាយអេ (EIA) បាន​ផ្សាយ​របាយការណ៍ «ជនល្មើស​ មុខ​ដដែល», ហើយ​ក្រុម​ស៊ើប​អង្កេត​បាន​រក​ឃើញ​ថា ឈើ​មូល​ប្រមាណ ៣០​ម៉ឺន​ម៉ែត្រ​គូប​ត្រូវ​បាន​វៀតណាម នាំ​ចូល​ពី​ប្រទេស​កម្ពុជា ដែល​គេ​កាប់​ពី​តំបន់​ព្រៃ​អភិរក្ស​កម្ពុជា ចន្លោះ​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដល់​ខែ​មីនា ឆ្នាំ​២០១៧។ អង្គការ​ដដែល​នេះ រក​ឃើញ​ថា គ្រាន់​តែ​ពី​ខែ​មករា ឆ្នាំ​២០១៦ ដល់​ត្រឹម​ខែ​មីនា ឆ្នាំ​២០១៧ មន្ត្រី​គយ​វៀតណាម បាន​កត់ត្រា​ឯកសារ​ពន្ធគយ​លើ​ការ​នាំ​ឈើ និង​គ្រឿង​ធ្វើ​អំពី​ឈើ​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​វៀតណាម មាន​ទឹក​ប្រាក់​រហូត​ជិត ៣០០​លាន​ដុល្លារ​អាមេរិក។ ទីភ្នាក់ងារ​មួយ​នេះ បាន​ចោទ​មន្ត្រី​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ យក​លុយ​សំណូក​រាប់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ពី​ឈ្មួញ​ឈើ ជា​ថ្នូរ​ការ​បើក​ទ្វារ​ឲ្យ​កាប់​ឈើ និង​ជួញដូរ​ឈើ​ខុស​ច្បាប់។

​ជាង​នេះ​ទៀត កាល​ពី​ពេល​ថ្មីៗ​នេះ អង្គការ​អន្តរជាតិ​មួយ​ឈ្មោះ ហ្វ័រ៉េស ត្រេន (Forest Trend) ដែល​ទទួល​បាន​ទិន្នន័យ​ពី​គយ​វៀតណាម ស្តីពី​ការ​នាំ​ឈើ​ចេញ​ពី​ប្រទេស​កម្ពុជា បង្ហាញ​ថា រយៈពេល ១​ឆមាស​ដើម​ឆ្នាំ​២០១៧ ឈើ​ដែល​នាំ​ចូល​ពី​ប្រទេស​កម្ពុជា គឺ​មាន​ចំនួន​ជាង ៣​សែន​ម៉ែត្រគូប (៣១៣.០០០) និង​មាន​តម្លៃ ១៤២​ដុល្លារ​សហរដ្ឋអាមេរិក។ ចំនួន​នេះ ត្រូវ​បាន​ចុះ​បញ្ជី​ដោយ​គយ​វៀតណាម ចន្លោះ​ពី​ខែ​មករា ដល់​ខែ​មិថុនា ហើយ​ចំនួន​នេះ គឺ​ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ចំនួន​នាំ​ឈើ​ចេញ​ពី​ប្រទេស​កម្ពុជា ពេញ​មួយ​ឆ្នាំ កាល​ពី​ឆ្នាំ​២០១៦ ដែល​មាន​ចំនួន​ខុស​គ្នា​ប្រមាណ ៥​ពាន់​ម៉ែត្រគូប​ប៉ុណ្ណោះ (៣១៨.២៣២)។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា។

​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី ព្រម​ទាំង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព បាន​ទេ នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា។

​កាល​ពី​ខែ​មករា ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​សម្រេច​បង្កើត​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឡើង គឺ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​កាប់​ឈើ ការ​នាំ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់ និង​បទល្មើស​ព្រៃឈើ​ផ្សេងៗ​ទៀត នៅ​ភាគ​ឦសាន ប៉ុន្តែ​ក្រោយ​មក​បាន​ពង្រីក​វិសាលភាព​ការងារ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស។

​ជាង​មួយ​ឆ្នាំ​មក​ហើយ​ដែល​គណៈកម្មការ​ជាតិ​មួយ​នេះ​បង្កើត​ឡើង ហើយ​បង្ក្រាប​បាន​ឈើ​ប្រណិត​ជាង ៧​ម៉ឺន​ម៉ែត្រគូប ក្នុង​រយៈពេល​ប្រមាណ ៣ ដំបូង និង​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដាក់​ដេញ​ថ្លៃ​លក់​ថែម​ទៀត​ផង ប៉ុន្តែ​ជនល្មើស​ពាក់ព័ន្ធ​សំណុំ​រឿង​ទាំង​នេះ ដែល​រួម​មាន​ទាំង​ឧកញ៉ា​មួយ​ចំនួន​ផង មិន​ត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់​ទេ។

​លោក ប៉ែន ប៊ុណ្ណារ៍ អះអាង​ថា មូលហេតុ​បណ្ដាល​ឱ្យ​បទល្មើស​ព្រៃឈើ និង​ការ​រត់​ពន្ធ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម នៅ​តែ​កើត​មាន​ឡើង គឺ​ដោយសារ​វប្បធម៌​និទ្ទណ្ឌភាព​តែម្ដង៖ «ភាព​រួច​ទោស​ហ្នឹង​ហើយ​ដែល​ធ្វើ​ឱ្យ​ក្រុម​ឧកញ៉ា ក្រុម​ឈ្មួញ ឬ​ក៏​មន្ត្រីៗ ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ហ្នឹង លោក​មិន​មាន​ការ​ភ័យ​ខ្លាច​ទៅ​នឹង​ការ​អនុវត្ត​ច្បាប់»

ប៉ែន ប៊ុណ្ណារ័ ៨៥៥ ២០១៧
មន្ត្រី​កម្មវិធី​បណ្ដាញ​សហគមន៍​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo: RFA
 
នៅ​ពេល​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចាប់​រថយន្ត​ដឹក​ឈើ និង​ចុះ​ដល់​កន្លែង​ស្តុក​ទុក​ឈើ​ជា​ច្រើន​នៅ​ខេត្ត​មួយ​ចំនួន ដូចជា​ខេត្ត​ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និង​ខេត្ត​រតនគិរី កន្លង​មក មាន​សេចក្ដី​រាយការណ៍​ជា​ច្រើន​លើក​ឡើង​ចំ​ឈ្មោះ​ឧកញ៉ា​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​បទល្មើស​ទាំង​នោះ ដូចជា​ឧកញ៉ា ទ្រី ភាព ឧកញ៉ា លីម ប៊ុណ្ណា ហៅ ខ្នា ឧកញ៉ា សឹង សំអុល ឧកញ៉ា​ថៃ នៅ​ស្រុក​អូររាំងឪ និង​ឈ្មួញ​ជា​ច្រើន​ទៀត។

អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង ខេត្ត​ត្បូងឃ្មុំ លោក ហាក់ សៀកលីម មិន​ទាន់​អាច​និយាយ​អំពី​ដំណើរ​ការ​នីតិវិធី​ជុំវិញ​សំណុំ​រឿង​ទាំង​នេះ​បាន​ទេ ដោយ​លោក​បញ្ជាក់​ដូច​សព្វដង​ថា លោក​ត្រូវ​ការ​ពេល​វេលា​ដើម្បី​សាកសួរ​អ្នក​កាន់​សំណុំរឿង​ទាំង​នោះ​ជា​មុន​សិន៖ «ដល់​អ៊ីចឹង ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​អាច​ប្រមូល​ព័ត៌មាន​កម្រិត​ណា​ដែរ ប៉ុន្តែ​ខ្ញុំ​នឹង​ព្យាយាម រក​ព័ត៌មាន​មក​ជូន​តាម​លទ្ធភាព​របស់​ខ្ញុំ»

​ទោះ​បី​ជា​មាន​ទិន្នន័យ និង​របាយការណ៍​ស្តីពី​វិនាសកម្ម​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា ជា​បន្តបន្ទាប់​ក្តី ប៉ុន្តែ​កន្លង​មក​មន្ត្រី​រាជរដ្ឋាភិបាល​តែង​បដិសេធ​ជានិច្ច។

អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្តាញ​ការពារ​ព្រៃឡង់ លោក សេង សុខហេង បារម្ភ​ថា វាសនា​ព្រៃឈើ​នឹង​វិនាស​ហិនហោច​ក្នុង​រយៈពេល​ដ៏​ខ្លី ប្រសិនបើ​រាជរដ្ឋាភិបាល​មិន​អាច​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ឧក្រិដ្ឋជន​ធំៗ ដែល​ពាក់ព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​នាំ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់​បាន​ទេ។ លោក​យល់​ថា ការ​បដិសេធ​ចំពោះ​រាល់​របាយការណ៍ និង​ការ​រក​ឃើញ​របស់​អង្គការ​ជាតិ និង​អន្តរជាតិ​ពី​សំណាក់​មន្ត្រី​រាជរដ្ឋាភិបាល​នោះ គឺ​គ្រាន់​តែ​ដើម្បី​បិតបាំង​ភាព​បរាជ័យ​របស់​ខ្លួន​ក្នុង​កិច្ច​ការពារ​ព្រៃឈើ​ប៉ុណ្ណោះ៖ «អ៊ីចឹង​គាត់​បាន​ប្តេជ្ញា​ថា នឹង​បិទ​អាជីវកម្ម ប្តេជ្ញា​ថា ទប់ស្កាត់​បទល្មើស​ព្រៃឈើ​គ្រប់​រូបភាព​ទាំង​អស់ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ មក​ទល់​ពេល​នេះ ការ​ធ្វើ​អាជីវកម្ម​ឈើ​មិន​ត្រូវ​បាន​ថយ​ចុះ​ទេ»

សង្គម​ស៊ីវិល​រូប​នេះ​មើល​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​ចំពោះ​ជនល្មើស ពិសេស​មន្ត្រី ឧកញ៉ា​ធំៗ គឺ​មាន​ភាព​ស្មុគស្មាញ ដោយសារ​បញ្ហា​នយោបាយ និង​ការ​រំលោភ​អំណាច​ផង ពោល​គឺ​មន្ត្រី​ទាំង​នោះ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និត​ជាមួយ​មន្ត្រី​កំពូលៗ ក្នុង​ជួរ​រាជរដ្ឋាភិបាល។ បន្ថែម​ពី​នេះ អំពើ​ពុករលួយ​ជា​ប្រព័ន្ធ គឺ​ជា​មូលហេតុ​ធ្វើ​ឱ្យ​ជនល្មើស​រួច​ផុត​ពី​សំណាញ់​ច្បាប់ ហើយ​ព្រៃឈើ​កាន់​តែ​ប្រឈម​ក្ដី​មហន្តរាយ៕



2 comments:

  1. Anonymous1:49 AM

    Trade is good. Vietnam knows how to make the wood into higher value furniture. It's good for both countries, Cambodia and Vietnam.

    ReplyDelete
    Replies
    1. Anonymous2:29 AM

      Vietcong, Ra khỏi Campuchia!!!

      Delete