ប្រធានគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និងប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា លោក ហេង សំរិន (ឆ្វេង) ក្នុងពិធីអបអរសាទរខួបលើកទី៦៤ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥។ |
លោក ហ៊ុន សែន ប្ដេជ្ញាចិត្ត ទប់ស្កាត់ ក្រុមអ្នករិះគន់ ទាំងឡាយណា ដែលប៉ុនប៉ង នាំមក នូវការ ផ្លាស់ប្ដូរ ជាវិជ្ជមាន ក្នុងសង្គម កម្ពុជា
RFA / វិទ្យុ អាស៊ី សេរី | ២២ កញ្ញា ២០១៧
ស្របពេល ដែលពិភពលោក ប្រារព្ធ ទិវា សន្តិភាព អន្តរជាតិ កាលពីថ្ងៃ ទី២១
ខែកញ្ញា ម្សិលមិញនេះ, លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន
បញ្ចេញសារ ប្ដេជ្ញាចិត្ត ក្នុងអត្ថន័យ ហាក់បង្កប់ ដោយអំពើហិង្សា
ដើម្បី ទប់ស្កាត់ ក្រុមអ្នករិះគន់ ទាំងឡាយណា ដែលប៉ុនប៉ង នាំមកនូវ ការផ្លាស់ប្ដូរ ជាវិជ្ជមាន ក្នុងសង្គមកម្ពុជា។
អ្នកឃ្លាំមើល នយោបាយ យល់ឃើញ ថា,
រដ្ឋាភិបាល បរាជ័យ ក្នុងការផ្ដល់ជូន នូវសន្តិភាព ពិតប្រាកដ សម្រាប់ ពលរដ្ឋ ទាំងអស់គ្នា
ខណៈ មានការ កើនឡើងខ្ពស់ នៃអំពើ អយុត្តិធម៌សង្គម។
លោក ហ៊ុន សែន
បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់
ឲ្យចូលរួមក្នុងការថែរក្សាសន្តិភាព ពង្រឹងឯកភាពជាតិ
អនុវត្តវប្បធម៌សន្ទនា គោរពច្បាប់ និងដោះស្រាយបញ្ហាដោយសន្តិវិធី។
លោក ហ៊ុន សែន បន្តថា
ដោយមានការយល់ដឹងពីតម្លៃដែលពុំអាចកាត់ថ្លៃបាន
និងសារៈសំខាន់នៃសន្តិភាព
កម្ពុជាចូលរួមជាមួយពិភពលោកក្នុងទិវាសន្តិភាពនេះ ដើម្បីលើកកម្ពស់
ការយល់ដឹងពីអត្ថន័យនៃសន្តិភាពឲ្យកាន់តែទូលំទូលាយ
ពង្រឹងសាមគ្គីភាព
ឯកភាពជាតិដើម្បីថែរក្សាឲ្យបានគង់វង្សនូវសុខសន្តិភាពនេះ
ដែលលោកថា ជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ ដើម្បីបន្តការអភិវឌ្ឍន៍
និងការរីកចម្រើន។
សារអំពាវនាវរបស់លោក ហ៊ុន សែន
ពីខាងលើនេះ
ហាក់មានភាពផ្ទុយគ្នាស្រលះទៅនឹងស្ថានការណ៍វិវត្តន៍ចុងក្រោយនៅកម្ពុជា
ខណៈដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បន្តការគំរាមកំហែង
និងធ្វើទុក្ខបុកម្នេញឥតឈប់ឈរដល់បណ្ដាក្រុមអ្នករិះគន់
មន្ត្រីគណបក្សប្រឆាំង សង្គមស៊ីវិលជាតិ និងអន្តរជាតិ
និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
ក្នុងន័យបង្កប់ដោយអត្ថន័យហិង្សានិយម
លោក ហ៊ុន សែន មិនភ្លេចលើកឡើងពីការប្ដេជ្ញាចិត្តខ្ពស់
របស់លោកដើម្បីទប់ស្កាត់រាល់ឧបាយកល និងការប៉ុនប៉ងតាមគ្រប់រូបភាព
ដែលលោកថា
ធ្វើឡើងក្នុងគោលបំណងធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងសភាពវឹកវរ
និងអស្ថិរភាព។
លោក ហ៊ុន សែន ថា
រដ្ឋាភិបាលរបស់លោកនឹងទប់ស្កាត់នូវរាល់សកម្មភាព ល្បិចកិច្ចកល
ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការអុចអាលរើសអើងពូជសាសន៍
ដែលអាចបង្កហិង្សា ការបះបោរ និងបំបែកបំបាក់សាមគ្គីភាពជាតិ
ជ្រកក្រោមផ្លាកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស
ដែលមានគោលបំណងបម្រើផលប្រយោជន៍នយោបាយរបស់បុគ្គល
ឬក្រុមមនុស្សមួយក្ដាប់តូច
និងបរទេសដែលចង់ផ្លាស់ប្ដូររដ្ឋាភិបាលស្របច្បាប់។
លោក ហ៊ុន សែន ព្រមានថា
ការរិះគន់ មួលបង្កាច់រដ្ឋាភិបាលដោយឥតឈប់ឈរ ដែលធ្វើឡើងដោយលំអៀង
និងមើលលើហេតុការណ៍តែមួយជ្រុង
និងការបន្តទាមទារលទ្ធិប្រជាធិបតេយ្យផ្ទុយនឹងគោលការណ៍នីតិរដ្ឋ
ពិតជាមិនមែននាំមកនូវសុខលទ្ធិប្រជាធិបតេយ្យប្រកបដោយសន្តិភាពនោះទេ។
ប៉ុន្តែផ្ទុយទៅវិញ វាអាចបំផ្លាញសន្តិភាព
ដែលកម្ពុជាទើបតែបានស្គាល់មិនដល់ ២
ទសវត្សរ៍ផងនោះឲ្យរលាយសាបសូន្យ
ដូចករណីប្រទេសមួយចំនួនដែលធ្លាក់ចូលក្នុងភ្លើងសង្គ្រាម
ដោយសារបដិវត្តន៍ពណ៌ ដែលជ្រកក្រោមស្លាកលទ្ធិប្រជាធិបតេយ្យ។
សម្រាប់អ្នកវិភាគ
និងឃ្លាំមើលនយោបាយនៅកម្ពុជា លោកបណ្ឌិត មាស នី លោកយល់ឃើញថា
សន្តិភាពក្នុងសង្គមកម្ពុជាបច្ចុប្បន្ននេះ
មានតែសម្រាប់ក្រុមមនុស្សអ្នកមានអំណាច
និងក្រុមអ្នកមានតែប៉ុណ្ណោះ។ ដោយឡែក សម្រាប់ប្រជាពលរដ្ឋទូទៅ
និងក្រុមអ្នកដែលមានទស្សនៈមិនយល់ស្របជាមួយនឹងរដ្ឋាភិបាល
ពិបាកនឹងប្រាកដថាពួកគេកំពុងទទួលបាននូវសន្តិភាពពេញលេញនោះឡើយ
ពោលគឺទាំងសន្តិភាពផ្លូវចិត្ត សុខភាព និងយុត្តិធម៌សង្គម។
លោកបណ្ឌិត មាស នី ថា
លោកមើលឃើញពីភាពខុសគ្នានៃការយល់ឃើញអំពីពាក្យសន្តិភាពនៅក្នុងសង្គមកម្ពុជា។
នៅស្រុកខ្មែរ លោកថា
រដ្ឋាភិបាលគិតត្រឹមតែសន្តិភាពក្នុងសង្គមមួយដែលមិនមានសង្គ្រាមប្រដាប់អាវុធតែប៉ុណ្ណោះ។
ប៉ុន្តែ
រដ្ឋាភិបាលបានទទួលបរាជ័យក្នុងការរក្សាឲ្យមានយុត្តិធម៌សង្គមដែលត្រឹមត្រូវ
មិនមានអ្នកមានអំណាចមកជិះជាន់អ្នកតូចតាច
ហើយមនុស្សគ្រប់រូបទាំងមន្ត្រីថ្នាក់តូច
ថ្នាក់ធំត្រូវរស់នៅក្រោមសំណាញ់ច្បាប់ទាំងអស់គ្នា។
លោកបណ្ឌិត មាស នី៖ «អញ្ចឹងនៅក្នុងស្ថានភាពបែបហ្នឹង
គឺដរាបណារដ្ឋាភិបាល
គាត់គិតថាសន្តិភាពដែលមានត្រឹមតែការមិនមានការប្រឈមនឹងកម្លាំងប្រដាប់អាវុធ
តែមិនគិតអំពីយុត្តិធម៌សង្គមនោះទេ ខ្ញុំគិតថា
សង្គមខ្មែរនឹងស្ថិតក្នុងស្ថានភាពបែបនេះរហូត។ ប៉ុន្តែមួយវិញទៀត
ក៏មានបងប្អូនយើងខ្លះ ក៏គាត់គិតដែរថា ប្រហែលជារដ្ឋាភិបាល
មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាលហ្នឹង គាត់គិតថា
សន្តិភាពហ្នឹងគឺមានសម្រាប់តែគ្រួសារគាត់ ឬក៏បក្ខពួករបស់គាត់
ដែលគាត់អាចមានអំណាចក្នុងការប្រើប្រាស់ ឬក៏ពេលខ្លះ
អាចនៅពីលើច្បាប់បាន...។ »
លោកបណ្ឌិត មាស នី
ស្នើឲ្យកម្ពុជាចេះយកគម្រូតាមប្រទេសជិតខាងដែលអាចដោះស្រាយស្ថានការណ៍នយោបាយបានដោយរលូន
និងមិនប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ហើយថា
ជាតិសាសន៍ទាំងនោះមិនដែលយកពាក្យសង្គ្រាមមកគំរាមគ្នា
ឬចាប់ចងដាក់ពន្ធនាគារក្រុមអ្នកប្រឆាំងនោះទេ។ លោកថា
សង្គមកម្ពុជាបច្ចុប្បន្នមិនទាន់មើលឃើញសន្តិភាពក្នុងអត្ថន័យដូចគ្នានៅឡើយទេ។
លោកបណ្ឌិត មាស នី៖ «បើយើងមានអយុត្តិធម៌សង្គមនេះយូរ
ច្រើនពេកទៅ ធ្វើឲ្យអស្ថេរភាពហើយ។
បើដូចរដ្ឋាភិបាលគាត់មានការព្រួយបារម្ភពីរឿងបដិវត្តពណ៌អីហ្នឹង
ការព្រួយបារម្ភរបស់គាត់គឺត្រូវហើយ
ព្រោះកាលណាមានអយុត្តិធម៌កើតច្រើន មនុស្សមិនសប្បាយចិត្ត
ពេលនោះគេនឹងបង្ហាញកំហឹងរបស់គេ។
អញ្ចឹងវាធ្វើឲ្យមានការព្រួយបារម្ភមួយដល់រដ្ឋាភិបាល
អំពីការធ្វើបដិវត្តពណ៌នេះ។ ហើយការធ្វើបដិវត្តពណ៌នេះ
មិនមែនជាការដោះស្រាយជាមួយបដិវត្តពណ៌ដោយធ្វើការគំរាមតែមួយមុខប៉ុណ្ណឹងទេ។
គឺត្រូវការដោះស្រាយនូវបញ្ហាអយុត្តិធម៌សង្គម ដែលកំពុងកើតមាន... ធ្វើឲ្យមនុស្សហ្នឹង
គេថាមានភាពសុខដុមរមនានៅក្នុងចិត្តទៅ កុំឲ្យមានបញ្ហាសង្គមអី
វាមិនមែនថាអត់សោះនោះទេ។ ប៉ុន្តែកុំឲ្យវាហួសហេតុពេក
អាហ្នឹង បដិវត្តពណ៌មិនចាំបាច់ភ័យទេ។
វាមិនអាចកើតមានឡើងទៅរួចនោះទេ បាទ!»
ក្រៅពីសារប្ដេជ្ញារបស់លោក
ហ៊ុន សែន ខាងលើនេះ
លោកក៏មិនបានបំភ្លេចលើកឡើងពីការចូលរួមចំណែករបស់កម្ពុជាជាមួយសហគមន៍អន្តរជាតិក្នុងការជួយស្វែងរកសន្តិភាព
ដល់ប្រទេសដែលកំពុងមានជម្លោះ
ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
លោក ហ៊ុន សែន ថា ចាប់ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន
កម្ពុជាបានបញ្ជូនកងកម្លាំងជាង ៤៧០០ នាក់ រួមទាំងស្ត្រី
និងបុរស បម្រើការបេសកកម្មរក្សាសន្តិភាព ដូចជាការបោសសំអាតមីន
កម្ទេចគ្រាប់មិនទាន់ផ្ទុះ តម្រួតយោធា វិស្វកម្ម និងសំណង់
សេនាធិការ និងសង្កេតការណ៍ ទៅក្នុងប្រទេសចំនួន ០៨ នៅលើពិភពលោក
រួមមាន ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្ដាល លីបង់
សាយព្រឹស ស៊ីរី និងម៉ាលី។
ក្នុងសារជាវីដេអូផ្ញើជូនប្រជាជាតិនានានៅទូទាំងសាកលលោកសម្រាប់ទិវាសន្តិភាពពិភពលោកនេះ
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio
Guterres) បានអំពាវនាវឲ្យមានបទឈប់បាញ់ជាសាកល។
លោកមានប្រសាសន៍ថា សន្តិភាពគឺជាសិទ្ធិ
និងសេចក្ដីប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋទាំងអស់
ហើយជាមូលដ្ឋានគ្រិះសម្រាប់ការវិវឌ្ឍន៍ សុខុមាលភាព
និងវិបុលភាពក្នុងសង្គមនីមួយៗ។ លោកថា គ្មានផលប្រយោជន៍ក្រុមណាមួយ
មហិច្ឆតាជាតិសាសន៍ណាមួយ ឬភាពខុសប្លែកគ្នាណាមួយ
គួរត្រូវអនុញ្ញាត ដែលនាំឲ្យមានហានិភ័យដល់សន្តិភាពនោះឡើយ៕
No comments:
Post a Comment