អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងសារនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧។ Photo courtesy of Sam Rainsy's Facebook Page |
លោក សម រង្ស៊ី ស្នើសហគមន៍ អន្តរជាតិ ដាក់ទណ្ឌកម្ម ដល់រដ្ឋាភិបាល លោក ហ៊ុន សែន
RFA / វិទ្យុ អាស៊ី សេរី | ១៦ កញ្ញា ២០១៧
អតីត ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី ស្នើឲ្យ សហគមន៍ អន្តរជាតិ ដាក់ទណ្ឌកម្ម ចំពោះ រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការអំពាវនាវ ឲ្យសហគមន៍ អន្តរជាតិ ឲ្យដាក់ ទណ្ឌកម្មនេះ ក្នុងពេល ដែលស្ថានការណ៍ នយោបាយ នៅកម្ពុជា កំពុង មានភាព តានតឹង ខ្លាំង ក្រោយពីប្រធាន គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា ត្រូវ បានសមត្ថកិច្ច ចាប់ខ្លួន ខណៈ ដែលស្ថាប័ន ប្រជាធិបតេយ្យ និងបណ្ដាញ ផ្សព្វផ្សាយ មួយចំនួន ត្រូវ បានរដ្ឋាភិបាល ផ្អាក ធ្វើអាជីវកម្ម និងបង្ខំចិត្ត បិទទ្វារ ដោយសារ រងគំនាបនានា។
ថ្លែងទៅកាន់ សារព័ត៌មាន អូស្ត្រាលី អេប៊ីស៊ី ញូវ (ABC News) កាលពីថ្ងៃ ទី១៥ ខែកញ្ញា, លោក សម រង្ស៊ី ថា ទណ្ឌកម្ម ពីលោកសេរី អាចជំរុញ ឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន ដើរទៅរក គន្លង លទ្ធិប្រជាធិបតេយ្យ វិញ។ លោកថា នៅពេលផ្ដល់ជំនួយមកកម្ពុជា សហគមន៍អន្តរជាតិត្រូវភ្ជាប់នូវលក្ខខណ្ឌទាមទារឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស ឬដាក់ទណ្ឌកម្មលើបុគ្គលមន្ត្រីរដ្ឋាភិបាល ដូចជាមិនផ្ដល់ទិដ្ឋាការឲ្យធ្វើដំណើរទៅកាន់ប្រទេសលោកសេរី រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ប្រទេសអូស្ត្រាលី និងជប៉ុន ជាដើម។
លោក សម រង្ស៊ី ថា នៅពេលទណ្ឌកម្មប៉ះពាល់ដល់រដ្ឋាភិបាល និងប្រយោជន៍ផ្ទាល់ខ្លួនរបស់មន្រ្តីក្នុងជួររដ្ឋាភិបាល ពួកគេនឹងពិចារណា។
បើទោះជាពេលនេះ រដ្ឋាភិបាលកម្ពុជា ហាក់កំពុងមានប្រទេសចិន ជាខ្នងបង្អែកក៏ដោយ លោក សម រង្ស៊ី ថ្លែងថា រដ្ឋាភិបាលកម្ពុជា នៅតែត្រូវការ និងពឹងផ្អែកខ្លាំងលើជំនួយរបស់លោកសេរី ព្រោះថា ប្រមាណ ៤០ភាគរយនៃថវិកាជាតិរបស់កម្ពុជា គឺជាជំនួយរបស់ប្រទេសប្រជាធិបតេយ្យ ដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន និងអូស្ត្រាលីជាដើម។ បន្ថែមពីលើនេះ លោកថា ប្រទេសប្រជាធិបតេយ្យទាំងអស់នេះ គឺជាទីផ្សារដ៏សំខាន់សម្រាប់ទំនិញឧស្សាហកម្មរបស់កម្ពុជា។
ក្រៅពីនេះ លោក សម រង្ស៊ី ក៏អំពាវនាវឲ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា អនុវត្តនូវគោលការណ៍ប្រជាធិបតេយ្យស្របតាមស្មារតីនៃកិច្ចព្រមព្រៀងនេះ។
ការអំពាវនាវរបស់លោក សម រង្ស៊ី ឲ្យប្រទេសលោកសេរីដាក់ទណ្ឌកម្មចំពោះរដ្ឋាភិបាលកម្ពុជា នេះ ក៏ក្រោយពីសហរដ្ឋអាមេរិក បានសម្រេចផ្អាកផ្ដល់ទិដ្ឋាការដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជា។ ជាការឆ្លើយតប លោក ហ៊ុន សែន ក៏ផ្អាកកិច្ចសហការជាមួយសហរដ្ឋអាមេរិក ក្នុងការរុករកអដ្ឋិធាតុទាហានអាមេរិកជិត ៥០នាក់ទៀតនៅកម្ពុជា ផងដែរ៕
No comments:
Post a Comment