Paris Peace Accords 23 Oct. 1991

Sunday, September 3, 2017

[Vietnamization: Elections] មន្ត្រី​ គ.ជ.ប. ​នឹង​ជជែក​ ជាមួយ ​ក្រសួង ​មហាផ្ទៃ​ រឿង​នីតិវិធី ​ផ្ដល់​លិខិត ​ស្នាក់នៅ​ ដល់​ពលរដ្ឋ​ថ្មី | NEC officials to discuss with Interior Ministry re new procedure for documentation of residency for new voters

អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក គួយ ប៊ុនរឿន ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៦ នា​ការិយាល័យ គ.ជ.ប រាជធានី​ភ្នំពេញ។

មន្ត្រី​ គ.ជ.ប. ​នឹង​ជជែក​ ជាមួយ ​ក្រសួង ​មហាផ្ទៃ​ រឿង​នីតិវិធី ​ផ្ដល់​លិខិត ​ស្នាក់នៅ​ ដល់​ពលរដ្ឋ​ថ្មី

RFA / វិទ្យុ អាស៊ី សេរី | ២ កញ្ញា ២០១៧




មន្ត្រី ​គណៈកម្មាធិការ​ ជាតិ ​រៀបចំ​ ការ​បោះឆ្នោត (គ.ជ.ប.) នឹង​ជួប​ជជែក​ ជាមួយ​ មន្ត្រី​ ក្រសួង ​មហាផ្ទៃ ជុំវិញ​ ការ​ប្រកាស ​កែប្រែ​ ផ្ដល់​លិខិត​ ស្នាក់​នៅ ស្រប​ពេល​ គណបក្ស​ សង្គ្រោះ​ជាតិ ព្រួយ​អំពី​ ការ​កែប្រែ​ នីតិវិធី​នេះ ថា​ ធ្វើ​ឱ្យ​ ប៉ះពាល់​ សិទ្ធិ​ចុះ​ឈ្មោះ​ បោះឆ្នោត​ របស់​ ពលរដ្ឋ។  នីតិវិធី​ ថ្មី​ របស់​ ក្រសួង​ មហាផ្ទៃ កំណត់​ ថា, ពលរដ្ឋ​ ដែល​ផ្លាស់​ ទីលំនៅ​ថ្មី គឺ ​ត្រូវ​ ស្នាក់នៅ ​ឱ្យ​បាន ​ចាប់​ពី​ ៣០ថ្ងៃ​ ឡើង​ទៅ ទើប ​អាច​ស្នើ​សុំ​ លិខិត​ ស្នាក់​នៅ ​ពី​អាជ្ញាធរ​បាន។


មន្ត្រី​តំណាង​របស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា សេចក្ដី​ប្រកាស​ចាស់​របស់​ក្រសួង​មហាផ្ទៃ ដើម្បី​ចេញ​លិខិត​បញ្ជាក់​ទីលំនៅ​ជូន​ពលរដ្ឋ គឺ​មិន​បាន​កំណត់​ពេល​ឡើយ ដូច្នោះ ការ​កែប្រែ​នីតិវិធី​ចេញ​លិខិត​បញ្ជាក់​ទីលំនៅ​ដោយ​កំណត់ពេល​ចាប់​ពី ៣០​ថ្ងៃ​ឡើង​ទៅ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​ពលរដ្ឋ។

អនុ​ប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន លើក​ឡើង​ថា ប្រសិនបើ​ការ​អនុវត្ត​នីតិវិធី​ថ្មី​នេះ ពិត​ជា​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​ពលរដ្ឋ​មែន គ.ជ.ប នឹង​ពិភាក្សា​ជាមួយ​មន្ត្រី​ក្រសួង​មហាផ្ទៃ ឡើង​វិញ។ ទោះ​ជា​យ៉ាង​ណា​លោក​បញ្ជាក់​ថា មន្ត្រី​តំណាង​ក្រសួង​មហាផ្ទៃ ធ្លាប់​បញ្ជាក់​ប្រាប់​មន្ត្រី​ជំនាញ គ.ជ.ប. ថា តាម​ច្បាប់​ស្ដីពី​ការ​ចេញ​លិខិត​ស្នាក់នៅ​ដំបូង​ឡើយ គឺ​ត្រូវ​មាន​រយៈពេល​ចាប់​ពី ៦​ខែ​ឡើង​ទៅ ប៉ុន្តែ​ដោយសារ​ចង់​ជួយ​សម្រួល​ដល់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​ពលរដ្ឋ ទើប​កំណត់​មក​ត្រឹម ៣០​ថ្ងៃ​វិញ៖ «ជួប​ជាមួយ​ក្រសួង​មហាផ្ទៃ ធ្វើ​ម៉េច​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​ពលរដ្ឋ ដើម្បី​ជួយ​សម្រួល​ដល់​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​បោះឆ្នោត​ហើយ​នោះ ដែល​បាន​ផ្លាស់ប្ដូរ​ទីលំនៅ​បាន​ផ្ទេរ​ទិន្នន័យ​ពួកគាត់​ទៅ​ឃុំ​សង្កាត់​ថ្មី​ដែល​គាត់​រស់​នៅ​នោះ បាន​បោះឆ្នោត​ផង»

ការ​បញ្ជាក់​របស់​លោក គួយ ប៊ុនរឿន នេះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​របស់​ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុភារី នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​អំពី​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា។

អ្នកស្រី ម៉េង សុភារី ថ្លែង​ថា កន្លង​មក ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ខ្លះ គឺ​អាច​ចេញ​លិខិត​ស្នាក់​នៅ​ជូន​ពលរដ្ឋ ប្រសិនបើ​ពលរដ្ឋ​នោះ មាន​ត្រឹមតែ​អត្តសញ្ញាណប័ណ្ណ និង​សាក្សី​មួយ​រូប​ទៅ​ជាមួយ និង​មិន​បាន​ខ្វល់​អំពី​ការ​ស្នាក់​បាន​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​នៅ​ពេល​បច្ចុប្បន្ន​ទេ។
អ្នកស្រី​ថា ការ​កែប្រែ​នីតិវិធី​ផ្ដល់​លិខិត​ស្នាក់​នៅ​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ពលរដ្ឋ​ខ្លះ​ដែល​ផ្លាស់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ជាពិសេស​ពលករ​ដែល​បាន​ចំណាក​ពី​ស្រុក​ទៅ​ស្រុក​មួយ ដើម្បី​បំពេញ​ការងារ​របស់​ពួកគេ៖ «ការ​ចេញ​លិខិត​បញ្ជាក់​លំនៅ​កន្លង​មក ក្រសួង​មហាផ្ទៃ ចេញ​ពីរ​ប្រភេទ ទី​មួយ​លិខិត​បញ្ជាក់​ទីលំនៅ​សម្រាប់​បម្រើ​ឱ្យ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត អ៊ីចឹង​អត់​កំណត់​ពេល​ទេ អា​មួយ​ទៀត ចេញ​លិខិត​បញ្ជាក់​លំនៅ​សម្រាប់​ធ្វើ​អត្តសញ្ញាណប័ណ្ណ អ៊ីចឹង​អា​ហ្នឹង​មាន​កំណត់​ពេល ៦​ខែ​អី​ទៅ។ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​តែ ៧០​ថ្ងៃ ហើយ​ដល់​ ៦​ខែ វា​ហួស​ពេល​ចុះឈ្មោះ​បោះ​ឆ្នោត​ហើយ ម៉េច​បាន?»

អ្នកស្រី​បន្ត​ថា ការ​សម្រួល​ឱ្យ​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​គ្រប់ៗ​គ្នា គឺ​មិន​មែន​ជា​កិច្ច​ផ្ដាច់មុខ​របស់ គ.ជ.ប ឡើយ ព្រោះ​ត្រូវ​ទាមទារ​ការ​ចូល​រួម​ពី​គណបក្ស​នយោបាយ សង្គម​ស៊ីវិល អាជ្ញាធរ​ដែនដី និង​ក្រសួង​មហាផ្ទៃ ជាដើម។ មន្ត្រី​តំណាង​គណបក្ស​ប្រឆាំង​រូប​នេះ ចាត់​ទុក​ថា វា​ជា​ដំណឹង​ល្អ​មួយ​នៅ​ពេល​មន្ត្រី គ.ជ.ប បាន​សន្យា​ជួប​ជជែក​ជាមួយ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ខាង​មុខ ដើម្បី​ពិនិត្យ​លើ​សេចក្ដី​ប្រកាស​ថ្មី​នេះ​ឡើង​វិញ។

សេចក្ដី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ ស្ដីពី​ការ​កែប្រែ​ប្រការ​ចំនួន​ពីរ ស្ដីពី​នីតិវិធី និង​បែបបទ​នៃ​ការ​ចេញ​លិខិត​បញ្ជាក់​ទីលំនៅ ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​លោក ស ខេង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឱ្យ​ដឹង​ថា កា​ស្នាក់​នៅ​ត្រូវ​មាន​រយៈពេល​យ៉ាង​តិច ៣០​ថ្ងៃ ទើប​អាច​ចុះ​បញ្ជី​ស្នាក់នៅ​បណ្ដោះអាសន្ន និង​មាន​លិខិត​អនុញ្ញាត​ឱ្យ​ស្នាក់នៅ​បណ្ដោះអាសន្ន ចេញ​ដោយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ-​សង្កាត់។

តួលេខ​ពី គ.ជ.ប ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ទើប​គ្រប់​អាយុ និង​អ្នក​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៦ គឺ​មាន​ជាង ១,៤​លាន​នាក់ ដែល​ត្រូវ​ទៅ​​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៧ នេះ ដើម្បី​អាច​មាន​ឈ្មោះ ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ក្នុង​ឆ្នាំ​២០១៨។ នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា នេះ គឺ​ជា​ថ្ងៃ​ដំបូង​នៃ​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដែល​រយៈពេល​សរុប ៧០​ថ្ងៃ។ ទោះ​ជា​យ៉ាង​ណា ភាគ​ច្រើន​នៃ​អ្នក​មិន​ទាន់​ចុះ​ឈ្មោះ​ទាំង​នេះ ត្រូវ​បាន​គេ​ដឹង​ថា ជា​ពលករ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ និង​ប្រទេស​កូរ៉េខាងត្បូង ជាដើម។

ជាមួយ​គ្នា​នេះ ក្នុង​ថ្ងៃ​ទី​មួយ​នៃ​ដំណើរ​ការ​ចុះឈ្មោះ​បោះ​ឆ្នោត អាស៊ីសេរី បាន​ទៅ​ផ្ទាល់​នៅ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​សង្កាត់​ចំនួន​៤ ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​សង្កាត់​ខ្លះ ទើប​មាន​អ្នក​ទៅ​ចុះ​ឈ្មោះ​បាន ១ និង​ពីរ​នាក់​ប៉ុណ្ណោះ។ មន្ត្រី​នៅ​ក្នុង​សង្កាត់​មួយ​បាន​ប្រាប់​អាស៊ីសេរី​ថា សង្កាត់​របស់​ពួកគេ​មាន​អ្នក​មិន​ទាន់​​ចុះ​ឈ្មោះ​ជាង ២​ពាន់​នាក់ ហើយ​ភាគ​ច្រើន​នៃ​អ្នក​ទាំង​នេះ គឺ​យុវជន​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស ពលករ និង​អ្នក​ខ្លះ​ទៀត​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ច្បាស់​លាស់។

ពាក់ព័ន្ធ​នឹង​ថ្ងៃ​បោះឆ្នោត​ដំបូង​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក៏​បាន​អំពាវនាវ​ទៅ​ដល់​អ្នក​មិន​ទាន់​ទៅ​ចុះ​បោះឆ្នោត ត្រូវ​ទៅ​ចុះ​បោះឆ្នោត​ឱ្យ​បាន​គ្រប់​គ្នា ព្រោះ​លោក​ថា បើ​មិន​បាន​ចុះ​ឈ្មោះ​បោះឆ្នោត គឺ​មាន​ន័យ​ពលរដ្ឋ​ទាំង​នោះ​នឹង​បាត់​សិទ្ធិ​ជា​ម្ចាស់​ប្រទេស៕



No comments:

Post a Comment