Paris Peace Accords 23 Oct. 1991

Thursday, October 26, 2017

[Demographic Vietnamization: Bavet, Hok Lundy, Bokor, Border, Rohingya] ទួល​បុរាណ​ មួយ​ នៅ​ខេត្ត​ ស្វាយរៀង​ ក្លាយ​ជា​ ទីកន្លែង​ សក្ការបូជា ​របស់ ​ជនជាតិ​ វៀតណាម | A mound in Svay Rieng turning into a sacred site of the Vietnamese

Related / background:

 ជនជាតិ​វៀតណាម ធ្វើ​ពិធី​សាសនា​នៅ​លើ​ភ្នំ​បូកគោ ខេត្ត​កំពត ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Cheu Sideth
 ...

រូបសំណាក​លោក​យាយ​ស្រី ស្ថិត​ក្នុង​សង្កាត់​បាទី ក្រុង​បាវិត ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃទី២ ខែ​កញ្ញា ឆ្នាំ២០១៧។
រូបសំណាក​លោក​យាយ​ស្រី ស្ថិត​ក្នុង​សង្កាត់​បាទី ក្រុង​បាវិត ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃទី២ ខែ​កញ្ញា ឆ្នាំ២០១៧។

ទួល​បុរាណ​ មួយ​ នៅ​ខេត្ត​ ស្វាយរៀង​ ក្លាយ​ជា​ ទីកន្លែង​ សក្ការបូជា ​របស់ ​ជនជាតិ​ វៀតណាម

RFA / វិទ្យុ អាស៊ី សេរី | ២៥ តុលា ២០១៧


បូជនីយដ្ឋាន ​លោកយាយ ​ស្រី ឬ​គេ​ ហៅ​ទូទៅ ​ថា ទួល​បុរាណ​ អាស្រម ​លោកយាយ ​ស្រី ដែល​ស្ថិត​ ក្នុង​សង្កាត់​ បាទី ក្រុង​ បាវិត ខេត្ត​ ស្វាយរៀង បាន​ក្លាយ​ជា​ ទីកន្លែង សក្ការបូជា​ ដ៏​មុតមាំ​ របស់​ ជនជាតិ ​វៀតណាម ជា​រៀងរាល់ថ្ងៃ ជាពិសេស ​ក្នុង​ពិធីបុណ្យ​ ប្រពៃណី​ ចិន​-​វៀតណាម។  ពលរដ្ឋ​ខ្មែរ នៅ​តំបន់​នោះ ស្នើ​ឲ្យ​ អាជ្ញាធរ ជួយ​ពិនិត្យមើល​ ករណី​នេះ ព្រោះ ​ពួកគេ​ បារម្ភ​ ពី​ចេតនា​ មិនល្អ​ របស់ ​ជនជាតិ ​វៀតណាម។


បូជនីយដ្ឋាន​លោកយាយ​ស្រី មាន​ផ្ទៃដី​ទំហំ​ជិត ១​ហិកតារ ស្ថិតនៅ​ភូមិ​ប្រសប់លាក់ សង្កាត់​បាទី ដែល​មាន​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ ពី​ក្រុង​បាវិត ខេត្ត​ស្វាយរៀង និង​មាន​ចម្ងាយ​ប្រមាណ​៣​គីឡូ ម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​-​វៀតណាម។ ទីនោះ​ល្បី​តៗ​គ្នា​ថា ជា​កន្លែង​ដ៏​ស័ក្ដិសិទ្ធិ​មួយ​តាំងពី​យូរលង់ ណាស់​មក​ហើយ។

លោកតា​អាចារ្យ​ម្នាក់​ឈ្មោះ ធាត់ ស៊ីថា ដែល​នៅ​ប្រចាំ​ការ​មើល​ខុសត្រូវ​លើ​ទួល​បុរាណ​នោះ រៀបរាប់​ថា ប្រជាជន​ជាច្រើន​ក្នុង​នោះ​ក៏​មាន​ជនជាតិ​វៀតណាម​ដែរ តែង​មាន​ជំនឿ​លើ​ទួល​នេះ​ដោយ សារ​ពេល​បន់ស្រន់​សុំ​អ្វីមួយ តែង​សម្រេច​ដូច​បំណង ហើយ​អ្នក​ឈឺ​ថ្កាត់ ក៏បាន​ជា​វិញ ចំណែក​អ្នក​បន់ស្រន់​ឲ្យ​រកស៊ី​មានបាន ក៏​ទទួលជោគជ័យ។

នៅ​លើ​ទួល​បុរាណ​នោះ គឺ​មាន​អាស្រម​ធំ​មួយ ទើប​សាងសង់​ក្នុង​ឆ្នាំ​២០១០ ដោយ​ទទួល​បាន​ប្រាក់ ឧបត្ថម្ភ​ភាគច្រើន​របស់​ជនជាតិ​វៀតណាម។ ក្នុង​អាស្រម​ថ្ម​នោះ មាន​ដាក់​តម្កល់​រូបសំណាក​ជាច្រើន ដែល​តំណាង​ឲ្យ​លោកយាយ​ស្រី។ ថ្វីត្បិតតែ​លោកយាយ​ស្រី​ត្រូវ​គេ​ស្គាល់​ថា ជា​មនុស្ស​ពូកែ​សក្ដិសិទ្ធិ​របស់​ខ្មែរ​ក្ដី ប៉ុន្តែ​បច្ចុប្បន្ន​នេះ រូបសំណាក​របស់​គាត់ ត្រូវ​បាន​គេ​បំពាក់​មកុដ និង​គ្រង​សំលៀកបំពាក់ ឬ​អាវ​ផាយ​របស់​វៀតណាម​ទៅវិញ។ ក្រៅពី​រូបសំណាក​លោកយាយ​ស្រី ក៏​មាន​រូបសំណាក​ជាច្រើន​ទៀត​ដែរ ដូច​រូបសំណាក​ព្រះ​គោព្រះកែវ និង​ខ្ទម​អ្នក​តាចិន អ្នកតា​វៀតណាម​ជាច្រើន​ទៀត ដែល​ត្រូវ​អន្ទង​ហៅ ឲ្យ​មក​សណ្ឋិត​នៅ​លើ​ទី​ទួល​នោះ​ជុំ​គ្នា។

លោកតា​អាចារ្យ ធាត់ ស៊ីថា មិន​បាន​ដឹង​ច្បាស់ ពី​ប្រវត្តិ​នៃ​បូជនីយដ្ឋាន​លោកយាយ​ស្រី​នេះ​ទេ ព្រោះ​ជា​ទួល​បុរាណ​ដែល​ល្បី​ត​គ្នា​យូរ​មក​ហើយ ប៉ុន្តែ​លោក​ដឹង​ថា ជនជាតិ​វៀតណាម មាន​ជំនឿ​លើ លោកយាយ​ស្រី ជា​យូរ​ណាស់​មក​ហើយ​ដែរ គ្រាន់តែ​ថា បច្ចុប្បន្ន​នេះ​ៗ មាន​ជនជាតិ​វៀតណាម​កាន់តែ ច្រើន​ឡើងៗ។ លោកតា​អាចារ្យ​រូប​នេះ បន្ត​ថា ការ​បំពាក់​អាវ​ផាយ​ឲ្យ​លោកយាយ​ស្រី​គឺជា​សទ្ធា​ជ្រះ ថ្លា​របស់​ជនជាតិ​វៀតណាម ហើយ​លោក ក៏​គ្មាន​សិទ្ធិ​សម្រេច​អ្វី​នោះ​ដែរ ព្រោះថា​ស្ថានីយ​បុរាណ​ទួល​លោកយាយ​ស្រី មានការ​គ្រប់គ្រង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប។

ពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​ភូមិ​ប្រសប់លាក់ និយាយ​ថា នៅ​ពេល​មាន​ពិធីបុណ្យ​ទាក់ទិន​នឹង​ប្រពៃណី ចិន​-​វៀតណាម គឺ​មាន​ប្រជាជន​វៀតណាម​ជាច្រើន​បាន​ធ្វើ​ដំណើរ​មក​ធ្វើ​ពិធី​សាសនា និង​បន់ស្រន់ នៅ​ទួល​យាយ​ស្រី​នោះ។ ពលរដ្ឋ​រូប​នេះ បញ្ជាក់​ថា បើ​នៅ​ថ្ងៃ​ធម្មតា​អាច​មាន​ចន្លោះ​ពី៤ ទៅ ៥ម៉ូតូ ហើយ​បើ​ថ្ងៃបុណ្យ​វិញ​គឺ​ឡើង​ដល់​រាប់​រយ​ម៉ូតូ​តែម្ដង។

ប្រជាពលរដ្ឋ​ផ្សេងទៀត យល់ថា អាជ្ញាធរ​មិន​គួរ​បណ្ដោយ​អោយ​ជនជាតិ​វៀតណាម​ចេញចូល និង ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត ក្នុង​ទឹកដី​ខ្មែរ​នោះ​ទេ ជាពិសេស​នៅ​ទីកន្លែង​គោរព​សក្ការ​របស់​ខ្មែរ។ លោក បន្ត​ថា ពួកគេ​មាន​សិទ្ធិ​មក​គោរព​បូជា និង​បន់ស្រន់​បាន តែ​មិន​ត្រូវ​មក​កែច្នៃ​កន្លែង​បុរាណ​របស់​ខ្មែរ​ឲ្យ ទៅជា​របស់​ពួកគេ​ឡើយ។

ពលរដ្ឋ​មួយ​ចំនួន​ទៀត បារម្ភ​ថា ទង្វើ​ជនជាតិ​វៀតណាម​នេះ គឺជា​មធ្យោបាយ​ពង្រីក​ទឹកដី​របស់​វៀតណាម ក្រោម​ហេតុផល​ជំនឿ​សាសនា។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាពសង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា ការ​បណ្ដោយ​ឲ្យ​ជនជាតិ​បរទេស​ចូល​មក​ធ្វើ​ពិធី​សាសនា តាម​អំពើ​ចិត្ត​ក្នុង​ប្រទេស​កម្ពុជា គឺ​បង្ហាញ​ពី​កម្សោយ​មួយ​របស់​អាជ្ញាធរ​រដ្ឋាភិបាល។ លោក​ពន្យល់​ថា បញ្ហា​ប្រពៃណី​ទំនៀប​ទម្លាប់ និង សាសនា គឺជា​ធាតុ​ផ្សំ​មួយ​តំណាង​ឲ្យ​ជាតិ ឬ​រដ្ឋ​មួយ ដូច្នេះ​ប្រសិន​មាន​ជនបរទេស​ណាមួយ​ដែល មានគំនិត​មិនល្អ​ធ្វើ​ឲ្យ​ប៉ះពាល់ ឬ​ធ្វើ​ឲ្យ​បាត់បង់​នូវ​ធាតុ​ដើម ឬក៏​យក​អ្វីមួយ​មក​ផ្សព្វផ្សាយ​បញ្ជ្រាប​ចូល​ក្នុង​ប្រពៃណី​ទំនៀមទម្លាប់​របស់​កម្ពុជា នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​រយៈពេល​វែង​សម្រាប់​កម្ពុជា។

មួយ​រយៈ​ចុងក្រោយ​នេះ ជនអន្តោប្រវេសន៍​វៀតណាម តែងតែ​ចូល​មក​ប្រើប្រាស់​ទឹកដី​របស់​កម្ពុជា សម្រាប់​ធ្វើជា​ទីតាំង​គោរព​បូជា​តាម​បែប​សាសនា និង​ធ្វើ​សមាធិ ដូចជា​នៅ​ភ្នំ​បូកគោ ខេត្ត​កំពត និង នៅ​តំបន់​អង្គរ ក្នុង​ខេត្ត​សៀមរាប រួម​ទាំង​ស្ថានីយ​បុរាណ​ទួល​យាយ​លោកស្រី​ក្នុង​ខេត្ត​ស្វាយរៀង ជាដើម។ ទង្វើ​នេះ ប្រជា​ពលរដ្ឋ​សង្ស័យ​ថា ការ​យក​ទីតាំង​បុរាណ​របស់​ខ្មែរ ដើម្បី​ធ្វើ​ពិធី​សាសនា និង​សក្ការបូជា​នេះ អាច​ធ្វើ​ឡើង​ក្រោម​ហេតុផល​អ្វីមួយ​មិនល្អ។ ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ពិនិត្យមើល​សកម្មភាព​របស់​ជនជាតិ​វៀតណាម ដែល ចូល​មក​គោរព និង​ធ្វើការ​បន់ស្រន់​នៅ​ទីតាំង​បូជនីយដ្ឋាន​លោកយាយ​ស្រី​នោះ៕

No comments:

Post a Comment