Paris Peace Accords 23 Oct. 1991

Wednesday, October 18, 2017

[Demographic Vietnamization: Military, Elections] ការ​បង្កើន​ ការ​ស្វែង​រក​ ឆ្អឹង​ទាហាន ​វៀតណាម ​នៅ​កម្ពុជា​ បង្ក​ ការ​សង្ស័យ ដល់​ពលរដ្ឋ​ខ្មែរ | Increased military presence in searching for remains of Vietnamese soldiers raise suspicion among Cambodians

លោក ហេង សំរិន (ស្ដាំ) ប្រធាន​រដ្ឋសភា​កម្ពុជា ជាមួយ​លោក ត្រឹង ដាយ ខ្វាង (TRAN DAI QUANG) (ឆ្វេង) ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ក្នុង​ជំនួប​នា​វិមាន​រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦។
លោក ហេង សំរិន (ស្ដាំ) ប្រធាន​រដ្ឋសភា​កម្ពុជា ជាមួយ​លោក ត្រឹង ដាយ ខ្វាង (TRAN DAI QUANG) (ឆ្វេង) ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ក្នុង​ជំនួប​នា​វិមាន​រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦។
RFA/Brach Chev

ការ​បង្កើន​ ការ​ស្វែង​រក​ ឆ្អឹង​ទាហាន ​វៀតណាម ​នៅ​កម្ពុជា​ បង្ក​ ការ​សង្ស័យ ដល់​ពលរដ្ឋ​ខ្មែរ

RFA / វិទ្យុ អាស៊ី សេរី | ១៨ តុលា ២០១៧


រដ្ឋាភិបាល​ កម្ពុជា កំពុង​ បង្កើន​ កិច្ច​សហប្រតិបត្តិការ​ ស្វែង​រុករក​ អដ្ឋិធាតុ​ កងទ័ព​ ស្ម័គ្រចិត្ត​ វៀតណាម ដែល​បាន​ លុកលុយ និង​ឈ្លានពាន​ កម្ពុជា ​កាលពី​ទសវត្សរ៍​ ទី​៨០។  ការ​បង្កើន​កិច្ច​ សហប្រតិបត្តិការ​នេះ ធ្វើឡើង ​ស្រប​ពេល​ ដែល​កម្ពុជា​ បានសម្រេច​ ផ្អាក កិច្ច​សហប្រតិបត្តិការ​ ជាមួយ​ អាមេរិក​ ក្នុង​ការ​ ស្វែង​រុករក​ អដ្ឋិធាតុ​ ទាហាន ​អាមេរិក បាត់​ខ្លួន ​កាលពី​សម័យ ​សង្គ្រាម។  អ្នកវិភាគ​ ចោទ​ជា​ចម្ងល់​ ថា ហេតុអ្វី​ បានការ​ ស្វែង​រុករក ​អដ្ឋិធាតុ​ កងទ័ព​ វៀតណាម​នេះ ចេះតែ ​បន្ត​ ឥត​ឈប់ឈរ ​នៅ​ស្ទើរ តែ​ គ្រប់ ​ខែត្រ​/ក្រុង, ហើយ​ មិន​ ចេះ​ចប់​ យ៉ាង​ដូច្នេះ។


អ្នក​សិក្សា​ស្រាវជ្រាវ និង​វិភាគ​នយោបាយ​នៅ​កម្ពុជា​លោក​បណ្ឌិត មាស នី ដាក់​ជា​ចម្ងល់​ត្រង់ៗ​ថា ហេតុអ្វី​បានជា​ប្រទេស​វៀតណាម ចេះតែ​បន្ត​យុទ្ធនាការ​ស្វែង​រុករក​អដ្ឋិធាតុ​កងទ័ព​វៀតណាម​ដែល​បាន​ស្លាប់​ក្នុង​សង្គ្រាម​លុកលុយ និង​ឈ្លានពាន​ទឹកដី​កម្ពុជា ក្រោយពី​ការ​ដួល​រលំ​ទៅ​នៃ​របប​ខ្មែរក្រហម​នៅ​ចុង​ទសវត្សរ៍​ទី​៧០។

លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា មិត្តភាព​កម្ពុជា និង​វៀតណាម​នេះ មាន​ជា​យូរយារ​ណាស់​មក​ហើយ ដោយ​សារ​តែ​វៀតណាម ជា​អ្នក​លើក​បន្តុប​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វ​ថ្ងៃ​នេះ ហើយ​លោក​ចាត់​ទុក​វៀតណាម​ថា ជា​អ្នកមានគុណ​របស់​ខ្លួន ដោយ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​វៀតណាម អាច​ធ្វើ​ការស្រាវជ្រាវ​រុករក​អដ្ឋិធាតុ​ទាហាន​វៀតណាម​នេះ អស់​រយៈពេល​ជាង​សាមសិប​ឆ្នាំ​មក​ហើយ។ 

លោក​ថា តាម​ដែល​លោក​ដឹង នៅ​តាម​ខែត្រ​នីមួយៗ​គឺ​តែង​តែ​មាន​ផ្នូរ​សព​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ហើយ​បើ​ទោះ​ជា​មានការ​ស្វែង​រុករក​នៅ​តាម​ព្រៃ​ក៏ដោយ ការណ៍​នោះ​មិន​គួរ​ចំណាយ​ពេល​យូរ​ពេក​យ៉ាង​ដូច្នេះ​នោះ​ដែរ។ លោក​ថា មិនមែន​មានតែ​លោក​ម្នាក់​ទេ​ដែល​មាន​ចម្ងល់ និង​មន្ទិល​ពី​បញ្ហា​នេះ តែ​នេះ​គឺជា​ចម្ងល់ និង​មន្ទិល​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ៖ «ខ្ញុំ​គិត​ថា វៀតណាម​គេ​ស្គាល់​ប្រទេស​កម្ពុជា​យើង​ចង់​ច្បាស់​ជាង​ខ្មែរ​យើង​ផង បើ​និយាយ​ឲ្យ​មែន​ទែន​ទៅ រហូតដល់​ផលិត​ផែនទី​ប្រទេស​ខ្មែរ​ជា​អក្សរ​វៀតណាម​ទៀត​ផង។ ដូច្នេះ​រឿង​ការប្រើប្រាស់​ពេលវេលា​វែង​នេះ វា​ជា​ចំណោទ​សួរ​មួយ​ដែរ ដែល​ថា ហេតុអ្វី​ក៏​វៀតណាម​ត្រូវ​ប្រើ​ពេលវេលា​វែង នៅ​ពេល​ដែល​ឱកាស​ក្នុង​ការ​ចុះ​ស្រាវជ្រាវ​នេះ​គឺ​មាន​គ្រប់គ្រាន់»

កន្លងមក​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន តែងតែ​ដាក់​ក្ដី​មន្ទិល​សង្ស័យ​ថា ការណ៍​ដែល​វៀតណាម​ចេះតែ​បន្ត​ធ្វើ​យុទ្ធនាការ​ស្វែង​រុករក​មិន​ចេះ​ឈប់​មិន​ចេះ​ហើយ​នេះ អាច​ជា​យុទ្ធសាស្ត្រ​មួយ​របស់​រដ្ឋាភិបាល​ប្រទេស​វៀតណាម ប្រើប្រាស់​ធ្វើជា​លេស​ដើម្បី​បន្លំ​ធ្វើ​ចារកម្ម និង​បន្ត​ធ្វើ​ការគ្រប់គ្រង​ជា​ប្រយោល​ក្នុង​ប្រទេស​កម្ពុជា។ ស្រប​ពេល​ជាមួយ​គ្នា​នេះ វៀតណាម​ក៏​អាច​ប្រើប្រាស់​ហេតុផល​នៃ​ការ​ធ្វើ​ការរុករក​អដ្ឋិធាតុ​ទាហាន​របស់​ខ្លួន​នេះ ដើម្បី​ទន្ទ្រាន​ទឹកដី​កម្ពុជា កាប់​បំផ្លាញ​ព្រៃឈើ ឬ​រុករក​រ៉ែ​សំខាន់ៗ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​ជាដើម។

ភាគី​កម្ពុជា​ចំនួន ៧​ខែត្រ ក្នុង​នោះ​មាន​ខែត្រ​បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ សៀមរាប កំពង់ចាម និង​ខែត្រ​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​១៣ ខែ​តុលា បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​ចុះ​ហត្ថលេខា ស្វែង​រុករក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​បាត់បង់​ជីវិត​នៅ​កម្ពុជា ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​ខែត្រ​តៃនិញ ប្រទេស​វៀតណាម។ លោក អ៊ុំ រាត្រី អភិបាលរង​ខែត្រ​បន្ទាយមានជ័យ ត្រូវ​បាន​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កម្ពុជា ស្រង់​ប្រសាសន៍​ថា ក្នុង​ពិធី​ចុះហត្ថលេខា​ផែនការ​សហប្រតិបត្តិការ​នេះ កម្ពុជា​មាន​អភិបាលខែត្រ អភិបាល​រង​ខែត្រ មន្ត្រីរាជការ កងកម្លាំង ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​៧​ខែត្រ​នេះ ខណៈ​ភាគី​វៀតណាម​មាន​លោក វូង្វៀន ជៀន ដែល​ជា​ស្នងការ​រង​នយោបាយ​ភូមិភាគ​ទី​៧ នៃ​ខែត្រ​តៃនិញ ប្រទេស​វៀតណាម។

ដោយឡែក កាលពី​ថ្ងៃ​ទី​១៧ ខែ​តុលា សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល រាយការណ៍​ថា អាជ្ញាធរ​ខែត្រ​កំពង់ធំ និង​អាជ្ញាធរ​ខែត្រ​ប៊ិញភឿក របស់​វៀតណាម បាន​ចុះហត្ថលេខា​អនុញ្ញាត​ឲ្យ​វៀតណាម​បន្ត​ជីក​រុករក​អដ្ឋិធាតុ​ទាហាន​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​បាត់បង់​ជីវិត​នៅ​កម្ពុជា សម្រាប់​ដំណាក់កាល​ទី​១៧ រដូវប្រាំង​ឆ្នាំ​២០១៧-២០១៨។ 

លោក សោម ស៊ុន មេបញ្ជាការ​សឹក​រង​កំពង់ធំ ត្រូវ​បាន​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ដដែល​នេះ ស្រង់​ប្រសាសន៍​ថា ការ​ចុះហត្ថលេខា​នេះ​ធ្វើឡើង​ស្របតាម​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម ស្ដីពី​កិច្ចប្រតិបត្តិការ​ស្វែង​ជីក​រុករក​អដ្ឋិធាតុ​ទាហាន​វៀតណាម ដែល​បាន​បាត់បង់​ជីវិត​នៅ​លើ​ទឹកដី​កម្ពុជា ក្នុង​ទសវត្សរ៍​៧០ និង​៨០ ក្នុង​គោលបំណង​ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ទៅកាន់​មាតុប្រទេស​វៀតណាម​វិញ។

លោក សោម ស៊ុន ថា ចាប់​តាំងពី​ឆ្នាំ​២០០៣ រហូតមកដល់​ខែ​ឧសភា ឆ្នាំ​២០១៧ ការស្វែងរក​អដ្ឋិធាតុ​នេះ សម្រេច​បាន​ចំនួន ១០៤៤ អដ្ឋិធាតុ​ហើយ។ លោក​ថា ការស្វែងរក​នេះ​បាន​ជួប​បញ្ហា​ខ្លះ ដោយសារ​កត្តា​ភូមិសាស្ត្រ​មាន​ភាព​ប្រែប្រួល ហើយ​ប្រជាពលរដ្ឋ​នៅ​កន្លែង​ខ្លះ​មិនទាន់​សហការ​បាន​ល្អ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​អំពី​ករណី​នេះ។ ភាគី​វៀតណាម​គ្រោង​ចំណាយ​ថវិកា ៤២​ម៉ឺន​ដុល្លារ​ដល់​ភាគី​កម្ពុជា​សម្រាប់​ដំណាក់កាល​ទី​១៧ រដូវប្រាំង​ឆ្នាំ​២០១៧-២០១៨​នេះ។

លោក ប៉ុល សារឿន អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ការងារ​ស្វែងរក​អដ្ឋិធាតុ​នៃ​រដ្ឋាភិបាល​កម្ពុជា ធ្លាប់​សន្យា​ប្រាប់​សម​ភាគី​វៀតណាម ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​ហូជីមិញ កាលពី​ខែ​កញ្ញា កន្លង​ទៅ​ថា ភាគី​កម្ពុជា​នឹង​ចូលរួម​សហការ​ជាមួយ​កិច្ចប្រឹងប្រែង​របស់​វៀតណាម​ក្នុង​ការ​ស្វែង​រុករក​អដ្ឋិធាតុ​នេះ ដើម្បី​រួមចំណែក ពង្រឹង​បន្ថែម​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ។

ចំពោះ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ភាគី​វៀតណាម ក្នុង​ការ​ស្វែង​រុករក​អដ្ឋិធាតុ​វៀតណាម​នេះ ស្រប​ពេល​ដែល​រដ្ឋាភិបាល​សម្រេច​ផ្អាក ជា​បណ្ដោះអាសន្ន​កិច្ច​សហប្រតិបត្តិការ​ស្វែង​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​បាត់​ខ្លួន​នៅ​កម្ពុជា ក្រោយពី​សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​មិន​ផ្ដល់​ទិដ្ឋាការ​ធ្វើដំណើរ​ដល់​មន្ត្រី​ការបរទេស​កម្ពុជា ដោយសារ​កម្ពុជា​មិន​ព្រម​ទទួលយក​ពលរដ្ឋ​កម្ពុជា​ជាប់ពិរុទ្ធ​នៅ​អាមេរិក ដែល​ត្រូវ​បាន​សហរដ្ឋអាមេរិក​បណ្ដេញ​ចេញ​មក​កម្ពុជា​វិញ។

យ៉ាង​ណា​ក៏​ដោយ​លោក​បណ្ឌិត មាស នី ជឿជាក់​ថា ខុស​ពី​សហរដ្ឋអាមេរិក ទោះជា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ រដ្ឋាភិបាល​ក្រុងភ្នំពេញ នឹង​នៅតែ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​វៀតណាម​ក្នុង​ការ​ស្វែង​រុករក​អដ្ឋិធាតុ​នេះ។ លោក​ថា រដ្ឋាភិបាល​កម្ពុជា​ទំនងជា​នឹង​មិន​ហ៊ាន​ប្រកែក​ជាមួយ​នឹង​ភាគី​ប្រទេស​វៀតណាម​ឡើយ ដោយសារតែ​កម្ពុជា​តែង​ចាត់​ទុក​វៀតណាម​ថា​ជា​អ្នក​មានគុណ ដូច​ដែល​បាន​ឆ្លុះ​បញ្ចាំង​តាមរយៈ​ការ​សាងសង់​ស្តូប​អនុស្សាវរីយ​កម្ពុជា​-​វៀតណាម នៅ​ស្ទើរ​តែ​គ្រប់​ខែត្រ​ក្រុង​ទូទាំង​ប្រទេស​កម្ពុជា។

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ការងារ​ស្វែងរក​អដ្ឋិធាតុ​នៃ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដឹង​ថា នៅ​សល់​អដ្ឋិធាតុ​របស់​ទាហាន​វៀតណាម​ជិត ៤​ពាន់​នាក់​ទៀត​នៅ​កម្ពុជា មិនទាន់​រក​ឃើញ​នៅឡើយ។ ភាគី​ទាំងពីរ ដាក់​ផែនការ​ធ្វើ​យុទ្ធនាការ​ស្វែង​រុករក​អដ្ឋិធាតុ​ទាហាន​វៀតណាម​នេះ ឲ្យ​បាន​ចប់​ត្រឹម​ឆ្នាំ​២០២០។ ទាហាន​វៀតណាម​ប្រមាណ ២​សែន​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​ឲ្យ​ឈ្លានពាន និង​ត្រួតត្រា​ប្រទេស​កម្ពុជា ពី​ចន្លោះ​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៩ ក្នុង​របប​សាធារណរដ្ឋ​ប្រជា​មា​និត្យ​កម្ពុជា​របស់​លោក ហេង សំរិន ដែល​ត្រូវ​វៀតណាម​លើក​បន្តុប​ឲ្យ​គ្រប់គ្រង​កម្ពុជា​នា​សម័យ​នោះ៕

No comments:

Post a Comment