ប្រជាពលរដ្ឋ សិស្ស និស្សិត និងព្រះសង្ឃ ប្រមាណ ១ពាន់នាក់និងអង្គ បានប្រមូលផ្ដុំគ្នាដង្ហែក្បួនដាក់ញត្តិតាមស្ថាប័នរដ្ឋ និងបណ្ដាស្ថានទូតមួយចំនួននៅកម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា នៅថ្ងៃប្រារព្ធខួបលើកទី២៣ នៃកិច្ចព្រមព្រៀងនេះ។ |
ពលរដ្ឋខ្មែរ នៅក្រៅ ប្រទេស គ្រោងបាតុកម្ម ទាមទារ ឲ្យរដ្ឋាភិបាល គោរព កិច្ចព្រមព្រៀង ទីក្រុងប៉ារីស
RFA / វិទ្យុ អាស៊ី សេរី | ១៨ តុលា ២០១៧
នៅពេល ដែលខួប ទី២៦ នៃកិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស នឹងចូលមកដល់ នៅថ្ងៃ ទី២៣ ខែ តុលា ខាងមុខនេះ, ពលរដ្ឋខ្មែរ ដែលរស់នៅ ឯនាយសមុទ្រ មានដូចជា នៅប្រទេស ជប៉ុន, អូស្ត្រាលី, កាណាដា, និងអាមេរិក,ជាដើម, កំពុង,រៀបចំ,ធ្វើ,មហាបាតុកម្ម ដើម្បី ទាមទារ ឲ្យរដ្ឋាភិបាល ក្រុងភ្នំពេញ គោរព កិច្ចព្រមព្រៀង សន្តិភាពនេះ ឲ្យបាន ពេញលេញ។
ផ្ដើមពីពលរដ្ឋខ្មែរនៅប្រទេសជប៉ុន កាលពីថ្ងៃទី២៧ ខែកញ្ញា កន្លងទៅនេះ ពួកគាត់បានដាក់ញត្តិរួចទៅហើយ ទៅខាងតំណាងប្រទេសជប៉ុន។ លោក ហៃ វណ្ណា បានប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១៧ ខែតុលា ថា លោកគ្រោងប្រមូលមនុស្សមិនតិចជាង ២ពាន់នាក់ ដើម្បីធ្វើមហាបាតុកម្ម ទាមទារឲ្យរដ្ឋាភិបាលជប៉ុន ដែលជាម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដាក់សម្ពាធដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងនេះ៖ «ពួកយើង មិនចង់ឲ្យមានការចេញសេចក្ដីថ្លែងការណ៍ដដែលៗ ពីប្រទេសមហាអំណាចនោះទេ។ ពួកយើងចង់ឲ្យចេញគាត់ចេញសកម្មភាពផ្ទាល់តែម្ដង។ ការចេញសេចក្ដីថ្លែងការណ៍ មិនចេញសកម្មភាពដូច្នេះ នាំឲ្យគ្មានតម្លៃ។ ក្នុងនាមគាត់ជាប្រទេសហត្ថលេខីមួយ និងប្រទេសផ្ដល់ជំនួយធំជាងគេ ឲ្យគាត់កោះប្រជុំបន្ទាន់ ដើម្បីឲ្យមានការដោះស្រាយបញ្ហា នយោបាយ ដែលកំពុងឡើងកម្ដៅខ្លាំងនៅកម្ពុជា។»
ចំណែកឯពលរដ្ឋខ្មែរម្នាក់ នៅប្រទេសកាណាដា ក៏គ្រោងនឹងរៀបចំធ្វើបាតុកម្មស្រដៀងគ្នានេះដែរ នៅទីក្រុង កាល់ហ្គារី (Calgary) ខេត្តអាល់ប៊ើតា (Alberta) នៅថ្ងៃទី២៣ ខែតុលា ខាងមុខនេះ ដោយសារមិនពេញចិត្តនឹងទង្វើរបស់រដ្ឋាភិបាលលោក ហ៊ុន សែន សព្វថ្ងៃ។ លោក អ៊ុង ខាត់ លើកឡើងថា លោក ហ៊ុន សែន បានប្រព្រឹត្តរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ដោយសារការចាប់ចង និងធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំង៖ «ដូច្នេះបងប្អូននឹងជួបជុំគ្នា និងធ្វើកម្មវិធីនេះ បាតុកម្មឲ្យគោរពសិទ្ធិប្រជាជនខ្មែរ និងធ្វើអ្វីកុំឲ្យខុសឆ្គងកាន់តែធ្ងន់ឡើងៗ បំផ្លាញប្រទេសយើង បំផ្លាញកូនចៅបងប្អូនយើង មិនបានសុខដោយសារសម្ដេច ហ៊ុន សែន តែម្ដង។»
លោក កន អ៊ុំ នៅខាងរដ្ឋតិចសាស់ (Texas) សហរដ្ឋអាមេរិកឯណេះវិញ នឹងប្រមូលពលរដ្ឋខ្មែរប្រមាណពីររយនាក់ ដើម្បីធ្វើបាតុកម្មនៅថ្ងៃទី២៣ ខែតុលាខាងមុខនេះដែរ ដើម្បីទាមទារឲ្យរដ្ឋាភិបាលអាមេរិកដាក់ទណ្ឌកម្មលើរដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យដោះលែងលោក កឹម សុខា ភ្លាមៗ ដោយឥតលក្ខខណ្ឌ។ លោក កន អ៊ុំ អះអាងថា ដោយសារតែការឃុំខ្លួនលោក កឹម សុខា និង ស្ថានការណ៍នយោបាយអាប់អួបច្ចុប្បន្ននេះ ទើបធ្វើឲ្យចំនួនពលរដ្ឋខ្មែរទៅចុះឈ្មោះបោះឆ្នោតមាន ចំនួនតិចនៅឡើយ។ ដូច្នេះលោកថាមានតែសហរដ្ឋអាមេរិកទេ ដែលអាចជួយអន្តរាគមន៍ក្នុងរឿងនេះបាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពី ថ្លែងទៅកាន់កម្មកររោងចក្រនៅតាមបណ្ដោយផ្លូវវ៉េងស្រេង កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ ដោយចំអកដាក់អ្នកដែលចង់កោះហៅប្រទេសហត្ថលេខី ថាមិនយល់អំពីកិច្ចព្រមព្រៀងនេះ៖ «សន្និសីទអន្តរជាតិប៉ារីសខ្មោចយកស្អី...។»
តបទៅនឹងការលើកឡើងនេះលោក កន អ៊ុំ បានរម្លឹកលោក ហ៊ុន សែន អំពីមេរៀនប្រវត្តិសាស្ត្រខ្លះ ដោយបញ្ជាក់ថា បើលោក ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា មិនរំលោភស្មារតីនៃកិច្ចព្រមព្រៀង ម្ល៉េះសមប្រជាពលរដ្ឋខ្មែរ ច្បាស់ជារស់នៅសុខដុមរមនា ជាមួយគ្នា ដោយមិនដូចសព្វថ្ងៃនេះឡើយ៖ «ខ្ញុំសូមជម្រាបទៅលោក ហ៊ុន សែន វិញ...។»
ចំណែកឯតំណាងគណៈកម្មាធិការ ដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស ប្រចាំប្រទេសកាណាដា លោក សេង សុភ័ណ បានផ្ដើមយុទ្ធនាការតាមប្រព័ន្ធអ៊ីនធឺណិតឈ្មោះថា Change.org ដើម្បីប្រមូលស្នាមមេដៃឲ្យបាន ១លានគាំទ្រញត្តិ ស្នើដល់អង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រួមគ្នាជួយដោះស្រាយបញ្ហាកម្ពុជាជាបន្ទាន់។ ញត្តិនេះបញ្ជាក់ ថា អង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខីទាំង១៨ប្រទេស មិនអាចព្រងើយកន្តើយ ចំពោះដំណើរដើរថយក្រោយ នៃលទ្ធិប្រជាធិបតេយ្យ ដែលកំពុងកើតមានក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះទេ ជាពិសេសបំណងរបស់គណបក្សកាន់អំណាច ដែលប្រាថ្នាចង់រំលាយ និងដកហូតអាសនៈសភា របស់គណបក្ស មុនថ្ងៃបោះឆ្នោតឈានចូលមកដល់៕
No comments:
Post a Comment