មន្ត្រីនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ស៊ីម៉ាក់ (CMAC) កំពុងសិក្សា និងកំណត់លក្ខណៈបច្ចេកទេសយកគ្រាប់គីមីប្រភេទ chlorobenzalmalononitrile (CS) នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧។ Photo courtesy of CMAC |
ពលរដ្ឋ ខេត្តស្វាយរៀង បារម្ភ ពីគ្រាប់បែក គីមី ក្រោយការ ព្រមាន របស់ លោក ហ៊ុន សែន
RFA / វិទ្យុ អាស៊ី សេរី | ១ តុលា ២០១៧
ពលរដ្ឋ រស់នៅ ខេត្តស្វាយរៀង កន្លែងផ្ទុក គ្រាប់បែក គីមី មិនទាន់ផ្ទុះ ថា ពួកគេ រស់នៅ ស្ទើរមួយជីវិត ទៅហើយ មិនដែល ព្រួយបារម្ភ ឬភ័យខ្លាច ពីឥទ្ធិពល គ្រាប់បែក គីមី នោះទេ។ ប៉ុន្តែ ពលរដ្ឋ ទើប ចាប់ផ្ដើម ព្រួយបារម្ភ នៅរយៈពេល ប៉ុន្មានថ្ងៃនេះ, គឺ ក្រោយពេល លោក ហ៊ុន សែន និយាយ ម្ដងហើយ ម្ដងទៀត ថា, គ្រាប់នេះ សាហាវ និងជះ ឥទ្ធិពល ខ្លាំង ដល់ការ រស់នៅ ប្រចាំថ្ងៃ។
វោហារសព្ទរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលព្រមានពីករណីគ្រោះថ្នាក់គ្រាប់បែកគីមី នៅស្រុករមាសហែកខេត្តស្វាយរៀង កំពុងធ្វើឲ្យពលរដ្ឋរស់នៅ តំបន់ផ្ទុកគ្រាប់បែកមានការព្រួយបារម្ភ។ ពួកគេខ្លាចគ្រាប់បែកនោះ នៅពេលជីកយកចេញមានបញ្ហាអ្វីមួយនោះ នឹងបង្កគ្រោះដល់អាយុជីវិតពួកគេ។
ពលរដ្ឋរស់នៅភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង លោក ម៉ៅ សាវិន មានអាយុ ៧៧ឆ្នាំ ប្រាប់ថា កាលពីមុនលោកមិនដែលចាប់អារម្មណ៍ទៅនឹងគ្រាប់បែកគីមី បើទោះជាលោកធ្លាប់បានដឹងពីឥទ្ធិពល និងការទម្លាក់គ្រាប់នៅនេះកាលពីអំឡុង១៩៧២។ ពលរដ្ឋរូបនេះបន្តថា កាលពីគ្រាប់បែកទម្លាក់មិនមានមនុស្សស្លាប់ ប៉ុន្តែគ្រាប់បែកនេះធ្វើហប់ខ្យល់ក្លិនឆួលពិបាករកដង្ហើម។
ពលរដ្ឋមួយទៀត លោក ឈុន សាគុណ បានឲ្យអាស៊ីសេរីដឹងកាលពីដើមឆ្នាំ២០១៧ ថា កាលពីសម័យទម្លាក់គ្រាប់បែក លោកនៅក្មេងតូចៗ ហើយបើតំបន់ណាត្រូវម្សៅគ្រាប់បែកធ្លាក់ចំនឹងធ្វើឲ្យមនុស្សសន្លប់។ លោកបន្តថា លោកធ្លាប់ជីកដីចម្ការប៉ះចំអំបែងគ្រាប់បែក គឺអំបែងគ្រាប់នោះធំក្លិនឆួលធ្វើឲ្យក្ដៅក្រហល់ក្រហាយមុខ។ ពលរដ្ឋរូបនេះ យល់ថា នៅពេលជីកគ្រាប់បែកបើមានការប្រុងប្រយ័ត្ន និងវិចខ្ចប់ត្រឹមត្រឹម នឹងមានគ្រោះថ្នាក់នោះទេ។
ក្រោយលោក ហ៊ុន សែន ព្រមានពីករណីគ្រាប់បែកគីមី មិនទាន់ផ្ទុះនៅក្នុងទឹកដីខេត្តស្វាយរៀង រយៈពីរថ្ងៃជាប់គ្នានៅក្នុងសប្ដាហ៍នេះ រួមថ្លែងបែបចំអកទៅសហរដ្ឋអាមេរិកថា ពេលជួបមុខលោកទារតែបំណុលនោះ។ លោក ហ៊ុន សែន ថែមទាំងអះអាងថា នឹងជីកយកគ្រាប់បែកគីមីនេះចេញដោយមិនខ្ចីសុំលុយអាមេរិក។
ពេលនេះមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) ប្រកាសថា នឹងចាប់ផ្ដើមជីកយកគ្រាប់បែកនេះចេញនៅដើមសប្ដាហ៍ក្រោយ។
មេភូមិគគីរ ឃុំគគីរ ស្រុករមាសហែក លោក ព្រាប សំអាង ឲ្យដឹងថា ថ្នាក់លើប្រាប់លោកឲ្យជម្លៀសពលរដ្ឋរស់នៅក្បែរកន្លែងកប់មីនចេញពីទីតាំងនេះ ចំងាយ ៥០០ម៉ែត្រ ចាប់ពីថ្ងៃច័ន្ទ ទី២ ខែតុលា តទៅ ដែលផែនការជម្លៀសនេះ មានរយៈពេល១០ថ្ងៃ។ លោកមេភូមិបន្តថា ចាប់ពីប្រមុខរដ្ឋាភិបាលពីប្រកាសពីឥទ្ធិពលគ្រាប់បែកនេះ រួមទាំងមានមន្ត្រីធំៗចុះទៅកន្លែងកប់មីនប៉ុន្មានថ្ងៃនេះ ពលរដ្ឋក្នុងភូមិចាប់ផ្ដើមភ័យខ្លាច។
កាលពីចុងខែមករា ឆ្នាំ២០១៧ ស៊ីម៉ាក់ បានរកឃើញថា គ្រាប់បែកគីមី (chlorobenzalmalononitrile) មានទម្ងន់ប្រមាណជាង ២០០គីឡូក្រាម ក្នុងមួយគ្រាប់ បានកប់ក្នុងដីស្ថិតនៅភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ ស៊ីម៉ាក់ថា គ្រាប់បែកទាំងពីរគ្រាប់ ជាប្រភេទធុងឧស្ម័នបង្ហៀរទឹកភ្នែក ត្រូវបានទម្លាក់ពីយន្តហោះរបស់អាមេរិក ក្នុងអំឡុងឆ្នាំ១៩៧០ ដើម្បីបណ្ដេញទាហានកុម្មុយនិស្តនៅប៉ែកអាគ្នេយ៍នៃប្រទេសកម្ពុជា នៅជាប់ព្រំដែនវៀតណាម។ ប៉ុន្តែទើបឃើញលោក ហ៊ុន សែន បង្ហាញការភ័យខ្លាចពីឥទ្ធិពលគ្រាប់បែកគីមីកាលពីប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ ដែលប្រតិកម្មរបស់ ហ៊ុន សែន គឺស្របពេលដែលលោកចោទប្រកាន់ថា សហរដ្ឋអាមេរិកនៅពីក្រោយចលនាបដិវត្តពណ៌ដែលប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលរបស់លោក ខណៈរដ្ឋាភិបាលចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិពីចោទប្រកាន់ពីបទក្បត់ជាតិនេះ។
ជុំវិញរឿងរ៉ាវនៃការដោះគ្រាប់បែកគីមី ២គ្រាប់បន្សល់ទុក ក្នុងឃុំគគីរនេះ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា លោក សេរី កុសល បាននិយាយពីថ្ងៃទី២៩ ខែកញ្ញាថា មូលហេតុនៃការយឺតយ៉ាវនៃការប្រកាសនៃការរកឃើញគ្រាប់បែកនេះ ព្រោះរដ្ឋាភិបាលត្រូវការពេលវេលាដើម្បីជូនដំណឹង ទៅអង្គការសហប្រជាជាតិ ស្ថានទូតសហរដ្ឋអាមេរិក និងស្ថានពាក់ព័ន្ធនានា។
ប៉ុន្តែផ្ទុយពីការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលដូចនេះ ស្ថានទូតអាមេរិកបដិសេធថា មិនទទួលបានសំណើពីរដ្ឋាភិបាលរឿងជួយសម្អាតគ្រាប់បែកគីមី កប់ក្នុងដីនៅខេត្តស្វាយរៀងទេ។
មន្ត្រីនាំពាក្យស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញ លោក អារ៉ែន ស្វាត៍ចេស្ស (Arend Zwartjes) ឲ្យអាស៊ីសេរីដឹងតាមសារអេឡិចត្រូនិក កាលពីថ្ងៃទី២៩ ខែកញ្ញា ថា ស្ថានទូតពុំមានការជំទាស់ឡើយ ប្រសិនបើស៊ីម៉ាក់ នឹងត្រូវយកថវិកាមួយចំនួន នៃទឹកប្រាក់ចំនួន ២លានដុល្លារអាមេរិក ដែលសហរដ្ឋអាមេរិកផ្ទល់ឲ្យជារៀងរាល់ឆ្នាំ ដើម្បីប្រើប្រាស់លើការដោះគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះនានា សម្រាប់យកទៅប្រើប្រាស់ក្នុងបេសកកម្មដោះគ្រាប់បែកគីមីនេះ។
ជាងនេះទៅទៀត អ្នកនាំពាក្យរូបនេះកត់សម្គាល់ឃើញថា គម្រោងដោះមីនមនុស្សធម៌ចំនួនបី ដែលត្រូវគ្រោងនឹងធ្វើនៅក្នុងឆ្នាំ២០១៧នេះ ត្រូវបានលុបចោលទៅវិញដោយសារតែរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកសមយុទ្ធយោធារួមគ្នាជាមួយអាមេរិក។
រដ្ឋាភិបាលលោក ហ៊ុន សែន ដែលហ៊ុំព័ទ្ធដោយបំណុលនោះ កំពុងជំពាក់បំណុល សហរដ្ឋអាមេរិក ដែលបន្សល់ពីសម័យសាធារណរដ្ឋខ្មែរ ជិត៥០០លានដុល្លារសហរដ្ឋអាមេរិក។
ចាប់តាំងពីទសវត្សរ៍ទី៩០ រហូតមកទល់បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកបានចំណាយថវិកាអស់ជាង ១៦០លានដុល្លារ ក្នុងកិច្ចប្រឹងប្រែងដើម្បីជួយដោះមីន និងគ្រាប់បែកមិនទាន់ផ្ទុះនៅកម្ពុជានេះ។
ឯកអគ្គរដ្ឋទូតអាមេរិកលោក វីល្លៀម ហៃដ្ដ៍ (William Heidt) ធ្លាប់លាតត្រដាងថា ពាក់កណ្ដាលនៃទឹកប្រាក់នេះ ត្រូវបានប្រើសម្រាប់លុបបំបាត់យុទ្ធភណ្ឌ ដែលទម្លាក់ដោយយន្តហោះអាមេរិក នៅភាគខាងកើតនៃប្រទេសកម្ពុជា។ ក៏ប៉ុន្តែ លោកអះអាងថា ប្រាក់ចំនួនពាក់កណ្ដាលទៀត ត្រូវបានប្រើសម្រាប់ដោះមីនរបស់ចិន សូវៀត និងវៀតណាម នៅភាគខាងលិចប្រទេស ពោលគឺនៅតាមចម្ការមីនដែលមានគ្រោះថ្នាក់ ១០ដង លើសគ្រាប់ដែលទម្លាក់ដោយអាមេរិក៕
Don't worry about that, chances are you all will be dead by what's going on now under the HUN SEN regime before those things show their effects if it is at all true...
ReplyDeleteយី ល្ងង់អី ក៏ល្ងង់ម្ល៉េះ ? !!!!
ReplyDeleteគាស់វា ចេញពីដីមក, ឆ្កៀលយក ជាតិគីមី រោយដាក់ក្នុង ពាងស្ករ ។
ក្នុងមួយពាងស្ករ រោយជាតិ គីមីដាក់ ២ ឬ ៣ កំប៉ុងទឺកដោះគោ ។
យកពាងនោះ ដាក់ចំកណ្ដាល បង្គោលចម្រឹងដែក នៃបណ្ដាញ អគ្គិសនី, ចាក់ទឹកបន្ថែម ត្រឹមពាក់កណ្ដាលពាង !!! ពេលហ្វូងសត្វ ដំរី វាដើរមកក្បែរ ចម្រឹងដែក,វាធុំក្លិនឆួល រួចហៀរទឺកភ្នែក,ហៀរទឺកប្រមោយ ! ពួកវាក៏ដើរចេញ លែងហ៊ានឈូស, រុញ, ផ្ដួល, បំផ្លាញ បង្គោលដែក, ដូចដែល ពួកវាធ្លាប់បាន សាកល្បងលេង កាលពីពេល មុនៗទៀតហើយ !!! ៕