អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។ |
មន្ត្រី អ.ស.ប. ផ្នែកសិទ្ធិមនុស្ស ព្រមាន ថាប្រជាធិបតេយ្យ នៅកម្ពុជា កំពុង រងការ គំរាមកំហែង
RFA / វិទ្យុ អាស៊ី សេរី | ១២ តុលា ២០១៧
មន្ត្រី សិទ្ធិមនុស្ស នៃអង្គការ សហប្រជាជាតិ ព្រមាន អំពី គ្រោះថ្នាក់ នៃលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ពីសំណាក់ គណបក្សកាន់អំណាច ដែលប៉ុនប៉ង រំលាយ គណបក្សប្រឆាំង ដ៏ធំជាងគេ តែ មួយគត់ ដែលមាន អាសនៈ នៅក្នុងរដ្ឋសភា ស្របពេល ដែលមន្ត្រី បក្សប្រឆាំង ប្រមើលឃើញ ការក្រោក រើបម្រះ ពីអ្នកគាំទ្រ បក្ស ជាងពាក់កណ្ដាល នគរ បើ រដ្ឋាភិបាល លោក ហ៊ុន សែន នៅតែ បន្តរុញច្រាន ស្ថានការណ៍ ធ្វើទុក្ខបុកម្នេញ លើបក្សប្រឆាំង ឲ្យទឹក ដល់ច្រមុះ។ ប៉ុន្តែ មន្ត្រី បក្សកាន់អំណាច មិនខ្វល់ រឿងអត់ គណបក្សប្រឆាំង មានតែ បន់ថែម ឲ្យតែ រលាយឆាប់។
មន្ត្រីសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ កត់សម្គាល់ឃើញថា ប្រជាធិបតេយ្យនៅកម្ពុជា កំពុងរងការគំរាមកំហែង ដោយសាររដ្ឋាភិបាលលោក ហ៊ុន សែន ចាត់ការកម្ចាត់បក្សប្រឆាំង ចេញពីឆាកនយោបាយ។ អ្នករាយការណ៍របស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ចេញសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី១២ ខែតុលា ពីទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) ថា សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅកម្ពុជា កំពុងរងការរំលោភបំពានយ៉ាងគំហុក ដែលកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ដំណើរការបោះឆ្នោតជាតិខាងមុខ និងប៉ះពាល់ដល់អនាគតនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
អ្នកស្រី រ៉ូណា ស្មីត ដែលត្រូវបានអង្គការសហប្រជាជាតិ តែងតាំងឲ្យធ្វើជាអ្នករាយការណ៍ពិសេស អំពីសិទ្ធិមនុស្សនៅកម្ពុជា តាំងតែពីខែមីនា ឆ្នាំ ២០១៥ បញ្ជាក់បន្ថែម ថា ប្រជាធិបតេយ្យ មានន័យថា ផ្ដល់សេរីភាព ឲ្យពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ និងសិទ្ធិសេរីភាពក្នុងការសម្រេចចិត្តជ្រើសរើសមេដឹកនាំណាម្នាក់ ឬគណបក្សនយោបាយណាមួយ ទៅតាមឆន្ទៈរបស់ខ្លួន។ ក្នុងន័យនេះ អ្នកស្រីក្រើនរម្លឹករដ្ឋាភិបាល ថា ដើម្បីឲ្យប្រជាពលរដ្ឋអាចអនុវត្តសិទ្ធិសេរីភាពទាំងនេះបាន គឺទាល់តែ មានការបើកទូលាយ ឲ្យមានមតិជំទាស់ និងអនុញ្ញាតឲ្យគណបក្សប្រឆាំង ចូលរួមក្នុងដំណើរការនេះបាន ដោយគ្មានការភ័យខ្លាច ឬគំរាមកំហែង។ អ្នកស្រី រ៉ូណា ស្មីត កត់សម្គាល់ឃើញថា ចំណាត់ការរបស់រដ្ឋាភិបាល មកលើគណបក្សប្រឆាំងបែបសព្វថ្ងៃនេះ គឺកំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរ បាត់បង់សិទ្ធិសេរីភាពទាំងអស់នោះហើយ។ អ្នកស្រីថា មន្ត្រីគណបក្សកាន់អំណាច កំពុងយកលេស ដោយប្រើប្រាស់យន្តការច្បាប់ និងប្រព័ន្ធតុលាការ ដែលមជ្ឈដ្ឋានទូទៅយល់ ថា ស្ថិតក្រោមការបង្គាប់បញ្ជាពីរដ្ឋាភិបាល ដើម្បីពន្លឿនការរំលាយគណបក្សប្រឆាំង។
ដោយមិនបង្អន់ដៃ និងកំពុងប្រញាប់ប្រញាល់ នៅថ្ងៃទី១២ ខែតុលា នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលមានតែតំណាងរាស្ត្រ មកខាងគណបក្សប្រជាជនកម្ពុជាចូលប្រជុំ ព្រោះតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិធ្វើពហិការ បានជជែកបញ្ចប់ សេចក្ដីស្នើវិសោធនកម្មច្បាប់ចំនួន៤ ដើម្បីដកហូតអាសនៈ បក្សប្រឆាំង បើគណបក្សនេះ ត្រូវបានរំលាយចោល។ ហើយអាសនៈរបស់បក្សប្រឆាំង នឹងយកទៅចែកគ្នាជាមួយគណបក្សផ្សេងៗទៀត។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យសារព័ត៌មានក្នុងស្រុក ដឹងថា សេចក្ដីស្នើវិសោធនកម្មច្បាប់ចំនួន៤នេះ ទើបបញ្ជូនទៅដល់ដៃគណៈកម្មាធិការជំនាញរដ្ឋសភា ក្រោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានត្រួតពិនិត្យរួចហើយ។ ទោះជាយ៉ាងនេះក្តី លោក ឡេង ប៉េងឡុង មិនទាន់បញ្ជាក់ ថាសេចក្ដីស្នើវិសោធនកម្មច្បាប់ទាំងនេះ នឹងត្រូវសភាប្រជុំអនុម័ត នៅពេលណានៅឡើយទេ។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាករណ៍ថា មិនយូរទេនឹងអាចរំលាយបក្សប្រឆាំងនេះបានហើយ៖ «គេនិយាយតែពីរឿងបញ្ហាពហុបក្ស សូមបញ្ជាក់ថា បើបក្សមួយរំលាយ បក្សប្រាំទៀតចូលជំនួស។ បានសេចក្ដីថា ពីបក្ស២ ឡើងបក្ស៦ នៅក្នុងសភា។ វានឹងកើតនៅពេលមិនយូរប៉ុន្មាន នៅពេលខាងមុខនេះ។»
ពាក់ព័ន្ធបញ្ហានេះ អ្នកស្រី រ៉ូណា ស្មីត លើកឡើង ថាអ្នកស្រីមានការព្រួយបារម្ភ ដោយសាររដ្ឋាភិបាលកំពុងយកនីតិរដ្ឋ មកធ្វើជាឡប់ឡែ ដើម្បីជាលេសបិទបាំង បន្លំការបង្ក្រាបនេះ។ អ្នកស្រី លើកឡើងបន្ថែមទៀត ថា ពាក្យថា នីតិរដ្ឋ គឺមិនមែនត្រឹមតែយកច្បាប់មកអនុវត្តតែប៉ុណ្ណោះនោះទេ ប៉ុន្តែ ត្រូវគោរពសិទ្ធិមនុស្ស និងបង្ហាញឲ្យឃើញពីគោលការណ៍នៃភាពត្រឹមត្រូវ យុត្តិធម៌ និង ការចូលរួមពីសាធារណជនទូទៅផងដែរ បើមិនដូច្នេះទេ វាលែងជានីតិរដ្ឋហើយ គឺវាទៅជារដ្ឋដែលគ្រប់គ្រងដោយអំណាចទៅវិញ។
ការរងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្ត និងភាពអយុត្តិធម៌ ដែលគណបក្សកាន់អំណាច កំពុងប្រព្រឹត្តមកលើគណបក្សសង្គ្រោះជាតិនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ប្រមើលឃើញការរើបម្រះរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១១ ខែតុលា ថាប្រជាពលរដ្ឋខ្មែរ ដែលបោះឆ្នោតគាំទ្រ គណបក្សសង្គ្រោះជាតិជាង ៣លាននាក់ នឹងមិនអាចនៅស្ងៀមឲ្យគណបក្សកាន់អំណាច ធ្វើបាបតាមអំពើចិត្តបែបនេះទេ៖ «វាធម្មតា កាលណាទឹកចូលដល់ច្រមុះហើយ គឺមនុស្សគេត្រូវប្រវេប្រវាហើយ។ នេះគេមកសម្លាប់យើង ដូច្នេះយើងមិនអាចឈរឲ្យគេសម្លាប់យើងងាយស្រួលពេកទេ។ ខ្ញុំជឿថា ប្រជាពលរដ្ឋខ្មែរកន្លះនគរហ្នឹង ដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ក៏លោកមិនសុខចិត្តដែរ ហើយអន្តរជាតិក៏មិនបណ្ដោយឲ្យមេដឹកនាំផ្ដាច់ការ ធ្វើអ្វីតាមអំពើចិត្ត ដែលនាំកម្ពុជាឲ្យធ្លាក់ក្នុងអតីតកាលដ៏ខ្មៅងងឹតវិញនោះទេ។»
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល អ្នកស្រី រ៉ូណា ស្មីត រម្លឹកឲ្យរដ្ឋាភិបាលកម្ពុជា គោរពស្មារតីនៃគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ អ្នកស្រីបញ្ជាក់ ថារដ្ឋធម្មនុញ្ញកម្ពុជា បានតាក់តែងឡើង ដើម្បីការពារកុំឲ្យប្រទេសនេះ ធ្លាក់ចូលក្នុងរបបគ្រប់គ្រងដោយឯកបក្ស៕
No comments:
Post a Comment