ឈើប្រភេទគគីរ ដែលសហគមន៍ការពារព្រៃឈើព្រីងប្រង់ក្លង់ពេសថូ ឃាត់ចាប់ពីក្រុមជនល្មើសកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧។ |
សហគមន៍ ថា បទល្មើស ព្រៃឈើ ក្នុងព្រៃការពារ នៃខេត្ត មណ្ឌលគិរី កើតឡើង ច្រើន
RFA / វិទ្យុ អាស៊ី សេរី | ២ តុលា ២០១៧
ជនជាតិដើម ភាគតិច ព្នង រស់នៅ ឃុំ ដាក់ដាំ
ស្រុក អូររាំង ខែត្រ មណ្ឌលគិរី បារម្ភ ពីជោគវាសនា
ព្រៃសហគមន៍ ព្រីងប្រង់ ក្លង់ពេសថូ
ដែលផ្ដល់ ប្រយោជន៍ សំបូរ បែប ដល់សហគមន៍ តាំងពីដើមមក
កំពុង រងការ កាប់បំផ្លាញ យកឈើ មានតម្លៃ
ដោយក្រុមឈ្មួញ ភាគច្រើន ជាជនជាតិ ចាម។ សហគមន៍ ថា
ប៉ុស្តិ៍ នគរបាល ឃុំដាក់ដាំ
ហាក់ មិន អើពើ ផ្ដល់ កិច្ចសហការ បង្ក្រាប បទល្មើស ព្រៃឈើ នោះទេ
បើ ទោះបី សហគមន៍ បានជូនដំណឹង ច្រើនសារក្ដី។
សហគមន៍ការពារព្រៃឈើព្រីងប្រង់ក្លង់ពេសថូ
ឲ្យដឹងនៅថ្ងៃទី២ តុលាថា
ការលូចកាប់ឈើមូលក្នុងព្រៃសហគមន៍នៅតែកើតមាន
ពីក្រុមពលរដ្ឋចំណូលស្រុក ភាគច្រើនជាជនជាតិចាម
បានយកម៉ាស៊ីនឈើស្វ័យប្រវត្តលួចកាប់ឈើមានតម្លៃមានមុខកាត់
៤តឹកឡើងទៅ។
សមាជិកសហគមន៍ការពារព្រៃឈើ លោក ច្រូត ខ្លើត
កត់សម្គាល់ថា ព្រៃសហគមន៍ព្រីងប្រង់ក្លង់ពេសថូ កាលមុនឆ្នាំ២០១០
សំបូរដោយដើមឈើធំៗ និងឈើប្រណិត
ក៏ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
ឈើមានតម្លៃខ្ពស់ត្រូវគេលូចកាប់ស្ទើរគ្មានសល់
ហើយបច្ចុប្បន្ននៅសេសសល់តែដើមឈើ គគីរ និងផ្ចឹកជាដើម
ដែលកំពុងរងការកាប់បំផ្លាញបន្តទៀត។
ចំណែកជនជាតិដើមភាគតិចគ្មានលទ្ធភាពគ្រប់គ្រាន់អន្តរាគមន៍ទប់ស្កាត់បទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាពទេ
ប្រសិនបើពុំមានកិច្ចសហការជាមួយនគរបាល
ខណៈក្រុមជនល្មើសមានគ្នាច្រើនជាងសហគមន៍។ លោកថា មេប៉ុស្តិ៍ដាក់ដាំ
លោក ជុង ភៀក មិនសូវអើពើ
ផ្ដល់កិច្ចសហការបង្ក្រាបបទល្មើសព្រៃឈើជាមួយសហគមន៍ទេ
ពោលបើសហគមន៍ប្រទះឃើញបទល្មើសព្រៃឈើ រួចផ្ទល់ដំណឹងទៅនគរបាល
ពុំមានលទ្ធផល។
កាលពីថ្ងៃទី១ តុលា
សហគមន៍ប្រទះឃើញជនល្មើសមួយក្រុមដឹកជញ្ជូនឈើមុខកាត់ ៤តឹកបួនជ្រុង
ប្រវែងជាង ២ម៉ែត្រប្រមាណជិត ១០ដុំ ចេញពីព្រៃឈើសហគមន៍
ទំនងយកទៅលក់នៅប្រទេសវៀតណាម តែត្រូវសហគមន៍ឃាត់ទុក
និងបញ្ជូនឈើទាំងនោះ រួមទាំងវត្ថុតាង ទៅមន្ត្រីរដ្ឋបាលព្រៃឈើ
រីឯជនល្មើសបានរត់គេខ្លួនបាត់។
អាស៊ីសេរីមិនអាចរកប្រភពទាក់ទង
មេប៉ុស្តិ៍ដាក់ដាំ លោក ជុង ភៀក
ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេនៅថ្ងៃទី២ តុលា។
មេឃុំដាក់ដាំ លោក ចាស់ ណា ទទួលស្គាល់ថា
បទល្មើសព្រៃឈើក្នុងព្រៃសហគមន៍នៅតែកើតមាន
តែអាជ្ញាធរឃុំបានផ្ដល់កិច្ចសហការបង្ក្រាបជាមួយសហគមន៍ជាហូរហែ។
លោកថា
កន្លងទៅអាជ្ញាធរឃុំបានផ្ដល់ដំណឹងទៅប៉ុស្តិ៍រដ្ឋបាលឲ្យជួយទប់ស្កាត់បទល្មើសព្រៃឈើដែរ
ក៏ប៉ុន្តែសមត្ថកិច្ចជាប់រវល់។ លោកបញ្ជាក់ថា
ក្រុមប្រឹក្សាឃុំដាក់ដាំ ពុំមានកញ្ចប់ថវិកាមូលនិធិឃុំ
សម្រាប់អភិរក្សព្រៃឈើនោះទេ
ហើយកិច្ចគាំពារព្រៃឈើភាគច្រើនធ្វើឡើងដោយស្ម័គ្រចិត្ត។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក
ខែត្រមណ្ឌលគិរី លោក សុក រដ្ឋា យល់ថា បើសហគមន៍ប្រទះឃើញបទល្មើសព្រៃឈើ
បានជូនដំណឹងទៅសមត្ថកិច្ច ក៏ប៉ុន្តែសមត្ថកិច្ចបែរជាមិនអើពើបង្ក្រាប
សហគមន៍មានសិទ្ធិដាក់ពាក្យបណ្ដឹងបរិហារទៅតុលាការ។ លោកបញ្ជាក់ថា
បើសមត្ថកិច្ចមិនអើពើទប់ស្កាត់បទល្មើសព្រៃឈើដែលកើតឡើងនៅមូលដ្ឋានរបស់ខ្លួន
មានន័យថា
សមត្ថកិច្ចមិនបានអនុវត្តកាតព្វកិច្ចក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌នោះទេ។
លោកថា បទបញ្ជាប្រមុខរដ្ឋាភិបាល
ពុំមានប្រសិទ្ធភាពដោយសារតែសមត្ថកិច្ចមូលដ្ឋាន
និងមន្ត្រីពាក់ព័ន្ធធ្វើមិនដឹងមិនឮក្នុងការបង្ក្រាបបទល្មើសព្រៃឈើ។
ព្រៃសហគមន៍ព្រីងប្រង់ក្លង់ពេសថូ មានផ្ទៃដីជាង ១ពាន់ហិកតារ (១,១០៤) បច្ចុប្បន្ននៅសេសសល់ឈើគគីរ
និងផ្ចឹក មានមុខកាត់ ៤តឹកឡើងទៅ និងឈើមិនមានតម្លៃទីផ្សារ។
ដោយឡែក សហគមន៍ការពារព្រៃឈើព្រីងប្រង់ក្លង់ពេសថូ
បានស្នើសុំចុះបញ្ជីទទួលស្គាល់ជាផ្លូវការពីក្រសួងកសិកម្ម
តែពុំទាន់មានការឆ្លើយតប។ ជនជាតិដើមភាគតិចព្នងបារម្ភថា ប្រសិនបើ
អាជ្ញាធរពាក់ព័ន្ធ មិនមានវិធានការទប់ស្កាត់ជាក់លាក់ទេ
ព្រៃឈើដែលនៅសេសសល់ នឹងបន្តវិនាសថែមទៀត៕
No comments:
Post a Comment