ប៉ូលិសប្រោះទឹកលើបាតុករដែលត្រូវបានចាប់ខ្លួនក្នុងពេលបង្ក្រាបការតវ៉ានៅផ្លូវវ៉េងស្រេង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ |
មេធាវី អន្តរជាតិ គ្រោងដាក់ ភស្តុតាង បន្ថែម ពាក់ព័ន្ធ ចេតនា សម្លាប់ អ្នកតវ៉ា ទៅតុលាការ ICC
RFA / វិទ្យុ អាស៊ី សេរី | ១៨ វិច្ឆិកា ២០១៧
មេធាវី អន្តរជាតិ គ្រោងដាក់ភស្តុតាងដាក់បន្ទុកបន្ថែមពាក់ព័ន្ធនឹងចេតនាសម្លាប់ហ្វូងបាតុករដោយអហិង្សា ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាសាធារណៈអំពីចេតនាឧក្រិដ្ឋនេះ។ មេធាវីរូបនេះសង្ឃឹមយ៉ាងមុតមាំថា តុលាការ ICC នឹងចាត់ការក្នុងសំណុំរឿងនេះឲ្យបានឆាប់។
មេធាវីអន្តរជាតិ និងជាជនជាតិអង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) អះអាងប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២០ ខែវិច្ឆិកា ថាលោកនឹងដាក់ភស្តុតាងបន្ថែមក្នុងរយៈពេលពីរបីសប្ដាហ៍ខាងមុខនេះ។ លោកអះអាងថា មូលហេតុនៃការដាក់ភស្តុតាងបន្ថែមនេះ ដោយសារតែលោក ហ៊ុន សែន បង្ហាញចេតនាឧក្រិដ្ឋក្នុងការសម្លាប់រង្គាលទៅលើហ្វូងអ្នកតវ៉ាដែលតវ៉ាទៅនឹងលទ្ធផលបោះឆ្នោតជាតិ កាលពីឆ្នាំ២០១៣។
លោក រីឆាត រ៉ូជើរ (Richard Rogers) បញ្ជាក់បន្ថែមថា ឯកសារភស្តុតាងដាក់បន្ទុកបន្ថែមនេះ រួមមានសម្តីលោក ហ៊ុន សែន និងករណីរម្លាយគណបក្សសង្គ្រោះជាតិ ផងដែរ៖ «សម្ដីរបស់លោក ហ៊ុន សែន គឺជាភស្តុតាងដាក់បន្ទុកមួយ ដែលបង្ហាញច្បាស់ណាស់អំពីចេតនាឧក្រិដ្ឋក្នុងការប្រព្រឹត្តបទល្មើសរបស់លោក ហ៊ុន សែន និងមន្ត្រីរបស់បក្សកាន់អំណាច។ នេះជាចេតនាឧក្រិដ្ឋដែលលោក ហ៊ុន សែន មានតាំងពីមុន និងទៅអនាគត។ ទាំងនេះហើយដែលរឹតតែបន្ថែមទម្ងន់ទៅលើភស្តុតាងជាច្រើនផ្សេងទៀតដែលយើងប្រមូលបានដើម្បីគាំទ្រពាក្យបណ្ដឹង ដែលយើងដាក់នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC កន្លងមក។ យើងសង្ឃឹមយ៉ាងមុតមាំថា តុលាការ ICC នឹងពិនិត្យមើលអាទិភាពនៃសំណុំរឿងនេះ។»
សារដែលមេធាវីអន្តរជាតិរូបនេះចាត់ទុកថា ជាភស្តុតាងសំខាន់បន្ថែម និងរឹងមាំមួយក្នុងការដាក់បន្ទុកលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ គឺសំដៅលើការថ្លែងនៅចំពោះមុខកម្មកររោងចក្រកាត់ដេរជិត ៥.០០០នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ដែលពេលនោះលោក ហ៊ុន សែន បង្ហាញចេតនាឧក្រិដ្ឋ ដោយឥតញញើត និងឥតលាក់លៀម ក្នុងការសម្លាប់ហ្វូងមនុស្សរាប់សែននាក់ ដែលក្រោកតវ៉ាដោយអហិង្សាប្រឆាំងនឹងភាពមិនប្រក្រតី នៃលទ្ធផលបោះឆ្នោតជាតិ កាលពីចុងឆ្នាំ២០១៣។
លោក ហ៊ុន សែន អះអាងថា លោកស្ដាយដែលមិនបានសម្លាប់ពលរដ្ឋខ្មែរទាំងនោះឲ្យអស់ ព្រោះលោកទើបតែនឹងដឹងអំពីផែនការដែលលោកចោទថា ជាគម្រោងផ្ដាច់ព្រ័ត្រផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា។ លោក ហ៊ុន សែន អះអាងបន្ថែមថា អ្នកដែលលោកមិនបានសម្លាប់ទាំងនោះ ពិតជាសំណាងណាស់ដែលបាននៅរស់ ព្រោះលោកទើបដឹងដំណឹងនេះ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧៖ «បើខ្ញុំដឹងរឿងហ្នឹងតាំងពីហ្នុង ប្រហែលជាចុងឆ្នាំ២០១៣ និងដើម២០១៤ គឺពួកនេះងាប់អស់ហើយ។ គេកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ ជាថ្ងៃផ្ដាច់ព្រ័ត្ររំលំយើង។ បើខ្ញុំឃើញពីពេលហ្នុង អ្នកទាំងនេះងាប់តាំងពីហ្នុង ពេលនេះជាពេលបុណ្យខ្មោចពួកហ្នុងទៀត។ ស្ពាយណាស់! សំណាងដែលខ្ញុំអត់បានមើលឃ្លីបនេះ បើសិនបានមើលឃ្លីបនេះ ថ្ងៃដែលគេប្រកាសហ្នឹង ប៉ុន្មានម៉ោងក្រោយ វ៉ៃសង្គ្រុបយក៍ហ្មង។»
កាលពីចុងឆ្នាំ២០១៣ ពលរដ្ឋខ្មែរដែលគាំទ្រគណបក្សសង្គ្រោះជាតិ រាប់សែននាក់ បានចូលធ្វើមហាបាតុកម្មអហិង្សា ដើម្បីតវ៉ាប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោតជាតិ ដែលពួកគាត់ចោទគណបក្សកាន់អំណាច ថាបានលួចបន្លំសន្លឹកឆ្នោត ក្បត់ឆន្ទៈពិតប្រាកដរបស់ពួកគាត់ ដែលបោះឆ្នោតឲ្យគណបក្សប្រឆាំង។ ស្របពេលជាមួយគ្នា នៅពេលនោះដែរ កម្មកររោងចក្រក៏ផ្ទុះការតវ៉ានៅលើផ្លូវវ៉េងស្រេង ដើម្បីទាមទារដំឡើងប្រាក់ខែ ១៦០ដុល្លារ។ ការតវ៉ាដំឡើងប្រាក់ខែនេះ រងការបង្ក្រាបយ៉ាងហិង្សាពីសមត្ថកិច្ច ដែលបាញ់សម្លាប់កម្មករយ៉ាងហោចណាស់អស់ ៤នាក់ របួសជាង ២០នាក់ និងមានអ្នកនៅបាត់ខ្លួនមិនទាន់រកឃើញនៅឡើយរហូតមកដល់ពេលនេះ។ លោក ហ៊ុន សែន ចោទលោក កឹម សុខា និងមន្ត្រីគណបក្សប្រឆាំងថា នៅពីក្រោយអំពើហិង្សានៅលើផ្លូវវ៉េងស្រេង នេះ។
នេះមិនមែនជាលើកទីមួយទេដែលលោក ហ៊ុន សែន បង្ហាញពីចេតនាឧក្រិដ្ឋក្នុងការសម្លាប់មនុស្សក្រៅច្បាប់។ មិនតិចជាងបីលើកទេ ដែលលោក ហ៊ុន សែន ធ្លាប់បានគំរាមឲ្យមនុស្សបក្សប្រឆាំងត្រៀមមឈូសបើចង់តតាំងប្រឆាំងគាត់។ កាលពីចុងខែឧសភា ឆ្នាំ២០១៧ នេះ លោក ហ៊ុន សែន ក៏បានថ្លែងដោយមិនញញើតក្នុងការសម្លាប់មនុស្ស ១០០ ទៅ ២០០នាក់ ដែលលោកអះអាងថា កម្ទេចចោលដើម្បីការពារសន្តិភាព។
លោក រីឆាត រ៉ូជើរ ចាត់ទុកសម្ដីរបស់លោក ហ៊ុន សែន ថាមិនស័ក្ដិសមជាសម្ដីរបស់អ្នកដឹកនាំក្នុងសម័យទំនើបនេះទេ។ លោកថា សម្ដីបែបនេះមិនខុសពីសម្ដីរបស់មេដឹកនាំផ្ដាច់ការ និងឃោរឃៅបំផុត ដូចជាលោក សាដាម ហ៊ូសេន លោក មូអាម៉ា ហ្កាដាហ្វ៊ី និង ប៉ុល ពត។ លោកបន្ថែមទៀតថា សម្ដីរបស់លោក ហ៊ុន សែន ដែលបង្ហាញពីចេតនាសម្លាប់អ្នកប្រឆាំងបែបនេះ គឺរឹតតែបង្ហាញឲ្យឃើញច្បាស់ថា នរណាជាឃាតកពិតប្រាកដដែលបានបញ្ជាឲ្យបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ និង ការសម្លាប់សកម្មជនដទៃទៀតដែលសកម្មក្នុងការតវ៉ាប្រឆាំងនឹងអំពើអយុត្តិធម៌សង្គម ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។
លោក រីឆាត រ៉ូជើរ៖ «លោក ហ៊ុន សែន ក្នុងនាមជាមេដឹកនាំប្រទេស មានចេតនាយ៉ាងពិតប្រាកដក្នុងការសម្លាប់អ្នកទាំងឡាយណាដែលហ៊ានតវ៉ាប្រឆាំងការដឹកនាំរបស់គាត់។ ច្បាស់ណាស់ គាត់ហ៊ានសម្លាប់មនុស្សប៉ុន្មាននាក់ក៏មិនខ្វល់ដែរ ឲ្យតែគាត់អាចបន្តក្រាញអំណាចបានតទៅមុខទៀត។ គាត់មិនខ្វល់នឹងការលើកស្ទួយការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងសុខុមាលភាពរបស់ពលរដ្ឋកម្ពុជា នោះទេ។ គាត់ខ្វល់តែពីរឿងធ្វើយ៉ាងម៉េចឲ្យគាត់នៅកាន់អំណាចបានយូរ ដើម្បីប្រយោជន៍បុគ្គលខ្លួនគាត់ និងប្រយោជន៍បក្សពួក ព្រមទាំងក្រុមគ្រួសារគាត់ប៉ុណ្ណោះ។ សម្តីរបស់គាត់សបញ្ជាក់យ៉ាងច្បាស់អំពីរឿងនេះ។»
អ្នកវិភាគសង្គម និងនយោបាយហៅការថ្លែងរបស់លោក ហ៊ុន សែន នេះថា ជាបទល្មើសដែលមិនអាចអត់ឱនឲ្យបានទេ។ លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ឃើញថា សម្ដីរបស់មេដឹកនាំមួយវាគួរតែមានសេចក្ដីថ្លៃថ្នូរ និងមានសីលធម៌ខ្ពស់ជាងនេះ។ លោកចាត់ទុកសម្ដីបែបនេះថា បង្ហាញនូវភាពឃោរឃៅក្នុងនាមជាមេដឹកនាំ ដែលជាការមិនត្រឹមត្រូវ ខុសទាំងសីលធម៌ ខុសទាំងវិន័យកងទ័ព ខុសនឹងរដ្ឋធម្មនុញ្ញ ដែលមិនអនុញ្ញាតឲ្យមានទោសប្រហារជីវិតនោះទេ។
មន្ត្រីនាំពាក្យរដ្ឋាភិបាល ក៏ដូចជាមន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា សុទ្ធតែធ្លាប់អះអាងដូចៗគ្នាថា តុលាការអន្តរជាតិ ICC គ្មានយុត្តាធិការលើដែនសមត្ថកិច្ចកម្ពុជា នោះទេ។ លោក ផៃ ស៊ីផាន អះអាងថា អ្វីដែលជាចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា មកលើសំឡេងប្រឆាំង គឺជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងមិនអាចឲ្យអន្តរជាតិមកជ្រៀតជ្រែកបានឡើយ។ ថ្មីៗនេះទៀតសោត មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន សរសេរនៅក្នុងប្រព័ន្ធតេឡេក្រាម ដោយចំអកឲ្យអ្នកដែលប្ដឹងរដ្ឋាភិបាលលោក ហ៊ុន សែន ទៅតុលាការអន្តរជាតិ ថាធ្វើរឿងគួរឲ្យអស់សំណើចណាស់។
តុលាការព្រហ្មទណ្ឌអន្តរជាតិ ជាតុលាការអចិន្ត្រៃយ៍អន្តរជាតិ ដែលមានសមត្ថកិច្ចស៊ើបអង្កេត និងផ្ដន្ទាទោសអ្នកដែលជាប់ចោទពីបទប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ រួមមានឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ធាតុផ្សំមួយក្នុងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ គឺការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដូចជាការធ្វើបាបបក្សប្រឆាំង រួមទាំងចេតនាឧក្រិដ្ឋ ក្នុងការសម្លាប់មនុស្សដែលក្រោកតវ៉ានេះជាដើម៕
No comments:
Post a Comment