Paris Peace Accords 23 Oct. 1991

Saturday, November 18, 2017

ប្រតិកម្ម​ សហគមន៍​ អន្តរជាតិ​ ទៅ​លើ​ ការ​រំលាយ​ គណបក្ស​ សង្គ្រោះជាតិ | Reactions of International Community over Dissolution of CNRP

ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។
ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។

ប្រតិកម្ម​ សហគមន៍​ អន្តរជាតិ​ ទៅ​លើ​ ការ​រំលាយ​ គណបក្ស​ សង្គ្រោះជាតិ

RFA / វិទ្យុ អាស៊ី សេរី | ១៨ វិច្ឆិកា ២០១៧


ភ្លាមៗ បន្ទាប់ ពី​តុលាការ​ កំពូល​ សម្រេច​រំលាយ​ គណបក្ស​សង្គ្រោះជាតិ ដែល​ជា​គណបក្ស ប្រឆាំង​ ដ៏​ធំ​មួយ​ នៅ​កម្ពុជា, សហគមន៍​ អន្តរជាតិ​ បាន​ចេញ​ សេចក្ដី​ថ្លែងការណ៍​ ថ្កោលទោស ​យ៉ាង​ចាស់​ដៃ​ ដល់​រដ្ឋាភិបាល ​របស់​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ព្រមាន​ ឲ្យ​ស្តារ​ស្ថានការណ៍​ នៅ​កម្ពុជា ​ឲ្យ​​ដូចដើម​វិញ បើ ​មិន​ដូច្នោះ​ទេ អាច​ប្រឈម​ នឹង​ការ​ផ្ដាច់ ​ជំនួយ។


ខុទ្ទកាល័យ​ព័ត៌មាន​នៃ​សិត​វិមាន​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល ត្រាំ (Donald Trump) ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​រំលាយ​គណបក្សប្រឆាំង​ថា ជា​អំពើ​ធ្វើ​អោយ​លទ្ធិ​ប្រជាធិបតេយ្យ ដើរ​ថយក្រោយ​នៅ​កម្ពុជា។
សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​១៧ វិច្ឆិកា បញ្ជាក់​ថា សហរដ្ឋអាមេរិក​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ដែល​ជាប់ចោទ​ពី​បទ​ឃុបឃិត ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ គឺជា​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន និង​មាន​ចរិត​នយោបាយ។
ភស្តុតាង​បាន​បញ្ជាក់​បង្ហាញ​ទៅ​ពិភពលោក​ច្បាស់​ថា ការ​រឹតត្បិត​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅលើ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល ការ​បង្ក្រាប​អ្នកសារព័ត៌មាន និង​ការ​ហាមឃាត់​មេដឹកនាំ​បក្ស​ជំទាស់​ជាង​១០០​នាក់ មិន​អោយ​ធ្វើ​នយោបាយ ធ្វើ​អោយ​ដំណើរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត្រឡប់​ថយក្រោយ យ៉ាង​ខ្លាំង និង​ធ្វើ​អោយ​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​ការ​ទទួល​ស្គាល់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ស្ថិត​ក្នុង​ហានិភ័យ។
សេចក្ដី​ថ្លែងការណ៍​ដដែល​បន្ត​ថា សហរដ្ឋអាមេរិក នឹង​ចាត់វិធានការ​នានា​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ឆ្លើយតប​ទៅ​នឹង​អំពើ​ដ៏​គួរ​អោយ​សោកស្ដាយ​យ៉ាង​ក្រៃលែង​របស់​រដ្ឋាភិបាល​កម្ពុជា​នេះ។
ជា​ជំហាន​ដំបូង​សហរដ្ឋអាមេរិក នឹង​ផ្ដាច់​ការ​គាំទ្រ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) រួម​ទាំង​ជំនួយ​ផ្នែក​រដ្ឋបាល ទាក់ទង​នឹង​ការបោះឆ្នោត​ឆ្នាំ​២០១៨​ខាងមុខ។ សហរដ្ឋអាមេរិក​ចាត់​ទុក​ថា ស្ថានការណ៍​បច្ចុប្បន្ន នឹង​ធ្វើ​អោយ​ការបោះឆ្នោត​នៅ​ឆ្នាំក្រោយ មិន​ស្របច្បាប់ មិន​សេរី ឬ​មិន​យុត្តិធម៌។
សេចក្ដី​ថ្លែងការណ៍​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​នៅ​មាន​ពេល​ធ្វើ​អោយ​ស្ថានការណ៍​ត្រឡប់​មក​ដូចដើម​វិញ។ យើង​សូម​អំពាវនាវ​អោយ​រដ្ឋាភិបាល​កម្ពុជា​លុបចោល​សកម្មភាព​ទាំង​អម្បាលមាណ​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ ដោះលែង​មេដឹកនាំ​បក្ស​លោក កឹម សុខា ហើយ​អនុញ្ញាត​អោយ​បក្ស​ប្រឆាំង​ទាំងឡាយ និង​សង្គម​ស៊ីវិល ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធ្វើ​សកម្មភាព​ស្របច្បាប់​របស់​ពួកគេ​ឡើងវិញ។
ចំណែក​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៧ វិច្ឆិកា ថ្កោលទោស​ចំពោះ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ថា ៖ “​អូស្ត្រាលី​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង​ដ៏​ធំ​របស់​កម្ពុជា និង​ការ​ព្យួរ​សិទ្ធិ​នយោបាយ​រយៈពេល​ប្រាំ​ឆ្នាំ​ដល់​មន្ត្រី និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។
សហគមន៍​អឺរ៉ុប​ឯណោះ​វិញ ដែល​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​មួយ​ជួយ​ដល់​ការបោះឆ្នោត​នៅ​កម្ពុជា​នោះ ក៏​ព្រមាន​ដល់​រដ្ឋាភិបាល​កម្ពុជា​ដែរ។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី១៦ វិច្ឆិកា ផ្ញើ​ចេញពី​ទីក្រុង​ប្រ៊ូសសេល (Bruxelle) នៃ​ប្រទេស​ប៊ែលហ្ស៉ិក (Belgium) សហគមន៍​អឺរ៉ុប​ថ្លែង​ថា៖ នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​មួយ ដែល​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ត្រូវ​បាន​គេ​ផាត់​ចោល តាម​ទំនើង​ចិត្ត​នោះ គឺ​ដំណើរការ​បោះឆ្នោត​នោះ វា​មិន​ស្របច្បាប់​ទេ។ ការ​ប្រើ​កម្លាំង​បង្ខំ​រំលាយ​ចោល​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការ​ដកហូត​សិទ្ធិ​បោះឆ្នោត ទាំង​កំរោល​របស់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៣ និង​២០១៧។
ការ​ស្តារ​ស្ថានការណ៍​អោយ​ដូចដើម​វិញ ដែល​ក្នុង​នោះ​គណបក្សប្រឆាំង មេដឹកនាំ និង​អ្នកគាំទ្រ​របស់​ពួកគេ​ទាំងអស់ អាច​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​សេរី​បាន​ឡើងវិញ​នោះ ត្រូវតែ​ធ្វើឡើង​ជាបន្ទាន់។
សេចក្តី​ថ្លែងការណ៍​បន្ត​ថា សហគមន៍​អឺរ៉ុប បាន​ផ្ញើ​សារ​ដដែលៗ​បែបនេះ​ជាច្រើន​សារ​ហើយ​ទៅ​រដ្ឋអំណាច​កម្ពុជា រាប់បញ្ចូល​ទាំង​ថ្ងៃនេះ​ផង។
សហគមន៍​អឺរ៉ុប បញ្ចប់​សារ​ព្រមាន​របស់​ខ្លួន​ថា «​ការ​គោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​គឺជា​លក្ខខណ្ឌ​ចាំបាច់​តម្រូវ​អោយ​មាន មុននឹង​កម្ពុជា​អាច​បន្ត​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម (ABA អេប៊ីអេ) ជាមួយ​សហគមន៍​អឺរ៉ុប ដែល​កម្ពុជា​អាច​នាំ​ទំនិញ​គ្រប់​បែប​យ៉ាង​ចូល​សហគមន៍​អឺរ៉ុប​លើកលែងតែ​អាវុធ​ជាតិ​ផ្ទុះ។
ចំណែក​អង្គការ Freedom House ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ដោយ​ដាក់​ចំណងជើង​ថា ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​ទៅលើ​បក្ស​ជំទាស់​គឺជា​ការ​បើកផ្លូវ​ទៅ​រក​របប​ផ្ដាច់ការ។
ក្នុង​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី១៦ វិច្ឆិកា Freedom House ថ្លែង​ថា ការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ ការ​បំភិត​បំភ័យ និង​បំបិទ​សំឡេង​ជំទាស់ បិទ​ការិយាល័យ​អង្គការ​ក្រៅ​រដ្ឋាភិបាល មាន​អង្គការNDI និង​អង្គការ​សមធម៌​ជាដើម ព្រមទាំង​អ្នកសារព័ត៌មាន​ឯករាជ គឺជា​ការ​បំផ្លាញ​ចោល​នូវ​លទ្ធិប្រជាធិបតេយ្យ។ អង្គការ​នេះ​ទទូច​អោយ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​អោយ​ស្ថានការណ៍​ត្រឡប់​ដូចដើម​វិញ ដោយ​ដោះលែង​លោក កឹម សុខា និង​បញ្ចប់​ការគាបសង្កត់​យាយី​អ្នកការពារ​សិទ្ធិមនុស្ស។ អង្គការ Freedom House ដែល​ធ្វើការ​វាយតម្លៃ និង​ដាក់​ពិន្ទុ​កម្រិត​សេរីភាព​ក្នុង​ប្រទេស​នានា​នៅ​លើ​ពិភពលោក បាន​ដាក់​ពិន្ទុ​អោយ​កម្ពុជា​ថា ជា​ប្រទេស​គ្មាន​សេរីភាព​ក្នុង​ឆ្នាំ​២០១៧​នេះ។

ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ​ទាំងនេះ ធ្វើឡើង​ភ្លាមៗ​បន្ទាប់ពី​តុលាការ​កំពូល​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា​ បាន​សម្រេច​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ និង​ហាមឃាត់​មិន​អោយ​អ្នកនយោបាយ​បក្ស​ប្រឆាំង​១១៨​រូប​ធ្វើ​នយោបាយ​ចំនួន ៥​ឆ្នាំ។

No comments:

Post a Comment