Paris Peace Accords 23 Oct. 1991

Thursday, November 16, 2017

លោក សម រង្ស៊ី ប្រកាស ​​ចូល ​នយោបាយ ​វិញ​ ទោះ​ បក្ស​ប្រឆាំង ​ត្រូវ​ គេ ​រំលាយ ​ឬ​មិន ​រំលាយ | Sam Rainsy announces his re-entry into politics regardless opposition party to be dissolved or not

អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​អំពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័នីញ៉ា (California) នៃ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​អំពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័នីញ៉ា (California) នៃ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

លោក សម រង្ស៊ី ប្រកាស ​​ចូល ​នយោបាយ ​វិញ​ ទោះ​ បក្ស​ប្រឆាំង ​ត្រូវ​ គេ ​រំលាយ ​ឬ​មិន ​រំលាយ

RFA / វិទ្យុ អាស៊ី សេរី | ១៥ វិច្ឆិកា ២០១៧

 

អតីត ​ប្រធាន​ គណបក្ស​ប្រឆាំង ប្រកាស​ ជា​ថ្មី​ទៀត ​ថា, លោក ​នឹង​វិល​ចូល​ ឆាក​នយោបាយ ​ឡើង​វិញ បើ ​ទោះ​ជា​ ការ​វិល​ចូល​នេះ គណបក្ស​ប្រឆាំង ​ត្រូវ ​គេ​ រំលាយ ឬ​មិន ​រំលាយ​ ក៏​ដោយ។  ច្បាប់ ​ស្ដីពី ​វិសោធនកម្ម​គ ណបក្ស​ នយោបាយ ដែល​រង​ការ​ រិះគន់ ​ថា ធ្វើ​ទៅ​តាម​ ការ​ចង់​បាន ​របស់​លោក ហ៊ុន សែន នោះ​ បាន​បិទ​ផ្លូវ ​មិន​ឲ្យ​ មេ​បក្ស​ ដែល​មាន​ទោស ​ធ្វើ​នយោបាយ, ហើយ ​បើ​ ធ្ងន់ធ្ងរ​ ត្រូវ​ រំលាយ ​បក្ស​ចោល។


ការ​ប្រកាស​ជំហរ​ជា​ថ្មី​ទៀត​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ ​ធ្វើ​ឡើង​មុន​មួយ​ថ្ងៃ​ប៉ុណ្ណោះ ស្រប​ពេល​តុលាការ​កំពូល​នឹង​លើក​យក​សំណុំរឿងស្នើ​សុំ​ឲ្យ​រំលាយ​បក្ស​ប្រឆាំង​ចេញ​ពី​ឆាក​នយោបាយ​នេះ ទៅ​ជំនុំជម្រះ​ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​បណ្ដឹងរបស់​មេធាវី​តំណាង​ដោយ​អាណត្តិរបស់​ក្រសួង​មហាផ្ទៃ។

លោក សម រង្ស៊ី បាន​ប្រកាស​ដាច់​ណាត់​ថា ចាប់​ពី​ពេល​នេះ​តទៅ លោក​នឹង​វិល​ចូល​នយោបាយ​ឡើង​វិញ ហើយ​ក៏​លែង​ខ្វល់​ពី​ការ​រំលាយ ឬ​មិន​រំលាយ​បក្ស​ប្រឆាំង​នេះ​តទៅ​ទៀត​ហើយ។ អតីត​មេ​បក្ស​ប្រឆាំង ដែល​ធ្លាប់​បោះបង់​តួនាទី​ជា​ប្រធាន​បក្ស ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​នយោបាយ​បក្ស​នេះ កាល​ពី​ខែ កុម្ភៈ ដើម្បី​បញ្ចៀស​ពី​គ្រោះ​អាក្រក់​កើត​ឡើង អះអាង​ថា ពី​ពេល​នេះ​ទៅ​លោក​លែង​ខ្វល់​នឹង​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ទៀត​ហើយ។

លោក សម រង្ស៊ី ដែល​បាន​សរសេរ​យ៉ាង​ពិស្ដារ នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក នៅ​ថ្ងៃ​ទី១៥ វិច្ឆិកា ដែល​មុន​មួយ​ថ្ងៃ​នៃ​រឿង​ក្ដី របស់​បក្ស​ប្រឆាំង ត្រូវ​ឡើង​តុលាការ​នោះ បញ្ជាក់​ថា ការ​ដែល​រូប​លោក ដើរ​ចេញ​ពី​ឆាក​នយោបាយ​ទាំង​បង្ខំ​នោះ ព្រោះ​តែ​ចង់​រក្សា​អាយុជីវិត បក្ស​ប្រឆាំង​ដើរ​ឲ្យ​ដល់​គោលដៅ។ ប៉ុន្តែ អតីត​មេ​បក្ស​ប្រឆាំង ដែល​មាន​ពិសោធន៍​លើសលប់ ក្នុង​ចលនា​បាតុកម្ម ដោយ​សន្តិវិធី​ជា​ច្រើន​អាណត្តិ​ណាស់​មក​ហើយ បាន​ហៅ​ច្បាប់​ដែល​អនុម័ត​ដោយ បក្ស​កាន់​អំណាច​នេះ​ថា ជា​ច្បាប់​តិរច្ឆាន។

បើ​ទោះ​ជា​បែប​ណា ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ ដែល​អនុម័ត​ចំនួន ៣ដង​រួច​មក​ហើយ ក្នុង​រយៈពេល​ដ៏​តក់ក្រហល់​នេះ ត្រូវ​រង​ការ​រិះគន់​ថា ជា​ការ​តាក់តែង​ឡើង ទៅ​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ហៅ​លោក សម រង្ស៊ី ថា​ជា​អ្នក​នយោបាយ​ដែល​រក​ជឿ​ទុក​ចិត្ត​មិន​បាន ព្រោះ​ជា​អ្នក​នយោបាយ​ដែល​ក្រឡេចក្រឡុច។ លោក​បន្ត​ថា រឿង​អតីត​មេ​បក្ស​នេះ ប្រកាស​ចូល​បក្ស​នយោបាយ​ឡើង​វិញ វា​រឹត​តែ​ស្មុគស្មាញ​ថែម​ទៀត ដោយ​សារ​អ្នក​នាំ​ពាក្យ​រូប​នេះ​ជឿ​ថា ក្រោយ​បក្ស​ប្រឆាំង​ត្រូវ​រលាយ​ហើយ​នោះ មិន​ដឹង​អ្នក​ណា​ទទួល​ស្គាល់​លោក សម រង្ស៊ី ឲ្យ​ចូល​បក្ស​ទៀត។

កាល​ពី​ថ្ងៃ​ទី១១ ខែកុម្ភៈ ឆ្នាំ​២០១៧ លោក សម រង្ស៊ី បាន​លា​ឈប់​ពី​ប្រធាន​គណបក្ស។ អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា មូលហេតុ​នៃ​ការ​បោះបង់​តួនាទី​ជា​ប្រធាន​គណបក្ស ដោយ​បង្ខំ​នេះ ព្រោះ​តែ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ មាន​ចេតនា​តាក់តែង​ឡើង ចង់​កម្ចាត់​រូប​លោក​ចេញ​ពី​ឆាក​នយោបាយ ទៅ​តាម​បំណង​របស់​លោក ហ៊ុន សែន។

លោក​បណ្ឌិត ឡៅ ម៉ុង ហៃ អ្នក​វិភាគ​សង្គម និង​នយោបាយ យល់​ឃើញ​ថា ការ​ហក់​ចូល​ឆាក​នយោបាយ​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ​ពិត​ជា ចំ​កាលៈទេសៈ​ដែល​ចាំបាច់​បំផុត ក្នុង​ការ​រុញ​ចលនា​បក្ស​ឲ្យ​ដើរ​ទៅ​មុខ។ លោក​បន្ត​ថា វត្តមាន​លោក សម រង្ស៊ី ក្នុង​គ្រោះ​អាសន្ន​នេះ ថ្វី​បើ​មិន​អាច​ទប់​នឹង​ការ​រំលាយ​បាន​មែន ក៏​ឥទ្ធិពល​របស់​លោក សម រង្ស៊ី រឹត​តែ​ធ្វើ​ឲ្យ​ចលនា​គាំទ្រ​ខ្លាំង​ជាង​មុន នៅ​ថ្នាក់​ក្រោម​ជាតិ។ 

ការ​វិល​ចូល​ទ្រនំ​នយោបាយ​ជា​ថ្មី​ឡើង​វិញ របស់​លោក សម រង្ស៊ី និង​ជា​គូ​ប្រឆាំង​ដ៏​ស្វិតស្វាញ​ជា​មួយ​លោក ហ៊ុន សែន អស់​ពេល​ជា​ច្រើន​អាណត្តិ​មក​ហើយ​នេះ ធ្វើ​ឡើង​មុន​មួយ​ថ្ងៃ​ប៉ុណ្ណោះ ដែល​តុលាការ​កំពូល​នឹង​បើក​សវនាការ​ពេល​ព្រឹក លើ​បណ្ដឹង​សុំ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ។

មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​ក្រសួង​មហាផ្ទៃ ដែល​មាន​លោក គី តិច ជា​ប្រធាន​ក្រុម​ដឹកនាំ បាន​យក​ភស្តុតាង​ជា​ច្រើន​ករណី ផ្ដល់​ជូន​ទៅ​តុលាការ មុន​ថ្ងៃ​សវនាការ​ចាប់ផ្ដើម នៅ​ថ្ងៃ​ទី១៦ វិច្ឆិកា។ ហើយ​ភស្តុតាង​ចុងក្រោយ គឺ​ស្នើ​ឲ្យ​តុលាការ​បិទ​សិទ្ធិ​នយោបាយ​រយៈពេល ៥ឆ្នាំ ដោយ​គិត​ចាប់​ពី​ថ្នាក់​គណៈកម្មការ​នាយក រហូត​ដល់​ប្រធាន​គណបក្ស​ប្រមាណ​ជា​ជាង ១០០នាក់។
យ៉ាង​នេះ​ក្ដី​អ្នក​វិភាគ​នយោបាយ យល់​ឃើញ​ថា ការ​ប្រើប្រាស់​ស្ទើរ​គ្រប់​មធ្យោបាយ រួម​ទាំង​បង្កើត​សេណារីយោ បដិវត្ត​ពណ៌ ការ​សម្លុត​គំរាមកំហែង ទៅ​ដល់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​បក្ស​ប្រឆាំង និង​ការ​ទិញ​ទឹកចិត្ត​ជាដើម របស់​លោក ហ៊ុន សែន ដើម្បី​កម្ទេច​សំឡេង​ប្រឆាំង​នេះ គឺ​ពុំ​មាន​ហេតុផល​អ្វី​ផ្សេង ក្រៅ​ពី​ដើម្បី​​រក្សា​អំណាច​របស់​បន្ត​ទៀត​ប៉ុណ្ណោះ៕



1 comment:

  1. Anonymous8:26 AM

    Mighty Rainsy will crush Hun Sen upon his return. Mr. Hun Sen, you have 30 days to vacate and surrender, or you will be crushed.

    https://www.cambodiadaily.com/cdfiles/wp-content/uploads/2017/06/cam-photo-rainsy-JUMP.png

    ReplyDelete