Paris Peace Accords 23 Oct. 1991

Monday, November 20, 2017

សហរដ្ឋ អាមេរិក​ និង​​សហភាព​ អឺរ៉ុប ​ព្រមាន​ កម្ពុជា | US, EU warn Cambodia

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (ស្តាំទី២) ជាមួយលោក ស ខេង រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ នៅថ្ងៃបុណ្យឯករាជ្យជាតិ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា។

សហរដ្ឋ អាមេរិក​ និង​​សហភាព​ អឺរ៉ុប ​ព្រមាន​ កម្ពុជា

VOA / វីអូអេ |២០ វិច្ឆិកា ២០១៧

 
ការ​អនុគ្រោះ​ពន្ធ​ ដល់​ទី​ផ្សារ​ នាំចេញ​ ធំបំផុត​ របស់ ​កម្ពុជា​ អាច​នឹង​ត្រូវ​ បាន​ដក​ចេញ​, ហើយ​ មន្ត្រី​ជាន់​ខ្ពស់ ​របស់ ​រដ្ឋាភិបាល​ កម្ពុជា​ ទាំង​អស់​ អាច​នឹង​ត្រូវ​ បាន​ហាម​ មិន​ ឲ្យ​ធ្វើ​ ពាណិជ្ជកម្ម​ ជា​មួយ​ នឹង​ក្រុម​ហ៊ុន​នានា ​របស់​ សហ​រដ្ឋ​ អាមេរិក​ ក្នុង​ការ​ឆ្លើយ​តប​ ទៅ​នឹង ​សេចក្តី​សម្រេច ​របស់ ​តុលាការ​កំពូល​ ក្នុង​ការ​រំលាយ​ គណបក្ស​ប្រឆាំង។​  នេះ​ បើ​ យោង​តាម​ សេច​ក្តី​ ថ្លែង​ការណ៍​នានា​ កាល​ពី​ថ្ងៃ​សុក្រ។


តុលាការ​កំពូល​របស់​កម្ពុជា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​សម្រេច​រំលាយ​គណបក្ស​ប្រឆាំង​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ហាម​ប្រាម​មិន​ឲ្យ​សមាជិក​គណបក្ស​នោះ​ចំនួន​១១៨​នាក់​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ​ចំនួន​ប្រាំ​ឆ្នាំ​ ដោយ​សម្រេច​ថា​ គណបក្ស​នេះ​មាន​ផែនការ​ក្បត់​ជាតិ​ដែល​ឃុបឃិត​ជាមួយ​នឹង​មន្ត្រី​សហ​រដ្ឋ​អាមេរិក​ដើម្បីផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើង​មុន​ពេល​មាន​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​ ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​សំឡេងពី​ការ​បោះ​ឆ្នោត​សភា​និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ពី​អាណត្តិមុន​ជាង​៤០​ភាគ​រយ។​
សហ​ភាព​អឺរ៉ុប​ សេតវិមាន​ និង​ ព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិក​បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​ព្រមាន​ថា ​នឹង​ចាត់​វិធាន​ការ​ជាក់​លាក់​មួយ​ចំនួន​ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​សម្រេច​នេះ​ដែលធ្វើ​ឲ្យ​អន្តរាយ​ដល់​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​


ប្រតិកម្ម​របស់​សហរដ្ឋ​អាមេរិក

នៅ​រដ្ឋធានី ​វ៉ា​ស៊ីន​តោន​ ក្រសួង​ ការ​បរទេស​ ស.រ.អ.​ បាន​ឲ្យ​ដឹង​ ថា, ​ វា​ជា​រឿ​ងគួរ​ឲ្យ​បារម្ភ​ខ្លាំង​ណាស់​ចំពោះ​ការ​សម្រេច​របស់​តុលាការ​កម្ពុជា​ក្នុង​ការ​បំបាត់​គណបក្សប្រឆាំង​ ហើយ​ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​រឹត​តែ​ឯកោ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ស.រ.អា.​គឺ​អ្នក​នាង​ Heather Nauert​ បាន​ថ្លែង​ប្រាប់​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃ​សុក្រ​ថា៖​

«ការ​រំលាយ​គណបក្ស​ប្រឆាំង​មិន​ត្រឹម​តែ​រាំង​ស្ទះ​ដំណើរ​ប្រជា​ធិបតេយ្យ​របស់​កម្ពុជា​ទេ​ វា​ក៏​បាន​បំផ្លាញ​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​សហ​រដ្ឋ​អាមេរិក​ និងសហគមន៍​អន្តរជាតិ​ផ្សេង​ទៀត​ផង​ដែរ។​ វា​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ និង​វិបុល​ភាព​របស់​កម្ពុជា​ចុះ​ខ្សោយ​ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​កម្ពុជា​ឃ្លាត​ឆ្ងាយ​ពីប្រទេស​ប្រជា​ធិបតេយ្យ​ក្នុង​តំបន់»

អ្នក​នាង​ Nauert​ បាន​បន្ត​ ថា៖​

«រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​លុប​ចោល​ការ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដោះលែង​ប្រធាន​គណបក្ស​ដែល​ជាប់​ឃុំឃាំង​គឺ​លោក​កឹម​ សុខា ហើយ​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​ អង្គការ​សង្គម​ស៊ី​វិល​ និង​បណ្តាញ​សារ​ព័ត៌មាន​អាច​បន្ត​សកម្ម​ភាព​ស្របច្បាប់​របស់​ពួក​គេ»

សំណើ​ ដែល​សម្រេច​ជា​ឯកច្ឆ័ន្ទ​ដោយ​ព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ជំរុញឲ្យ​ក្រសួង​ការ​បរទេស​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​ «ពិចារណា​ដាក់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ជាន់​ខ្ពស់​ទាំង​អស់​ដែល​បានជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ដែល​ត្រូវ​បាន​កត់​សម្គាល់​ខាង​លើ​នេះ​ ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ»

ទណ្ឌកម្ម​ទៅ​លើ​អ្នក​ក្នុង​បញ្ជីខ្មៅ​គឺ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​បុគ្គល ​របបគ្រប់គ្រង​ ក្រុមហ៊ុន​ ឬ​ ប្រទេស​នានា​ ​ដែល​ត្រូវ​បាន​គេ​កំណត់ ហើយ​ជាទូទៅ​ហាម​ប្រាម​ឲ្យ​ស្ថាប័ន​សហ​រដ្ឋ​អាមេរិក​ទាំង​អស់ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​ពួក​គេ​ទេ​ រួម​ទាំង​ផ្តល់​ប្រាក់​កម្ចី​ផង​ដែរ។​

ទណ្ឌកម្ម​ទាំង​នេះ​ ដូច​ជា​បង្កក​ផល​ប្រយោជន៍​អចលនទ្រព្យ​គឺ​ត្រូវ​បាន​អនុវត្ត​ដោយ​ការិយាល័យ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​បរទេស​ និង​ត្រូវ​បាន​អនុវត្ត​នៅ​ប្រទេស​ដូច​ជា​ ស៊ីមបាវ៉េ​ ស៊ីរី​ កូរ៉េខាងជើង​ និង​អ៊ីរ៉ង់។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ថ្លែង​នៅ​ឯ​សេតវិមាន​នៅ​ថ្ងៃទី ១៥ ខែវិច្ឆិកា​ឆ្នាំ២០១៧ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ថ្លែង​នៅ​ឯ​សេតវិមាន​នៅ​ថ្ងៃទី ១៥ ខែវិច្ឆិកា​ឆ្នាំ២០១៧ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
 
តើ លោក ត្រាំ នឹងអន្តរាគម ទេ?

ព្រឹទ្ធ​សភា​អាមេរិក​ក៏​បាន​អំពាវនាវ​ឲ្យ​លោក​ប្រធានា​ធិបតី​ដូណាល់​ ត្រាំធ្វើ​អន្តរាគមន៍​ដោយ​ផ្ទាល់​និង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ លទ្ធផល​នៃ​ការបោះឆ្នោត​ជាតិ​កម្ពុជា​នៅ​ខែ​កក្កដា​ឆ្នាំ​ក្រោយ​នេះ​ នឹង​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ ក្រោម​ស្ថាន​ភាព​ដូច​បច្ចុប្បន្ន​នេះ។​

សេតវិមាន​បាន​បញ្ជាក់ក្នុង​សេច​ក្តី​ថ្លែងការណ៍​ជា​លើក​ទី​២​ដែល​បាន​ចេញ​សេចក្តី​បន្ទោសកម្ពុជា​នៅ​សប្តាហ៍​នេះ។ ​សេចក្តី​ថ្លែង​ការណ៍​នេះ​និយាយ​ថា​ ស.រ.អា.បញ្ឈប់​ការ​គាំ​ទ្រគណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​(គ.ជ.ប.)​ នៅ​កម្ពុជា​ និង​កិច្ចការ​រដ្ឋបាល​សម្រាប់​ការ​បោះ​ឆ្នោត​នេះ​ទាំង​អស់​ ដែលនេះ​ជា​ជំហាន​ទី១។​

សេចក្តី​ថ្លែង​ការណ៍​ ដដែល​ បាន​បញ្ជាក់​ ថា៖​

«ពិភព​លោក​កាន់​តែ​ឃើញ​ច្បាស់​ឡើង​ថា​ ​ការរឹត​បន្តឹង​របស់​រដ្ឋាភិបាល​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល​ ការ​គាប​សង្កត់​ទៅ​លើ​សារ​ព័ត៌មាន​ ​និង​ការ​ហាម​ឃាត់​មិន​ឲ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ជាង​១០០​នាក់​ធ្វើ​សកម្មភាព​នយោ​បាយ​នោះ​ ​បាន​ធ្វើ​ឲ្យ​ដំណើរការ​ប្រជា​ធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​ដើរ​ថយ​ក្រោយ​យ៉ាង​លឿន​ ​ហើយ​បាន​ធ្វើ​ឲ្យការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​ និង​តួនាទី​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរ​ជាតិប្រឈម​នឹង​ហានិភ័យ។ ​សហ​រដ្ឋ​អាមេរិក​នឹង​ចាត់​វិធានការ​ជាក់​លាក់​មួយ​ចំនួន​ក្នុង​ការ​ឆ្លើយ​តប​នឹង​សកម្មភាព​ដ៏​គួរ​ឲ្យ​សោក​ស្តាយ​យ៉ាង​ខ្លាំង​របស់​រដ្ឋាភិបាល​កម្ពុជា»

ការលើកឡើងរបស់មេដឹកនាំគណបក្សប្រឆាំង

លោក​សម​ រង្ស៊ី​ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ដែល​បាន​ចុះ​ចេញ​ពី​ដំណែង​កាល​ពី​ខែ​កុម្ភៈ​ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ប្រកាស​ពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​បានបណ្តាល​ឲ្យ​មាន​ការ​រំលាយ​គណបក្ស​នេះ​ បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា​ ពលរដ្ឋ​កម្ពុជា​គួរ​តែ​ទាម​ទារ​ឲ្យ​លោក​ហ៊ុន​សែន​ចុះ​ចេញ​ពី​តំណែង​ ហើយ​អះអាង​ថា​បើ​សិន​លោក​នាយក​រដ្ឋមន្ត្រី​នៅ​បន្ត​កាន់​អំណាច​ «នឹង​មាន​ទណ្ឌកម្ម​ ហើយ​នឹង​មាន​ទណ្ឌកម្ម​ខាង​សេដ្ឋកិច្ច»

ច្បាប់​ដែល​រំលាយ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​អនុម័ត​ ហើយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

យោង​តាម​ លោក​ សម​ រង្ស៊ី​, លោក​ ហ៊ុន​ សែន​ ត្រូវតែ​ «ប្តូរ​ នយោបាយ ​របស់​លោក​ ឈប់​ គាប​សង្កត់ ​គណបក្ស​ សង្គ្រោះ​ជាតិ​ , ផ្តល់​ សិទុ្ធ​សេរីភាព​ ជា​មូល​ដ្ឋាន​ ជូន​ប្រជារាស្ត្រ​ខ្មែរ ​វិញ​ , ហើយ​ ដោះ​លែង​ អ្នក​ទោស​ នយោបាយ​ ទាំង​អស់​ រួម​មាន ​លោក​ កឹម​  សុខា​ដែល​ជា​ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ»

លោក​ សម​ រង្ស៊ី​ បាន​ថ្លែង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ទៅ​ទស្សនិក​ជន​ខ្មែរ​ តាម​កម្មវិធី​វិទ្យុ​គឺ ​Hello VOA​ ដែលពលរដ្ឋអាច​ទូរស័ព្ទ​ចូល​សួរ​ជា​សំណួរ។ ​លោក​បាន​និយាយ​ថា​ ទណ្ឌកម្ម​ទាំង​អស់​គឺ​អាច​ចៀស​វាង​បាន។​

លោក ​បន្ត​ ថា,  ​បើ​សិន ​«ជា​គេ​ លុប​ចោល​ សេចក្តី​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​វិញ​ភ្លាម។​ រចនា​សម្ព័ន្ធ​យើង​នៅ​ដដែល​។ តិច​ណាស់​ស្ទើរ​តែ​គ្មាន​អ្នក​ដែល​ទៅ​ចុះចូល​គណបក្ស​ប្រជាជន​តាម​ការ​អំពាវនាវ​របស់​លោក​ហ៊ុន​ សែន​នោះ​ទេ»

អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​គឺលោក​ហង្ស​ ពុទ្ធាបាន​និយាយ​ថា​ កង្វះ​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នោះ​ទេ ពី​ព្រោះ​រដ្ឋាភិបាល​កម្ពុជា​មាន​ថវិកា​សម្រាប់បោះការ​ឆ្នោត​គ្រប់​គ្រាន់​រួច​មក​ហើយ​ដើម្បី​ជំនួស​ឲ្យ​ថវិកា​ដែល​ត្រូវ​កាត់​ផ្តាច់។​

លោក​ បាន​បន្តថា៖​

«ថវិកា​បោះ​ឆ្នោត​ហ្នឹង​គឺ​មាន​គម្រោង​រួច​ហើយ​ ហើយ​នេះ​គឺ​ជា​ថវិកា​របស់​រាជ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ ដែល​នឹង​ត្រូវ​ផ្តល់​មក​សម្រាប់​រៀប​ចំ​ការ​បោះ​ឆ្នោត»

ការ​គាំ​ទ្រ​ផ្នែកហិរញ្ញវត្ថុ

លោក​សុខ​ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជាគណបក្សកាន់​អំណាច​ បាន​និយាយ​ថា​ ពលរដ្ឋ​កម្ពុជា​បច្ចុប្បន្ន​មាន​ជំនួយ​ហិរញ្ញវត្ថុ​ច្រើន​ ដូច​ជា​ជំនួយ​ពី​ប្រទេស​ចិន​ រុស្ស៊ី​ និង​ ជប៉ុន។​

លោក​ បាន​ថ្លែង​ថា៖​

«បើ​ លោក​ អាមេរិក,​ ​លោក ​អឺរ៉ុប ​មិន​ជួយ​ទេ,​ ​ខ្ញុំ​ យល់​ថា​ ក៏​មាន​ បណ្តា​ប្រទេស​ ធំៗ​ នៅ​លើ​ ពិភព​លោក​ ដែល​គេ​ ចង់​បាន​ យុត្តិធម៌​ហ្នឹង ​ គេ​ ក៏​ជួយ​កម្ពុជា ​ដើម្បី​ ដំណើរ​ការ​ បោះឆ្នោត​ដែរ»

សហភាព​អឺរ៉ុប​មាន​សក្តានុពល​ដ៏​ធំធេង​ក្នុង​ការ​ស្រូប​យក​ការ​នាំ​ចេញ​ប្រមាណ​ជា​ពាក់​កណ្តាល​នៃ​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​ ដែល​មាន​តម្លៃ​ប្រមាណ៥​ពាន់​លាន​ដុល្លារ។​

នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ សហភាព​អឺរ៉ុប​បាន​ស្នើ​ថា​ ការ​អនុគ្រោះ​ពន្ធ​សម្រាប់ទីផ្សារដែល​កម្ពុជា​អាច​ទទួល​បាន​ការ​អនុគ្រោះ​តាមរយៈ​គម្រោង​ «អនុ​គ្រោះ​ពន្ធ​គ្រប់​បែប​យ៉ាង​លើក​លែង​តែ​សព្វាវុធ» ​ នោះ​ គួរ​ តែ ដក​ចេញ​ ហើយ។​

សេចក្តី​ថ្លែង​ការណ៍​ នោះ​ បាន​បន្ថែម​ ថា៖​

«ការ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​គឺ​ជាការ​ចាំបាច់​សម្រាប់​ប្រទេស​កម្ពុជា​ដើម្បី​បន្ត​ទទួល​បាន​ផល​ប្រយោជន៍​ពី​គម្រោង​នៃ​ការ​អនុគ្រោះ​ពន្ធ​គ្រប់​បែប​យ៉ាង​ លើក​លែងតែ​សព្វាវុធ​នេះ»

អ្នក​នាំ​ពាក្យ​របស់​សហ​ភាព​អឺរ៉ុប​នៅ​មិន​ទាន់​បានឆ្លើយ​តប​នឹង​សណើ​សុំ​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​ឲ្យ​ច្បាស់​អំពី​ជំហាន​ដែល​សហភាព​អឺរ៉ុប​នឹង​ធ្វើ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​របស់​កម្ពុជា​នោះ​ទេ​ ហើយ​វីអូអេ​ព្យាយាម​ទាក់ទង​អ្នក​នាំ​ពាក្យ​របស់​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ តែ​មិន​ទាន់​ទាក់​ទង​បាន​នៅ​ឡើយ។​

លោកខេន លូ​ ​អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ​បាន​ថ្លែង​ថា​ ​លោក​មិន​អាច​ព្យាករណ៍​ថា​ តើ​រោងចក្រ​ទាំង​ឡាយ​នៅកម្ពុជា​នៅ​តែ​អាច​នាំ​ចេញ​ទៅ​កាន់​សហ​ភាព​អឺរ៉ុប ​ដោយ​មិន​មាន​គម្រោង​នៃ​ការ​អនុ​គ្រោះពន្ធ​គ្រប់​បែប​យ៉ាង​លើក​លែង​តែ​សព្វាវុធនេះ​ ដែរ​ឬ​ទេ។​ ​ប៉ុន្តែ​លោក​បាន​សង្កត់​ធ្ងន់​ថា​ ​គ្រប់​យ៉ាង​គឺ​អាស្រ័យ​ទៅ​លើ​អ្នក​នយោបាយ​ ​មិន​មែន​ពាណិជ្ជករ​ទេ​ ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​បែប​នេះ។​

លោក​បាន​មាន​ប្រសាសន៍​ថា៖​

«ប្រសិន​បើ​សហភាព​អឺរ៉ុប​បាន​ដក​សិទ្ធិ​អនុគ្រោះ​ ឬ​ព្យួរ​ការ​ទទួល​បាន​ការ​អនុគ្រោះ​ ដូច្នេះ​ពិត​ណាស់​ ​វាប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ឧស្សាហ​កម្ម​របស់​យើង​ដែល​មាន៤៣%ឬ ៤៤% ​នាំ​ចេញទៅ​កាន់​សហ​ភាព​អឺរ៉ុប»

អ្នក​នាំពាក្យ​ក្រសួង​ការងារគឺ​លោក​ ហេង​ សួរ​ ​បាន​និយាយ​ថា​ សហភាព​អឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិកគួរ​តែ​បញ្ឈប់​ការ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​នយោបាយ​របស់​កម្ពុជា​ ហើយ​ផ្តោត​សំខាន់​ទៅ​លើ​ពាណិជ្ជ​កម្ម​វិញ។​

លោក​ បាន​មាន ​ប្រសាសន៍​ ថា៖​

«កម្ពុជា​ក៏​មិនមែន​ពឹង​អាស្រ័យ​តែ​ទៅ​លើ​សហគមន៍​អឺរ៉ុប​មួយ​នោះ​ទេ។ ​កម្ពុជា​នៅ​មាន​ទីផ្សារ​ប្រ​ទេស​ផ្សេង​ទៀត​ ​ហើយ​កម្ពុជា​បាន​ជឿ​ជាក់​ថា ​សហគមន៍​អឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិក​នឹង​មិន​សម្លាប់​ការ​លើក​ទឹក​ចិត្ត​ឲ្យ​គោរព​លក្ខខណ្ឌ​ការងារ​ភ្ជាប់​ជាមួយ​ពាណិជ្ជ​កម្ម​នោះ​ទេ»

ប្រជា​ជន​កម្ពុជា​ប្រមាណ​៦​សែន​នាក់​ធ្វើ​ការ​ជា​ផ្លូវ​ការ​នៅ​ក្នុង​វិស័យ​កាត់​ដេរ​ ហើយ​គេជឿថា មនុស្ស​ជា​ច្រើន​ទៀត​ធ្វើ​ការ​ក្រៅ​ផ្លូវការ​នៅ​ក្នុង​វិស័យ​ដដែល​នេះ​ ដែល​ធ្វើ​ឲ្យ​វិស័យ​នេះ​ក្លាយ​ទៅ​ជា​ប្រភព​ចំណូល​ធំជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

កម្មករ​កាត់ដេរ​កម្ពុជា​កាន់​បដា​ផ្ទាំងរូប​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន គ្រាដែល​អាជ្ញាធរ​រារាំង​ពួកគេ​មិន​ឲ្យ​ទៅ​ក្បែរ​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្រ្តី​ក្នុង​រាជធានី​ភ្នំពេញ។
កម្មករ​កាត់ដេរ​កម្ពុជា​កាន់​បដា​ផ្ទាំងរូប​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន គ្រាដែល​អាជ្ញាធរ​រារាំង​ពួកគេ​មិន​ឲ្យ​ទៅ​ក្បែរ​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្រ្តី​ក្នុង​រាជធានី​ភ្នំពេញ។

ភាពអត់ការងារធ្វើ

ឱកាស​ការងារ​នៅ​កម្ពុជា​គឺ​នៅ​មាន​ភាព​ខ្វះខាត​ខ្លាំងណាស់​ ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ប្រមាណ​ជា​១​លាន​នាក់​ត្រូវ​ទៅធ្វើការ​នៅ​ប្រទេស​ថៃ​ ​បើ​ទោះ​ជា​ប្រទេស​ថៃ​មាន​កេរ្តិ៍​ឈ្មោះ​ថា​ ជា​ប្រទេស​ដែល​កេង​ប្រវ័ញ្ច​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​ពលករ​ចំណាក​ស្រុក​ក៏​ដោយ។
ដោយ​ហេតុ​នេះ ការ​ព្យូរ​ការ​អនុ​គ្រោះពន្ធ​គ្រប់​បែប​យ៉ាង​លើក​លែង​តែ​សព្វាវុធ​គឺ​ជា​វិធានការ​ទណ្ឌកម្ម​ដែល​ពេល​ខ្លះ​ត្រូវ​គេ​ហៅ​ ថា​ «ជម្រើស​ នុយ​ក្លេអ៊ែរ», ​ហើយ​ត្រូវ​ក្រុម​អ្នក​វិភាគ​ចាត់​ទុក​ថា​ ជា​វិធានការ​ដែល​មិន​ល្អ​ទេ។​

លោក​បណ្ឌិត​ ​Lee Jones​ ​សាស្ត្រាចារ្យ​រង​ផ្នែក​នយោបាយ​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ ​Queen Mary​ ​នៃ​ទី​ក្រុងឡុងដ៍​ ​បាន​និយាយ​ថា​ ​បទ​ពិសោធន៍​នៃ​ការ​ដាក់​ទណ្ឌកម្ម​ស្រដៀង​គ្នា​នេះ​ គឺ​ទណ្ឌកម្ម​ទៅ​លើ​ប្រទេសភូមា​ឬ​មីយ៉ាន់ម៉ា​កន្លង​មក​ ​បាន​បង្ហាញ​ថា​ ​ទណ្ឌកម្ម​នេះ​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​មាន​ការ​ខាត​បង់​លើ​វិស័យ​កាត់​ដេរ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​វា​មិនមាន​ឥទ្ធិពល​អ្វី​ទៅ​លើ​របប​គ្រប់​គ្រង​នោះ​ទេ។​

លោក​ បាន​បន្ត​ ថា៖​

«ការ​ផ្ដោត​ទណ្ឌកម្ម​ទៅ​លើ​វិស័យ​កាត់ដេរ​អាច​ធ្វើ​ឲ្យ​ខូចខាត​យ៉ាង​ខ្លាំង​ដល់​ផល​ប្រយោជន៍មួយ​ផ្នែក​ក្នុង​សង្គម​កម្ពុជា ​ដែល​វា​ពិត​ជា​មិន​អាច​ជួយ​ក្នុង​ការ​ដាក់​សម្ពាធ​លើ​របប​នេះ​ទេ។​ ជា​ការ​ពិត​ណាស់​ វា​អាច​ផ្តល់​ផល​ផ្ទុយ​ស្រឡះ។ ​ខ្ញុំ​ចង់​និយាយ​ថា​ ប្រទេស​នេះ​នឹង​ខាត​បង់​ប្រាក់​ចំណេញ​ពី​ការ​នាំចេញ​ ហើយ​នឹង​ផល​ប៉ះពាល់​ផ្សេងៗ​ទៀត។​ ក៏​ប៉ុន្តែ​អ្នក​ដែល​រង​គ្រោះ​ខ្លាំង​ជាង​គេ​គឺ​កម្មករ​របស់​រោង​ចក្រ​ទាំង​នោះ​ ហើយ​ពួក​គេ​គឺ​ជា​មនុស្ស​ចម្បងដែល​ជា​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល បន្ទាប់​ពី​ការ​បោះឆ្នោត​អាណត្តិ​មុន»

លោក​បន្ថែម​ថា​ ទណ្ឌកម្ម​ដែល​មាន​ការ​កំណត់​គោល​ដៅ​លើ​មន្រ្តី​រដ្ឋាភិបាល​គឺ​ជា​គំនិត​ប្រសើរ​ជាង​ ក៏​ប៉ុន្តែ​ទណ្ឌកម្ម​បែប​នេះ​ក៏​នៅ​តែ​មាន​អត្រា​ជោគ​ជ័យតិច​តួច​ប៉ុណ្ណោះ​ក្នុង​ការ​ផ្លាស់​ប្តូរ​អាកប្បកិរិយា​របស់​របប​បែប​នេះ៕




1 comment:

  1. Anonymous10:43 AM

    Only warning?! LOL...it's called, lips service.

    ReplyDelete