សមាជិកព្រឹទ្ធសភាអាមេរិកពីឆ្វេងទៅស្ដាំ លោក ចន ម៉ាកខេន (John McCain)ពីខាងគណបក្សសាធារណរដ្ឋ និង លោក ឌិក ឌើប៊ិន (Dick Durbin)មកពីខាងគណបក្សប្រជាធិបតេយ្យ។ |
ព្រឹទ្ធសភា អាមេរិក អនុម័ត សេចក្ដីសម្រេច ថ្កោលទោស និងដាក់ ទណ្ឌកម្ម រដ្ឋាភិបាល កម្ពុជា
RFA / វិទ្យុ អាស៊ី សេរី | ១៨ វិច្ឆិកា ២០១៧
ស្ថាប័ន ព្រឹទ្ធសភា សហរដ្ឋ អាមេរិក បានអនុម័ត សេចក្តីសម្រេច ថ្កោលទោស និងដាក់ទណ្ឌកម្ម រដ្ឋាភិបាល លោក ហ៊ុន សែន ចំពោះ ការធ្វើ ទុក្ខបុកម្នេញ បក្សប្រឆាំង។ សេចក្ដីសម្រេច នេះ ធ្វើឡើង ក្នុងគោលបំណង ស្វែងរក យុត្តិធម៌, ការពារ សិទ្ធិមនុស្ស, លទ្ធិប្រជាធិបតេយ្យ, និង សេរីភាព ជូនប្រជាពលរដ្ឋ កម្ពុជា និងចាត់ទុក លោក ហ៊ុន សែន ថា ជាមេដឹកនាំ ដែលតែងតែ រិះរក វិធី ធ្វើទុក្ខបុកម្នេញ សំឡេងប្រឆាំង ឥតស្រាកស្រាន្ត។
ព្រឹទ្ធសភាពេញអង្គរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែវិច្ឆិកា បានអនុម័ត ដោយសំឡេងគាំទ្រជាឯកច្ឆន្ទ លើសេចក្ដីសម្រេច ថ្កោលទោស និងដាក់ទណ្ឌកម្មរដ្ឋាភិបាលលោក ហ៊ុន សែន ចំពោះការធ្វើទុក្ខបុកម្នេញបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។ សេចក្តីសម្រេចនេះ ផ្ដោតសំខាន់លើ ៨ ចំណុចរួមមាន៖
ទី១៖ បញ្ជាក់ឡើងវិញ នូវការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការលើកស្ទួយ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា។
ទី២៖ ថ្កោលទោស រាល់ទម្រង់នៃការរំលោភបំពានផ្នែកនយោបាយ នៅប្រទេសកម្ពុជា និងទាមទារ ឲ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្ស ដែលបន្តកើតមាននៅកម្ពុជា។
ទី៣៖ ទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងការគំរាមកំហែងមកលើគណបក្សប្រឆាំង និងស្នើឲ្យបង្កបរិយាកាសឲ្យមានលក្ខណៈអំណោយផលល្អ ដល់ការរីកលូតលាស់ នៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
ទី៤៖ ទាមទារឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិក សហការគ្នាជាមួយការិយាល័យត្រួតពិនិត្យទ្រព្យសម្បត្តិបរទេស នៃក្រសួងរតនាគារ ពិចារណាដាក់មន្ត្រីរដ្ឋាភិបាលកម្ពុជា ទាំងឡាយណា ដែលជាប់ពាក់ព័ន្ធនឹងការរំលោភបំពានខាងលើ ឲ្យចូលទៅក្នុងបញ្ជីខ្មៅ នៃជនដែលគ្រោះថ្នាក់ ត្រូវបង្កកទ្រព្យសម្បត្តិ និងហាមឃាត់មិនឲ្យចូលទឹកដីអាមេរិក។
ទី៥៖ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។
ទី៦៖ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិពលរដ្ឋរបស់ខ្លួន រួមមានសិទ្ធិក្នុងការជួបប្រជុំ សិទ្ធិធ្វើបាតុកម្មនិងតវ៉ា និងសិទ្ធិក្នុងការរិះគន់រដ្ឋាភិបាល ដោយគ្មានការរឹតត្បិត។
ទី៧៖ គាំទ្រកិច្ចខិតខំប្រឹងប្រែង កែទម្រង់ប្រព័ន្ធរៀបចំការបោះឆ្នោតនៅកម្ពុជា និងគាំទ្រឲ្យមានការបោះឆ្នោតជាតិនៅឆ្នាំ ២០១៨ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយមានអ្នកអង្កេតការណ៍បោះឆ្នោតអន្តរជាតិ ចូលរួមតាមដានដំណើរការបោះឆ្នោត។
ទី៨៖ ស្នើឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក ប្រាប់ទៅរដ្ឋាភិបាលកម្ពុជា ថា បើរដ្ឋាភិបាលនេះ មិនអើពើទៅនឹងអនុសាសន៍ របស់សហគមន៍អន្តរជាតិ និងបើនៅបន្តឲ្យបរិយាកាសនយោបាយ នៅតែមានភាពរឹតត្បិត និងមានការគំរាមកំហែង ដូចពេលបច្ចុប្បន្ននេះតទៅទៀត នោះរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងគ្មានជម្រើសអ្វី ក្រៅពីមិនទទួលស្គាល់ ការបោះឆ្នោតជាតិឆ្នាំ ២០១៨ ខាងមុខនោះទេ ព្រោះការបោះឆ្នោតក្នុងស្ថានភាពបែបនេះ នឹងគ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយក៏មិនឆ្លុះបញ្ចាំងអំពីឆន្ទៈពិតប្រាកដ របស់ពលរដ្ឋម្ចាស់ឆ្នោតនោះដែរ ដោយសារដំណើរការបោះឆ្នោត មិនបានធ្វើតាមបែបប្រជាធិបតេយ្យត្រឹមត្រូវ។
នៅក្នុងសេចក្ដីថ្លែងការណ៍ ភ្លាមៗ ក្រោយការអនុម័តសេចក្ដីសម្រេចនេះ សមាជិកព្រឹទ្ធសភាពីខាងគណបក្សសាធារណរដ្ឋ លោក ចន ម៉ាកខេន (John McCain) តាងនាមឲ្យសមាជិកព្រឹទ្ធសភាមួយរូបទៀត មកពីខាងគណបក្សប្រជាធិបតេយ្យ គឺលោក ឌីក ឌើប៊ិន (Dick Durbin) ដែលអ្នកដែលជាអ្នកផ្ដួចផ្ដើមឲ្យមានសេចក្ដីសម្រេចនេះ បានថ្លែងអំណរគុណព្រឹទ្ធសភាអាមេរិកទាំងមូល ដែលបានបោះឆ្នោត គាំទ្រសេចក្ដីសម្រេចនេះ។ លោកបញ្ជាក់ ថា អស់ជាច្រើនទសវត្សរ៍កន្លងមកនេះ សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ យកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការលើកស្ទួយគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា ប៉ុន្តែ គួរឲ្យសោកស្ដាយ ដោយស្ថានការណ៍នៅកម្ពុជា នៅតែធ្លាក់ចុះដុនដាបបែបនេះ។ សមាជិកព្រឹទ្ធសភារូបនេះ បញ្ជាក់បន្ថែម ថាលោក ហ៊ុន សែន កាន់អំណាចអស់ជាងបីទសវត្សរ៍កន្លងមកនេះ ប្រកបដោយអំពើនិទ្ទណ្ឌភាព ហើយតែងតែរិះរកគ្រប់មធ្យោបាយ ដើម្បីគាបសង្កត់ និងបង្ក្រាបសំឡេងបក្សប្រឆាំង ធ្វើទុក្ខបុកម្នេញអង្គការសង្គមស៊ីវិល បំភិតបំភ័យប្រព័ន្ធផ្សព្វផ្សាយ និងទប់ស្កាត់ឆន្ទៈពលរដ្ឋកម្ពុជា ដែលចង់បានលទ្ធិប្រជាធិបតេយ្យ។ លោកលើកឡើងបន្ថែម ថាពេលនេះ គឺសំខាន់ជាងពេលណាៗទាំងអស់ ដែលយើងត្រូវតែបន្តការប្ដេជ្ញាចិត្ត ក្នុងការលើកស្ទួយតម្លៃប្រជាធិបតេយ្យនៅកម្ពុជា ឲ្យខាងតែបាន។
សេចក្ដីសម្រេចរបស់ព្រឹទ្ធសភាអាមេរិក ដែលស្នើឲ្យដាក់ទណ្ឌកម្មរដ្ឋាភិបាលលោក ហ៊ុន សែន នេះ ធ្វើឡើងភ្លាមៗ ក្រោយពេលតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា បានសម្រេចរម្លាយគណបក្សប្រឆាំងដ៏ធំជាងគេ តែមួយគត់នៅកម្ពុជា។ នៅពេលនេះ សហគមន៍អន្តរជាតិ កំពុងចាត់វិធានការ ដាក់ទណ្ឌកម្មរដ្ឋាភិបាលលោក ហ៊ុន សែន ដោយសារការធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ទណ្ឌកម្មបន្តទៅទៀត អាចរួមបញ្ចូល ការបញ្ឈប់ការអនុគ្រោះពន្ធនាំចេញសំលៀកបំពាក់ ពីកម្ពុជាផងដែរ៕
No comments:
Post a Comment