Paris Peace Accords 23 Oct. 1991

Saturday, January 20, 2018

លោក ហ៊ុន សែន ថា. ការ​បោះឆ្នោត ​នឹង​មិន​ ពន្យារពេល​ តាម​ការ ​ចង់​បាន របស់​លោក សម រង្ស៊ី ទេ | Hun Sen says elections will not be delayed as desired by Sam Rainsy

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។

លោក ហ៊ុន សែន ថា. ការ​បោះឆ្នោត ​នឹង​មិន​ ពន្យារពេល​ តាម​ការ ​ចង់​បាន របស់​លោក សម រង្ស៊ី ទេ

RFA / វិទ្យុ អាស៊ី សេរី | ១៨ មករា ២០១៨

លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា​ថ្មី​ ថា, ការបោះឆ្នោត​ ព្រឹទ្ធសភា​ និង​បោះឆ្នោត​ សកល​ នឹង​ប្រព្រឹត្ត​ទៅ តាម​ការកំណត់ ទោះបី លោក ​សម រង្ស៊ី អតីត ​ប្រធាន​ គណបក្ស​ សង្គ្រោះជាតិ ព្រមាន​ ថា, ប្រសិន​បើ​ រដ្ឋាភិបាល​ មិន​ពន្យារពេល ​បោះឆ្នោត​ នោះ​ទេ កម្ពុជា​ អាច​ផ្ទុះ​ឡើង ​នូវ​អំពើ​ហិង្សា។ លោក ហ៊ុន សែន សរសេរ​ ក្នុង​សា​រ លើ​ទំព័រ Facebook របស់​ លោក​ផង និង​ថ្លែង​សារ ​ជា​សាធារណៈ​ផង នៅ​ថ្ងៃ​ ព្រហស្បតិ៍ ទី​១៨​មករា នេះ​ ថា, ការបោះឆ្នោត​ ជ្រើសរើស សមាជិក​ ព្រឹទ្ធសភា ថ្ងៃ២៥ កុម្ភៈ និង​ការ​ បោះឆ្នោត ​ជ្រើស​សមាជិក ​រដ្ឋសភា ថ្ងៃ​២៩ កក្កដា ២០១៨ បាន​កំណត់ ​រួចហើយ មិន​មាន​អ្វី ​ផ្លាស់ប្ដូរ​ នោះ​ទេ។


លោក ហ៊ុន សែន បញ្ជាក់​ម្ដង​ទៀត​ថា មិន​ថា​គ្មាន​បក្ស​ប្រឆាំង ឬ​រង​ការ​ថ្កោលទោស ឬ​មិន​ទទួលស្គាល់​ការបោះឆ្នោត ពី​សហគមន៍​អន្តរជាតិ យ៉ាងណា​នោះ​ទេ កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក នៅ​តែ​មាន​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​កំពុង​ដើរ​ទៅ​មុខ ហើយ​លោក​ប្ដូរ​ផ្ដាច់​បន្ត​រក្សា​ស្ថានភាព​បែបនេះ ឲ្យ​នៅ​គង់វង្ស​ត​រៀង​ទៅ៖ «បើ​ទោះ​បី​ជា​មាន​ហេតុការណ៍​អ្វី​កើតឡើង​ក៏ដោយ ការបោះឆ្នោត​នេះ ត្រូវតែ​ធ្វើ​ឱ្យ​ខាង​តែ​បាន។ ការបោះឆ្នោត​មួយ​តម្រូវ​ឱ្យ​ប្រជាជន​កម្ពុជា​ជា​អ្នកចូលរួម​បោះឆ្នោត ហើយ​មិន​មាន​តម្រូវ​ការ​ឱ្យ​ប្រធានាធិបតី​នៃ​ប្រទេស​ណាមួយ ឬ​ក៏​អគ្គលេខា​អង្គការសហប្រជាជាតិ​ឬ ក៏​ក្នុង​ក្របខ័ណ្ឌ​យន្តការ​ពហុភាគី​ទទួល​ស្គាល់​ការបោះឆ្នោត​នេះ​ទេ»

កាលពី​ថ្ងៃ​ពុធ ទី​១៧ ខែ​មករា លោក សម រង្ស៊ី តាមរយៈ​បណ្ដាញ​សង្គម​ទ្វីធឺ (tweeter) របស់​លោក បាន​ដាក់​សំណើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ពន្យារពេល​បោះឆ្នោត​ខែ​កក្កដា ខាងមុខ រហូតដល់​លោក និង​លោក ហ៊ុន សែន អាច​ធានា​បាន​ថា ការបោះឆ្នោត​នៅ​ពេល​ខាងមុខ​យ៉ាងហោចណាស់​ក៏​អាច​មាន​លក្ខណៈ​អប្បបរមា​តាម​ស្តង់ដារ​អន្តរជាតិ​ដែរ ដើម្បី​ជៀសវាង​អំពើ​ហិង្សា និង​ការ​មិន​ទទួលស្គាល់​កម្ពុជា ពី​សំណាក់​សហគមន៍​អន្តរជាតិ។ លោក សម រង្ស៊ី មិន​បាន​បញ្ជាក់​លំអិត​ពី​ការ​ផ្ទុះ​ឡើង​នៃ​អំពើ​ហិង្សា​នោះ​ទេ។ សំណើ​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ ធ្វើឡើង​ក្រោយ​ប៉ុន្មាន​ថ្ងៃ​តែប៉ុណ្ណោះ បន្ទាប់ពី​លោក និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ជាច្រើន​នាក់​ទៀត បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ដើម្បី​ទាមទារ​ការ​ដោះលែង​លោក កឹម សុខា អ្នកទោស​មនសិការ និង​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។

ទោះបី​សហគមន៍​អន្តរជាតិ រួមមាន អាមេរិក និង​សហគមន៍​អឺរ៉ុប បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​ផ្អាក​ជំនួយការ​បោះឆ្នោត​ក្តី ពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​ហ៊ាន​ងើបឡើង​ប្រឆាំង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅឡើយ​ទេ។

មន្ត្រី​នាពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ត្រូវ​បាន​ទីភ្នាក់ងារ រ៉យទ័រ (Reuters) ដកស្រង់​សម្ដី​ថា លោក សម រង្ស៊ី កំពុង​បង្កើត​បរិយាកាស​ភ័យខ្លាច។ លោក​បញ្ជាក់​ថា កម្ពុជា​មិន​ចាំបាច់​ពន្យារពេល​នៃ​ការបោះឆ្នោត​នោះ​ទេ។

សហរដ្ឋអាមេរិក បាន​គំរាម​ហើយ​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា មិន​ស្តារ​ស្ថានភាព​បច្ចុប្បន្ន​ឲ្យ​វិល​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​នោះ​ទេ សហរដ្ឋអាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​ទៅលើ​មន្ត្រី​កម្ពុជា ណា​ដែល​បាន​ចូលរួម​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​បន្ថែម​ទៀត៕

No comments:

Post a Comment