Paris Peace Accords 23 Oct. 1991

Tuesday, January 23, 2018

[Vietnamization: Military, Logging, Ratanakiri, Border] បទ​ល្មើស ​ព្រៃ​ឈើ​ នៅ​ស្រុក​ លំផាត់ ​ខែត្រ ​រតនគិរី​ ត្រូវ​ ឈ្មួញ​ សម្រុក​កាប់ ​ពេញទំហឹង | Felling of illegal timber by merchants in Lumphat, Ratanakiri at a frenzied rate

សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA

បទ​ល្មើស ​ព្រៃ​ឈើ​ នៅ​ស្រុក​ លំផាត់ ​ខែត្រ ​រតនគិរី​ ត្រូវ​ ឈ្មួញ​ សម្រុក​កាប់ ​ពេញទំហឹង

RFA / វិទ្យុ អាស៊ី សេរី |២២ មករា ២០១៨


ឈើ​មូល​ ធំៗ--​រួមមាន សុក្រំ, ឈ្លីក, និង​កកោះ​ ជាដើម--ឋិត​ក្នុង​ តំបន់​ភ្នំ​អាត នៃ​ដែន​ជម្រក​ សត្វព្រៃ​លំផាត់ ក្នុង​ឃុំ​សេដា ស្រុក​លំផាត់ ខែត្រ​រតនគិរី កំពុង ​ទទួលរង​ការ​ កាប់​យក​ឈើ​ មានតម្លៃ​ លក់​ខុសច្បាប់​ ខ្លាំង​ឡើង ដោយ​ពុំ​មាន ​ការទប់ស្កាត់​ឡើយ ខណៈ​សហគមន៍​ បាន​ដាក់​ពាក្យ​ ប្ដឹង​អាជ្ញាធរ, មន្ត្រី​បរិស្ថាន, និង​អភិបាលស្រុក ​ពី​បទ​អនុគ្រោះ ​ឲ្យ​កើតមាន​ បទល្មើស​ព្រៃឈើ។

សហគមន៍​រក​ឃើញ​ថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច និង​មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថាន​នៅ​តែ​ទទួល​ប្រយោជន៍ ពី​បទ​ល្មើស​ព្រៃឈើ ទើប​សកម្មភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ ពុំ​មាន​ប្រសិទ្ធភាព។

សហគមន៍​ការពារ​ព្រៃឈើ​ភូមិ​សមុទ្រ​ក្រោម ឃុំ​សេដា ស្រុក​លំផាត់ ព្រួយបារម្ភ​ខ្លាំង​ពី​វាសនា​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ នឹង​រលាយ​ទាំងស្រុង​នៅ​ពេល​ខ្លី​ខាងមុខ ប្រសិនបើ​មន្ត្រី​បរិស្ថាន និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដែល​ជា​សេនាធិការ របស់​រដ្ឋាភិបាល​នៅតែ​ទទួល​សំណូក​ពី​បទ​ល្មើស​ព្រៃឈើ ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​បទល្មើស​កើត​មាន ដោយ​ពុំ​មាន​ការ​ទទួលខុសត្រូវ។

សហគមន៍​ការពារ​ព្រៃឈើ​ភូមិ​សមុទ្រ​ក្រោម លោក ខាំ មីន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២២ មករា​ថា តាំង​ពី​ចុង​ឆ្នាំ ២០១៧ មក​ទល់​ពេល​នេះ កម្មករ​រាប់​រយ​នាក់ ប្រដាប់​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​រាប់ពាន់​គ្រឿង អារ​ឈើ​ទ្រហឹង​ពេញ​ព្រៃ រួច​ដឹក​តាម​គោយន្ត និង​រថយន្ត​លក់​ឲ្យ​ឈ្មួញ​ដែល​ចាំ​ទទួល​ទិញ​នៅ​មូលដ្ឋាន។ រី​ឯង​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល​អង្គុយ​ចាំ​សំកុក​ទទួល​លុយ ពី​ឈ្មួញ​ដឹក​ឈើ​ខុសច្បាប់​នៅ​តំបន់​នោះ។ លោក​ថា នៅ​ក្បែរ​ដែន​ជម្រក​សត្វព្រៃ​លំផាត់​មាន​ដេប៉ូ​ទិញ​ឈើ ៤​ទីតាំង ចាំ​ទទួល​ទិញ​ឈើ​ពី​ឈ្មួញ​ដឹក​ចេញពី​ព្រៃ​អភិរក្ស៖ «រាប់រយ​នាក់​ចូល​ទៅ​អារ​ព្រៃឈើ​សហគមន៍ និង​ព្រៃ​ដែន​ជម្រក។ រឿង​អី​គាត់​មិន​ដឹង​បើ​គេ​កាប់​យ៉ាង​អនាធិបតេយ្យ បើ​មេភូមិ​ឃើញ​គេ​ដឹក​ក្នុង​ភូមិ ហើយ​មេ​ប៉ុស្តិ៍​ឃើញ​គេ​ដឹក​ឈើ​មុខ​គាត់»។

សហគមន៍​ការពារ​ព្រៃឈើ​ឃុំ​សេដា ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា អ្នកភូមិ​ប្រទះឃើញ​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ សម្ដែង​អារម្មណ៍​ភ្ញាក់ផ្អើល នៅ​គ្រា​កម្មករ​រាប់​រយ​នាក់ អារ​

រំលំ​ឈើ​ធំៗ គគ្រឹកគគ្រេង​ដោយ​ពុំ​មាន​មន្ត្រី​ឧទ្យានុរក្ស​ណា​ហាមឃាត់។ លោក​បារម្ភ​ថា ទំហំ​ព្រៃឈើ​រាប់​ម៉ឺន​ហិកតារ ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ដែល​ជនជាតិ​ដើម​ភាគតិច​រស់នៅ​តំបន់​ក្បែរ​នោះ​ប្រើប្រាស់ និង​ថែរក្សា​លក្ខណៈ​ប្រពៃណី នឹង​បាត់បង់​ទាំងស្រុង ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ៖ «គេ​ដឹក​រាល់ថ្ងៃ គេ​កាប់​ដឹកៗ អស់ហើយ​គម្រប​ព្រៃ​យើង​តំបន់​ជម្រក​សត្វព្រៃ​គ្មាន​សល់​ទេ​។ អស់ហើយ​សុក្រំ ឈ្លីក និង​កកោះ។ ឃើញ​គេ​ចុះ​មក​គឺ​គេ​ចុះ​យក​លុយ»។

តំណាង​សហគមន៍​ឃុំ​សេ​ដា បាន​ដាក់​ពាក្យ​ប្ដឹង​ករណី​នេះ ទៅ​ស្ថាប័ន​អយ្យការ​សាលាដំបូង​ខែត្រ​រតនគិរី ចោទ​មេឃុំ អភិបាលស្រុក​លំផាត់ និង​មន្ត្រី​ជំនាញ ៧​នាក់​ពី​បទ​អនុគ្រោះ​ឲ្យ​

កើតមាន​បទល្មើស​ព្រៃឈើ​នៅ​ដែន​ជម្រក​សត្វព្រៃ​នៅ​តំបន់​ភ្នំ​អាត។ រហូត​មក​ទល់​ពេលនេះ​សំណុំ​រឿង​នេះ​ឋិត​ក្នុង​ការ​ស៊ើបអង្កេត​របស់​តំណាង​អយ្យការ​នៅឡើយ។

យ៉ាងណា​សហគមន៍​សង្ឃឹម​តិច​ណាស់​ថា តុលាការ​នឹង​ស្វែងរក​យុត្តិធម៌​រឿង​នេះ បើ​ទោះ​បី​ជា​សហគមន៍​មាន​ភស្តុតាង​ជាក់លាក់​ដែល​បញ្ជាក់​​​​​​​​ថា អាជ្ញាធរ និង​មន្ត្រី​មួយ​ចំនួន​ទទួល​

សំណូក​ពី​បទ​ល្មើស​ព្រៃឈើ និង​ឃុបឃិត​គ្នា​កាប់​ព្រៃ​ក៏ដោយ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​មេឃុំ​សេដា លោក អង់ ប៊ុនធៀង ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ ក៏ប៉ុន្តែ​ទូរស័ព្ទ​លោក​មិន​អាច​ទាក់ទង​បាន។

ក៏ប៉ុន្តែ​កាល​ពី​ពេល​កន្លងទៅ​លោក​ធ្លាប់​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​ស៊ី​ឈ្នួល​កាប់​ឈើ​ឲ្យ​ឈ្មួញ ឋិត​ក្នុង​តំបន់​ព្រៃ​អភិរក្ស។ រីឯ​ឈ្មួញ​ក៏​បញ្ឈប់​ទិញ​ដី​នៅ​តំបន់​នោះ​ដែរ ដោយសារ​ដី​នោះ​ឋិត​ក្នុង​តំបន់​ព្រៃ​ការពារ និង​ព្រៃ​សហគមន៍​ដែល​បាន​ចុះ​បញ្ជីរ​ទទួលស្គាល់​ជា​ផ្លូវការ។

អ្នកឃ្លាំមើល​បញ្ហា​ព្រៃឈើ​នៃ​សមាគម​អាដហុក (Adhoc) ខែត្រ​រតនគិរី លោក ឌិន ខន្នី ដែល​ចុះ​អង្កេត​រឿង​នេះ ឲ្យ​ដឹង​ថា រូបភាព​បទល្មើស​ព្រៃឈើ​កើតឡើង​ខ្លាំង អំឡុង​ពេល​សហគមន៍​បាន​ដាក់​ពាក្យ​បណ្ដឹង​មេឃុំ អភិបាលស្រុក និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ គឺជា​សញ្ញា​បង្ហាញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​មាន​ចេតនា​មិន​អើពើ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ។

លោក​ចាត់​ទុក វិនាសកម្ម​ព្រៃឈើ​នៅ​តំបន់​នោះ​ថា ជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ដែល​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ដែន​ជម្រក​សត្វ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់៖ «ក្រសួង​បរិស្ថាន​ដែល​ចាត់​ទុក​ឲ្យ​គាត់​ការពារ បើ​គាត់​ការពារ​មិនបាន ជា​កម្សោយ​របស់​គាត់។ គួរតែ​ស៊ើបអង្កេត​ពី​មន្ត្រី​ទាំងអស់​ហ្នឹង និង​អាជ្ញាធរ​មូលដ្ឋាន​ដែរ តើ​ហេតុ​អី​បាន​បទល្មើស​នៅតែ​កើតឡើង»។

សហគមន៍​ការពារ​ព្រៃឈើ​ភូមិ​សមុទ្រក្រោម សំណូមពរ​ទទូច ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​បន្ទាន់ ដើម្បី​សង្គ្រោះ​ធនធានធម្មជាតិ​ដែល​នៅ​សេសសល់​ចុងក្រោយ ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ និង​ដាក់​ទោស​ទណ្ឌ​ដល់​មន្ត្រី​ពាក់ព័ន្ធ ឈ្មួញ និង​អាជ្ញាធរ​ណា​ដែល​ទទួល​ប្រយោជន៍​ពី​បទ​ល្មើស​ព្រៃឈើ និង​ធ្វើ​មិន​ដឹង​មិន​ឮ​រឿង​បទល្មើស​ព្រៃឈើ៕



No comments:

Post a Comment