Paris Peace Accords 23 Oct. 1991

Monday, April 2, 2018

អ្នកវិភាគ​ ថា ជំហរ​គាំទ្រ​ របស់​ចិន ​គឺ​ ជា​ឧបសគ្គ​ នៃ​ការ​វិល​រក​ តុ​ចរចា ​របស់ ​អ្នកនយោបាយ​ខ្មែរ | Analyst says Chinese support is an obstacle to politicians returning to negotiating table

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី (Wang Yi) (ឆ្វេង) ក្នុង​ជំនួប​នា​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃទី៣០ ខែ​មីនា ឆ្នាំ​២០១៨។
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី (Wang Yi) (ឆ្វេង) ក្នុង​ជំនួប​នា​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃទី៣០ ខែ​មីនា ឆ្នាំ​២០១៨។

អ្នកវិភាគ​ ថា ជំហរ​គាំទ្រ​ របស់​ចិន ​គឺ​ ជា​ឧបសគ្គ​ នៃ​ការ​វិល​រក​ តុ​ចរចា ​របស់ ​អ្នកនយោបាយ​ខ្មែរ

វិទ្យុអាស៊ីសេរី / RFA | ១​ មេសា ២០១៨





ស្រប​ពេល​ដែល​ស្ថានការណ៍​នយោបាយ​កម្ពុជា​កំពុង​តានតឹង​ខ្លាំង ដោយ​អ្នកនយោបាយ​មិនទាន់​អាច​រក​ច្រកចេញ​បាន​ផង​នោះ ប្រទេស​ចិន​បាន​ប្រកាស​គាំទ្រ​ជាថ្មី​ម្តង​ទៀត​ថា ខ្លួន​នឹង​នៅតែ​គាំទ្រ​របប​ក្រុងភ្នំពេញ និង​គាំទ្រ​លទ្ធផល​បោះឆ្នោត​នៅ​ពេល​ខាងមុខ។ អ្នកវិភាគ​នយោបាយ​យល់​ឃើញ​ថា ការប្រកាស​របស់​ចិន​នេះ នឹង​ធ្វើ​ឱ្យ​របប​ក្រុងភ្នំពេញ​មិន​ខ្លាច​នឹង​ប្រព្រឹត្ត​អំពី​សម្លាប់​លទិ្ធ​ប្រជាធិបតេយ្យ​កម្ពុជា​បន្ត​ទៀត​ឡើយ។

ប្រទេស​ចិន​បាន​បញ្ជាក់​ជំហរ​គាំទ្រ​ជាថ្មី​ម្តង​ទៀត​ដល់​របប​ក្រុងភ្នំពេញ ដែល​បាន​ចាប់ខ្លួន​លោក កឹម សុខា និង​សកម្មជន​បក្ស​ប្រឆាំង​ជាច្រើន​នាក់​ដាក់​ពន្ធនាគារ រំលាយ​បក្ស​សង្គ្រោះជាតិ ធ្វើទុក្ខបុកម្នេញ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល។ ការប្រកាស​ជំហរ​របស់​ចិន​នេះ ធ្វើឡើង​ក្នុង​ជំនួប​មួយ​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី (Wang Yi) កាលពី​រាត្រី​ថ្ងៃទី៣០ មីនា ក្នុង​ឱកាស​ដែល​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង ៦ នៃ​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា លោក វ៉ាង យី បាន​ប្រាប់​លោក​ថា ចិន​បាន​តាមដាន និង​គាំទ្រ​វិធានការ​ទាំងឡាយ​ដែល​របប​ក្រុងភ្នំពេញ​បាន​ធ្វើ​កន្លងមក ដើម្បី​ការពារ និង​ថែរក្សា​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ក្នុង​ប្រទេស ពិសេស​ការពារ​កិត្តិយស​ជាតិ​របស់​កម្ពុជា។ ប្រមុខ​ការទូត​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​អះអាង​ថា ចិន​គាំទ្រ​ឱ្យ​លោក ហ៊ុន សែន ជាប់ឆ្នោត​ដឹកនាំ​កម្ពុជា​បន្ត​ទៅ​មុខ​ទៀត។
អ្នកវិភាគ​យល់​ឃើញ​ថា ជំហរ​គាំទ្រ​របស់​ចិន​ចំពោះ​របប​ក្រុងភ្នំពេញ​នៅ​ពេល​នេះ គឺជា​ឧបសគ្គ​ដែល​ធ្វើ​ឱ្យ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហគមន៍​អន្តរជាតិ ជាពិសេស ប្រទេស​ជប៉ុន ដើម្បី​ឱ្យ​អ្នក​នយោបាយ​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​វិល​មក​រក​តុ​ចរចា​គ្នា​នោះ មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ។
ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យក្មេង លោក ហង្ស វិទូ ថ្លែង​ថា ចិន​គឺជា​ប្រទេស​កុម្មុយនិស្ត ដូច្នេះ​ចិន​មិនដែល​ខ្វល់​ពី​រឿង​សិទ្ធិមនុស្ស ឬ​ប្រជាធិបតេយ្យ​អ្វី​នោះ​ទេ ឱ្យ​តែ​ប្រទេស​ណា​ដែល​ផ្ដល់​ផលប្រយោជន៍​ដល់​ខ្លួន គឺ​ចិន​រាប់រក​ទាំងអស់។ លោក​បន្ត​ថា ការ​គាំទ្រ​របស់​ចិន​ចំពោះ​របប​ក្រុង​ភ្នំពេញ​នេះ នឹង​មិន​អាច​នាំ​ទៅ​រក​ការ​ចរចា និង​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​ឡើយ ផ្ទុយទៅវិញ មានតែ​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​បែកបាក់​ជាតិ​ធ្ងន់ធ្ងរ​ថែមទៀត។ «»
អ្នកវិភាគ​នយោបាយ​រូប​នេះ ថ្លែង​ថា របប​ក្រុងភ្នំពេញ​គួរតែ​ពិចារណា​ទៅលើ​សំណើ​របស់​ប្រទេស​ជប៉ុន ដែល​អំពាវនាវ​ឱ្យ​អ្នកនយោបាយ​ខ្មែរ​វិល​មក​រក​តុ​ចរចា​សាជាថ្មី ដើម្បី​រក​ដំណោះស្រាយ​សមស្រប​ជុំវិញ​រឿង​វិបត្តិ​នយោបាយ ដែល​អូស​បន្លាយ​អស់​រយៈពេល​ជាច្រើន​ខែ​ឆ្នាំ​មក​ហើយ​នោះ ឱ្យ​មាន​ស្ថានភាព​ល្អ​ប្រសើរ​ឡើងវិញ។ លោក​បន្ត​ថា វា​មិន​មែន​ជា​រឿង​គួរ​ឱ្យ​សប្បាយចិត្ត​នោះ​ទេ ដែល​ប្រទេស​ចិន​ប្រកាស​ពី​ជំហរ​គាំទ្រ​ដល់​របប​ក្រុងភ្នំពេញ​ដែល​កំពុង​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ។ «»
កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទើបតែ​បដិសេធ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​នានា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ​នៅមុន​ការ​បោះឆ្នោត​ជាតិ នា​ខែ​កក្កដា​ខាងមុខ។ លោក​ថែមទាំង​បាន​ច្រានចោល​កង្វល់​របស់​ប្រទេស​ជប៉ុន ដែល​ចង់​ឃើញ​អ្នកនយោបាយ​ខ្មែរ​ត្រូវរ៉ូវ​គ្នា​ឡើងវិញ​ផង​ដែរ។ «»
មេដឹកនាំ​នៃ​របប​ក្រុងភ្នំពេញ​រូប​នេះ ធ្លាប់​បាន​ប្រកាស​ថា ចិន​គឺជា​ខ្នងបង្អែក​ដ៏​រឹងមាំ​របស់​កម្ពុជា ហើយ​កំពូល​មហាអំណាច​អាស៊ី​មួយ​នេះ​នឹង​បន្ត​ជួយ​កម្ពុជា​គ្រប់​កាលៈទេសៈ ក៏ប៉ុន្តែ​អ្នកវិភាគ និង​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​កម្ពុជា យល់ឃើញ​ស្របគ្នា​ថា ការ​លម្អៀង​ខ្លាំង​ទៅ​រក​ចិន​នេះ​មិនមែន​ជា​គោលនយោបាយ​ការបរទេស​ឆ្លាត​វៃ​នោះ​ទេ ហើយ​បន្តិច​ម្តងៗ របប​ក្រុងភ្នំពេញ​កំពុង​ធ្វើ​ឱ្យ​ខ្លួនឯង នៅ​ឯកោ​ពី​សហគមន៍​អន្តរជាតិ ដែល​ជួយ​ឈឺឆ្អាល​រឿង​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕



No comments:

Post a Comment