Paris Peace Accords 23 Oct. 1991

Tuesday, May 29, 2018

ពលរដ្ឋ​ ស្នើ​ ព្រះមហាក្សត្រ​ កុំ​ អំពាវនាវ​ ឱ្យ​ពលរដ្ឋ​ ទៅ​បោះ ​បើ ​គ្មាន​ បក្ស​ប្រឆាំង ​ចូលរួម | People request King not to urge people to go vote if no participation of opposition

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ 
ពលរដ្ឋ​ ស្នើ​ ព្រះមហាក្សត្រ​ កុំ​ អំពាវនាវ​ ឱ្យ​ពលរដ្ឋ​ ទៅ​បោះ ​បើ ​គ្មាន​ បក្ស​ប្រឆាំង ​ចូលរួម
RFA / វិទ្យុ អាស៊ី សេរី | ២៨ ឧសភា ២០១៨

ពលរដ្ឋ​ ម្ចាស់​ឆ្នោត​ ទូល​ថ្វាយ ​ទៅ​ព្រះមហាក្សត្រ ​កុំ​ ចេញ​រាជសារ​ តាម​ការ​ ចង់​បាន​ របស់ ​គណបក្ស​ កាន់អំណាច ដែល​អំពាវនាវ ​ឱ្យ​ពលរដ្ឋ​ បោះឆ្នោត​ ថ្ងៃ​ទី​២៩ ខែ​កក្កដា ខាងមុខ។  សង្គម​ស៊ីវិល ​ធ្វើការ​ ទាក់ទង​ ការ​បោះឆ្នោត ​យល់​ថា សំណើ​ របស់ ​ពលរដ្ឋ​ គឺ ជា​ការសំដែង​មតិ។

ពលរដ្ឋ​ម្ចាស់​ឆ្នោត​យល់ថា ព្រះមហាក្សត្រ​គួរ​ស្ថិត​ជា​ម្លប់​ដល់​ពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ ដូច្នេះ ព្រះអង្គ​មិន​គួរ​ចេញ​ព្រះរាជសារ​ណាមួយ​ដែល​លំអៀង​ទៅ​គណបក្ស​នយោបាយ​ណាមួយ​នោះ​ឡើយ។ ពលរដ្ឋ​យល់​ថា ការ​បោះឆ្នោត​ថ្ងៃ​ទី​២៩ ខែ​កក្កដា ខាងមុខនេះ ដែល​គ្មាន​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​គឺជា​ការបោះឆ្នោត​ក្លែងក្លាយ ហើយ​ការ​បោះ​ឆ្នោត​នោះ​នឹង​ធ្វើ​ឱ្យ​ពួកគេ​រងគ្រោះ​បន្ត​ទៀត ដោយសារ​ការ​ធ្វើទុក្ខបុកម្នេញ​ពី​របប​គ្រប់គ្រង​របស់​លោក ហ៊ុន សែន។
ពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​បារម្ភ​ពី​សុវត្ថិភាព​ឱ្យ​ដឹង​ថា ព្រះមហាក្សត្រ​គួរ​ប្រើ​សិទ្ធ​អំណាច​របស់​ទ្រង់​ពន្យារ​ពេល​នៃ​ការបោះឆ្នោត។ លោក​ថា ក្នុង​នាម​លោក​ជា​ពលរដ្ឋ​មិន​ទៅ​បោះឆ្នោត​នោះ​ទេ បើ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម។ «»
ពលរដ្ឋ​ម្នាក់ទៀត​ឈ្មោះ សុក និយាយ​ថា ក្នុង​នាម​ជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ម្នាក់ ចង់​ឃើញ​ព្រះអង្គ​សម្របសម្រួល​ឱ្យ​តំណាង​របស់​លោក​ដែល​ជា​គណបក្ស​សង្គ្រោះជាតិ​រស់​ឡើងវិញ ព្រោះ​រូបលោក​និង​ពលរដ្ឋ​ជាង​៣​លាន​នាក់​ទៀត ត្រូវ​គណបក្ស​កាន់អំណាច​រំលាយ​ចោល​បាត់​ទៅ​ហើយ។ ពលរដ្ឋ​រូប​នេះ ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ សុំ​កុំ​ឱ្យ​ទ្រង់​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត បើ​គ្មាន​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​ទេ​នោះ។ «»
ចំណែក​ពលរដ្ឋ​មួយ​រូប​ទៀត លោក កាន់ ដេត យល់​ថា ព្រះរាជតួនាទី​របស់​ព្រះមហាក្សត្រ​គឺ​កោះហៅ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ ចូល​ព្រះរាជវាំង​ដើម្បី​ចរចា​បញ្ចប់​ជម្លោះ​នយោបាយ។ «»
ពលរដ្ឋ​នៅតែ​មាន​ជំនឿ​ថា ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់​មិន​ភ្លេច​នូវ​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​ជាង ៣​លាន​នាក់ ដែល​គណបក្ស​កាន់​អំណាច​បាន​រំលាយ​ចោល​នោះ​ទេ។ ប្រជាពលរដ្ឋ ចង់​ឃើញ​ព្រះអង្គ​យាង​ដោះស្រាយ​បញ្ហា​នយោបាយ​ខណៈ ដែល​ប្រទេស​កម្ពុជា កំពុង​ធ្លាក់​ផុង​ជ្រៅ​ក្នុង​ជម្លោះ​នយោបាយ ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​ការ​ដាក់​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ។
រដ្ឋធម្មនុញ្ញ​កម្ពុជា​ចែងថា ព្រះមហាក្សត្រ​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្ត​ភាព​ជាតិ។ ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ អធិបតេយ្យ បូរណភាព​ទឹកដី និង​ជា​អ្នកធានា​ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​ការ​គោរព​សិទ្ធិ​សញ្ញា​អន្តរជាតិ។ លើស​ពី​នេះ ព្រះមហាក្សត្រ​មាន​តួនាទី​ខ្ពង់ខ្ពស់​ជា​អាជ្ញាកណ្ដាល ដើម្បី​ធានា​ការ​ប្រព្រឹត្ត​ទៅ​នៃ​អំណាច​សាធារណៈ​ឱ្យ​មាន​ភាព​ទៀងទាត់។
កាល​ពី​មុន​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧​កន្លងទៅ ព្រះអង្គ​បាន​ចេញ​ព្រះរាជសារ​ដ៏​កម្រ​មួយ​ស្នើ​ពលរដ្ឋ​កុំ​ឱ្យ​ចាញ់​សម្លុត​ជន​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណាមួយ​ទាក់ទង​នឹង​ការបោះឆ្នោត​រើស​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​ឆ្នាំ​២០១៧។ ព្រះរាជសារ​របស់​ព្រះអង្គ​នៅ​ពេល​នោះ​គឺ​ជា​ការ​បោះឆ្នោត​ដែល​គណបក្ស​ប្រឆាំង​ចូលរួម​ប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់អំណាច។
ប៉ុន្តែ ការ​បោះឆ្នោតជាតិ​ឆ្នាំ​២០១៨​នេះ មិន​ឃើញ​ព្រះអង្គ​ចេញ​ព្រះរាជសារ​ណា​ទាក់ទង​និង​ការ​បោះឆ្នោត​នៅ​ឡើយ​ទេ។
កាល​ពី​ពេល​ថ្មីៗ​នេះ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​ជា​ប្រធាន​ចលនា​សង្គ្រោះជាតិ សរសេរ​លិខិត​មួយ​ច្បាប់​ថ្វាយ​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពី​ថ្ងៃទី​២៤ ខែ​ឧសភា ស្នើ​ទៅ​ព្រះអង្គ​កុំ​ធ្វើតាម​អ្វី​ដែល​របប​លោក ហ៊ុន សែន កំពុងតែ​ស្នើ​ព្រះអង្គ​ឱ្យ​ធ្វើ​អន្តរាគមន៍​ដើម្បី​ជំរុញ​ប្រជាពលរដ្ឋ​ឱ្យ​ទៅ​បោះឆ្នោត​ថ្ងៃ​២៩ កក្កដា ខាងមុខ។ ខ្លឹមសារ​នៅ​ក្នុង​លិខិត​នោះ​គឺ​លោក សម រង្ស៊ី បាន​លើកឡើង​ថា ការបោះឆ្នោត​ដែល​គ្មាន​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​គឺជា​ការបោះឆ្នោត​ក្លែងក្លាយ។ ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​និយាយ​ចំអក​ថា នេះ​ជា​នយោបាយ​ទាល់ច្រក​របស់​លោក សម រង្ស៊ី បាន​ជា​រត់​ទៅ​ពឹង​ព្រះមហាក្សត្រ។
លោក សុខ ឥសាន អ្នកនាំពាក្យ​បក្ស​កាន់អំណាច​បាន​ចោទ​ប្រកាន់​ថា លោក សម រង្ស៊ី តែងតែ​ប្រមាថ ព្រះមហាក្សត្រ​តាំងពី​រជ្ជកាល​ព្រះបាទ​សម្ដេច ​ព្រះនរោត្តម សីហនុ។
ចំណែក ប្រធាន​ក្រុម​អ្នកវិភាគ​នយោបាយ​វ័យក្មេង លោក ហង្ស វិទូ យល់ថា សំណើ​របស់​លោក សម រង្ស៊ី បែបនេះ គឺជា​រឿង​ត្រឹមត្រូវ។
អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ធ្លាប់​បាន​លើកឡើង​ថា កង្វល់​របស់​ពលរដ្ឋ​នៅ​ពេល​នេះ បញ្ជាក់​ថា ពលរដ្ឋ​ចាប់ផ្ដើម​យល់ដឹង​ពី​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ ព្រោះ​ព្រះរាជ​តួនាទី​របស់​ទ្រង់​គឺជា​ការធានា​នូវ​យុត្តិធម៌​សង្គម រក្សា​ស្ថិរភាព​សង្គម ដែល​ជា​និមិត្តរូប​នៃ​សន្តិភាព។ «»
មន្ត្រី​ជាន់ខ្ពស់​នៃ​ការ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស ដែល​ធ្វើ​ការងារ​ទាក់ទង​ការ​បោះឆ្នោត​យល់​ថា សំណើ​របស់​ពលរដ្ឋ​ដែល​ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​នៅ​ពេល​នេះ គឺជា​ការសំដែង​មតិ​ដូច្នេះ​មិន​ខុស​ទៅ​នឹង​ច្បាប់​នោះ​ទេ។ លោក​បន្ត​ថា ព្រះមហាក្សត្រ​មាន​ព្រះរាជសិទ្ធិ ក្នុង​ការ​សម្រេច​ព្រះទ័យ​ក្នុង​ការ​ឆ្លើយតប ឬ​មិន​ឆ្លើយ។ «»
ទោះជា​យ៉ាងណា លោក សម រង្ស៊ី ក៏​បាន​ស្នើ​ព្រះមហាក្សត្រ យក​តម្រាប់​តាម​អតីត​ព្រះមហាក្សត្រ​សម្ដេច ព្រះនរោត្តម សីហនុ។ ឧទាហរណ៍​កាល​ឆ្នាំ១៩៩៨ និង ឆ្នាំ​២០០៣ ព្រះអង្គ​បាន​បដិសេធ​មិន​យាង​ទៅ​បើក​សម្ពោធ​រដ្ឋសភា​ថ្មី​ណាមួយ ដែល​មិន​មាន​វត្តមាន​អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​មកពី​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ ជាពិសេស​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស សម រង្ស៊ី។

រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែល​ជា​ច្បាប់​កំពូល​នៃ​ប្រទេស មាត្រា​៨ ចែងថា ព្រះមហាក្សត្រ​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ។ ទ្រង់​ជា​អ្នកធានា​ការ​គោរព​សិទ្ធិ និង​សេរីភាព​របស់​ពលរដ្ឋ៕




1 comment:

  1. Anonymous8:04 AM

    I urge the people to go out and vote for the opposition party, LDP.

    ReplyDelete