Paris Peace Accords 23 Oct. 1991

Tuesday, May 1, 2018

លោក សម រង្ស៊ី សង្ឃឹម​ ថា​ តុលាការ​ អាមេរិក​ នឹង​បង្គាប់​ ឲ្យ​ហ្វេសប៊ុក​ បង្ហាញ​ ឯកសារ​ តាម​បណ្ដឹង | Sam Rainsy expects US court to order Facebook to release documents

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។

លោក សម រង្ស៊ី សង្ឃឹម​ ថា​ តុលាការ​ អាមេរិក​ នឹង​បង្គាប់​ ឲ្យ​ហ្វេសប៊ុក​ បង្ហាញ​ ឯកសារ​ តាម​បណ្ដឹង

RFA / វិទ្យុ អាស៊ី សេរី | ៣០ មេសា ២០១៨


លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ បាន​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ កាលពី​ថ្ងៃទី៣០ ខែ មេសា​ថា លោក​មាន​ក្តី​សង្ឃឹម​មុតមាំ​ថា ចៅក្រម​នៃ​តុលាការ​អាមេរិក នឹង​ចេញ​សេចក្ដី​សម្រេច​បង្គាប់ ឲ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) បញ្ចេញ​ព័ត៌មាន​លំអិត ពាក់ព័ន្ធ​នឹង​លោក ហ៊ុន សែន និង​គូកន ដែល​លោក​បាន​ចោទ​ថា បាន​ប្រើ​ទំព័រ​ហ្វេសប៊ុក ក្នុង​ការ​បោក​បន្លំ​រាស្ត្រ​ម្ចាស់​ឆ្នោត ដោយ​ការទិញ “Likes” និង ការរំលោភ​សិទ្ធិមនុស្ស​ផ្សេងៗ​ទៀត៖ «រឿង​នេះ​រឿង​ពិត​ទាំងអស់ ដែល​លោក ហ៊ុន សែន មិន​អាច​ប្រកែក​បាន ហើយ​ក្រុម​របស់​គាត់ មិន​អាច​បដិសេធ​បាន​។ ដូច្នេះ​អ្វី​ដែល​ជា​ការ​ពិត ខ្ញុំ​ជឿ​ថា គេ​ឲ្យ​តម្លៃ គេ​ទទួលយក​ពាក្យ​បណ្ដឹង​របស់ខ្ញុំ​ទៅ​ក្រុមហ៊ុន​ហ្វេសប៊ុក​តាមរយៈ​តុលាការ។ ខ្ញុំ​បាន​ប្រគល់​កិច្ចការ​ទាំងនោះ​ឲ្យ​មេធាវី​ខ្ញុំ​ហើយ មេធាវី​ជា​អ្នកចាត់ចែង​ទាំងអស់ ទាំង​នៅ​តុលាការ​ផង ទាំង​ឆ្លើយតប​សំណួរ​ពី​គ្រប់​មជ្ឈដ្ឋាន។ ហើយ​មេធាវី​នឹង​ធ្វើ​របាយការណ៍​ប្រាប់​ខ្ញុំ។»
ចៅក្រម​តុលាការ​ក្រុង​សាន់ហ្វ្រាន់ស៊​ស្កូ (San Francisco) រដ្ឋ​កាលីហ្វ័រញ៉ា (California) នៅ​សហរដ្ឋអាមេរិក លោក សាលី គឹម (Sallie Kim) កាលពី​ថ្ងៃ​ច័ន្ទ​ទី​៣០ ខែ​មេសា បាន​បើកសវនាការ ក្នុង​សំណុំរឿង​របស់​មេធាវី​លោក សម រង្ស៊ី ដែល​ដាក់ពាក្យ​ប្ដឹង​ទៅកាន់​ក្រុមហ៊ុន​ហ្វេសប៊ុក ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​យក្ស ផ្នែក​បណ្ដាញ​សង្គម​មួយ​នេះ បង្ហាញ​ភស្តុតាង​ផ្សេងៗ នៃ​ការប្រើប្រាស់​គណនី​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន និង​គូកន​របស់​លោក ដើម្បី​ជួយ​លោក សម រង្ស៊ី ក្នុង​រឿងក្ដី​ខ្លះ ដែល​លោក ហ៊ុន សែន ប្ដឹង​លោក សម រង្ស៊ី នៅ​ប្រទេស​កម្ពុជា និង​ការបំពាន​គោលការណ៍​ប្រើប្រាស់​ហ្វេសប៊ុក និង​ចំនួន​ទឹកប្រាក់​ដែល​ពួកគាត់ ចំណាយ​ទៅលើ​ហ្វេសប៊ុក​នេះ។

រហូត​មក​ដល់​ការ​ផ្សាយ​នេះ អាស៊ីសេរី នៅ​ពុំ​ទាន់​ទទួល​បាន​លទ្ធផល នៃ​សវនាការ​នេះ​នៅឡើយ​ទេ។ ប៉ុន្តែ​លោក មេធាវី ណូអេ ហាហ្គី (Noah Hagey) ដែល​ជា​មេធាវី​មួយ​រូប​ក្នុងចំណោម​មេធាវី​បី​រូប ដែល​ការពារ​ក្តី​ឲ្យ​លោក សម រង្សី ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg news ដកស្រង់​សំដី​ថា សេចក្ដី​សម្រេច​របស់​តុលាការ ដែល​បង្គាប់​ឲ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក​បង្ហាញ​ភស្តុតាង អំពី​ម្ចាស់​គណនី​ ហ្វេសប៊ុក​ទាំងនេះ មាន​សារៈសំខាន់​ណាស់ ដើម្បី​ជួយ​លោក សម រង្ស៊ី ឲ្យ​រួច​ផុត​ពី​ការចោទប្រកាន់ របស់​តុលាការ​ក្រុងភ្នំពេញ ដែល​បាន​កាត់ទោស​លោក ឲ្យ​ជាប់​ពន្ធនាគារ ពី​បទ​បរិហារកេរ្តិ៍​លោក ហ៊ុន សែន នោះ។
អ្នកនាំពាក្យ​ក្រុមហ៊ុន​ហ្វេសប៊ុក ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា លោក អែនថូនី ហារីសុន (Anthony Harrison) បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ។ ប៉ុន្តែ​កាលពី​ថ្ងៃទី១ ខែ​មីនា​កន្លង​មក​នេះ ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បាន​បដិសេធ​ម្តង​រួច​មក​ហើយ​ថា ពាក្យ​បណ្ដឹង​របស់​មេធាវី​លោក សម រង្ស៊ី នេះ គឺជា​ការរំលោភ​លើ​ច្បាប់​រក្សាទុក​ព័ត៌មាន ការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន និង​ច្បាប់ ស្តី​អំពី​ទំនាក់ទំនង​តាម​ប្រព័ន្ធ​គមនាគមន៍។
ប្រភព​ដដែល​បន្ត​ថា ទោះបីជា​ក្រុមហ៊ុន​ហ្វេសប៊ុក មិន​ចង់​ពាក់ព័ន្ធ​ក្នុង​រឿង​ជម្លោះ​នយោបាយ រវាង​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​នោះ​ទេ។ ប៉ុន្តែ ក្រុមហ៊ុន​នេះ គ្មាន​ជម្រើស​អ្វី ក្រៅពី​ត្រូវ​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​តុលាការ​អាមេរិក​បង្គាប់៕









No comments:

Post a Comment