Paris Peace Accords 23 Oct. 1991

Wednesday, June 13, 2018

APHR រិះគន់ ​បក្ស​កាន់​អំណាច​ ដែល​​បំភិតបំភ័យ ​និង​គំរាមកំហែង​ នៅ​មុន​ពេល ​បោះឆ្នោត | ASEAN Parliamentarians for Human Rights criticizes ruling party for harassment, intimidation ahead of election

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) ធ្វើ​សន្និសីទ​សារព័ត៌មាន​ផ្សព្វផ្សាយ​របាយការណ៍​ស្ដីពី​បញ្ហា​សិទ្ធិ​មនុស្ស និង​នយោបាយ​នៅ​កម្ពុជា នា​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៧។
RFA / វិទ្យុ អាស៊ី សេរី | ១២ មិថុនា ២០១៨










ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ហៅ​កាត់​ថា APHR បាន​រិះគន់ និង​សម្ដែង​កង្វល់​យ៉ាង​ខ្លាំង ជុំវិញ​ការ​កើន​ឡើង​នៃ​របាយការណ៍​អំពី​ការ​បំភិតបំភ័យ និង​វិធានការណ៍​រឹត​បន្តឹង​នានា ពី​សំណាក់​របប​លោក ហ៊ុន សែន ដើម្បី​ធានា​ថា​ចំនួន​អ្នក​ចេញទៅ​បោះឆ្នោត​មាន​កម្រិត​ខ្ពស់​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ថ្ងៃ​ទី​២៩ កក្កដា ខាងមុខ។ កា​រិះគន់ និង​កង្វល់​នេះ ត្រូវ​បាន​មន្ត្រី​របប​លោក ហ៊ុន សែន ទាត់ចោល និង​ចាត់ទុកថា​ពុំ​មាន​ទម្ងន់​ផ្លូវច្បាប់​ណាមួយ​ដើម្បី​ដាក់​សម្ពាធ​មក​លើ​របប​នេះ​ឲ្យ​ធ្វើតាម​នោះ​ឡើយ។

ប្រធាន​ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស និង​ជា​តំណាងរាស្ត្រ​ម៉ាឡេស៊ី លោក ឆាល សាន់ទីយ៉ាហ្គោ (Charles Santiago) ថ្លែង​ក្នុង​សេចក្ដីថ្លែងការណ៍​ចេញផ្សាយ​ថ្ងៃ​អង្គារ​ទី​១២ ខែ​មិថុនា ថា ចំណាត់ការ​របស់​របប​លោក ហ៊ុន សែន ក្នុង​ការ​ដាក់​សម្ពាធ និង​បំភិតបំភ័យ​អ្នកបោះឆ្នោត​ឲ្យ​ទៅ​បោះឆ្នោត នា​មួយ​រយៈពេល​ចុងក្រោយ​នេះ នឹង​រឹតតែ​ធ្វើ​ឲ្យ​ការបោះឆ្នោត​ខាងមុខនេះ មិន​អាច​ឆ្លុះ​បញ្ចាំង​បាន នូវ​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ទូទៅ​នោះ​ឡើយ។ លោក​ថា របប​លោក ហ៊ុន សែន កំពុងតែ​បដិសេធ​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ ក្នុង​ការ​សម្ដែង​មតិ​ទស្សនៈ​នយោបាយ​របស់​ពួកគេ និង​ចូលរួម​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​មួយ ដែល​ពុំ​មាន​ការភ័យខ្លាច​អំពី​ការ​សង​សឹក។ លោក ឆាល សាន់ទីយ៉ាហ្គោ សង្កត់​ធ្ងន់ៗ​ថា បរិយាកាស​នយោបាយ ដែល​ពោរពេញ​ដោយ​ការ​គំរាមកំហែង និង​ល្បិចកល​នេះ នឹង​ធ្វើ​ឲ្យ​ការបោះឆ្នោត​ដែល​កំពុងតែ​មានការ​សង្ស័យ​ស្រាប់ រឹតតែ​មិន​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​បន្ថែម​ទៀត។
លោក ឆាល សាន់ទីយ៉ាហ្គោ កត់សម្គាល់​ថា ចំណាត់ការ​របស់​របប​លោក ហ៊ុន សែន ចុងក្រោយ​នេះ គឺ​ច្បាស់​ណាស់​ថា ធ្វើឡើង​ដោយសារតែ​លោក ហ៊ុន សែន មាន​ការ​ព្រួយបារម្ភ​អំពី​ភាព​ស្របច្បាប់​នៃ​ការ​បោះឆ្នោត​នេះ។ ក៏ប៉ុន្តែ លោក​ថា ការ​បង្ខំ​អ្នកបោះឆ្នោត​ឲ្យ​ក្បត់​ឆន្ទៈ​របស់​ពួកគេ ដែល​ប្រាសចាក​ពី​គោលការណ៍​ប្រជាធិបតេយ្យ​នេះ នឹង​មិន​អាច​កែ​លម្អ​ភាព​ស្របច្បាប់​នៃ​ការបោះឆ្នោត​នោះ​បាន​ឡើយ។ លោក​ថា ការ​ដាក់​សម្ពាធ​មិន​សមស្រប​មក​លើ​អ្នកបោះឆ្នោត គឺជា​ការរំលោភ​សេរី​ភាពជា​មូលដ្ឋាន​របស់​ពួកគេ ជាពិសេស ដោយសារតែ​របប​លោក ហ៊ុន សែន បាន​បដិសេធ​ជម្រើស​ពិត​ប្រាកដ​របស់​ពួកគេ​នៅ​ក្នុង​ហឹប​ឆ្នោត​រួច​ទៅ​ហើយ។
ការ​លើកឡើង និង​កង្វល់​របស់​ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​របប​លោក ហ៊ុន សែន បាន​បង្កើន​វិធានការណ៍​ប្រឆាំង​នឹង​អ្នក​ទាំងឡាយ​ណា​ដែល​របប​នេះ​ចាត់ទុកថា បាន​ញុះញង់ ឬ​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចេញទៅ​បោះឆ្នោត ឬ​ឲ្យ​ធ្វើ​ពហិការ​បោះឆ្នោត។ បន្ថែម​ពីលើ​នេះ របប​នេះ​ក៏បាន​បង្កើន​ការ​តាមដាន និង​ត្រួតពិនិត្យ​រាល់​ខ្លឹមសារ​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម ក៏ដូចជា​ការ​លាប​ពណ៌​អ្នក​ដែល​មិន​ទៅ​បោះឆ្នោត​ថា​ជា​ក្រុម​ឧទ្ទាម និង​ជា​ជន​ក្បត់ជាតិ​ជាដើម។
ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​លើកឡើង​ថា ចំណាត់ការ​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​អន់ថយ​កាន់តែ​ខ្លាំង​ដល់​ភាព​ស្របច្បាប់​នៃ​ការបោះឆ្នោត ដែល​គ្រោង​នឹង​ធ្វើឡើង​ថ្ងៃ​ទី​២៩ កក្កដា ខាងមុខ និង​ជំរុញ​ឲ្យ​របប​នេះ​ត្រូវ​មាន​ការ​គោរព​ជម្រើស​របស់​បុគ្គល អំពី​សិទ្ធិ​ថា​តើ​ត្រូវ​ទៅ​ចូលរួម ឬ​មិន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នោះ។ ជាមួយ​គ្នា​នេះ​ដែរ ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស គូស​បញ្ជាក់​សាជាថ្មី​ឡើងវិញ អំពី​ការ​អំពាវនាវ​របស់​ខ្លួន ដើម្បី​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​រម្លាយ​ចោល អាច​មាន​ការ​ចូលរួម​ឡើងវិញ​បាន​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​នេះ និង​ជំរុញ​ឲ្យ​របប​នេះ​ដោះលែង​រាល់​អ្នក​ទោស​នយោបាយ​ទាំងអស់ រួម​ទាំង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា ផង​ដែរ។
ឆ្លើយតប​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ប្រាប់​អាស៊ីសេរី​យ៉ាង​ខ្លី​ថា ការ​ទាមទារ​នេះ​មិន​មាន​ទម្ងន់​ផ្លូវច្បាប់​សម្រាប់​កម្ពុជា​ឲ្យ​ធ្វើតាម​នោះ​ឡើយ៖ «ខ្ញុំ​អត់​ប្រតិកម្ម​ទេ។ គ្រាន់តែ​ការ​លើកឡើង​នេះ​ជា​ឆន្ទៈ​របស់​អ្នក​លើកឡើង​ហ្នឹងឯង។ ប៉ុន្តែ វា​គ្មាន​ទម្ងន់​អី​ជា​ផ្លូវ​ច្បាប់​ណាមួយ​ដែល​បង្ខំ​កម្ពុជា​ឲ្យ​ជ្រើសរើស​ដូច​អ្វី​ដែល​គាត់​ចង់បាន»
ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស APHR ដដែល​នេះ ថ្លែង​ថា អវត្ថមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង​ដ៏​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​មុន​ការ​រម្លាយ​ដោយ​តុលាការ​កំពូល កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នឹង​ក្លាយ​ជា​ការរារាំង​ដល់​ដំណើរការ​បោះឆ្នោត​នេះ ដែល​មិន​អាច​ធ្វើឡើង​ប្រកបដោយ​យុត្តិធម៌ ដោយ​មាន​ការចូលរួម ឬ​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​នោះ​ឡើយ។ អង្គការ​នេះ លើក​ហេតុផល​ថា ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ រួម​ជាមួយ​នឹង​បម្រាម​មិន​ឲ្យ​សមាជិក​ជាន់ខ្ពស់​បក្ស​ចំនួន​១១៨​រូប​អាច​ធ្វើ​នយោបាយ​បាន​រយៈពេល ៥​ឆ្នាំ កើត​មាន​ឡើង​ក្នុង​បរិបទ​មួយ ដែល​មាន​ការ​បង្ក្រាប​ទៅលើ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សំឡេង​ប្រឆាំង ក្រោយ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ការ​គាំទ្រ​ដ៏​ច្រើន​លើសលប់ ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់ ខែ​មិថុនា ឆ្នាំ​២០១៧​កន្លងទៅ​នេះ។
បន្ថែម​ពីលើ​នេះ តំណាងរាស្ត្រ​ហ្វីលីពីន និង​ជា​សមាជិក​មួយ​រូប​នៃ​ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស APHR លោក ថម វីឡារីន (Tom Villarin) ថ្លែង​ថា ការបោះឆ្នោត​ដែល​ពុំ​មាន​គណបក្ស​ប្រឆាំង​ខ្លាំងក្លា គឺជា​ឆាកល្ខោន​ដ៏​គួរ​ឲ្យ​អស់សំណើច ហើយ​ពុំ​មាន​តម្លៃ​គួរ​ឲ្យ​យកចិត្តទុកដាក់​នោះ​ឡើយ។ លោក​ថា ក្នុង​ស្ថានភាព​បែបនេះ ការ​បដិសេធ​មិន​ទៅ​បោះឆ្នោត ត្រូវតែ​ទទួល​បាន​ការ​ទទួលស្គាល់​ថា ជា​សិទ្ធិ​ស្របច្បាប់ និង​ជា​ទម្រង់​មួយ​នៃ​ជម្រើស​នយោបាយ​ជា​លក្ខណៈ​វិជ្ជមាន ដើម្បី​បង្ហាញ​អំពី​ការ​មិន​យល់ស្រប​ចំពោះ​ដំណើរការ​បោះឆ្នោត​នេះ។
លោក ថម វីឡារីន គូស​បញ្ជាក់​ថា ការបោះឆ្នោត​គួរតែ​ក្លាយ​ជា​ការ​ផ្តល់​នូវ​ក្តី​សង្ឃឹម និង​សេចក្ដីប្រាថ្នា​របស់​ប្រជាពលរដ្ឋ។ ផ្ទុយទៅវិញ លោក​ថា រឿងរ៉ាវ​ដែល​កំពុង​កើតមានឡើង​នៅ​កម្ពុជា ហាក់បីដូចជា​សេចក្ដីប្រាថ្នា​របស់​ប្រជាពលរដ្ឋ កំពុង​ស្ថិតនៅ​បាត​តារាង​អាទិភាព​របស់​រដ្ឋាភិបាល​ទៅវិញ។ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អន្តរជាតិ និង​តួអង្គ​ពាក់ព័ន្ធ​នានា គួរតែ​គិតគូរ​ឲ្យ​បាន​ទ្វេដង​មុន​នឹង​សម្រេចចិត្ត​បញ្ជូន​អ្នកសង្កេតការណ៍​ទៅ​ចូលរួម​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​នេះ ព្រោះថា បើ​ពុំ​នោះសោត​ទេ នឹង​អាច​ផ្ដល់​ជា​ការ​ទទួលស្គាល់​ដល់​ដំណើរការ​បោះឆ្នោត​មិន​ស្របច្បាប់​នេះ ដោយ​ប្រការ​ចៃដន្យ​ណាមួយ៕







No comments:

Post a Comment