Paris Peace Accords 23 Oct. 1991

Friday, June 22, 2018

[Demographic Vietnamization: Logging, Border, Military] សកម្មជន ព្រៃឈើ ថា ជនជាតិ​ វៀតណាម ​រាប់​រយ​នាក់ លួច​ចូល​ ដី​ខ្មែរ​ កាប់​ឈើ​ នៅ​តំបន់ ​ឧទ្យាន​ជាតិ ​វីរៈជ័យ | Environmental activists say hundreds of Vietnamese citizens cut down timber in protected National Park Virachey


RFA / វិទ្យុ អាស៊ី សេរី | ២០ មិថុនា ២០១៨



ដើមឈើធំៗ ឋិត​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី កំពុង​ទទួល​រង​ការ​អារ​រំលំ​ជា​គំនរ​ទ្រង់ទ្រាយ​ធំ ពី​សំណាក់​ជនជាតិ​វៀតណាម​ជា​ច្រើន​ក្រុម និង​ត្រៀម​ដឹក​ចេញ​ទៅ​ដេប៉ូ​អារ​ឈើ​របស់​ក្រុមហ៊ុន​វៀតណាម​នៅ​តំបន់​នោះ។ សកម្មជន​បរិស្ថាន​ថា អាជ្ញាធរ​ខ្មែរ​បាន​បើក​ច្រក​ព្រំដែន​ជា​ច្រើន​កន្លែង ឋិត​នៅ​ស្រុក​អណ្តួង​មាស ខេត្ត​រតនគិរី ដែល​ជា​ច្រក​សម្រាប់​នាំ​ឈើ​ចេញ​ទៅ​វៀតណាម។

ឈើមូលធំៗ ដែលមានមុខកាត់ ៥តឹកឡើងទៅ ឋិតក្នុងឧទ្យានជាតិវីរៈជ័យ កំពុងទទួលរងការកាប់​បំផ្លាញធ្វើអាជីវកម្មពេញទំហឹង ពីសំណាក់កម្មករជនជាតិវៀតណាមរាប់រយនាក់ ដែលសង្ស័យ​ថា ឆ្លងដែនខុសច្បាប់។ សកម្មជនបរិស្ថានថា កម្មករវៀតណាមទាំងនោះប្រើម៉ាស៊ីនអារឈើ​ស្វ័យប្រវត្តិ​ជាមធ្យោបាយអារំលំឈើធំៗ ត្រៀមដឹកចេញទៅដេប៉ូឈើរបស់ក្រុមហ៊ុនវៀតណាម មាន ៦ ដេប៉ូ​នៅ​តំបន់ឧទ្យានជាតិវីរៈជ័យ។
សកម្មជនបរិស្ថាន លោក ហេង ស្រស់ ឲ្យដឹងនៅថ្ងៃទី ២១ មិថុនា ថាបើអាជ្ញាធរច្រកព្រំដែន នៅតែ​បើក​ដៃឲ្យជនបរទេសចូលមកកាប់ឈើខុសច្បាប់ក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ មិនយូរទេព្រៃ​អភិរក្ស​មួយនេះ នឹងរលាយទាំងស្រុងនៅពេលដ៏ខ្លីខាងមុខ។ លោកថា​ ច្រកព្រំដែនក្នុងចន្លោះបង្គោលលេខ ០១ ដល់ លេខ ១០ ក្នុងស្រុកតាវែងខេត្តរនគិរី អាជ្ញាធរទើបបើកឲ្យដំណើរការអំឡុងឆ្នាំ ២០១៧ និង​ច្រកព្រំដែនមួយចំនួនទៀត​ឋិត​ក្នុង​ស្រុក​អណ្តួងមាស​ គឺ​បើក​ឲ្យ​ដំណើរ​ការ​អំឡុង​ឆ្នាំ ២០១៦។ លោក​បន្ថែម​ថា ច្រក​ព្រំដែន​ទាំង​នោះ សម្រាប់​នាំ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស និង​មាន​សមត្ថកិច្ច​ការពារ​ព្រំដែន យាម​តឹង​តែង​មិន​ឲ្យ​មនុស្ស​ប្លែក​មុខ​ចូល៖ «»
បុរស​ដដែល​បន្ថែម​ថា​​ តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ មាន​ដេប៉ូ​ស្តុក​ឈើ​ក្រុមហ៊ុន​វៀតណាម ៦​កន្លែង ដែល​គេ​ប្រមូល​ឈើ​ធំៗ ចេញ​ពី​ព្រៃ​អភិរក្ស ដឹក​តាម​ច្រក​របៀង​តូចៗ ទៅ​ក្រៅ​ប្រទេស ដែល​មាន​អាជ្ញាធរ​ខ្មែរ​សម្របសម្រួល។ លោក​ថា ឆ្មាំ​អភិរក្ស​ឧទ្យាន​ជាតិ​វីរៈជ័យ​ម្នាក់ បាន​បង្ហើប​ថា មេ​របស់​គាត់​បាន​ទទួល​សំណូក​ពី​ឈ្មូញ​ឈើ​ខុស​ច្បាប់ ជា​ថ្នូរ​បើក​ដៃ​ឲ្យ​ជន​ល្មើស កាប់ និង​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន​ដោយ​សេរី។ លោក​បន្ថែម​ថា​ ប្រជាជន​ខ្មែរ​នៅ​តំបន់​នោះ​ខក​ចិត្ត នៅ​គ្រា​ដែល​មាន​ក្រុមហ៊ុន​វៀតណាម​យ៉ាង​ច្រើន បោះ​ទីតាំង​ទិញ​ឈើ និង​ជួល​កម្មករ​អារ​ឈើ​ធ្វើ​អាជីវកម្ម និង​គំរាម​ពួក​គេ​មិន​ឲ្យ​ប៉ះពាល់​ឈើ​ដែល​គេ​អារ​រំលំ​ជា​គំនរ​ទុក៖ «»
អាស៊ីសេរីបានព្យាយាមទាក់ទង​អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព តែ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន​ទេ នៅ​ថ្ងៃ​ទី២១ មិថុនា។
ឧទ្យានជាតិវីរៈជ័យ ឋិតក្នុងស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង និង​ស្រុក​អណ្តូងមាស ស្រុក​តាវែង​ក្នុង​ខេត្ត​រតនគិរី ត្រូវ​បាន​អតីត​ព្រះមហាក្សត្រ​ព្រះនរោត្តម សីហនុ  ចេញ​ព្រះរាជក្រឹត្យ​កំណត់ ជា​ព្រៃ​អភិរក្ស ដែល​មាន​ផ្ទៃដី​ជាង ៣៣ម៉ឺនហិកតារ (៣៣២.៥០០) កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ១៩៩៣។ ព្រៃ​អភិរក្ស​នេះ មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​ឡាវ និង​វៀតណាម ហើយ​របប​លោក ហ៊ុន សែន បាន​បញ្ជូន​ឆ្មាំ​អភិរក្ស​ជា​ច្រើន​នាក់ ទៅ​ប្រចាំ​ការ​នៅ​តំបន់​នោះ។
កាលពីដើមឆ្នាំ ២០១៨ សមត្ថកិច្ចនៅ​តំបន់​នោះ និង​មន្ត្រី​បរិស្ថាន​ប្រដាប់​ដោយ​អាវុធ  បាន​ហាម​ឃាត់​ក្រុម​យុវជន​ការពារ​បរិស្ថាន​ និង​ក្រុម​អ្នក​កាសែត មិន​ឲ្យ​ចុះ​ទៅ​ទីនោះ​ទេ ដោយ​ចោទ​ថា​ ជា​ក្រុម​ញុះញង់ និង​បង្ក​ចលាចល ថែម​ទាំង​ព្រមាន​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​វិញ បើ​មិន​ដូច្នេះ​គេ​នឹង​ចាប់​ដាក់​គុក។
ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ពន្យល់​ថា ការ​បើក​ច្រក​ព្រំដែន គឺ​ជា​សមត្ថកិច្ច​របស់​ក្រសួង​មហាផ្ទៃ។ លោក​ថា បើសិនជា​មាន​ការ​បើក​ច្រក​ព្រំដែន​ណា​មួយ ដែល​ផ្ទុយ​ពី​គោលការណ៍​របស់​ក្រសួង​មហាផ្ទៃ គឺ​ជា​ទង្វើ​ខុស​ច្បាប់។​ លោក​ផ្តល់​មតិ​ថា ក្រសួង​មហាផ្ទៃ​គួរ​ចុះ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បើក​ច្រក​ព្រំដែន​នៅ​តំបន់​នោះ ដើម្បី​លុប​បំបាត់​ភាព​ហិនហោច​ធនធាន​ធម្មជាតិ និង​ទប់​ស្កាត់​ការ​ឆ្លង​ចូល​ដី​ខ្មែរ​ខុស​ច្បាប់៖ «»
លោក សន ជ័យ បន្ថែម​ថា​ ប្រសិន​បើ​ច្រក​ព្រំដែន​នៅ​តំបន់​នោះ​ជា​ច្រក​ខុស​ច្បាប់ អាច​នឹង​មាន​មនុស្ស​ឆ្លង​ដែន​ចូល​ដី​ខ្មែរ​ខុស​ច្បាប់​ដែរ។ លោកថា ជា​គោលការណ៍​ការ​ចេញ​ចូល​ច្រក​ព្រំដែន ត្រូវ​មាន​ការ​ត្រូត​ពិនិត្យ​អត្តសញ្ញាណ​អ្នក​ធ្វើ​ដំណើរ ដែល​ទាមទារ​ឲ្យ​មាន​លិខិត​ឆ្លងដែន និង​ឯកសារ​ពាក់ព័ន្ធ​ជា​ដើម៕


2 comments:

  1. Anonymous11:58 AM

    Lie.

    ReplyDelete
  2. Anonymous9:06 AM

    I've google for "National Park Virachey Vietnamese" and could not find any international article about this. There was only one article written by the Khmer. Clearly, the Khmers are making up lies without any proof.

    ReplyDelete