Paris Peace Accords 23 Oct. 1991

Thursday, June 21, 2018

របប​លោក ហ៊ុន សែន ប្រតិកម្ម​ នឹង​ការ​រក​ឃើញ​ ថា ​កម្ពុជា​ រំលោភ​ ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស | Hun Sen regime reacts to finding that Cambodia violates democracy, human rights

សាល​សន្និបាត​ ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ 
របប​លោក ហ៊ុន សែន ប្រតិកម្ម​ នឹង​ការ​រក​ឃើញ​ ថា ​កម្ពុជា​ រំលោភ​ ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស
RFA / វិទ្យុ អាស៊ី សេរី | ២០ មិថុនា ២០១៨

តំណាង​របប​លោក ហ៊ុន សែន នៅ​អង្គការសហប្រជាជាតិ ប្រតិកម្ម​ទៅ​នឹង​ការ​រក​ឃើញ​ថា មានការ​រំលោភ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ថ្លែង​នៅ​ក្នុង​សម័យប្រជុំ​លើក​ទី៣៨ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ កាលពី​ថ្ងៃ​ទី១៩ ខែ​មិថុនា ឯកអគ្គរដ្ឋទូត តំណាង​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ​លោក ណី សំអុល ហៅ​សេចក្ដីថ្លែងការណ៍​រួម​របស់​ប្រទេស ណូវែលហ្សេឡង់ (New Zealand) និង​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ជាច្រើន​ទៀត ថា​ធ្វើ​ខុស​បែបបទ និង​មាន​ចេតនា​បង្ខូច​កេរ្តិ៍​ឈ្មោះ​របប​លោក ហ៊ុន សែន។ លោក ណី សំអុល ចោទ​ប្រទេស​ទាំងនោះ​ថា យក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ជា​ឧបករណ៍​នយោបាយ ដើម្បី​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​ជាតិ ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ២៩ ខែ​កក្កដា​នោះ។

ប្រតិកម្ម​របស់​តំណាង​របប​លោក ហ៊ុន សែន នេះ ធ្វើឡើង​ភ្លាមៗ ក្រោយ​លោក ចារ៉ត ហ្វ៊ីលីព​-​ខ្លាញ (Jarrod Philip Clyne) តំណាង​ឲ្យ​ប្រទេស ណូវែលហ្សេឡង់ (New Zealand) និង​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ជាច្រើន​ទៀត ធ្វើ​សេចក្ដីថ្លែងការណ៍​រួមគ្នា​មួយ ដោយ​រក​ឃើញ​ថា ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្រោម​របប​លោក ហ៊ុន សែន នៅតែ​បន្ត​ធ្លាក់​ចុះ​ដុនដាប​ជា​លំដាប់ នៅ​ពេល​កាន់តែ​កៀក​ជិត​បោះឆ្នោត​ជាតិ។
លោក ចារ៉ត ហ្វ៊ីលីព-ខ្លាញ បន្ត​ថា ប្រទេស​ណូវែលហ្សេឡង់ និង​សមាជិក​ជាច្រើន​ទៀត​នៃ​ក្រុមប្រឹក្សា​នេះ មើល​ឃើញ​ថា ស្ថានភាព​បច្ចុប្បន្ន​នៅ​កម្ពុជា មិន​អាច​ធ្វើ​ឲ្យ​ប្រទេស​នេះ រៀបចំ​ការបោះឆ្នោត​មួយ ឲ្យ​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​បាន​ឡើយ ព្រោះ​គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា ត្រូវ​បាន​របប​នេះ​ផាត់​ចោល​ពី​ការបោះឆ្នោត និង​មូលដ្ឋានគ្រឹះ​នៃ​សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ ត្រូវ​រង​ការ​រំលោភបំពាន​យ៉ាង​ដំណំ។ លោក ចារ៉ត ហ្វ៊ីលីព​-​ខ្លាញ ហៅ​ចំណាត់​ការ​របស់​របប​លោក ហ៊ុន សែន មក​លើ​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែបនេះ​ថា កំពុង​ទាញ​ប្រទេស​កម្ពុជា ឲ្យ​ដើរ​ត្រឡប់​ថយក្រោយ ២៦ ឆ្នាំ​វិញ គិត​ចាប់​តាំង​ពី​ថ្ងៃ​ដំបូង ដែល​មាន​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ក្នុង​ឆ្នាំ១៩៩១ នោះ​មក។
សេចក្ដីថ្លែងការណ៍​រួម​ដដែល​នេះ បាន​អំពាវនាវ​ឲ្យ​របប​លោក ហ៊ុន សែន ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ និង​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់​ផង​ដែរ។ មិនតែប៉ុណ្ណោះ ត្រូវ​លុបចោល​សេចក្ដីសម្រេច​រម្លាយ​គណ​បក្ស​សង្គ្រោះជាតិ អនុញ្ញាត​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង ១១៨​រូប អាច​ចូល​ប្រឡូក​ក្នុង​ជីវភាព​នយោបាយ ដូច​ដើម​វិញ និង​បង្កើត​ឲ្យ​មាន​បរិយាកាស​ល្អ អំណោយផល​ដល់​ការ​អនុវត្ត​សិទ្ធិ​សេរីភាព ពេញលេញ ក្នុង​ការ​បញ្ចេញមតិ និង សេរីភាព​សារព័ត៌មាន។

ប្រទេស​ទាំងនេះ ក៏​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ បន្ត​តាមដាន​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា ដោយ​យកចិត្តទុកដាក់​បំផុត ជាពិសេស​ក្នុងអំឡុងពេល​ជិត​បោះ​ឆ្នោត​នេះ៕





No comments:

Post a Comment