Paris Peace Accords 23 Oct. 1991

Friday, June 29, 2018

មេធាវី​ អន្តរជាតិ ថា, ​ទណ្ឌកម្ម​ លើ​លោក ហ៊ីង ប៊ុនហៀង ធ្វើ​ឲ្យ ​តុលាការ ICC មាន​ភស្តុតាង​ បន្ថែម | International lawyer says sanction against Hing Bun Heang gives ICC additional evidence

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន (កណ្ដាល) លោក ហ៊ីង ប៊ុនហៀង (ឆ្វេង) អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស​លោក ហ៊ុន សែន ក្នុង​ពិធី​​សម្ពោធ​សមិទ្ធផល​នានា​នៅ​ទី​បញ្ជាការដ្ឋាន​អង្គរក្ស ដែល​មាន​តម្លៃ​ដល់​ទៅ​ជាង ៤​លាន​ដុល្លារ​អាមេរិក កាល​ពី​ថ្ងៃ​ទី២១ ខែ​មិថុនា ឆ្នាំ​២០១៨។

RFA / វិទ្យុ អាស៊ី សេរី | ២៨ មិថុនា ២០១៨

02:34/04:32
ស្តាប់សំឡេង ថតសំឡេង




មេធាវី​អន្តរជាតិ​លោក រីឆាត រ៉ូជើរ (Richard Rogers) ថា​ទណ្ឌកម្ម​របស់​អាមេរិក លើ​មេកង​អង្គរក្ស​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង នឹង​ធ្វើ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ឬ​ហៅ​កាត់​ថា ICC មាន​ភស្តុតាង​បន្ថែម ក្នុង​ការ​ដាក់​បន្ទុក​ទៅលើ​មន្ត្រី​របប​លោក ហ៊ុន សែន និង​លោក ហ៊ុន សែន ផ្ទាល់ ក្នុង​រឿង​ក្តី​ដែល​លោក​បាន​ដាក់​ប្ដឹង នៅ​ចំពោះ​មុខ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ។
ការិយាល័យ​កិច្ចការ​សាធារណៈ នៃ​នាយកដ្ឋាន​រតនាគារ​អាមេរិក ប្រកាស​នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ដាក់​មេកង​អង្គរក្ស​លោក ហ៊ុន សែន ក្នុង​បញ្ជី​ខ្មៅ ដែល​ត្រូវ​បង្កក​ទ្រព្យសម្បត្តិ​មុនគេ ដោយ​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ នៃ​បុគ្គល​ដែល​ត្រូវ​រង​ទណ្ឌកម្ម ក្រោម​ច្បាប់ GLOBAL MAGNITSKY ដោយសារតែ​ការ​ចូល​ដៃ​ក្នុង​ការរំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ សហរដ្ឋអាមេរិក រកឃើញ​ថា លោក ហ៊ីង ប៊ុនហៀង រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ចុង​ក្រោយនេះ រួម​ទាំង​អំពើ​ហិង្សា​នៅ​ឆ្នាំ​២០១៣ នៅ​ក្បែរ​វត្តភ្នំ និង​អំពើ​ហិង្សា​វាយដំ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពីររូប នៅមុខ​រដ្ឋសភា នៅ​ឆ្នាំ​២០១៥។ លោក ហ៊ីង ប៊ុនហៀង ក៏​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ក្នុង​ការ​បង្ក្រាប​លើ​ក្រុម​អ្នក​តវ៉ា និង​សកម្មជន​បក្ស​ប្រឆាំង ដូចជា​ការ​បោកគ្រាប់​បែក​លើ​អ្នក​តវ៉ា​អហិង្សា កាលពី​ឆ្នាំ​១៩៩៧ ដែល​ធ្វើ​ឲ្យ​ស្លាប់ និង​របួស​មនុស្ស​ជាច្រើន​នាក់ រួម​ទាំង​របួស​ជនជាតិ​អាមេរិក​មួយ​រូប​ផង។
មេធាវី​ជនជាតិ​អង់គ្លេស ដែល​បាន​ដាក់​ពាក្យ​ប្តឹង​របប​លោក ហ៊ុន សែន ទៅ​តុលាការ ICC នោះ​អះអាង​បន្ថែម​ថា នេះ​ជា​រឿង​ដ៏​កម្រ​មួយ ដែល​រឿង​រំលោភ​សិទ្ធិ​មនុស្ស នៅ​កម្ពុជា ទើបតែ​ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​ថ្កោលទោស​ជា​ផ្លូវការ និង​ជា​សាធារណៈ​បែប​នេះ។
លោក រីឆាត រ៉ូជើរ បន្ត​ថា នេះ​ជា​សារ​មួយ​បញ្ជាក់​ថា រដ្ឋាភិបាល​បរទេស ចាប់ផ្ដើម​អស់​ការ​អត់ធ្មត់ និង​ចាត់វិធានការ​ក្ដៅ​លើ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង ប្រជាធិបតេយ្យ ដែល​ចំណាត់​ការ​បែបនេះ ធ្វើ​ឲ្យ​រឿង​ក្តី​នៅ​ចំពោះ​មុខ​តុលាការអន្តរជាតិ ប្រឆាំង​នឹង​របប​លោក ហ៊ុន សែន កាន់តែ​ទាញ​ការ​ចាប់អារម្មណ៍​ពី​ព្រះ​រាជអាជ្ញា ក្នុង​ពិនិត្យ​សំណុំ​រឿង​នេះ៖ «រាល់​ចំណាត់ការ​ទាំងអស់​នេះ បង្ហាញ​តុលាការ ICC និង​តុលាការ​ផ្សេងទៀត ដែល​កាន់​សំណុំរឿង​ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ឲ្យ​ឃើញ​ថា បញ្ហា​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ធំៗ​នៅ​លើ​ពិភពលោក ដូចជា​សហរដ្ឋអាមេរិក​ជាដើម វាយ​តម្លៃ​ថា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង ដែល​តម្រូវ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ត្រូវតែ​ចាត់វិធានការ ឲ្យ​បាន​ឆាប់»
បណ្តឹង​ដែល​លោក រីឆាត រ៉ជើរ បាន​ដាក់​ប្ដឹង​លោក ហ៊ុន សែន និង​មន្ត្រី​ក្នុង​របប​លោក កាលពី​ឆ្នាំ ២០១៤ គឺ​ផ្ដោត​ទៅ​ការ​រឹបអូស​ដីធ្លី និង​បណ្ដេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន​ដោយ​បង្ខំ និង​ការ​ធ្វើទុក្ខបុកម្នេញ​អ្នក​ដែល​ហ៊ាន​រិះគន់​ប្រឆាំង​នឹង​របប​នេះ។ អ្នក​ហ៊ាន​រិះគន់​ប្រឆាំង​របប​លោក ហ៊ុន សែន នេះ​រួមមាន​តំណាងរាស្ត្រ​គណបក្សប្រឆាំង អ្នកកាសែត អ្នកការពារ​សិទ្ធិមនុស្ស អ្នកការពារ​បរិស្ថាន ព្រះសង្ឃ និង សកម្មជន​ដីធ្លី​ជាដើម៖ «នៅ​ពេល​អ្នក​ទាំងនោះ រង​ការ​ធ្វើទុក្ខបុកម្នេញ នៅ​ពេល​ពួកគាត់​រង​ការ​វាយដំ ចាប់ខ្លួន រង​ការ​ធ្វើ​ទារុណកម្ម រង​ការ​គំរាមកំហែង និង​ធ្វើ​ឲ្យ​ភ័យខ្លាច​មិន​អាច​រស់នៅ​ក្នុង​ស្រុក​បាន ជាដើម ទាំងអស់​នេះ​គឺជា​ធាតុ​ផ្សំ​នៃ​បទល្មើស នៃ​ការ​ធ្វើទុក្ខបុកម្នេញ។ ហើយ​នៅ​ពេល​ការ​ធ្វើទុក្ខបុកម្នេញ កើត​ឡើងជា​ប្រព័ន្ធ និង​ទ្រង់ទ្រាយ​ធំ​បែបនេះ វា​បង្កើត​បាន​ជា​ធាតុ​ផ្សំ​នៃ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ដូចគ្នា​នឹង​ការរំលោភ​ដីធ្លី​ដែរ»
លោក​អះអាង​ថា អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​រដ្ឋាភិបាល​អាមេរិក​រក​ឃើញ ក្នុង​ការ​ដាក់ទណ្ឌកម្ម​លើ​លោក ហ៊ីង ប៊ុនហៀង នេះ គឺជា​ផ្នែក​មួយ​នៃ​សំណុំរឿង ដែល​លោក​ដាក់​ប្តឹង​ទៅ​តុលាការ ICC នោះ​ឯង។ លោក​ថា ភស្តុតាង​ទាំងនោះ រួម​នឹង​ការណ៍​ដែល​លោក ហ៊ីង ប៊ុនហៀង ឆ្លើយ​ដាក់​កំហុស ទៅលើ​លោក ហ៊ុន សែន ដែល​ថា​លោក​ធ្វើ​ទៅ​តាមតែ​បញ្ជា​របស់​លោក ហ៊ុន សែន នោះ​គឺជា​ភស្តុតាង​ដ៏​រឹងមាំ ដែល​តុលាការអន្តរជាតិ នឹង​យក​មក​ប្រើ​ប្រាស់ ក្នុង​សំណុំ​រឿង​នេះ។
អាស៊ីសេរី មិនទាន់​អាច​សុំ​ប្រតិកម្ម ពី​អ្នកនាំពាក្យ​របប​លោក ហ៊ុន សែន គឺ​លោក ផៃ ស៊ីផាន បាន​នៅ​ឡើយ​ទេ កាលពី​ថ្ងៃទី២៧ ខែ​មិថុនា ម្សិលមិញ​នេះ​។ ប៉ុន្តែ លោក ផៃ ស៊ីផាន ធ្លាប់​បាន​អះអាង​ប្រាប់​អាស៊ីសេរី ជា​ញឹកញាប់​រួចទៅ​ហើយ​ថា របប​លោក ហ៊ុន សែន មិន​ចាប់អារម្មណ៍​នឹង​រឿង​ក្តី​នៅ​តុលាការ ICC នេះ​ទេ។ លោក​លើកឡើង​ថា តុលាការអន្តរជាតិ​មួយ​នេះ គ្មាន​យុត្តាធិការ ជំនុំជម្រះ​រឿង​ក្តី​របប​កម្ពុជា​ឡើយ។
ទោះបីជា​ពេល​នេះ មាន​តែ​មន្ត្រី​របប​លោក ហ៊ុន សែន ម្នាក់​រង​ការ​ដាក់​ទណ្ឌកម្ម​ពី​រដ្ឋាភិបាល​អាមេរិក ក៏​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) បាន​អះអាង​ប្រាប់​អាស៊ីសេរី​ថា មន្ត្រី​គ្រាក់ៗ​ជាច្រើន​ក្នុង​របប​លោក ហ៊ុន សែន នឹង​ចូល​ក្នុង​បញ្ជី​ខ្មៅ សម្រាប់​ដាក់​ទណ្ឌកម្ម​បន្ត​ទៀត នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ៕




No comments:

Post a Comment